កម្មករ​សិប្បកម្ម​តម្បាញ​ហុង​ស៊ីង ថា ក្រសួង​ការងារ​សុំ​ពន្យារ​ពេល​ដោះស្រាយ​វិវាទ​ថៅកែ​រត់ចោល

ដោយ អាស៊ីសេរី
2019-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កម្មករ​នៃ​សិប្បកម្ម​តម្បាញ ហុង ស៊ីន (Hong Xing) នាំ​គ្នា​ដេក​យាម​មុខ​រោង​សិប្បកម្ម នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ២០១៩ ក្នុង​ពេល​តវ៉ា​ទាមទារ​ថៅកែ​​សិប្បកម្ម​នេះ​ឱ្យ​ដោះស្រាយ​ប្រាក់​សំណង​ដល់​ពួក​គាត់ ករណី​រត់ចោល​កម្មករ។
ក្រុម​កម្មករ​នៃ​សិប្បកម្ម​តម្បាញ ហុង ស៊ីន (Hong Xing) នាំ​គ្នា​ដេក​យាម​មុខ​រោង​សិប្បកម្ម នៅ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ២០១៩ ក្នុង​ពេល​តវ៉ា​ទាមទារ​ថៅកែ​​សិប្បកម្ម​នេះ​ឱ្យ​ដោះស្រាយ​ប្រាក់​សំណង​ដល់​ពួក​គាត់ ករណី​រត់ចោល​កម្មករ។
រូប៖ RFA

កម្មករ​រោង​សិប្បកម្ម​តម្បាញ ហុង ស៊ីង (Hong Xing) នៅ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ឱ្យ​ដឹង​ថា ការ​តវ៉ា ២​សប្ដាហ៍​មកនេះ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ ដោយសារ​ភាគី​ថៅកែ​រោងចក្រ និង​ជនជាតិ​ចិន ដែល​ក្រសួង​ការងារ បាន​ចេញ​លិខិត​កោះហៅ​ជា​បន្តបន្ទាប់ មិន​ព្រម​ចូលខ្លួន។

កម្មការិនី​ម្នាក់ លោកស្រី តេង ស្រីមុំ ឱ្យ​ដឹង​ថា មន្ត្រី​ក្រសួង​ការងារ បាន​មក​ជួប​កម្មករ​នៅ​កន្លែង​តវ៉ា ម្ដង​ទៀត កាលពី​ថ្ងៃ​ទី​២០ ធ្នូ ដោយ​ប្រាប់​ថា ថៅកែ​ជនជាតិ​ចិន​ម្នាក់ និង​ជនជាតិ​ចិន​២​នាក់​ទៀត ធ្លាប់​មាន​វត្ត​មាននៅ​សិប្បកម្ម មិនបាន​ចូលខ្លួន តាម​ការ​កោះហៅ​ទេ ដូច្នេះ​ក្រសួង​នឹង​បន្ត​ចំណាត់ការ​នៅ​ថ្ងៃ​អង្គារ ទី​២៤ ត​ទៀត​។ ទោះជា​យ៉ាងណា លោកស្រី​បញ្ជាក់​ថា ក្រសួង​មិនបាន​ប្រាប់​ថា នឹង​មាន​ចំណាត់​ការ​អ្វី​ឡើយ​។ កម្មការិនី​រូប​នេះ បន្ត​ថា កម្មករ គ្មាន​ជម្រើស​អ្វី ក្រៅពី​នាំគ្នា​តវ៉ា និង​បណ្ដាក់​គ្នា​ដេក​លើ​ចិញ្ចើម​ផ្លូវ យាម​ឥវ៉ាន់ នៅមុខ​សិប្បកម្ម​បន្ត​ទៀត​នោះ​ឡើយ។

លោកស្រី ប្រាប់​ថា មក​ដល់​ពេល​នេះ កម្មករ​ហាក់​អស់​សង្ឃឹម​នឹង​ក្រសួង​ការងារ​បណ្ដើរៗ​ហើយ ព្រោះតែ​ថៅកែ​រត់ចោល​សិប្បកម្ម​ជាង​កន្លះ​ខែ​ហើយ នៅ​មិនទាន់​រក​ដំណោះស្រាយ​ឱ្យ​កម្មករ​បាន​ទៀត​។ លោកស្រី តេង ស្រីមុំ បញ្ជាក់​ថា មក​ដល់​ពេលនេះ ជីវភាព​របស់​កម្មករ​ចាប់ផ្ដើម​ជួប​បញ្ហា​លំបាក​ខ្លាំង​ហើយ​។ លោកស្រី ទទូច​សុំ​ឱ្យ​ក្រសួង​ការងារ ឆាប់​មាន​ដំណោះស្រាយ​ឱ្យ​កម្មករ​។​

កម្មករ​អះអាង​ថា សិប្បកម្ម​តម្បាញ ហុង ស៊ីង នៅ​ខណ្ឌ​មានជ័យ ជា​សាខា​នៃ​រោងចក្រ អឹម.វី (MV) នៅ​ខេត្ត​កំពង់ឆ្នាំង ហើយ​សិប្បកម្ម​នេះ មាន​កម្មករ​សរុប ១៩០​នាក់។ កម្មករ​ទាំងអស់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា និង​ដេក​យាម​លើ​ចិញ្ចើម​ផ្លូវ​មុខ​រោង​សិប្បកម្ម ទាំង​ថ្ងៃ​ទាំង​យប់ តាំងពី​ថ្ងៃ​ទី​៩ ធ្នូ មក ដោយសារ ថៅកែ​ជនជាតិ​ចិន បាន​ចាក់សោ​ទ្វារ​របង​សិប្បកម្ម​ទុកចោល ដោយ​មិន​ដឹង​ទៅ​ណា និង​មិនបាន​បើកប្រាក់​ឈ្នួល​ឱ្យ​គ្រប់​ចំនួន មិន​ទាន់​បាន​ទូទាត់​ប្រាក់​សំណង​អតីតភាព ប្រាក់​បំណាច់ និង​អត្ថប្រយោជន៍​ផ្សេងទៀត​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល