បុគ្គលិក​ណាហ្គា វើលដ៍ បោះឆ្នោត​ស្ទង់​មតិ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​តំណាង​ចូល​ធ្វើ​ការ​វិញ

ដោយ ហេង រស្មី
2019-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១ពាន់​នាក់ ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១៩ រៀបចំ​នីតិវិធី​ទាមទារ​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ (អាវ​ស​កណ្ដាល) ជា​ប្រធាន​សហជីព ចូល​ធ្វើការ​វិញ។
បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) ជាង ១ពាន់​នាក់ ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១៩ រៀបចំ​នីតិវិធី​ទាមទារ​ក្រុមហ៊ុន​ឱ្យ​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ (អាវ​ស​កណ្ដាល) ជា​ប្រធាន​សហជីព ចូល​ធ្វើការ​វិញ។
រូប៖ សង់ត្រា​ល់ (CENTRAL)

សហជីព​ប្រចាំ​ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) រៀបចំ​ការបោះឆ្នោត​ស្ទង់​មតិ ដើម្បី​ឈាន​ទៅ​ធ្វើបាតុកម្ម​តវ៉ា​ឱ្យ​ក្រុមហ៊ុន កាស៊ីណូ ដ៏​ធំ​មួយ​នេះ ទទួលយក​ប្រធាន​សហជីព​ម្នាក់ ឱ្យ​ចូល​ធ្វើការ​វិញ និង​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​ដល់​បុគ្គលិក​។ សហជីព និង​បុគ្គលិក​ឱ្យ​ដឹង​ថា ការសម្រេច​បោះឆ្នោត​ស្ទង់​មតិ​ធ្វើបាតុកម្ម​នេះ បន្ទាប់ពី​ក្រុមហ៊ុន និង​ក្រសួង​ការងារ មិន​មាន​ឆន្ទៈ​ដោះស្រាយ ដោយ​យុត្តិធម៌។

សហជីព និង​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា វើលដ៍ អះអាង​ថា ពួកគេ​គ្មាន​ជម្រើស​ផ្សេងៗ ក្រៅពី ធ្វើ​បាតុកម្ម​នោះ​ទេ ព្រោះ​សហជីព បាន​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​តាម​នីតិវិធី​ច្បាប់​គ្រប់បែប យ៉ាង​ទាំង​ជាមួយ​ក្រុមហ៊ុន​ផ្ទាល់ ទាំង​ជាមួយ​ក្រសួង​ការងារ និង​រហូតដល់​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ។

អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ អ្នកស្រី ឈុន សុខា ប្រាប់​អាស៊ីសេរី​ថា ដោយសារតែ​សហជីព​បាន​ដើរ​ចប់​នីតិវិធី​ច្បាប់ ហើយ​នៅតែ​គ្មាន​ដំណោះ ស្រាយ ទើប​សហជីព​ជួប​ជាមួយ​បុគ្គលិក​ទាំងអស់ ធ្វើការ​បោះឆ្នោត​ស្ទង់​មតិ​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ដើម្បី សម្រេច​ថា តើ​បុគ្គលិក​ភាគច្រើន​ចង់​ឱ្យ​ធ្វើបាតុកម្ម ឬ​ចង់​ប្តឹង​បន្ត​ទៅ​តុលាការ​។ អ្នកស្រី​បញ្ជាក់​ថា ក្រោយ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​រួច សហជីព​នឹង​ប្រកាស​លទ្ធផល​ជា​ផ្លូវការ ហើយ​នឹង​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន ក្រសួង​ការងារ និង​ភាគី​ពាក់ព័ន្ធ អំពី​ការកំណត់​ថ្ងៃ​ជាក់លាក់ និង​គោលបំណង នៃ​ការ​ចេញ​ធ្វើបាតុកម្ម​។ អ្នកស្រី​សង្កេតឃើញ​ថា ទឹកចិត្ត​របស់​បុគ្គលិក​ភាគច្រើន គឺ​ពួកគេ​ចង់​ធ្វើ បាតុកម្ម៖ «អំឡុង​ពេល​ដែល​យើង​បញ្ជូន​លិខិត​ទៅ​ក្រុមហ៊ុន ឬ​ខាង​​​ក្រសួង ហើយ​បើ​មានការ​ចរចា​ណាមួយ​ដែល​បុគ្គលិក​ទាំងអស់​គ្នា​អាច​ទទួល​យក​បាន ដូច្នេះ​បាតុកម្ម​នេះ ក៏​មិន​កើតឡើង​ដែរ​។​អ្វី​ដែល​យើង​កំពុង​ធ្វើ​នេះ​គឺ​ចង់​បង្ហាញ​ពី​កម្លាំង​សាមគ្គី​របស់​យើង​​ថា ក្រុមហ៊ុន​មិន​អាច​ចេះ​តែ​ធ្វើ​អី​តាម​ទំនើងចិត្ត​របស់​ខ្លួន​បាន​ទេ»

វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា វើលដ៍ នេះ កើត​ឡើង បន្ទាប់​ពី​ក្រុមហ៊ុន បាន​ព្យួរ​ការងារ ប្រធាន​សហជីព គឺ​កញ្ញា ឈឹម ស៊ីថរ ចាប់​តាំង​ពី​យប់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ។ ការ​ព្យួរ​ការងារ​នេះ ដោយ សារ​តែ​ស្ត្រី​សហជីព​វ័យក្មេង​រូប​នេះ បាន​តាម​សួរនាំ​ហេតុផល​រឿង​សន្តិសុខ​ក្រុមហ៊ុន ឆែក​កាបូប​បុគ្គលិក​ម្នាក់ ហើយ​បាន​ឃើញ និង​បាន​ដកហូត​អាវយឺត​ដែល​មាន​សរសេរ​ថា «​ក្រុមហ៊ុន​រីកចម្រើន បុគ្គលិក​ត្រូវការ​ប្រាក់ខែ​រស់នៅ​សមរម្យ​»​។ ក្រុមហ៊ុន​ចោទ​កញ្ញា​ថា ជា​មេខ្លោង​នាំ​បុគ្គលិក​ពាក់អាវ​យឺត​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល។

អ្នក​សម្របសម្រួល​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍ថា សហជីព និង​បុគ្គលិក មាន​សិទ្ធិ​ធ្វើបាតុកម្ម​ដោយ សន្តិវិធី ដើម្បី​បន្ត​រក​ដំណោះស្រាយ​។ លោក​ថ្លែង​ថា វិវាទ​ការងារ​ក្នុង​ក្រុមហ៊ុន ណាហ្គា វើលដ៍ នេះ មិន​ពិបាក​ដោះស្រាយ​នោះ​ទេ ប្រសិនបើ​ក្រុមហ៊ុន​និង​ក្រសួង​ការងារ មាន​ឆន្ទៈ​ដោះស្រាយ​ពិត ប្រាកដ​។ លោក​មើល​ឃើញ​ថា ក្រុមហ៊ុន​មាន​ចេតនា​គំរាមកំហែង​បំបាក់​ស្មារតី​បុគ្គលិក និង​ថ្នាក់ ដឹកនាំ​សហជីព ដើម្បី​កុំ​ឱ្យ​ពួកគេ​រួម​កម្លាំង​គ្នា​ធ្វើ​ចលនា​ទាមទារ​ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការងារ​ល្អ ប្រសើរ​នៅ​កន្លែង​ការងារ៖ «ក្រុមហ៊ុន​គួរតែ​ព្យាយាម​ដោះស្រាយ​ក្នុង​ដំណោះស្រាយ​ក្នុង​ដំណាក់កាល​មួយ​នេះ ព្រោះ​បើ​ក្រុមហ៊ុន​មិន​ដោះស្រាយ​ទេ គឺ​នឹង​ជះឥទ្ធិពល​ផល​ប៉ះពាល់​ដល់​ក្រុម ហ៊ុន និង​បុគ្គលិក​ដូចគ្នា»

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​គ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​របស់​ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកស្រី ឌី សីហា និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ព្រមទាំង​អនុ​ប្រធាននាយកដ្ឋាន​វិវាទ​ការងារ​លោក ខៀវ សាវុធ បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ដោយសារ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

គោលបំណង​នៃ​ការ​ធ្វើ​បាតុកម្ម​ខាងមុខ​នេះ គឺ​បុគ្គលិក និង​សហជីព ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួល​យក​កញ្ញា ឈឹម ស៊ីថរ ចូល​ធ្វើ​ការ​វិញ​ដោយ​ឥត​លក្ខខណ្ឌ អនុញ្ញាត​ឱ្យ​កម្មករ​ឈប់សម្រាក​តាម​គោលការណ៍​ស្ម័គ្រចិត្ត​នៅ​ថ្ងៃ​បុណ្យជាតិ បញ្ឈប់​ប្រធាន​ប្រតិបត្តិការ​ផ្នែក​កាស៊ីណូ​ជា​ជនបរទេស​ម្នាក់​ដែល​មាន​ចរិត​មិនល្អ និង​ដំឡើង​ប្រាក់​ឈ្នួល​ឱ្យ​បាន ៣០០​ដុល្លារ​សម្រាប់​បុគ្គលិក​ផ្នែក​សណ្ឋាគារ និង ៥០០​ដុល្លារ សម្រាប់​បុគ្គលិក​ផ្នែក​កាស៊ីណូ ព្រមទាំង​ទាមទារ​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល