ភាគី​ពាក់ព័ន្ធ​ប្រជុំ​ពិភាក្សា​រក​វិធី​ការពារ​ពលករ​ខ្មែរ​ចំណាក​ស្រុក​រក​ការងារ​នៅ​ស្រុក​ថៃ

ដោយ វ៉ែន សុមេធ
2019-04-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

តំណាង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា-ថៃ វិស័យ​ឯកជន និង​ពលករ បាន​រៀបចំ​វេទិកា​ស្វែងរក​វិធី​ការពារ​សុវត្ថិភាព និង​ផលប្រយោជន៍​កម្មករ​ចំណាកស្រុក រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី​២៦ មេសា នៅ​ខេត្ត​សៀមរាប។ តំណាង​ក្រសួង​មហាផ្ទៃ​អះអាង​ថា កិច្ចពិភាក្សា​បាន​​​​​​​​​​​​​​​​​​បញ្ចប់​តែ​មិនទាន់​សម្រេច​លទ្ធផល​បែប​ណា ដោយ​ភាគី​ពាក់ព័ន្ធ​នឹង​យក​សំណើ​របស់​ពលករ​ទៅ​ពិភាក្សា​គ្នា​បន្ថែម។រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង ដែល​បាន​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា នៅ​ខេត្ត​សៀមរាប ប្រាប់​អាស៊ីសេរី​ថា កិច្ចពិភាក្សា​បាន​បិទ​បញ្ចប់​ហើយ តែ​មតិយោបល់ និង​កង្វល់ របស់​ពលករ នឹង​ត្រូវ​ភាគី​ពាក់ព័ន្ធ​លើក​យក​ទៅ​ពិភាក្សា​គ្នា ដើម្បី​រក​វិធី​ជួយ​ពលករ​បន្ថែម​ទៀត។

អ្នកស្រី​អះអាង​ថា កន្លងមក​រដ្ឋាភិបាល​បាន​ជួយ​សម្រួល​ដល់​ពលករ​នៅ​ប្រទេស​ថៃ​ច្រើន ដូចជា ការ​ចេញ​ឯកសារ ការ​ផ្ដល់​សេវា​ផ្នែក​ច្បាប់​ជាដើម ប៉ុន្តែ​នៅ​តែ​មាន​ចន្លោះ និង​មិនទាន់​ធានា​សុវត្ថិភាព​ពេញលេញ​ជូន​កម្មករ ដូច្នេះ​រដ្ឋាភិបាល​នឹង​ព្យាយាម​បន្ថែម​ទៀត៖ «មិនទាន់​ចេញ​ជា​ការ​ដោះស្រាយ​ទេ ប៉ុន្តែ​យើង​ប្រមូល​យក​ធាតុ​ចូល (មតិ) មក​ពិភាក្សា​ដើម្បី​យក​មក​គិត​ថា តើ​យើង​ក្នុងនាម​រដ្ឋាភិបាល​យើង​អាច​ចូលរួម​ជួយ​ដោះស្រាយ​យ៉ាងម៉េច? ចំពោះ​ដៃគូ​របស់​ប្រទេស​ទាំងពីរ​នេះ​យើង​អាច​ជួយ​អ្វី​បាន​ខ្លះ​ចំពោះ​ផ្នែក​រដ្ឋបាល និង​ផ្នែក​គោលនយោបាយ​ទាំង​នឹង»

អង្គការ​ឃ្លាំមើល​សិទ្ធិ​ការងារ ឈ្មោះ ស៊ីវិល វ៉ល់លែនធា​គ្រុប (Civil Volunteer Group) ហៅ​កាត់​ថា GVC បាន​រៀបចំ​កម្មវិធី​ពិភាក្សា​រយៈពេល​៣​ថ្ងៃ នៅ​ខេត្ត​សៀមរាប ដោយ​បាន​អញ្ជើញ​ភាគី​តំណាង​រដ្ឋាភិបាល​កម្ពុជា​-​ថៃ គណៈប្រតិភូ​សហភាព​អឺរ៉ុប ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន មក​ចូលរួម​ពិភាក្សា ជា​លើក​ទី​២ ស្ដីពី កិច្ច​សហប្រតិបត្តិការ​ឆ្លងកាត់​ព្រំដែន​ការ​ធ្វើ​ចំណាកស្រុក និង​ការ​ជួញដូរ​មនុស្ស ដែល​ផ្ដោត​លើ​ការ​ពង្រឹង​ការងារ និង​សមត្ថកិច្ច​របស់​អ្នក​ពាក់ព័ន្ធ​នានា រវាង​កម្ពុជា​និង​ថៃ ដើម្បី​កែ​លម្អ ការអនុវត្ត​គោលនយោបាយ សិទ្ធិ​ពលករ​ចំណាកស្រុក​កម្ពុជា។

បច្ចុប្បន្ន​ប្រជាជន​កម្ពុជា ជាង ១.២លាន​នាក់ កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ខណៈ​ប្រទេស​ថៃ នៅតែ​ជា​ប្រទេស​គោលដៅ​សំខាន់ សម្រាប់​ជន​ចំណាកស្រុក​ពី​កម្ពុជា ដែល​មាន​ជាង ៩២ ភាគរយ​។ ក្នុង​នោះ​មាន ៧៣ ភាគរយ ត្រូវ​បាន​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​អង្គការ​ទេសន្តរប្រវេសក៍ អន្តរជាតិ (IOM) នៅ​អាស៊ីអាគ្នេយ៍ រក​ឃើញ​ថា បាន​ចំណាកស្រុក​ចូល​ទៅ​ប្រទេស​ថៃ តាមរយៈ​មធ្យោបាយ​មិន​ទៀងទាត់។

អង្គការ​GVC រក​ឃើញ​ថា នៅ​ក្នុង​ប្រទេស​ថៃ ពលករ​ចំណាកស្រុក​កម្ពុជា​ងាយ​រងគ្រោះ​ខ្លាំង។ អង្គការ​នេះ ទទួល​ស្គាល់​ថា រដ្ឋាភិបាល​ប្រទេស​ទាំង​២ គឺ​កម្ពុជា ថៃ បាន​ខិតខំ​ជួយ​ការពារ​ពលករ​ខ្មែរ ប៉ុន្តែ​ចំនួន​ពលករ​ទាំង​ជា​ស្ត្រី ជា​បុរស និង​ជា​យុវជន ត្រូវ​បាន​រំលោភបំពាន និង​កេងប្រវ័ញ្ច នៅ​តែ​មាន​ចំនួន​កើន​ឡើង។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា យល់ថា កត្តា​ដែល​ធ្វើ​ឱ្យ​ពលករ​ខ្មែរ នៅ​ប្រទេស​ថៃ នៅតែ​រង​ការ​រំលោភបំពាន និង​កេងប្រវ័ញ្ច ដោយសារ អាជ្ញាធរ​មិន​បាន​អនុវត្ត​យន្តការ​ដែល​មាន​ស្រាប់ ដែល​ច្បាប់​បាន​ចែង៖ «យន្តការ​ទាំងអស់​នោះ​អត់​មានការ​ឆ្លើយតប វា​មិន​ដំណើរការ​នោះ​ទេ អត់​ឆ្លើយតប​នឹង គឺ​មាន​ហេតុផល​ទី​១ រដ្ឋ​តែងតែ​លើកឡើង​ដដែលៗ​ថា មិន​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​គណៈកម្មការ​នោះ​ទេ»

ទោះ​បែប​ណា តំណាង​សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិ​ពលករ​រូប​នេះ លើកទឹកចិត្ត​ឱ្យ​មានការ​ជួប​ជជែក​គ្នា​ញឹកញាប់ រវាង​តំណាង​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ តំណាង​អ្នក​ទទួល​ពលករ និង​ពលករ​ផ្ទាល់ ដើម្បី​បាន​ដឹង​ពី​សុខទុក្ខ​របស់​ពលករ ដែល​រង​ការ​រំលោភបំពាន និង​កេងប្រវ័ញ្ច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល