ពលរដ្ឋ​យល់​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​នៅ​សេសាន​ត្អូញ​ខ្វះខាត​ស្បៀង

ដោយ សន ចាន់រដ្ឋា
2018-01-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទី​ទួល​សុវត្ថិភាព​ដែល​អ្នក​ភូមិ​ស្រែគរ ទៅ​តាំង​ទីលំនៅ​បណ្ដោះអាសន្ន នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០១៧។
ទី​ទួល​សុវត្ថិភាព​ដែល​អ្នក​ភូមិ​ស្រែគរ ទៅ​តាំង​ទីលំនៅ​បណ្ដោះអាសន្ន នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃទី២៦ ខែ​តុលា ឆ្នាំ​២០១៧។
Photo Provided

ពលរដ្ឋ​ជាង ៥០០​គ្រួសារ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​ប៉ះពាល់​ដោយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ អះអាង​ថា ពួកគេ​មិន​ទាន់​អាច​ធ្វើ​កសិកម្ម និង​ខកខាន​មិន​បាន​ធ្វើស្រែ​ចិញ្ចឹម​ជីវិត ដោយសារ​តែ​ក្រុមហ៊ុន​ពុំ​ទាន់​ភ្ជួរ​រាស់​ដី និង​ឈូស​ឆាយ​ព្រៃ​ឲ្យ​ក្លាយ​ជា​វាល​ទាំង​ស្រុង​សម្រាប់​ពួក​គេ​នៅ​ឡើយ​ទេ។ ពួកគេ​បន្ត​ថា បញ្ហា​បណ្ដាល​ឲ្យ​អ្នក​ភូមិ​មួយ​ចំនួន​ខ្វះខាត​ស្បៀង​អាហារ។

​ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ភាគ​ច្រើន​ដែល​ព្រម​ទទួល​គោលនយោបាយ​សំណង​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​កាល​ថ្ងៃ​ទី​១៨ ខែ​មករា ថា  ដី​កសិកម្ម​ជាង ២.៥០០​ហិកតារ ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​ពលរដ្ឋ​មួយ​គ្រួសារ ៥​ហិកតារ​ភាគ​ច្រើន សំបូរ​ដោយ​ព្រៃ​រេចរឹល ហើយ​នៅ​តំបន់​ខ្លះ​ជា​ដី​ទួល​ខ្ពស់ និង​លិច​ទឹក​មិន​អាច​ធ្វើ​កសិផល​បាន។

​ពលរដ្ឋ​មួយ​គ្រួសារ​ដែល​យល់​ព្រម​ទទួល​សំណង​រស់​នៅ​ឃុំ​ស្រែគរ លោក ឡាំង ទុយ ត្អូញ​ថា អ្នក​ភូមិ​ភាគ​ច្រើន​បង្ខំ​ចិត្ត​ភ្ជួរ​រាស់ និង​សម្អាត​ដី​ខ្លួន​ឯង ទើប​អាច​ធ្វើ​កសិកម្ម​បាន ដ្បិត​ដី​កសិកម្ម​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​ភាគច្រើន​ជា​ព្រៃ និង​មិន​ទាន់​ភ្ជួរ​រាស់។ ​លោក​ថា ពលរដ្ឋ​មួយ​ចំនួន​ខកខាន​មិន​បាន​ធ្វើ​ស្រែ ៣​ឆ្នាំ​ជាប់​គ្នា ព្រោះ​គ្មាន​ប្រាក់​ភ្ជួរ​រាស់ និង​ឈូស​ឆាយ​ព្រៃ។ បញ្ហា​នេះ​បង្ក​ឲ្យ​ពលរដ្ឋ​រាំង​ស្ទះ​មិន​អាច​ធ្វើ​ស្រែ​នៅ​រដូវ​វស្សា​បា៖ «ក្រុមហ៊ុន​ចែក​ឲ្យ​គ្រប់​គ្រួសារ​យើង​ធ្វើ​ខ្លួន​ឯង។ ដើម​ធំៗ និង​តួចៗ​នៅ​ពេញ​ហ្នឹង ខ្លះ​ត្អូញ​ចង់​ស្រឡះ​ដែរ តែ​វា​អស់​ស្រឡះ​នៅ​ខ្លួន​ឯង»

ដី​ព្រៃ​ស្រោង​ជាង ២​ពាន់​ហិកតារ​របស់​រដ្ឋ ឋិត​ក្នុង​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង  ត្រូវ​បាន​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ឈូស​ឆាយ​កំណត់​ជា​គោលនយោបាយ​សំណង និង​បែង​ចែក​ជូន​ពលរដ្ឋ​មួយ​គ្រួសារ ៥​ហិកតារ ស្មើៗ​គ្នា រី​ឯ​ពលរដ្ឋ​បំបែក​គ្រួសារ​ក្រុមហ៊ុន​សម្រេច​ផ្តល់​ជូន ២​ហិកតារ​ផ្សេង​ទៀត។ ក៏ប៉ុន្តែ​ពលរដ្ឋ​បារម្ភ​ថា ដី​ទាំង​នោះ​មួយ​ចំនួន​ជា​តំបន់​លិច​ទឹក មិន​អាច​ធ្វើ​កសិកម្ម​បាន និង​មាន​ផ្នែក​ខ្លះ​ជា​ដី​ព្រៃ​មិន​ទាន់​ឈូស​ឆាយ។

​មេឃុំ​ស្រែគរ ដែល​ទើប​តែង​តាំង​ថ្មី មក​ពី​បក្ស​កាន់​អំណាច លោក ហ្វឿង ជឿន ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ធ្លាប់​បាន​ឈូស​ឆាយ និង​ភ្ជួរ​រាស់​ដី​ជូន​ពលរដ្ឋ មួយ​គ្រួសារ ៥​ហិកតារ​ច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​ពលរដ្ឋ​ភាគ​ច្រើន​ទុក​ដី​នៅ​ទំនេរ​យូរ​ឆ្នាំ នាំ​ឲ្យ​ដុះ​ព្រៃ និង​ដើម​ឈើ​ធំៗ​លំបាក​ធ្វើ​កសិកម្ម។

​លោក​បញ្ជាក់​ថា ពលរដ្ឋ​មួយ​ចំនួន​ខិតខំ​សម្អាត​ដី​ខ្លួន​ឯង ដាំ​ដំណាំ និង​ធ្វើ​ស្រែ រី​ឯ​ពលរដ្ឋ​ខ្លះ​ទៀត​ទុក​ដី​នៅ​ទំនេរ​ចោល៖ «និយាយ​ទី​ភាគ​ច្រើន​សុទ្ធតែ​ព្រៃ គាត់​អត់​ធ្វើ ព្រោះ​វា ២ ទៅ ៣​ឆ្នាំ​ហើយ ក្រុមហ៊ុន​ឈូស​ឆាយ​ឲ្យ។ អ្នក​ខ្លះ​ដាំ​ដំណាំ​ក៏​ល្អ​ប្រសើរ ហើយ​អ្នក​ខ្លះ​អត់​ធ្វើ​ដើម​ឈើ​អី​វា​ដុះ​ហើយ»

អតីត​មេ​ឃុំ​ស្រែគរ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ប្រមាណ​ជាង ២០​ភាគរយ​មាន​លទ្ធភាព​ជួល​គ្រឿង​ចក្រ​ភ្ជួរ​រាស់​ខ្លួន​ឯង ដើម្បី​ដាំ​ដុះ​រដូវ​វស្សា​ឆ្នាំ​នេះ។

​ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត ពុំ​មាន​លទ្ធភាព​ឈូស​ឆាយ​ព្រៃ។ លោក​បញ្ជាក់​ថា ដី ៥​ហិកតារ ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​ពលរដ្ឋ​ភាគ​ច្រើន​មិន​បាន​ធ្វើ​ស្រែ​នោះ​ទេ ព្រោះ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន៖ «អត់​បាន​ធ្វើ​ស្រែ​ទេ។ អ្នក​ដែល​ធ្វើ​ស្រែ​បាន​គឺ​ទៅ​ចាប់​ដី​វាល​ធ្វើ​ស្រែ យ៉ាង​ហោច​ណាស់ ៥០០​គ្រួសារ​មាន​តែ ៣០​គ្រួសារ​ទេ ដែល​ធ្វើ​ស្រែ​បាន»

​មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ពលរដ្ឋ​យល់​ព្រម​ទទួល​គោលនយោបាយ​សំណង បាន​រួម​ចំណែក​អភិវឌ្ឍន៍​ជាមួយ​រដ្ឋាភិបាល ហេតុ​នេះ​ក្រុមហ៊ុន និង​អាជ្ញាធរ​មិន​គួរ​ពន្យារ​ពេល​ដោះស្រាយ​បញ្ហា​នេះ​នោះ​ទេ។ លោក​ថា ការ​អូស​បន្លាយ​ពេល​គឺ​ជា​បន្ទុក​បន្ថែម​ទៀត នាំ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ក្រីក្រ​មួយ​កម្រិត​ទៀត៖ «ចង់​និយាយ​ហើយ គាត់​លំបាក​មួយ​ជាន់​ហើយ តែ​ឥឡូវ​លំបាក​ទៀត វា​ប៉ះពាល់​សេដ្ឋកិច្ច​ពួកគាត់ ក្នុង​នាម​អាជ្ញាធរ​ខែត្រ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ពន្លឿន»

មក​ទល់​ពេល​នេះ ពលរដ្ឋ​ដែល​យល់​ព្រម​ទទួល​សំណង​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ស្រែគរ និង​បាន​មក​តាំងទី​លំនៅ​ថ្មី​នៅ​តំបន់​នោះ​មាន​ចំនួន​ជាង ៥២០​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ ៥៧០​គ្រួសារ ហើយ​បច្ចុប្បន្ន​នៅ​សល់​ពលរដ្ឋ ៥០​គ្រួសារ​នៅ​ឃុំ​ស្រែគរ និង​ពលរដ្ឋ ៥៧​គ្រួសារ​នៅ​ឃុំ​ក្បាលរមាស មិន​ព្រម​ទទួល​យក​គោលនយោបាយ​សំណង ខណៈ​ដែល​ផ្ទះ​របស់​ពួក​គេ​ត្រូវ​ទឹក​លិចលង់​ទាំង​ស្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល