អង្គការ​តម្លាភាព​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ពុករលួយ​ខ្លាំង​ជាងគេ​លើ​ពិភពលោក

ដោយ មាន ឫទ្ធិ
2020-01-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦
Photo: RFA

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) នៅ​ថ្ងៃ​ទី​២៣ មករា​នេះ ចេញផ្សាយ​លទ្ធផល​សន្ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​នៅ​ជុំវិញ​ពិភពលោក​ឆ្នាំ​២០១៩ ដោយ​រក​ឃើញ​ថា កម្ពុជា​នៅតែ​ជាប់​ផុង​ក្នុងចំណោម​ប្រទេស​ដែល​មាន​អំពើពុករលួយ​ច្រើន​ជាង​គេ​។ ទោះជា​យ៉ាងណា បក្ស​កាន់អំណាច​ថា ការវាយតម្លៃ​នេះ​មិន​អាច​ជឿ​ទុកចិត្ត​បាន​ឡើយ។

លទ្ធផល​សន្ទស្សន៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​ឆ្នាំនេះ បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ​២០ លើ​ពិន្ទុ​អតិបរមា​១០០ ជា​ពិន្ទុ​ដដែល​បើ​ធៀប​នឹង​ឆ្នាំ​ចាស់​។ ពិន្ទុ​ទាប​បែបនេះ ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៦២ ក្នុងចំណោម​ប្រទេស និង​ដែនដី​សរុប​១៨០ ដែល​ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​ការ​វាយតម្លៃ​។ និយាយ​ជា​រួម នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល កម្ពុជា​គ្រាន់បើ​ជាង​ប្រទេស​២ តែប៉ុណ្ណោះ គឺ​អាហ្វហ្គានីស្ថាន​ដែល​កំពុង​ហែកហួរ​ដោយសារ​សង្គ្រាម និង​កូរ៉េខាងជើង​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​បែប​ផ្ដាច់ការ​ត​វង្ស​ត្រកូល​។ និយាយ​ដោយឡែក នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​វិញ កម្ពុជា​អន់ថយ​ជាងគេ​បង្អស់ ពោល​គឺ​នៅ​ក្រោម​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា​ទៅ​ទៀត។

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី (Himawari Hotel) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Yang Chandara
លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​សណ្ឋាគារ ហ៊ីម៉ាវ៉ារី (Himawari Hotel) កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Yang Chandara

អង្គការ​តម្លាភាព​កម្ពុជា​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៣ មករា​ថា លទ្ធផល​នេះ​បង្ហាញ​ថា ទោះបីជា​កម្ពុជា​សម្រេច​បាន​នូវ​លទ្ធផល​ជាក់លាក់​មួយ​ចំនួន ដូចជា ភាព​ប្រសើរ​ឡើង​នៃ​ការ​កៀរគរ​ធនធាន និង​កំណែលម្អ​ការ​ផ្តល់​សេវា​សាធារណៈ​ក៏ដោយ ក៏​រឿង​នេះ​មិនទាន់​អាច​ផ្លាស់ប្ដូរ​ទស្សនៈ​ជា​រួម​របស់​អ្នក​ជំនាញ និង​ធុរជន​នោះ​ដែរ ជាពិសេស​ជុំវិញ​បញ្ហា​អំពើពុករលួយ​ទ្រង់ទ្រាយ​ធំ និង​អំពើពុករលួយ​ផ្នែក​នយោបាយ​។ ម្យ៉ាងវិញទៀត កំណែទម្រង់​ជា​ប្រព័ន្ធ និង​ស៊ីជម្រៅ​សំខាន់ៗ​មួយ​ចំនួន ជាពិសេស​ទាក់ទង​នឹង​នីតិរដ្ឋ និង​ប្រព័ន្ធ​យុត្តិធម៌ មាន​ភាព​ប្រសើរ​ឡើង​តិចតួច ឬ​មិន​ប្រសើរ​ឡើង​ទាល់តែសោះ​។ ជាមួយ​គ្នា​នេះ កម្ពុជា​ជា​ប្រទេស​ដែល​មាន​បញ្ហា​តុល្យភាព​អំណាច បុគ្គល​មានទ្រព្យ​សម្បត្តិ​ច្រើន​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​រដ្ឋាភិបាល ហើយ​និង​ខ្វះ​ការ​ចូលរួម​ទូលំទូលាយ​ក្នុង​ដំណើរការ​សម្រេចចិត្ត​ជាដើម។

ទោះជា​យ៉ាងណា ការ​វាយតម្លៃ​បែប​នេះ ត្រូវ​បាន​ច្រានចោល​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច។ លោក សុខ ឥសាន ដែល​ជា​អ្នកនាំពាក្យ​បក្ស​នេះ ថ្លែង​ថា ការវាយតម្លៃ​របស់​អង្គការ​តម្លាភាព គឺជា​ការ​ប៉ាន់ស្មាន ខ្វះ​ភាព​ប្រាកដ​និយម​។ លោក​បន្ត​ថា ការប្រព្រឹត្ត​អំពើពុករលួយ​នៅ​កម្ពុជា​គ្មាន​អ្វី​វាស់វែង​បាន​ឡើយ ព្រោះ​មិន​អាច​មើល​ឃើញ​នឹងភ្នែក​។ លោក​ថ្លែង​ទៀត​ថា ប្រសិនបើ​អំពើពុករលួយ​ធ្ងន់ធ្ងរ​ដូច​ការវាយតម្លៃ​នេះ​មែន នោះ​កម្ពុជា​នឹង​មិន​អាច​រក្សា​កំណើន​សេដ្ឋកិច្ច និង​ស្ថិរភាព​សង្គម​បាន​ដូច​ពេលនេះ​ឡើយ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ប្រឹងប្រែង​កែទម្រង់​លើ​គ្រប់​វិស័យ និង​ទប់ស្កាត់​អំពើពុករលួយ​នេះ៖ «យើង​គ្រាន់តែ​ដឹង​ថា មាន​អំពើពុករលួយ តែ​ត្រង់​ថា ខ្លាំង ឬ​ទាប ដាក់​ចេញ​ជា​ពិន្ទុ​បាន លុះត្រាតែ​វា​មាន​តួលេខ​ថា អ្នកនេះ​ពុករលួយ​កម្រិត​នេះ អ្នកនោះ​ពុករលួយ​កម្រិត​នោះ បាន​យើង​បូកសរុប​ទៅ​ចេញ​ជា​តួលេខ ហើយ​បើ​អត់​តួលេខ ចេះតែ​ឈរ​មើល​ពី​ចម្ងាយ​ចឹង​ទៅ​។ អ្នក​វាយ​តួលេខ​ហ្នឹង​ប្រហែល​វាយ​រាប់ម៉ឺន​គីឡូ​ពី​កម្ពុជា​។ ខ្ញុំ​ឆ្ងល់​ដែរ​ប្រហែលជា​ភ្នែក​ទិព្វ​ត្រចៀក​ទិព្វ​ហើយ​មើល​ទៅ ជំនាន់​ព្រះ​ជិនវង្ស​បាន​គេ​មើល​ដឹង ប្រហែល​លោកតា​ឥសី​ហើយ ទើប​មើល​ស្គាល់​អ៊ីចឹង​នោះ​។ ខ្ញុំ​មិន​ជឿ​ទេ ការវាយតម្លៃ​ហ្នឹង គឺថា​មិន​ផ្សារភ្ជាប់​នឹង​ការ​ជាក់ស្តែង​ទេ គឺ​គ្រាន់តែ​ស្មានៗ ដូច​គ្រូទាយ​អ៊ីចឹង»សុខ ឥសាន ៦២២

ផ្ទុយ​ពី​ការ​លើកឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់អំណាច អង្គការ​តម្លាភាព​បាន​អះអាង​ថា អង្គការ​នេះ​បាន​ប្រើប្រាស់​ប្រភព​ទិន្នន័យ​ជាក់លាក់​ចំនួន​១៣ ដើម្បី​គណនា​ពិន្ទុ​សន្ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​នៅ​ទូទាំង​សាកលលោក​។ ដោយឡែក​សម្រាប់​កម្ពុជា​វិញ អង្គការ​អន្តរជាតិ​មួយ​នេះ​បាន​ប្រើប្រាស់​ប្រភព​ទិន្នន័យ​ចំនួន​៨ សម្រាប់​ការ​គណនា មាន​ជាអាទិ៍ ការវាយតម្លៃ​ស្ថាប័ន និង​គោលនយោបាយ​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភពលោក​ឆ្នាំ​២០១៨ ការស្ទង់មតិ​ពី​ធុរជន​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០១៩ និង​សន្ទស្សន៍​ស្ដីពី​នីតិរដ្ឋ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​ឆ្នាំ​២០១៩ ជាដើម។

ដើម្បី​ស្រោចស្រង់​ពី​ស្ថានភាព​ពុករលួយ​ខ្លាំង​នេះ អង្គការ​តម្លាភាព​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ពន្លឿន​កំណែទម្រង់​ចំណុច​អាទិភាព​ជាច្រើន ដូចជា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើពុករលួយ ពន្លឿន​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ការ​គាំទ្រ​ឱ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​បំពេញ​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ពេញលេញ និង​ការធានា​តុល្យភាព​អំណាច​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។

នាយក​ប្រតិបត្តិ​ស្ដីទី​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ប្រសិនបើ​អំពើពុករលួយ​ទ្រង់ទ្រាយ​ធំ និង​អំពើពុករលួយ​ផ្នែក​នយោបាយ មិន​ត្រូវ​បាន​ដោះស្រាយ​ឱ្យ​ត្រឹមត្រូវ​ទេ​នោះ អំពើពុករលួយ​នឹង​បន្ត​បង្កើត​ភាព​អយុត្តិធម៌​សង្គម និង​បង្ក​ជា​ហានិភ័យ​ដល់​ការ​អភិវឌ្ឍ​ជាតិ​។ លោក​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ជា​ប្រព័ន្ធ និង​ឱ្យ​បាន​ស៊ីជម្រៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល