ក្រសួង​ការងារ​សន្យា​ជួយ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​កាស៊ីណូ ណាហា្គ វើលដ៍

ដោយ វ៉ែន សុមេធ
2019-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគារ​ថ្មី​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) នា​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៩។
អគារ​ថ្មី​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) នា​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៩។
RFA

ក្រសួង​ការងារ​សន្យា​ជួយ​ដោះស្រាយ​វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) បន្ទាប់ពី​មាន​ជំនួប​ដាច់ដោយឡែក​ពី​គ្នា ជាមួយ​តំណាង​កម្មករ​និយោជិក និង​តំណាង ក្រុមហ៊ុន​ណាហ្គា វើលដ៍ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។ តំណាង​កម្មករ លើកឡើង​ថា ប្រសិនបើ​គ្មាន​ដំណោះស្រាយ​សមរម្យ​ណាមួយ​នៅមុន​ថ្ងៃ​ទី​៩ ខែ​មករា ខាងមុខ​ទេ កូដកម្ម​ទ្រង់ទ្រាយ​ធំ​នឹង​ផ្ទុះ​ឡើង រហូត​ទាល់​តែ​មាន​ដំណោះស្រាយ។

អគ្គលេខាធិការ​រង​នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម នៅ​តាម​គ្រប់មុខ​សញ្ញា​នៃ​ក្រសួង​ការងារ លោក ខៀវ សាវុធ លើកឡើង​ក្នុង​កំណត់ហេតុ​នៃ​កិច្ច ប្រជុំ​ថា លោក​មានបំណង​ចង់​ដឹង​អំពី​ជំហរ និង​ការ​ទាមទារ​របស់​កម្មករ​និយោជិក និង​ឆន្ទៈ​ដោះស្រាយ​របស់​ភាគី​ក្រុមហ៊ុន​។ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ​រូប​នេះ ស្នើសុំ​ឱ្យ​កម្មករ​និយោជិក និង​សហជីព​អត់ធ្មត់​ចូលរួម​ដោះស្រាយ​វិវាទ​ការងារ​នេះ​ដោយ​សន្តិវិធី ហើយ​លោក​សន្យា​ថា នឹង​ណាត់​ជួប​ជាមួយ​តំណាង​កម្មករ និង​តំណាង​ក្រុមហ៊ុន ដើម្បី​ប្រជុំ​រួមគ្នា​នៅ​ដើមខែ​មករា ឆ្នាំ​២០២០ ខាងមុខ។

ការ​ជួប​ពិភាក្សា និង​ដោះស្រាយ​វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ជាថ្មី​នេះ បន្ទាប់ពី​ក្រុម​កម្មករ បាន​កំណត់​ថ្ងៃ​ធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ ​ចាប់​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២០ ដើម្បី​ទាមទារ​លក្ខខណ្ឌ ៦ ចំណុច​រួមមាន​៖ ការ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​វិញ​ដោយ​ឥត​លក្ខខណ្ឌ និង​ទូទាត់ ប្រាប់​សំណង​ចាប់​តាំង​ពី​ថ្ងៃ​ក្រុមហ៊ុន​ព្យួរ​ការងារ អនុញ្ញាត​ឱ្យ​កម្មករ​ឈប់សម្រាក និង​ធ្វើការ​តាម គោលការណ៍​ស្ម័គ្រចិត្ត​នៅ​ថ្ងៃ​បុណ្យ​ជាតិ បញ្ឈប់​ប្រធាន​ប្រតិបត្តិការ​ផ្នែក​កាស៊ីណូ​ជា​ជនបរទេស​ម្នាក់ ដែល​មាន​ចរិត​មិន​ល្អ​។ ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ត្រូវ​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​បាន ៣០០ដុល្លារ​សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ និង​ ៥០០​ដុល្លារ សម្រាប់​បុគ្គលិក​ផ្នែក​កាស៊ីណូ និង​ក្រុមហ៊ុន ត្រូវ​បង្កើត​បទបញ្ញត្តិ​កុំ​ឱ្យ​មាន​អំពើ​ហិង្សា និង​ការ​បៀតបៀន​ផ្លូវ​ភេទ​លើ​បុគ្គលិក​ស្ត្រី​នៅ​កន្លែង​ការងារ ព្រមទាំង​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់​អាស៊ីសេរី​ថា កិច្ចប្រជុំ​នេះ​មិន​ទាន់​មាន​លទ្ធផល​ជា​វិជ្ជមាន អាច​ឱ្យ​ក្រុម​បុគ្គលិក​ទទួល​យក​បាន​នៅ​ឡើយ ដោយ​ក្រសួង គ្រាន់តែ​បង្ហាញ​បំណង​ចូលរួម​ស្វែង​រក​ដំណោះស្រាយ​ជូន​បុគ្គលិក​ប៉ុណ្ណោះ​។ កញ្ញា​រំពឹង​ថា ក្រសួង​នឹង​មាន​ឆន្ទៈ​ជួយ​ដោះស្រាយ​ពិតប្រាកដ និង​អំពាវនាវ​​ដល់​ក្រុមហ៊ុន​បន្ទន់​ឥរិយាបថ​ដោះស្រាយ​ជាមួយគ្នា​ដោយ​សន្តិវិធី ដើម្បី​បញ្ចៀស កុំ​ឱ្យ​មាន​កូដកម្ម នៅ​ថ្ងៃ​ទី​៩ ខាងមុខ៖ «ជាទូទៅ​ខាង គ..ប ចង់​ដឹង​អំពី​ជំហរ​នៃ​ការ​ទាមទារ​របស់​កម្មករ​និយោជិក​ហើយ​យើង​បាន​បញ្ជាក់​ជំហរ​ថា ប្រសិនបើ​មាន​ដំណោះស្រាយ​ណាមួយ​ដែល បុគ្គលិក​កម្មករ​ទាំង​អស់ គាត់​អាច​ទទួល​យក​បាន​មុន​ថ្ងៃ​ទី​៩ ជា​ថ្ងៃ​កំណត់​ធ្វើ​កូដកម្ម​នោះ គឺ​បុគ្គលិក​​កម្មករ​ទាំងអស់​នឹង​ពិចារណា​ថា ផ្អាក ឬ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម ប៉ុន្តែ​ផ្ទុយទៅវិញ បើ​គ្មាន​ដំណោះស្រាយ​ណា ដែល​អាច​ឱ្យ​ពួកគាត់​ទទួល​យក​បាន​នៅ​មុន​ថ្ងៃ​ទី​៩ មករា ទេ គឺ​កូដកម្ម​នឹង​ប្រព្រឹត្ត​ទៅ​តាម​គម្រោង»

ស្រប​ពេល​មន្ត្រី​ក្រសួង​ការងារ​កំពុង​ជួប​ជាមួយ​តំណាង​កម្មករ​នោះ ក្រុម​បុគ្គលិក​កាស៊ីណូ​ណាហ្គា វើលដ៍ រាប់​សិប​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅមុខ​ក្រសួង​ការងារ រង់ចាំ​ស្ដាប់​លទ្ធផល និង​បង្ហាញ​ការ​គាំទ្រ​ដល់​តំណាង​របស់​ពួកគេ​។ ការ​ជួប​ជុំ​គ្នា​នេះ ពុំ​មាន​ការ​ប៉ះទង្គិច គ្នា​ជាមួយ​កម្លាំង​សមត្ថកិច្ច​នោះ​ទេ។អ្នកគ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការ​ជួប​ប្រជុំ​នេះ អាច​ជា​សញ្ញា​វិជ្ជមាន​ក្នុង​ការ​ដោះ ស្រាយ​វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ ព្រោះ​ក្រសួង​ការងារ​នៅ​មាន​ពេលវេលា គ្រប់គ្រាន់​ក្នុងការ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ចូល​តុ​ចរចា​គ្នា​។ លោក ពិនិត្យ​ឃើញ​ថា ការ​ទាមទារ​របស់​បុគ្គលិក គឺ​ក្រុមហ៊ុន​មានលទ្ធភាព​ផ្តល់​ជូន​បាន ប្រសិនបើ​ក្រុមហ៊ុន មាន​ឆន្ទៈ​ចង់​ដោះស្រាយ ដោយ​ភាព​ស្មោះត្រង់៖ «បើ​សិន​ក្រសួង​ការងារ​នេះ ព្យាយាម​ជួយ​សម្របសម្រួល​ហើយ បើ​សិន​មានការ​សម្បទាន​ណាមួយ​ដែល​សមរម្យ​អាច​ទទួល​យក​បាន ខ្ញុំ​គិត​ថា ដំណោះ​ស្រាយ គឺ​អាច​ដោះស្រាយ​បាន ទោះបី​ជា​មាន​លក្ខខណ្ឌ​ដល់ ៦​ចំណុច ប៉ុន្តែ​ចំណុច​អាទិភាព​សំខាន់ៗ​ដែល​ខ្ញុំ​មើល​ឃើញ​នោះ​គឺ​រឿង​ទទួលយក​មេដឹកនាំ​សហជីព​ចូល​ធ្វើ​ការ​វិញ ហើយ​និង​ការ​ដំឡើង​​ប្រាក់​ឈ្នួល​ឱ្យ​បុគ្គលិក​កម្មករ»

វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ នេះ កើតឡើង​ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី​២០ ខែ​កញ្ញា បន្ទាប់ពី​ក្រុមហ៊ុន​បាន​ព្យួរ​ការងារ​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ។ ការ​ព្យួរ​ការងារ​នេះ ដោយ​សារ​តែ​ស្ត្រី​សហជីព​វ័យក្មេង​រូប​នេះ បាន​តាម​សួរនាំ​ហេតុផល​រឿង​សន្តិសុខ​ក្រុមហ៊ុន ឆែក​កាបូប​បុគ្គលិក​ម្នាក់ ហើយ​បាន​ឃើញ និង​បាន​ដកហូត​អាវយឺត​ដែល​មាន​សរសេរ​ថា «​ក្រុមហ៊ុន​រីកចម្រើន បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ»។ ក្រុមហ៊ុន​ចោទ​កញ្ញា​ថា ជា​មេខ្លោង​នាំ​បុគ្គលិក​ពាក់អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល។

ក្រុម​សង្គម​ស៊ីវិល ជាង ២០​ស្ថាប័ន បាន​ចាត់​ទុក​ទង្វើ​របស់​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ នេះ​ថា ជា​រឿង​គ្មាន​មូលដ្ឋាន​ច្បាប់ និង​អយុត្តិធម៌​។ ក្រុម​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា កញ្ញា ឈឹម ស៊ីថរ គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន និង​ប្រកបដោយ​វិជ្ជាជីវៈ​ឯករាជ្យ​តំណាង​ឱ្យ​កម្មករ​ជាង ៤​ពាន់​នាក់ ទាមទារ​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ និង​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​បុគ្គលិក ណាហ្គា វើលដ៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល