កម្មការិនី​រោងចក្រ​នៅ​ស្រុក​បាទី​ខេត្ត​តាកែវ​ជាង​១០០​នាក់​បន្ត​ដួល​សន្លប់

ដោយ ម៉ៅ សុធានី
2018-02-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រូពេទ្យ​បញ្ជូន​កម្មករ​រោងចក្រ គ័នថេក (Kuantech) ដែល​ដួល​សន្លប់​ចូល​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៥។
គ្រូពេទ្យ​បញ្ជូន​កម្មករ​រោងចក្រ គ័នថេក (Kuantech) ដែល​ដួល​សន្លប់​ចូល​បន្ទប់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៥។
Photo: RFA

កម្មការិនី​រោងចក្រ សេឌូណូ ខេមបូ នីតធីង (SEDUNO Cambo KNITTING. LTD) ស្ថិតនៅ​ភូមិ​កណ្តឹង​តូច ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្ត​តាកែវ ជាង​១០០​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​០១ កុម្ភៈ។

សារព័ត៌មាន​ក្នុងស្រុក​បាន​ស្រង់​សម្ដី​របស់​ស្នងការ​ខែត្រ​តាកែវ លោក សុខ សំណាង ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ដួល​សន្លប់​នេះ សង្ស័យ​មកពី​កត្តា​២ គឺ កម្មការិនី​បាន​ពុល​ក្លិន​ថ្នាំ​បាញ់​ស្រូវ​របស់​កសិករ​នៅ​ក្បែរ​រោងចក្រ និង​បញ្ហា​សតិ​អារម្មណ៍​របស់​កម្មការិនី នៅ​ពេល​ឃើញ​កម្មការិនី​ម្នាក់ បាន​ដួល​សន្លប់ ម្នាក់​ក៏​ដួល​សន្លប់​តាម​ក្រោយ ជា​បន្ត​បន្ទាប់៖ «ក្រុម​ការងារ​កំពុង​តែ​ស្រាវជ្រាវ​បន្ត​ជា​បឋម ជាក់ស្ដែង​លោក​មេ​ឃុំ​នៅ​ជិត​ដូនចា និង​ថៅកែ​រោងចក្រ​ហ្នឹង គាត់​ថា​មាន​ទាក់ទង​ទៅ​នឹង​ប្រជាពលរដ្ឋ​​មាន​ការ​បាញ់​ថ្នាំ​ស្រូវ បាញ់​ថ្នាំ​ស្រូវ​ទៅ ក៏​មាន​អាជ្ញាធរ​មួយ​ចំនួន​ចូល​ទៅ​ហាម​ឃាត់​ដែរ បន្ទាប់​មក​ក៏​មួយ​ម៉ោង​ក្រោយ​ឃើញ​មាន​អ្នក​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​បណ្ដោយ​ទៅ»

កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ មករា កម្មការិនី​រោងចក្រ សេឌូណូ ខេមបូ នីតធីង ជាង ៧០​នាក់ បាន​ដួល​សន្លប់​ម្ដង​រួច​មក​ហើយ។ កាលណោះ អធិការ​នគរបាល​ស្រុក​បាទី លោក ង៉ាន់ សារី ប្រាប់​ថា ករណី​ដួល​សន្លប់​នេះ បណ្ដាល​មក​ពី​ពុល​ថ្នាំ​បាញ់​ស្រូវ​របស់​ប្រជាពលរដ្ឋ នៅ​ក្បែរ​រោងចក្រ​នោះ​ព្រោះ​ម៉ោងជាង​៣​រសៀល ថ្ងៃ​ទី​៣០ មករា លោក​មេឃុំ​កណ្ដឹង បាន​ទៅ​ហាម​អ្នក​បាញ់ថ្នាំ​ស្រូវ​ខាងត្បូង​រោងចក្រ​រំលង​មួយ​ព្រែក​ឲ្យ​បញ្ឈប់​ការ​បាញ់​ថ្នាំ​ស្រូវ។

មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (..) ប្រចាំ​ខេត្ត​តាកែវ លោក សួន វណ្ណៈ ប្រាប់​សារព័ត៌មាន​មួយ ពី​កន្លែង​កើត​ហេតុ នៅ​ព្រឹក​ថ្ងៃ​ទី១ កុម្ភៈ ថា ព័ត៌មាន​ជា​បឋម កម្មករ​ដួល​សន្លប់​ប្រហែល​ពី ៧០​នាក់ ទៅ ១០០​នាក់។ លោក​បន្ត​ថា កម្មការិនី​រងគ្រោះ កំពុង​សម្រាក​ណែន​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​បាទី ហើយ​ខាង​ក្រុមការងារ​ប... កំពុង​បញ្ជូន​ពួកគាត់​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ខ្លះ សម្រាប់​អ្នក​ដែល​មាន​បញ្ហា អ្នក​ធ្ងន់ធ្ងរ។ មូលហេតុ​នៃ​ការ​ដួល​សន្លប់ មន្ត្រី​ប..ស​សន្និដ្ឋាន ថា សង្ស័យ​ពុល​ថ្នាំ​បាញ់​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ជិត​រោងចក្រ ព្រោះ​រោងចក្រ​មាន​ប្រព័ន្ធ​បឺត​ខ្យល់ ពេល​បាញ់ថ្នាំ ប្រព័ន្ធ​បឺត​ខ្យល់​បាន​នាំ​ខ្យល់​មាន​ក្លិន​ថ្នាំ​ចូល​ទៅ​រោងចក្រ​ធ្វើ​ឲ្យ​កម្មករ​ដួល​សន្លប់​ជា​បន្ត​បន្ទាប់។

ក្រោយ​ពេល​កើតមាន​ករណី​កម្មការិនី​ដួល​សន្លប់​ជា​បន្ត​បន្ទាប់ មន្ត្រី​អធិការកិច្ច​នៃ​ក្រសួង​ការងារ​បាន និង​សមត្ថកិច្ច​នៅ​មូលដ្ឋាន នៅ​រសៀល​ថ្ងៃ​ទី១ កុម្ភៈ បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​ទីតាំង​រោងចក្រ ប៉ុន្តែ​នៅ​មិនទាន់​ឃើញ​របាយការណ៍​លទ្ធផល​នៅឡើយ​ទេ។

អភិបាលខែត្រ​តាកែវ លោក ឡាយ វណ្ណៈ ក៏បាន​យក​អំណោយ​របស់​កាកបាទ​ក្រហម​កម្ពុជា ទៅ​ចែក​ដល់​កម្មករ​ដួល​សន្លប់​ដល់​ក្នុង​មន្ទីរពេទ្យ ដែល​កម្មការិនី​សម្រាក​ដែរ។ ចំណែក ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ (CCNU) លោក សំ សឿន ដែល​មាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា លោកនាយក​រដ្ឋមន្ត្រី​ចុះផ្សាយ​នៅ​ថ្ងៃ​នេះ ថា បាន​ដឹកនាំ​សហការី ចុះទៅ​សួរសុខទុក្ខ និង​ចែក​អំណោយ ឲ្យ​កម្មការិនី​ដួល​សន្លប់ ដល់​មន្ទីរពេទ្យ​ដែរ។

ប្រធាន​សភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ពន្យល់​ថា ករណី​បាញ់ថ្នាំ​ស្រូវ​នេះ អាច​បណ្ដាល​ឲ្យ​កម្មករ​ដួល​សន្លប់ ប្រសិន​រោងចក្រ​នោះ​ប្រើ​ប្រព័ន្ធ​បឺត​ខ្យល់​ចូល។ ប៉ុន្តែ យ៉ាងណា លោក អាត់ ធន់ ថា តាម​ការស្រាវជ្រាវ​កន្លង​មក កម្មករ​ដួល​សន្លប់​ភាគច្រើន ដោយសារ​បរិយាកាស​ទាំង​ក្នុង និង​ក្រៅ​រោងចក្រ​មិនល្អ ការ​ប្រើប្រាស់​ថ្នាំ​គីមី​ផ្សេងៗ ធ្វើ​ការ​ហួសកម្លាំង ការ​ហូបចុក​មិន​គ្រប់គ្រាន់ ធ្វើការ​យូរ​ឆ្នាំ និង​ច្រើន​ម៉ោង​ជាដើម៖ «គាត់​ធ្វើ​ការ​ក្នុង​បរិយាកាស​អាក្រក់ មាន​ក្លិន​គីមី ផ្សែង​ពុល ក្លិន​មិន​ល្អ​អី​ទៅ ពេល​ខ្លះ​កម្មករ​ធ្វើ​ការ​ទៅ​ធ្វើ​ឲ្យ​សុភាព​មិន​ល្អ បណ្ដាល​ឲ្យ​ពួក​គាត់​ដួល​សន្លប់​តែម្ដង​ទៅ»

សហជីព​ផ្ដល់​អនុសាសន៍​ថា ដើម្បី​ទប់ស្កាត់​បញ្ហា​ដួល​សន្លប់​នេះ រាល់​ក្រុមហ៊ុន ត្រូវ​រៀបចំ​រោងចក្រ​ឲ្យ​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស ត្រូវ​ផ្ដល់​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​ដើម្បី​ចំណាយ​លើ​ការ​ហូបចុក​បាន​គ្រប់គ្រាន់ ហើយ​មន្ត្រី​អធិការកិច្ច​នៃ​ក្រសួង​ការងារ​ត្រូវ​ពិនិត្យ និង​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ទាំងឡាយ​ណា​ដែល​មិន​ធ្វើតាម​បច្ចេកទេស​ស្តង់ដារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល