ប៉ូលិស​ថៃ​គ្រោង​ចាត់​វិធានការ​លើ​សិស្ស​ខ្មែរ​ឥស្លាម​​រឿង​​ប្រព្រឹត្ត​​ខុស​ច្បាប់​​អន្តោប្រវេសន៍​ថៃ

ដោយ មួង ណារ៉េត
2019-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
rfa.png
rfa.png
Photo: RFA

អាជ្ញាធរ​ថៃ​គ្រោង​បើក​កិច្ចប្រជុំ​ជាមួយ​តំណាង​សាលា​ឥស្លាម​ឯកជន​ច្រើនជាង ៦០០​កន្លែង នៅ​ខេត្ត​ភាគ​ត្បូង ក្នុង​រវាង​ពីរ​សប្ដាហ៍​ខាងមុខ​ទៀត​នេះ បន្ទាប់ពី​ទទួល​ដំណឹង​ថា មាន​សិស្ស​ខ្មែរ​ជាច្រើន​នាក់ កំពុង​សិក្សា​ដោយ​ខុសច្បាប់​នៅ​ទីនោះ​។ អង្គការ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​អន្តរាគមន៍​ករណី​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា ដោយ​កុំ​រង់ចាំ​រហូត​ទាល់តែ​មានការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំងនោះ។

អាជ្ញាធរ​ថៃ​អះអាង​ថា មាន​សិស្ស​ខ្មែរ​ឥស្លាម​រាប់​រយ​នាក់​មកពី​កម្ពុជា កំពុង​រៀន​សូត្រ​អំពី​សាសនាឥស្លាម​ដោយ​ខុសច្បាប់ នៅ​ក្នុង​ខេត្ត​យ៉ាឡា (Yala) ប៉ាតានី (Patani) ណារ៉ាធីវ៉ាត (Narathiwat) និង​ខេត្ត​សុងខ្លា (Songkhla) ស្ថិតនៅ​ភាគ​ត្បូង​ប្រទេស​ថៃ ដែល​ជា​កន្លែង​ប្រឈមមុខ​ដាក់គ្នា​រវាង​ទាហាន​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​ផ្ដាច់​ទឹកដី។

កិច្ចប្រជុំ​ដែល​អាជ្ញាធរ​ថៃ​គ្រោង​ធ្វើ​ជាមួយ​នឹង​តំណាង​សាលា​ឯកជន​ឥស្លាម​ទាំងនោះ គឺ​ដើម្បី​ស្ដាប់​មតិយោបល់​របស់​ពួកគេ និង​ដើម្បី​អប់រំ​ពួកគេ​ឱ្យ​យល់ដឹង​កាន់​តែ​ច្បាស់​អំពី​ច្បាប់​អន្តោប្រវេសន៍។

មេ​ប៉ូលិស​អន្តោប្រវេសន៍​ថៃ លោក សុរៈឆេត ហាក់ផាន (Surachate Hakparn) ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) ស្រង់​សម្ដី​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា អាជ្ញាធរ​រីករាយ​នៅ​ពេល​ឃើញ​សិស្ស​កម្ពុជា​មក​ទទួល​ការអប់រំ​ផ្នែក​សាសនា​ឥស្លាម​នៅ​ប្រទេស​ថៃ ពីព្រោះ​កម្ពុជា​មិន​ទាន់​មាន​សាលាឥសា្លម​ដែល​មាន​ស្តង់ដារ​ត្រឹមត្រូវ​នៅឡើយ​។ ក៏ប៉ុន្តែ​លោក​ថា សិស្ស​គ្រប់គ្នា​ត្រូវតែ​ចូល​មក​ក្នុង​ប្រទេស​ថៃ ដោយមាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ​។ មេ​ប៉ូលិស​ថៃ​រូប​នេះ អះអាង​ថា អាជ្ញាធរ​ថៃ​មិនមែន​ចង់​និយាយ​ថា ពលរដ្ឋ​ខ្មែរ​កំពុង​ចូល​មក​បង្ក​បញ្ហា​នៅ​ក្នុង​ស្រុក​ថៃ​ឡើយ ក៏ប៉ុន្តែ​បើ​ពួកគេ​ស្នាក់នៅ​លើស​កំណត់ ប៉ូលិស​អន្តោប្រវេសន៍​ត្រូវតែ​ចាប់ខ្លួន​ពួកគេ និង​អនុវត្ត​ទៅតាម​ច្បាប់។

