សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់​ជនជាតិ​ចិន​៥​នាក់​ពី​បទ​ចាប់ជំរិត

ដោយ អូន ភាព
2020-01-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។
ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឃាត់​ជនជាតិ​ចិន​ចំនួន​៥​នាក់ និង​បាន​រំដោះ​ស្ត្រីជន​ជាតិ​ចិន​ម្នាក់​ក្នុង​អំពើ​ចាប់ជំរិត​មួយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា។ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក អេង ហ៊ី ប្រាប់​អាស៊ីសេរី កាល​ថ្ងៃ​ទី​១៥ ខែ មករា ថា ជនសង្ស័យ​ទាំងនេះ បាន​ឃុំខ្លួន​ជនរងគ្រោះ​ដើម្បី​ជំរិត​ទា​លុយ​នៅផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ។

លោក អេង ហ៊ី និយាយ​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការដឹកនាំ​របស់​មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​ព្រះសីហនុ​លោក ហេង ប៊ុនទី ក្រោម​ការ​សម្របសម្រួល​ពី​លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ៖ «បុគ្គល​ប្រាំ​នាក់​ហ្នឹង​គាត់​ចាប់ជំរិត​ជន​ជាតិ​ចិន​ដូចគ្នា»

លោក អេង ហ៊ី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទៅលើ​រឿង​ចាប់ជំរិត​នេះ​ទេ ព្រោះ​តុលាការ​កំពុង​ស៊ើបអង្កេត​។ ទោះបីជា​យ៉ាងណា រូបភាព​បង្ហាញ​ក្នុង​សារព័ត៌មាន​ក្នុងស្រុក​បង្ហាញ ជនរងគ្រោះ​ត្រូវ​រង​ទារុណកម្ម​លើ​រាងកាយ​ផង​ដែរ។

លោក​និយាយ​ថា ជនសង្ស័យ​ទាំង​៥​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​រួចហើយ ប៉ុន្តែ​លោក​មិនទាន់​បាន​ដឹង​ថា ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​អ្វី​នៅឡើយ​ទេ ព្រោះ​តុលាការ​កំពុង​សាកសួរ​។

អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ព្រះសីហនុ​លោក លឹម ប៊ុនហេង កាល​ថ្ងៃ​ពុធ​ទី១៥ ខែ​មករា នេះ។

សមត្ថកិច្ច បាន​ដកហូត​ភស្តុតាង​មួយ​ចំនួន​ពី​ជនសង្ស័យ រួមមាន​រថយន្ត​មួយ​គ្រឿង លិខិតឆ្លងដែន​៤​ក្បាល អត្តសញ្ញាណប័ណ្ណ​ចិន​៧​សន្លឹក ទូរស័ព្ទ​​ដៃ ២​គ្រឿង ស្រោម​បិទ​មុខ​៨ ព្រមទាំង​លុយ​ខ្មែរ​ចំនួន ៦​ម៉ឺន ៩​ពាន់​រៀល។

សមត្ថកិច្ច​កម្ពុជា​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ៣៤​នាក់ ក្នុង​រយ​:​ពេល​៣​ខែ​ចុង​ក្រោយនេះ ហើយ​មកទល់​ថ្ងៃនេះ​បាន​កើន​ដល់​ចំនួន៣៩​នាក់​ហើយ ទាក់ទង​នឹង​ករណី​ធ្វើ​ទារុណកម្ម ក្នុង​អំពើ​ចាប់​ជំរិត និង​ពី​បទ​ប្លន់​ដោយ​ប្រដាប់​អាវុធ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល