ក្រសួង​ប្រជុំ​ស្នើសុំ​ការ​គាំទ្រ​កែប្រែ​ច្បាប់ កាត់​លុយ​ឈ្នួល​កម្មករ​វេន​យប់ និង​លុប​ថ្ងៃ​សម្រាក​សង

ដោយ អូន ភាព
2020-01-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧។
RFA

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រជុំ ដើម្បី​ស្នើសុំ​ការ​គាំទ្រ​កែប្រែ​លក្ខខណ្ឌ​ច្បាប់​ការងារ កាត់​លុយ​កម្មករ​វេន​យប់ ឱ្យ​ស្មើ​កម្មករ​វេន​ថ្ងៃ និង​លុបចោល​ថ្ងៃ​ឈប់សម្រាក​សង ចំ​ថ្ងៃ​អាទិត្យ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឱ្យ​ដឹង​ថា ក្រុម​សហជីព​មាន​និន្នាការ​រដ្ឋាភិបាល គាំទ្រ​ឱ្យ​កាត់​លុយ​ឈ្នួល និង​លុប​ថ្ងៃ​ឈប់​សម្រាក​បន្ថែម ដូច​ក្រុម​ថៅកែ។ តែ​ក្រុម​សហជីព​ឯករាជ្យ បដិសេធ​សំណើ​នេះ ទើប​កិច្ចប្រជុំ​មិន​អាច​ពិភាក្សា​គ្នា​បន្ត​ទៀត​បាន។ លោក​ថា រដ្ឋមន្ត្រី​ប្រាប់​ឱ្យ​ក្រុម​សហជីព​ជជែក​គ្នា ហើយ​ចេញ​សេចក្ដីថ្លែងការណ៍​រួម ដើម្បី​បន្ត​កិច្ចពិភាក្សា​ត​ទៀត៖ «ការ​បារម្ភ វា​បារម្ភ​ហើយ​។ ក៏ប៉ុន្តែ បើ​សិន​យើង​ធ្វើ​ពហិការ មានន័យថា យើង​មាន​ទៅ​កើតទុក្ខ​អ្វី ព្រោះថា ពហិការ​មិន​ចូល បើ​សហជីព​ណា​គេ​ចូល គេ​សម្រេច​ហើយ អាហ្នឹង​។ រឿង​ថា ចូល (ប្រជុំ) ឬ​មិន​ចូល វា​អត់​សំខាន់​ទេ​។ ប៉ុន្តែ​ឥឡូវនេះ មានរឿង​២ គឺ​រឿង​ទី​១ យើង​ធ្វើ​សេចក្ដីថ្លែងការណ៍​មិន​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​ហ្នឹង​។ ទី​២ សហជីព​អាច​នឹង​ចូល​។ តែ​បើ​សហជីព​ចូល វា​នៅតែ​សំឡេង​ភាគតិច វា​នៅតែ​ដដែល​ហ្នឹង ធ្វើ​ម្ដេច​ទៅ បាន​សំឡេង​ភាគច្រើន​ជាង​សហជីព​ខាង​រដ្ឋាភិបាល»

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​រៀបចំ​សិក្ខាសាលា ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ចំនួន​៨៦​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មករា នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ ដើម្បី​ពិភាក្សា​លើ​ការ​ធ្វើ​វិសោធនកម្ម ច្បាប់​ស្ដីពី​ការងារ មាត្រា​១៤៤​ថ្មី ក្នុង​គោលបំណង កាត់​ប្រាក់​ឈ្នួល​កម្មករ​ធ្វើការ​វេន​យប់​បន្ថែម​ទៀត ឱ្យ​ទទួល​បាន​ស្មើគ្នា​ជាមួយ​កម្មករ​វេន​ថ្ងៃ និង​លុបចោល​ថ្ងៃ​ឈប់សម្រាក​ថែម​ទៀត ចំពោះ​ថ្ងៃ​ឈប់សម្រាក​សម្រាប់​បុណ្យជាតិ​ណា ដែល​ចំ​ថ្ងៃអាទិត្យ​។ រដ្ឋមន្ត្រី អ៊ិត សំហេង អះអាង​ថា ការ​ធ្វើ​បែបនេះ ដើម្បី​បង្កើន​ឱកាស​ការងារ ផ្ដល់​អត្ថប្រយោជន៍​បន្ថែ​ម​ទៀត ដល់​កម្មករ​និយោជិក បង្កើន​សង្វាក់​ផលិតកម្ម សេវាកម្ម និង​ទាក់ទាញ ដល់​ការ​វិនិយោគ​បន្ថែម។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​​យប់​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៧។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ចូលរួម​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី កាល​ពី​​យប់​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៧។ RFA

ហ្វេសប៊ុក (facebook) របស់​ក្រសួង​ការងារ​បង្ហាញ​ថា លោក អ៊ិត សំហេង លើកឡើង​ស្រដៀង​គ្នា នឹង​សេចក្ដីថ្លែងការណ៍​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) កាលពី​ថ្ងៃ​ទី​១៥ មករា ដែល​សរសេរ​ថា ការ​កាត់បន្ថយ​ប្រាក់​ឈ្នួល​កម្មករ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ឧស្សាហកម្ម​ទំនើប ដូចជា រោងចក្រ​ផលិត​បរិក្ខារ​អគ្គិសនី គ្រឿង​អេឡិចត្រូនិក និង​ការកែច្នៃ​ម្ហូបអាហារ និង​ការ​បង្កើន​ការងារ​ឱ្យ​ពលរដ្ឋ ទៅតាម​ជម្រើស និង​តម្រូវការ​ជាក់ស្ដែង​។ លោក​ថែមទាំង​អះអាង​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​ឱ្យ​កម្មករ​ទទួល​បាន​ប្រាក់ចំណូល​កាន់តែ​ប្រសើរ​ឡើង។

ចំណែក​ការលុបចោល​ថ្ងៃ​ឈប់សម្រាក​បន្ថែម​សម្រាប់​ថ្ងៃបុណ្យ​ដែល​ចំ​ថ្ងៃអាទិត្យ គឺ​ដើម្បី​ឱ្យ​ដូច មន្ត្រីរាជការ​សាធារណៈ​ទូទៅ និង​ការអនុវត្ត​នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់។ ការ​លុប​ចោល​​ថ្ងៃ​​ឈប់សម្រាក​បន្ថែម​ទៀត​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​វិវឌ្ឍ​ផ្នែក​សង្គម សេដ្ឋកិច្ច សំដៅ​លើកកម្ពស់​ផលិតភាព​ការងារ និង​ពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​ទាំង​ក្នុង​តំបន់ និង​សកល​លោក​។ លោក អ៊ិត សំហេង អះអាង​ថា ក្រសួង​នឹង​ពិនិត្យ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ធានា ថា​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិក គ្រប់រូប​មិន​ត្រូវ​បាន​កាត់បន្ថយ។ លោក អាត់ ធន់ មិនទាន់​ជឿ​​លើ​ការ​អះអាង​នេះ​ទេ ព្រោះ​លោក​ថា កម្មករ​ធ្វើការ​វេន​យប់ ធ្លាប់​បាត់​ប្រយោជន៍​ម្ដង​ហើយ កាលពី​ឆ្នាំ​២០១៧ ដោយ​ក្រសួង​កែប្រែ​ច្បាប់ កាត់​លុយ​ឈ្នួល​កម្មករ ពី​១៥០​ភាគរយ មក​នៅ​ត្រឹម​១៣០​ភាគរយ។

រីឯ​ការពង្រីក​វិសាលភាព​ការ​ដោះស្រាយ​បណ្ដឹង​តាម​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល មិន​រង​ការជំទាស់​ពី​សហជីព​ឯករាជ្យ​ឡើយ​។ សហជីព​ឯករាជ្យ គ្រាន់តែ​ស្នើសុំ​ក្រសួង​ការងារ​ឱ្យ​ពង្រឹង​សមត្ថភាព​មន្ត្រី ដោយ​មិន​លម្អៀង ជាពិសេស ក្រសួង​តែងតែ​ផ្អៀង​ទៅ​រក​ក្រុម​ថៅកែ ជាង​កម្មករ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក សោម អូន ដែល​ជា​សហជីព​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល និង​ជាទី​ប្រឹក្សា​របស់​ក្រសួង​ការងារ​បានទេ នៅ​ថ្ងៃ​ទី​១៦ មករា ដោយ​សារ​មិន​ទទួល​ទូរស័ព្ទ។

ទោះ​យ៉ាងណា សំណើ​បែបនេះ ទទួល​បាន​ការ​ស្វាគមន៍​ពី​ក្រុម​ថៅកែ ក្រសួង​ការងារ និង​សហជីព​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​ខ្លះ តែ​ដោយឡែក​សម្រាប់​កម្មករ និង​បុគ្គលិក​រដ្ឋ ឯកជន​ខ្លះ​ទៀត បាន​បង្ហាញ​កាយវិការ​មិន​គាំទ្រ ការ​កាត់​លុយ​ឈ្នួល​កម្មករ​វេន​យប់ និង​លុប​ថ្ងៃ​ឈប់សម្រាក​បន្ថែម​ទៀត​ឡើយ ព្រោះ​ពួកគេ អះអាង​ថា ជា​ការ​ខាត​ប្រយោជន៍​កម្មករ និង​ធ្វើ​ឱ្យ​ស្ថានភាព​ការងារ កាន់​តែ​មាន​ភាព​លំបាក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល