កម្មករ​ដែល​ម្ចាស់​ផ្ទះ​ជួល​បណ្ដេញ​ចេញ​ធ្លាក់​ខ្លួន​ដេក​មុខ​រោងចក្រ​ក្រោយ​ពេល​ថៅកែ​រត់ចោល

ដោយ ហេង សកល
2018-03-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​រោងចក្រ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រុង​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen's Facebook Page
Photo courtesy of PM Hun Sen's Facebook Page

កម្មករ កម្មការិនី​រោងចក្រ អ៊ីហ្វា ហ្គាមេន អ៊ិនដាសស្ទ្រៀ​ល (EFA Garment Industrial) ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ដែល​គ្មាន​លុយ​បង់ថ្លៃ​បន្ទប់​ជួល ធ្លាក់ខ្លួន ដេក​មុខ​រោងចក្រ ក្រោយ​ពេល​ថៅកែ​រត់ចោល​ជិត ២​ខែ ដោយ​មិន​ព្រម​ទូរ​ទាត់​ប្រាក់​ឈ្នួល។

ក្រុម​កម្មករ កម្មការិនី​ទាំង​នោះ បាន​សម្រេច​ចិត្ត​យក ម៉ុង ភួយ ចានឆ្នាំង សង់​ខ្ទម និង​បោះតង់ ដេក​នៅ​ពីមុខ​រោងចក្រ​អ៊ីហ្វា​រាល់ថ្ងៃ ដោយសារ​គ្មាន​ប្រាក់​បង់ថ្លៃ​ផ្ទះ​ជួល និង​បង្ការ​ខ្លាចក្រែង​ម្ចាស់​រោងចក្រ លួច​ដឹក​សម្ភារៈ​ចេញ​ក្រៅ​រោងចក្រ ដោយ​មិន​ព្រម​ទូទាត់​សំណង។ រយៈពេល ២​ខែ​ហើយ ដែល​ក្រុម​កម្មករ កម្មការិនី អ៊ីហ្វា ហ្គាមេន អ៊ិនដាសស្ទ្រៀ​ល (EFA Garment Industrial) អង្គុយ និង​ដេកចាំ នៅ​មុខ​រោងចក្រ ទាំង​យប់ ទាំង​ថ្ងៃ រក​ដំណោះស្រាយ ពី​របប​លោក ហ៊ុន សែន ដែល​បណ្ដោយ​ឲ្យ​ថៅកែ រោងចក្រ​ជនជាតិ​ចិន​លួច​រត់ចោល​រោងចក្រ ដោយ​មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ។

បើ​ទោះ​ជា​របប លោក ហ៊ុន សែន អះអាង​ថា មាន​ប្រាក់​សម្រាប់​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ កម្មការិនី ដែល​រងគ្រោះ​ដោយសារ​ថៅកែ​រត់ចោល​រោងចក្រ ប៉ុន្តែ​រហូតមកដល់​ថ្ងៃ​ទី​១៩ មីនា ក្រុម​កម្មករ​កម្មការិនី អះអាង​ថា ពួកគេ មិនទាន់​ទទួល​បាន​ប្រាក់​បុរេប្រទាន​ពី​របប​ក្រុងភ្នំពេញ​ឡើយ។

កម្មការិនី ឈ្មោះ អ៊ុំ រ៉ាវី ដែល​អះអាង​ថា បាន​ដេក​នៅមុខ​រោងចក្រ​ចំនួន​២​ខែ​មក​ហើយ តាំង​ពី​ថៅកែ រត់ចោល​ប្រាប់​ថា មូលហេតុ​ចម្បង​គឺ​ម្ចាស់​ផ្ទះ​ជួល​បាន​បណ្ដេញ​ចេញ​ដោយសារតែ​គ្មាន​ប្រាក់​បង់ថ្លៃ ផ្ទះ​ជួល៖ «ខ្ញុំ​អត់​មាន​លុយ​ឲ្យ​គេ ឥឡូវ​គេ​ដេញ​ហើយ មើល​ខ្ញុំ​រើ​ឥវ៉ាន់​មក​នៅ​របង​រោងចក្រ​ហើយ។ ខ្ញុំ​អត់​មាន​លុយ​ឲ្យ​ផ្ទះ​ជួល​គេ។ ខ្ញុំ​សំណូមពរ​ទៅ​សម្តេច​សូម​ឲ្យ​តឿន​ក្រសួង​ឲ្យ​ឆាប់ៗមោ ឲ្យ​លុយ។ ជួយ! សម្តេច​ជួយ ឲ្យ​លុយ​កូនចៅ​ឲ្យ​រហ័សៗមោ ព្រោះ​កូនចៅ​អត់​មាន​លុយ​ទេ អត់​មាន​លុយ​ទៅ​ផ្ទះ​ទៀត ខ្ញុំ​មាន​ម្ដាយ​ចាស់​នៅ​ផ្ទះ​អាយុ​៨៧។ ខ្ញុំ​ត្រូវ​ការ​លុយ​កាក់​ព្រោះ​ខ្ញុំ​ជា​មេ​គ្រួសារ រក​លុយ​កាក់​ឲ្យ​គាត់ ព្រោះ​ខ្ញុំ​ជា​ស្ត្រី​មេម៉ាយ រក​លុយ​ចិញ្ចឹម​កូន​៣នាក់»

កម្មការិនី ឈ្មោះ សុខ ឃី រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​សម្រេច​ចិត្ត​វេច​មុង ភួយ ដេក​មុខ​រោងចក្រ ដោយសារតែ ជំពាក់​លុយ​ថ្លៃ​ផ្ទះ ២​ខែ​ហើយ។ អ្នកស្រី រៀប​រាប់ទាំង​ក្ដុកក្ដួល ថា មាន​ទុក្ខ​លំបាក​ច្រើន​ណាស់ ដែល​រៀបរាប់​មិន​ចេញ ក្រោយពេល​ថៅកែ​រត់ចោល​មិន​ព្រម​បើកប្រាក់​ឈ្នួល ឲ្យ​ពួកគាត់៖ «ខ្ញុំ​សុំ​សំណូមពរ​បងៗ ខាង​ក្រសួង(ការងារ)ឲ្យ​គាត់ ​ជួយ​ដោះស្រាយ​ពួកខ្ញុំ ឲ្យ​បាន​ឆាប់​បន្លិច​ទៅ ព្រោះ​អី​ពួក​ខ្ញុំ​ចាំ​មួយ​អាទិត្យ​ហើយ មួយ​អាទិត្យ​ទៀត​ ណា​លោក​ពូ។ សុំ​ឲ្យ​គាត់​ជួយ​ដោះស្រាយ​ឲ្យ​បាន​ក្នុង​អាទិត្យ​នេះ​មក លោកពូ»

ចំណែក​កម្មការិនី​ម្នាក់ទៀត ប្រាប់​ថា អ្នកស្រី​គ្មាន​ពេលវេលា​ដើម្បី​រក​ការងារ​ថ្មី ចិញ្ចឹម​ជីវិត​ទេ ដោយសារ​ត្រូវ​បង្ខំចិត្ត ដេក​មុខ​រោងចក្រ ការពារ​ទ្រព្យសម្បត្តិ​ក្រែងលោ ថៅកែ​លួច​ដឹក​សម្ភារៈ ស្រប​ពេល​ដែល​ពួកគាត់ មិន​ទាន់​បាន​ទទួល​សំណង៖ «ដេញ​ចេញ​ពី​ផ្ទះ​ជួល​មក​នៅ​មុខ​រោងចក្រ ដូច​ដឹង​ស្រាប់​ហើយ មើល​បងប្អូន​ទាំងអស់​គ្នា​នេះ វេទនា​ប៉ិនណា ហើយ​អត់​មាន​អី​ហូប អត់​មាន​អី​ទេ ប្រាក់ខែ​ក៏​អត់ សូម​ឲ្យ​សម្ដេច​ជួយ​ដោះស្រាយ​ជា​បន្ទាន់​មុន​ចូល​ឆ្នាំ​នឹង​មោ»

កម្មករ​រោងចក្រ អ៊ីហ្វា ហ្គាវើមែន កាល​ពី​ថ្ងៃ​ទី​៧ កុម្ភៈ បាន​ធ្វើ​បាតុកម្ម ដោយសារតែ​ពួកគេ បាន​ទទួល​ដំណឹង​ថា ថៅកែ​ជនជាតិ​ចិន បាន​រត់ចោល​រោងចក្រ ដោយ​មិន​ព្រម​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​ពួកគេ។ កំឡុង​ពេល​បាតុកម្ម​នោះ មិនមែន​មានតែ​កម្មករ​រោងចក្រ​អ៊ីហ្វា នៅ​ភូមិ​ព្រៃទា ទេ ដែល​រងគ្រោះ គឺ​មាន​រោងចក្រ​ចំនួន​២​ផ្សេងទៀត ក៏​រងគ្រោះ​ដោយសារ​ជនជាតិ​ចិន ជា​ថៅកែ​រោងចក្រ​តែមួយ បាន​រត់ចោល​ដូចគ្នា។ កម្មករ​អះអាង​ថា រោងចក្រ​ចំនួន​៣ ដែល​មាន​ថៅកែ​ជនជាតិ​ចិន តែ​ម្នាក់ បាន​រត់ចោល​ស្រប​ពេល​តែមួយ មាន​រោងចក្រ អ៊ីហ្វា ហ្គាមេន អ៊ិនដាស់ស្ទ្រាល (EFA Garment Industrial) មាន កម្មករ ប្រហែល ៨០០​នាក់ ស្ថិតនៅ​ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រោងចក្រ អេហ្វ​.​អ​.​អ៊ី​. ហ្គា​មេន (FRE Garment) និង​រោងចក្រ​យូដា ហ្គាមេន អ៊ិនដាស់ស្ទ្រាល (UDA Garment Industrial) មាន​កម្មករ​សរុប​ជាង ៧០០​នាក់ ស្ថិតនៅ​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​ចោមចៅ។

លោក ហ៊ុន សែន កាលពី​ចុងខែ​កុម្ភៈ បាន​ផ្ដល់​ថវិកា​បុរេប្រទាន ចំនួន ៤​លាន ៦​សែន​ដុល្លារ ដើម្បី​ទូទាត់​ប្រាក់​បៀវត្ស ដល់​កម្មករ​ទូទាំង​ប្រទេស ដែល​ម្ចាស់​រោងចក្រ បាន​រត់ចោល មិន​ព្រម​ទូទាត់​ប្រាក់​ឈ្នួល ឲ្យ​កម្មករ។

លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ក្នុង​ពិធី​បូកសរុប​លទ្ធផល​សន្និបាត​ការងារ​ប្រចាំ​ឆ្នាំ​២០១៧ កាលពី​ថ្ងៃ​ទី​១២ ទី​១៣ ខែ​មីនា ថា សម្រាប់​ករណី​រោងចក្រ​បិទទ្វារ ដោយ​ថៅកែ​រត់ចោល ក្រសួង​ទុក​ថា ជា​ហានិភ័យ​មួយ ហើយ​ក្រសួង​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។ លោក អ៊ិត សំហេង ថា ក្រសួង នឹង​រៀបចំ​នីតិវិធី​ថ្មី​មួយ​តម្រូវ​ឱ្យ​ថៅកែ​រោងចក្រ ត្រូវ​តម្កល់​ប្រាក់​ទុក​នៅ​បេឡាជាតិ​របប​សន្តិសុខ​សង្គម សម្រាប់​ដោះស្រាយ​ករណី​ថៅកែ​រត់ចោល​កម្មករ។ គម្រោង​នេះ​ធ្វើឡើង ក្រោយ​ពី​មួយ​រយៈពេល​ចុងក្រោយ​នេះ មាន​រោងចក្រ​ប្រមាណ​ជិត ១០​រោងចក្រ ត្រូវ​បាន​បិទទ្វារ និង​ថៅកែ​រត់ចោល​ដោយ​មិនទាន់​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​បណ្ដាល​ឱ្យ​កម្មករ​រាប់​ពាន់​នាក់ ផ្ទុះ​ការ​តវ៉ា​រ៉ាំរ៉ៃ​ទាមទារ​ដំណោះស្រាយ​ពី​ក្រសួង​ការងារ។ ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ក្នុង​របប លោក ហ៊ុន សែន រូប​នេះ ក៏បាន​លើក​ឡើង​ថា កំពុង​បង្កើត​អនុក្រឹត្យ ស្ដីពី​របប​នីតិកម្ម ដើម្បី​ធានា​ទូទាត់​អត្ថប្រយោជន៍​កម្មករ ករណី​ដែល​រោងចក្រ​បិទទ្វារ។ ក្រសួង​នឹង​តម្រូវ​ឱ្យ​ក្រុមហ៊ុន ឬ​រោងចក្រ​តម្កល់​ប្រាក់​នៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដើម្បី​ទូទាត់​ហានិភ័យ​ណាមួយ​ដែល​កើតឡើង គឺ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម មានលទ្ធភាព​ទូទាត់​ប្រាក់​ទាំងនោះ​ដល់​កម្មករ។ ទោះបីជា​យ៉ាង​នេះ​ក្តី លោក អ៊ិត សំហេង មិន​បាន​បញ្ជាក់​ថា តម្រូវ​ឱ្យ​ថៅកែ​រោងចក្រ​ត្រូវ​តម្កល់​ប្រាក់​ប៉ុន្មាន​នោះ​នៅឡើយ​ទេ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅ​ថ្ងៃ​ទី​១៩ មីនា ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​កម្មករ កម្មការិនី រោងចក្រ អ៊ីហ្វា ហ្គាមែន ដែល​អះអាង​ថា មិនទាន់​ទទួល​បាន ប្រាក់​បុរេប្រទាន​ពី​របប លោក ហ៊ុន សែន។

អគ្គលេខាធិការ​សហភាព​សហជីព​កម្ពុជា លោក ម៉ៃ សុភត្ត្រា មិន​យល់ស្រប​នឹង​ផ្ដល់​ប្រាក់​បុរេប្រទាន លោក ហ៊ុន សែន ទេ ដោយសារ​ច្បាប់​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​តម្កល់​ប្រាក់ មុននឹង​បើក​រោងចក្រ ដូច្នេះ​លោក​ថា ក្រសួង​ការងារ​គួរ​យក​ប្រាក់​ទាំងនោះ មក​សង​ដល់​ក្រុម​កម្មករ កម្មការិនី ដែល​ថៅកែ​រត់ចោល។ សហជីព​រូប​នេះ យល់ថា ប្រសិនបើ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​របប លោក ហ៊ុន សែន ធ្វើការ​យឺតយ៉ាវ ក្នុង​ការ​សង​លុយ​ដល់​ក្រុម​កម្មករ​បែបនេះ នឹង​ធ្វើ​ឲ្យ​ខូច​ឈ្មោះ លោក ហ៊ុន សែន ព្រោះ​កម្មករ​អាច​នឹង​សង្ស័យ​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន គ្រាន់តែ​ជា​ការ​ឃោសនា​នយោបាយ​ដើម្បី​បោក​បញ្ឆោត​ពលរដ្ឋ។ លោក ម៉ៃ សុភក្ត្រា ចង់​ឃើញ មន្ត្រី​ជាន់ខ្ពស់​នៅ​ក្រសួង​ការងារ ក្នុង​របប​លោក ហ៊ុន សែន ធ្វើការ​សង​លុយ​ដល់​កម្មករ​ឲ្យ​បាន​លឿន​ជាង​នេះ ព្រោះ​កម្មករ​ត្រូវ​ការប្រាក់​បន្តិចបន្តួច​ជា​ញើស​ឈាម​របស់​ពួកគេ ដើម្បី​ជួល​បន្ទប់​ស្នាក់នៅ និង​ចិញ្ចឹមជីវិត​របស់​ពួកគេ៖ «អានេះ បើ​សិន​ជា​ភាសា​នយោបាយ សម្រាប់​យើង​ខ្ញុំ​ជា​ថ្នាក់​ដឹកនាំ​សហជីព យើង​គិត​ថា រដ្ឋាភិបាល​មាន​ភាព​អាម៉ាស់​ណាស់ ចំពោះ​បងប្អូន​កម្មករ កម្មការិនី។ ជា​ពិសេស​គាត់ (លោក ហ៊ុន សែន) បាន​ខំប្រឹង​ចុះ​ជួប​កម្មករ កម្មការិនី រៀងរាល់​អាទិត្យ មួយ​អាទិត្យ​ម្ដង មួយ​អាទិត្យ​ពីរ​ដង យក​ចិត្ត​កម្មករ។ តែ​ដល់​ពេល​គាត់ ជួប​ហើយ អ្វី​ដែល​គាត់​បាន​មាន​ប្រសាសន៍ ក្រសួង ឬ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​មិន​យកចិត្តទុកដាក់។ អ៊ីចឹង​ធ្វើ​ឲ្យ​សកម្មភាព​របស់​គាត់​មិន​ល្អ​មើល និយាយ​រួម​ទៅ​គឺ​ល្អ​តែ​មើល មិន​ល្អ​ទេ សម្រាប់​បងប្អូន​កម្មករ មិន​សូវ​ជា​ទុក​ចិត្ត​នូវ​សកម្មភាព​ទាំងអស់​នោះ​ទេ»

សហជីព និង​ក្រុម​កម្មករ​រំពឹង​ថា នឹង​មាន​ដំណោះស្រាយ​ខាងមុខ​ឆាប់ៗ ពី​ខាង​របប​លោក ហ៊ុន សែន ក្នុង​ការ​ផ្ដល់​ប្រាក់​ឈ្នួល ដល់​កម្មករ​រោងចក្រ អ៊ីហ្វា ហ្គាមែន ទាំង​ជាង​៨០០​នាក់ ដើម្បី​បង់ថ្លៃ​បន្ទប់​ជួល និង​រក​ការងារ​ថ្មី​ធ្វើ​សម្រាប់​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

រោងចក្រ នឹងត្រូវបិទទ្វា ជាច្រើនទៀត ដោយសារតាចាស់ ហ៑ុន សែន បំផ្លាញប្រជាធិបតេយ្យ តាមស្តង់ដា សហគមន៍អន្តរជាតិ !

Mar 22, 2018 11:48 AM

អ្នក​អាន​អនាមិក

Don't just sleep in front of factories , go to hug Hun Sen more- show how happy you are with Hun Sen and DON'T CRY !!!!!

Mar 21, 2018 10:53 AM

អ្នក​អាន​អនាមិក

Hun Sen strive the E U , U S to cut aid . Now, without buying from them, factories decide to close and THIS IS THE OUTCOME !

Mar 21, 2018 10:50 AM

អ្នក​អាន​អនាមិក

this is just the beginning , let's see what Hun Sen government can do about it ? As all of you know, Hun Sen never cares about poor workers. What he cares is only his profits. If Khmer still support him, suffering never ended !

Mar 21, 2018 10:47 AM

គេហទំព័រ​ទាំងមូល