វិធាន​ការដែល​អាជ្ញាធរ​ថៃ​គ្រោង​នឹង​ដាក់​ចេញ​នេះ គឺ​នៅ​បន្ទាប់ពី​ជនជាតិ​ខ្មែរ​ឥស្លាម​ជាង ១០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន កាលពី​ចុងខែ​មករា ដោយ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ចលនា​បះបោរ​មូស្លីម​នៅ​ភាគខាងត្បូង​ប្រទេស​​ថៃ។ ក៏​ប៉ុន្តែ ពួកគេ​ត្រូវ​បាន​ដោះ​លែង​ឱ្យ​ត្រឡប់​ទៅ​កម្ពុជា​វិញ ដោយសារ​អាជ្ញាធរ​ថៃ​រក​មិន​ឃើញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ចលនា​បះបោរ។ បទល្មើស​ដែល​អាជ្ញាធរ​ថៃ​រក​ឃើញ គឺ​ការ​ចូល​មក​ក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់ ការ​ស្នាក់នៅ​ខុស​ច្បាប់ និង​ការ​ស្នាក់​នៅ​លើស​ច្បាប់​កំណត់។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក គួរតែ​ចុះ​អន្តរាគមន៍​រឿង​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា ចៀសវាង​ការ​ចាប់ខ្លួន​ទ្រង់ទ្រាយ​​ធំ នៅ​ពេល​សមត្ថកិច្ច​ថៃ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​សាលា​ឥស្លាម​ទាំងនោះ​។ លោក​បន្ត​ថា អាជ្ញាធរ​កម្ពុជា​គួរតែ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ឱ្យ​សិស្ស​ខ្មែរ​ឥស្លាម​ទាំងនោះ​ទទួល​បាន​សិទ្ធិ​ស្នាក់នៅ​ប្រទេស​ថៃ​ដោយ​ស្របច្បាប់ ទម្រាំ​ពួកគេ​បញ្ចប់​ការសិក្សា​របស់​ខ្លួន៖ «នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​នេះ ជា​តំបន់​មួយ​ដែល​មាន​ភាព​ប្រទាញប្រទង់​រឿង​បំបែក​រដ្ឋ ដូច្នេះ​ជា​ធម្មតា​ថៃ​មានការ​រឹត​បន្តឹង​ចំពោះ​ការ​ស្នាក់នៅ​ខុសច្បាប់​។ នេះ​ជា​បញ្ហា​ចម្បង​ដែល​ថៃ​នឹង​មាន​វិធានការ អ៊ីចឹង​ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ដល់​បងប្អូន​ខ្មែរ​ឥស្លាម​ដែល​ទៅ​សិក្សា​ហ្នឹង រដ្ឋាភិបាល​តាមរយៈ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​មាន​ការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​បងប្អូន​ខ្មែរ​ឥស្លាម​ដែល​កំពុង​បន្ត​ការសិក្សា»

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី២៦ កុម្ភៈ ចំណែក​មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ​លោក ផៃ ស៊ីផាន ក៏​មិន​អាច​ទាក់ទង​បាន​ដូចគ្នា ដោយ​លោក​មិន​លើក​ទូរស័ព្ទ​។ ក៏ប៉ុន្តែ​លោក​ធ្លាប់​បាន​អះអាង​ប្រាប់​អាស៊ីសេរី កាលពីដើម​ខែ​កុម្ភៈ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​គាំទ្រ​ចំពោះ​ទង្វើ​ល្មើសច្បាប់​នេះ​ឡើយ ហើយ​ការអនុវត្ត​ច្បាប់​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ថៃ​នោះ គឺជា​ការ​សិទ្ធ​សម្រេច​របស់​អាជ្ញាធរ​ថៃ។

អាស៊ីសេរី​ក៏បាន​ព្យាយាម​ទាក់ទង​ទៅ​លោក អូស្មាន ហាស្សាន់ ដែល​ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ដើម្បី​សាកសួរ​ព័ត៌មាន​អំពី​ការ​ចេញទៅ​សិក្សា​របស់​សិស្ស​ខ្មែរ​ឥស្លាម​ទាំង​នោះ​ដែរ ក៏ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

អ្នកការពារ​សិទ្ធិមនុស្ស លោក អំ សំអាត ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មាន​ឯកសារ​ស្របច្បាប់​គ្រប់គ្រាន់ មុននឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​បញ្ចៀស​ការ​ចាប់ខ្លួន ឬ​ការ​ធ្វើទុក្ខបុកម្នេញ​ណាមួយ​នៅ​ក្រៅ​ប្រទេស​។ លោក​ក៏​ស្នើ​ឱ្យ​ស្ថាប័ន​ជំនាញ​យក​ចិត្ត​ទុក​ដាក់​​បន្ថែម​​ទៀត ​ចំពោះ​ជនជាតិ​ខ្មែរ​ឥស្លាម​ដែល​ទៅ​រៀន​សូត្រ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ ព្រោះ​ពួកគេ​អាច​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​នៃ​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការចូលរួម​ចលនា​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​បាងកក៖ «ទោះបីជា​ខ្មែរ​ឥស្លាម​មាន​ឯកសារ​គ្រប់គ្រាន់​ក្នុង​ការ​ស្នាក់នៅ និង​បន្ត​ការសិក្សា​នៅ​ភូមិភាគ​ខាងត្បូង​ប្រទេស​ថៃ​ហ្នឹង​ក៏ដោយ ក៏​មុន​ពេល​ដែល​ចេញទៅ រដ្ឋាភិបាល​គួរតែ​មានការ​រំឭក និង​ដាស់តឿន​ពួកគាត់​ហ្នឹង​ឱ្យ​បាន​ដឹង​ហើយ​មានការ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​ក្នុង​ការ​ស្នាក់នៅ និង​ការសិក្សា​នៅ​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​ហ្នឹង ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ និង​បញ្ហា​ផ្សេងៗ​ចំពោះ​ពួកគាត់»

គិត​ត្រឹម​ពេល​បច្ចុប្បន្ន យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ប្រមាណ ៧ ពាន់​នាក់​ដែរ ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​ទាហាន​រដ្ឋាភិបាល​ថៃ និង​ក្រុម​ចលនា​មូស្លីម​បះបោរ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ ជាប់​ព្រំប្រទល់​ប្រទេស​ម៉ាឡេស៊ី។ អាជ្ញាធរ​ថៃ​បាន​ប្រើ​ច្បាប់អាជ្ញាសឹក​គ្រប់គ្រង​លើ​ដែនដី​ភាគ​ខាងត្បូង​នេះ តាំងតែ​ពី​ឆ្នាំ ២០០៤ រហូត​មក ដោយសារតែ​អំពើ​ហិង្សា ការ​បាញ់​ប្រហារ និង​ការ​កាប់​សម្លាប់​គ្នា​កើត​ឡើងជា​ញឹកញាប់​នៅ​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល