ពលរដ្ឋ​ខ្មែរ​ជាប់​នៅ​ប្រទេស​ម៉ាឡេស៊ី​ជាង ២រយ​នាក់ បាន​ទៅ​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី១៦ មិថុនា

ដោយ ខែ សុណង
2020-06-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ចំនួន ២១២នាក់ កំពុង​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​លេខ MH762 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ចេញ​ពី​ទីក្រុង​គូឡាឡាំពួរ ទៅ​រាជធានី​ភ្នំពេញ​វិញ នៅ​រសៀល​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ២០២០ ក្រោយ​ពេល​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​​​ជិត ​៤​ខែ ដោយសារ​វិធានការ​បង្ការ​ជំងឺ​កូវីដ-១៩។
ពលរដ្ឋ​ចំនួន ២១២នាក់ កំពុង​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​លេខ MH762 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ចេញ​ពី​ទីក្រុង​គូឡាឡាំពួរ ទៅ​រាជធានី​ភ្នំពេញ​វិញ នៅ​រសៀល​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ២០២០ ក្រោយ​ពេល​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​​​ជិត ​៤​ខែ ដោយសារ​វិធានការ​បង្ការ​ជំងឺ​កូវីដ-១៩។
រូប៖ ហ៊្វេសបុក​ស្ថានទូត​ខ្មែរ​នៅ​ម៉ាឡេស៊ី

ពលរដ្ឋ និង​និស្សិត រួម​ទាំង​អ្នក​ដំណើរ​ផ្សេង​ទៀត​ជាង ២រយ​នាក់ ដែល​បាន​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ប្រមាណ​ជិត​៤​ខែ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃ​ទី១៦ មិថុនា។ ពួក​គាត់​បាន​បង្ហាញ​ក្ដី​រីករាយ ដែល​បាន​ជួបជុំ​គ្រួសារ​វិញ។ អ្នក​ទាំង​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ប្រកាស​ផ្អាក​ជើង​យន្តហោះ​ពី​ប្រទេស​ម៉ាឡេស៊ី​ភ្លាមៗ ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

ពលរដ្ឋ និង​និស្សិត រួម​ទាំង​អ្នក​ដំណើរ​ផ្សេង​ទៀត​ដែល​បាន​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​សរុប​ជាង​២រយ​នាក់ ត្រូវ​អាជ្ញាធរ​កម្ពុជា​តម្រូវ​ឲ្យ​ធ្វើតេស្ត​រក​ជំងឺ​កូវីដ១៩ មុន​នឹង​បន្ត​ដំណើរ​ទៅ​ជួបជុំ​គ្រួសារ​វិញ។

ហ៊្វេសបុក​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ម៉ាឡេស៊ី បង្ហោះ​ផ្សព្វផ្សាយ​ថា លោក ចឺយ វិចិត្ត ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​បាន​ទៅ​ជូន​ដំណើរ​ប្រជាពលរដ្ឋ​ចំនួន ២១២នាក់ វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី១៦ ខែ​មិថុនា តាម​ជើង​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី។ ប៉ុន្តែ​ស្ថានទូត​មិន​បាន​បញ្ជាក់​ទេ​ថា ក្នុង​ចំណោម​នេះ មាន​ពលករ និង​និស្សិត​ដែល​ជាប់​គាំង​ប៉ុន្មាន​នាក់​ទេ។ យ៉ាង​ណា​ក៏​ដោយ និស្សិត​ដែល​ជាប់​គាំង​នៅ​ម៉ាឡេស៊ី​ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​មុន​ចេញ​ដំណើរ​បន្តិច​ថា ក្នុង​ចំណោម​ពួកគាត់ ១៤៣នាក់ មាន ១១៥នាក់ បាន​រៀបចំ​នីតិវិធី​ចេញ​មក​ជាមួយ​គ្នា។

ពលករ​មក​ពី​ប្រទេស​ម៉ាឡេស៊ី លោកស្រី ម៉ាត់ តោះរី ដែល​មាន​ផ្ទៃពោះ​៨​ខែ​ផង ឲ្យ​ដឹង​ថា លោកស្រី​សប្បាយ​រក​អ្វី​ថ្លែង​ពុំ​បាន​ឡើយ​ដែល​លោកស្រី​អាច​បាន​ទៅ​ដល់​កម្ពុជា​វិញ លោកស្រី​សង្ឃឹម​ថា​នឹង​បាន​ជួប​កូនៗ ទាំង ៤នាក់​របស់​លោកស្រី​នៅ​ឯ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ឆាប់ៗ៖ «គ្មាន​អ្វី​ប្រៀប​ទេ​បាន​ទៅ​ស្រុក​ខ្មែរ​វិញ ត្រេកអរ​មែន ដេក​អត់​លក់​ទេ គេ​ថា​ទៅ​ថ្ងៃ​១៦​ហ្នឹង រង់ចាំ​ថ្ងៃ​ហ្នឹង​ហើយ ដេក​អត់​មែន​អង្គុយ​ចាំ​តែ​រាប់​ថ្ងៃ។ នៅ​ស្រុក​ខ្មែរ​ហ្នឹង​ស្រួល​ដែរ​បើ​អត់​មាន​ការងារ​អី​ទៅ​ដក​ពោត​អី​មួយ​ថ្ងៃ​១​ម៉ឺន ទៅ​១​ម៉ឺន​៥​ពាន់​ដែរ ចិញ្ចឹម​កូន​ទៅ»

ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​គាំង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ទាំង​នេះ ត្រូវ​បាន​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​សុខភាព ដើម្បី​រក​ជំងឺ​កូវីដ-១៩ និង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​រយៈពេល​១៤​ថ្ងៃ ជា​ការ​ទប់ស្កាត់​កុំ​ឲ្យ​នាំ​ចូល​ជំងឺ​កូវីដ-១៩ ពី​ប្រទេស​ម៉ាឡេស៊ី ចូល​ទៅ​កម្ពុជា។

ថ្វី​បើ​បាន​ទៅ​ដល់​ប្រទេស​កំណើត ពលករ​មក​ពី​ម៉ាឡេស៊ី​ម្នាក់​ទៀត​គឺ​លោកស្រី ស៊ាង សំអូន ថ្លែង​ថា ក្ដី​អំណរ​និង​ទុក្ខ​លំបាក​មាន​ដំណាល​គ្នា។ លោកស្រី​ព្រួយបារម្ភ​ថា ពេល​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​រយៈពេល ៤ខែ តាំង​ពី​រីក​រាល​ដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​ម៉ាឡេស៊ី​ពួកគាត់​គ្មាន​ការងារ​ធ្វើ​គ្មាន​ប្រាក់​ដោះ​បំណុល​ធនាគារ​នៅ​ស្រុក​ខ្មែរ និង​បង្ក​ឲ្យ​ជំពាក់​លុយ​ម្ចាស់​ផ្ទះ​ជួល​នៅ​ប្រទេស​ម៉ាឡេស៊ី​ថែម​ទៀត៖ «ដល់​ផ្ទះ​ហ្នឹង​ពិបាក​ចិត្ត​ទៀត​ធនាគារ ៤ខែ​ហើយ​មិន​បាន​បង់​ឲ្យ​គេ ថា​ធ្វើ​ការ​បាន​លុយ​បង់ ដល់​មក​ដល់​បាន ៣ថ្ងៃ​គេ​បិទ បើ​គាត់​ឲ្យ​ខ្ញុំ​ទៅ​តាំង​ពី​យូរ​ខ្ញុំ​បាន​ទៅ​ផ្ទះ​បាត់ ខ្ញុំ​មិន​បាន​ជំពាក់​គេ​ផ្ទះ​គេ​នៅ​នេះ​ទេ។​មាន​តែ​ខ្ញុំ​សំណាង​គេ​មិន​ដេញ​ចេញ ៣ខែ​ហើយ​មាន​លុយ​ឲ្យ​តែ ១ខែ ចេះ​តែ​ឲ្យ​យើង​នៅ​ដែរ មិត្តភ័ក្ដិ​អី​គេ​ដេញ​ចេញ​អស់ហើយ ដល់​ពេល​ម្ចាស់​ផ្ទះ​មក​នាំ​គ្នា​រត់​ទៅ​នេះ​ទៅ​នោះ យប់​មក​ជុំ​គ្នា​វិញ»

ពលរដ្ឋ និង​និស្សិត រួម​ទាំង​អ្នក​ដំណើរ​ផ្សេង​ទៀត ជិត ១៥០នាក់ ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្អាក​ជើង​យន្តហោះ​ពី​ប្រទេស​ម៉ាឡេស៊ី​ភ្លាមៗ កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា ដើម្បី​ទប់ស្កាត់ និង​ការពារ​ជំងឺ​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ធ្វើ​ដំណើរ​ទាំង​នោះ​កំពុង​ត្រៀម​ឡើង​យន្តហោះ​ទៅ​ហើយ។ ការ​ផ្អាក​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​ស្រែក​ទ្រហោ​យំ ព្រោះ​បាន​ចំណាយ​លុយ​ទិញ​សំបុត្រ​យន្តហោះ បូករួម​ទាំង​ថ្លៃ​ធ្វើដំណើរ​ពី​កន្លែង​ស្នាក់​ក្នុង​តំបន់​ឆ្ងាយៗ ទៅ​វាល​យន្តហោះ​ជា​ដើម។

បន្ទាប់មក នៅ​ថ្ងៃ​ទី២៧ ខែ​មេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដូរ​ចិត្ត​អនុញ្ញាត​ឱ្យ​ពលករ​ជាង​ពីរ​រយ​នាក់ (២០០នាក់) ដែល​ក្នុង​នោះ​ក៏​មាន​អ្នកទោស​ចំនួន ៧៣នាក់​ផង ដែរ​អាច​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​បាន និង​តម្រូវ​ឱ្យ​ខាង​អាជ្ញាធរ​ម៉ាឡេស៊ី​ធ្វើតេស្ត​សុខភាព រក​ជំងឺ​កូវីដ-១៩ ជា​មុន​សិន។ ប៉ុន្តែ​បាន​ពន្យារពេល​មក​ដល់​ពេល​នេះ​ប្រមាណ​ជិត​៤​ខែ ទើប​ស្ថានទូត​ខ្មែរ សហការ​ជាមួយ​ក្រុមហ៊ុន​ហោះហើរ​ម៉ាឡេស៊ី​អ៊ែរឡាញ (Malaysia Airline) ដែល​បញ្ជូន​ពួកគាត់​តាម​ជើង​ហោះហើរ​ដំបូង​ចូល​ទៅ​កម្ពុជា បន្ទាប់​ពី​បាន​បិទ​ក្នុង​ពេល​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។ ការ​រង់ចាំ​នេះ ធ្វើ​ឲ្យ​ពួកគាត់​ត្អូញត្អែរ​ថា ជួប​ការ​លំបាក​ខ្លាំង​ក្នុង​ជីវភាព ដូចជា​អ្នកខ្លះ​គ្មាន​កន្លែង​ស្នាក់នៅ និង​គ្មាន​លុយ​ទិញ​អាហារ​ហូបចុក​ជា​ដើម។

មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ចូលរួម​អបអរ​សាទរ​ចំពោះ​ដំណឹង​មក​ដល់​កម្ពុជា​នេះ។ ប៉ុន្តែ​លោក​ក៏​សំណូមពរ​ឲ្យ​រដ្ឋាភិបាល គួរ​មាន​ផែនការ​ច្បាស់លាស់​បន្ថែម​ទៀត តាម​រយៈ​ស្ថានទូត និង​ស្ថាន​កុងសុល សម្របសម្រួល​និង​ឆ្លើយតប​តម្រូវការ​ចាំបាច់​ដល់​អ្នក​គ្មាន​ការងារ​ធ្វើ​ហើយ​ចង់​វិល​ត្រឡប់​មក​វិញ​ដែរ ដោយ​បន្ត​រស់នៅ​ប្រទេស​ម៉ាឡេស៊ី ព្រោះ​តែ​គ្មាន​លទ្ធភាព​ធ្វើ​ដំណើរ និង​ខ្វះខាត​ជីវភាព​ខ្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល