ថៃ​បញ្ជា​ឲ្យ​យោធា​​​បិទ​ច្រក​ព្រំដែន​អានសេះ​ជា​ឯកតោភាគី

ដោយ ហង្ស សាវយុត
2014-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៨ កក្កដា ២០០៨ ។
ទាហាន​ខ្មែរ​អង្គុយ​ជាមួយ​ទាហាន​ថៃ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​ក្នុង​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី ១៨ កក្កដា ២០០៨ ។
RFA Photo/Keo Nimol

អាជ្ញាធរ​ខេត្ត​ឧប៊ុនរ៉ាត់ថានី (Ubon Ratchathani) របស់​ថៃ បាន​បញ្ជា​ឱ្យ​កង​ទាហាន បិទ​ច្រក​ព្រំដែន​អានសេះ ជា​ឯកតោ​ភាគី​រយៈពេល ២​ថ្ងៃ​មក​ហើយ រហូត​មក​ដល់​រសៀល​ថ្ងៃ​ពុធ ទី​៣១ ខែ​ធ្នូ នេះ។

ការ​បិទ​ច្រក​ព្រំដែន​អានសេះ ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​កើត​ពី​ប្រាសាទ​ព្រះវិហារ គឺ​បន្ទាប់​ពី​កម្លាំង​វិស្វកម្ម​នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​យក​គ្រឿងចក្រ​ទៅ​ជីក​ដី​ធ្វើ​ជា​ចង្អូរ​ទឹក ហើយ​ភាគី​ថៃ ចោទ​ប្រកាន់​ថា បាន​រំលោភ​ចូល​ទៅ​ក្នុង​តំបន់​ព្រំដែន​ដែល​មិន​ទាន់​កំណត់​ច្បាស់លាស់​រវាង​ប្រទេស​ទាំង​ពីរ។

មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ដែល​គ្រប់គ្រង​កម្លាំង​ការពារ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​ថៃ ដែល​ថា​កម្ពុជា កំពុង​រំលោភ​បំពាន​ទៅ​លើ​តំបន់​ព្រំដែន​មិន​ទាន់​ដាច់​ស្រេច​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​ជិត​ច្រក​អានសេះ​នោះ គឺ​ជា​រឿង​មិន​ពិត។

មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ដែល​កំពុង​គ្រប់គ្រង​កងទ័ព​ការពារ​ព្រំដែន​ខ្មែរ នៅ​ទិស​ប្រាសាទ​ព្រះវិហារ គឺ​លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹក។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​៣១ ខែ​ធ្នូ ថា អាជ្ញាធរ​ខេត្ត​ឧប៊ុនរ៉ាត់ថានី បាន​បញ្ជា​ឱ្យ​ទាហាន​ថៃ នៅ​ស្រុក​ណាំយឺន បិទ​ច្រក​ព្រំដែន​កម្ពុជា-​ថៃ អានសេះ ២​ថ្ងៃ​មក​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។ លោក​ឧត្ដមសេនីយ៍ ស្រី ឌឹក បញ្ជាក់​ថា ទាហាន​ថៃ ដែល​បិទ​ច្រក​ព្រំដែន​មិន​ឱ្យ​ចេញចូល​ជា​ឯកតោ​ភាគី​នេះ ដោយសារ​តែ​កង​វិស្វកម្ម​កម្ពុជា បាន​យក​គ្រឿងចក្រ​ទៅ​ជីក​ដី​ដើម្បី​សម្រួល​ភូមិសាស្ត្រ​ផ្លូវ​ឱ្យ​រថយន្ត​ស្រួល​ចេញ​ចូល និង​ឱ្យ​អ្នក​ទេសចរ​ដែល​ឆ្លង​កាត់​មាន​សុវត្ថិភាព​ផង ក៏​ប៉ុន្តែ​មិន​បាន​ជ្រុល​ចូល​ទៅ​ក្នុង​ព្រំដែន​ថៃ​ទេ។

មេបញ្ជាការ​យោធា​ខ្មែរ​ដដែល​បញ្ជាក់​ថា លោក​បាន​ជួប​សម្របសម្រួល​ជាមួយ​មេបញ្ជាការ​យោធា​ថៃ រួច​ហើយ​ជុំវិញ​រឿង​នេះ ដោយ​ភាគី​ថៃ សន្យា​ថា នឹង​បើក​ច្រក​ព្រំដែន​ឡើង​វិញ ក៏ប៉ុន្តែ​រហូត​ដល់​ពេល​នេះ ភាគី​ថៃ នៅ​តែ​មិន​ទាន់​បើក​នៅ​ឡើយ៖ «យើង​មិន​បាន​ទៅ​រំលោភ​បំពាន​គាត់​ឯ​ណា? គ្រាន់​តែ​ធ្វើ​គាត់​មក​ឃាត់​មក​អី យើង​ក៏​ផ្អាក ប៉ុន្តែ​គាត់​បិទ​ព្រំដែន។ យើង​បាន​ជួប​សម្រួល​គ្នា​ក្នុង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា ហើយ​គាត់​សន្យា​ថា នឹង​បើក​ឱ្យ​វិញ បង្ក​លក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​ពីរ​បាន​ទំនាក់ទំនង និង​ដោះដូរ​ទំនិញ​ជាមួយ​គ្នា»។

លោក​ឧត្ដមសេនីយ៍ ស្រី ឌឹក អះអាង​ថា ថ្វីត្បិតតែ​ពេល​នេះ​ភាគី​ថៃ បាន​បិទ​ច្រក​ព្រំដែន​អានសេះ ជា​ឯកតោ​ភាគី​ក៏ដោយ ក៏​ទំនាក់ទំនង​រវាង​កង​ទ័ព​ទាំង​សង​ខាង​នៅ​មាន​ភាព​ល្អ​ធម្មតា គឺ​មាន​បញ្ហា​តែ​រវាង​អាជ្ញាធរ​ខេត្ត​ឧប៊ុន ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ របស់​ខ្មែរ​ប៉ុណ្ណោះ។

កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) របស់​ថៃ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ បាន​និយាយ​ថា ភាគី​ថៃ​និង​កម្ពុជា បាន​បង្កើន​កម្លាំង​ទ័ព​រៀងខ្លួន​នៅ​ជិត​តំបន់​ដែល​កម្ពុជា យក​គ្រឿងចក្រ​ទៅ​ជីក​ដី​បម្រុង​អភិវឌ្ឍន៍​អ្វី​មួយ​នោះ។

អភិបាល​ខេត្ត​ឧប៊ុនរ៉ាត់ថានី របស់​ថៃ លោក សឺម ឆៃណារុង (Serm Chainarong) បាន​ប្រតិកម្ម​ចំពោះ​បញ្ហា​នេះ ដោយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ កន្លង​ទៅ លោក​បាន​ផ្ញើ​លិខិត​ទៅ​អភិបាល​ខេត្ត​ព្រះវិហារ របស់​ខ្មែរ ដើម្បី​តវ៉ា​ជុំវិញ​រឿង​ដែល​ទាហាន​ខ្មែរ​យក​គ្រឿងចក្រ​ទៅ​ជីក​ដី​នៅ​តំបន់​ព្រំដែន​អានសេះ​នោះ។

លោក​អភិបាល​ខេត្ត​ឧប៊ុន បាន​ចោទ​ប្រកាន់​ភាគី​កម្ពុជា ថា បាន​រំលោភ​បំពាន​ទៅ​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​តំបន់​ព្រំដែន​ដែល​មិនទាន់​កំណត់​ច្បាស់លាស់។ ទោះ​យ៉ាង​ណា នាយក​រដ្ឋបាល​សាលា​ខេត្ត​ព្រះវិហារ លោក សុខ ហៃ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​នៅ​មិន​ទាន់​ឃើញ​លិខិត​តវ៉ា​របស់​ភាគី​ថៃ នេះ​នៅ​ឡើយ​ទេ។

អាជ្ញាធរ​ខេត្ត​ឧប៊ុនរ៉ាត់ថានី របស់​ថៃ ទាមទារ​ឱ្យ​មន្ត្រី​យោធា​កម្ពុជា ដែល​ជួប​ចរចា​គ្នា​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ត្រូវតែ​ធានា​អះអាង​ក្នុង​ការ​ផ្អាក​ការងារ​សាងសង់​នានា នៅ​តំបន់​ព្រំដែន​ដែល​មិនទាន់​កំណត់​ច្បាស់លាស់​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

o cha

ពី bankkok

Cambodia was poor and sale tree an people
lend need dollars
laos is better more cambodia

Dec 31, 2014 07:51 AM

គេហទំព័រ​ទាំងមូល