សមត្ថកិច្ច​ជាង​១០០​នាក់​រារាំង​ក្រុម​គ្រូបង្រៀន​មិន​ឲ្យ​ហែ​ដាក់​ញត្តិ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ

ដោយ តាំង សារ៉ាដា
2018-10-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ក្នុង​សន្និសីទ​សារព័ត៌មាន​ដោះស្រាយ​បញ្ហា​ដីធ្លី​បុរីកីឡា កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧។
អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ក្នុង​សន្និសីទ​សារព័ត៌មាន​ដោះស្រាយ​បញ្ហា​ដីធ្លី​បុរីកីឡា កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧។
RFA

កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​អភិបាលរង​រាជធានី​ភ្នំពេញ​ជាង​១០០​នាក់ បាន​ចេញ​មក​រារាំង​ក្រុម​គ្រូបង្រៀន ដោយ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​គ្រូ​ទាំងនោះ យក​ញត្តិ​របស់​ខ្លួន​ទៅ​ដាក់​នៅ​ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ​នោះ​ទេ។ ការ​រារាំង​នេះ​ធ្វើ​ឡើង​ក្នុង​ពេល​ក្រុម​គ្រូបង្រៀន​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​អន្តរជាតិ ៥​តុលា នៅ​សួនច្បារ​ប្រជាធិបតេយ្យ​ថ្មី​ក្នុង​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ។

ការ​ប្រារព្ធ «​ទិវា​គ្រូបង្រៀន​ពិភពលោក​» ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​នៅ​ពេល​នេះ​ត្រូវ​បាន​ក្រុម​គ្រូបង្រៀន​រិះគន់​ថា របប​ថ្មី​លោក ហ៊ុន សែន នៅតែ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​នៃ​ការ​សម្ដែង​មតិ​ដដែល។ គ្រូ​បង្រៀន​មកពី​បណ្ដា​ខេត្ត​នានា និង​ក្រុងភ្នំពេញ​ប្រមាណ ១០០​នាក់​បាន​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ក្នុង​ខណ្ឌ​ឫស្សីកែវ និង​គ្រោង​ដង្ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ក្រសួង​អប់រំ និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន ប៉ុន្តែ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​១០០​នាក់​ដែរ​នោះ​បាន​ចេញ​មករា​រាំង​ក្បួន​របស់​គ្រូបង្រៀន។

ទីប្រឹក្សា​សមាគម​គ្រូបង្រៀន​ឯករាជ្យ លោក រ៉ុង ឈុន ពន្យល់​មូលហេតុ​ដែល​គ្រូបង្រៀន​មាន បំណង​ដង្ហែ​ក្បួន​យក​ញត្តិ ទៅ​ដាក់​នៅ​ក្រសួង​អប់រំ និង​ស្ថាប័ន​ពាក់ព័ន្ធ​ព្រោះ​ញត្តិ​របស់​គ្រូ​បង្រៀន​កន្លង​ទៅ​មិនដែល​ឃើញ​ក្រសួង​អប់រំ​ឆ្លើយតប​នោះ​ទេ។ លោក​បន្ត​ថា ថ្ងៃនេះ​លោក​ចង់​យក​ក្បាល​មេក្រូ​ទៅ​ស្រែក​មុខក្រសួង​អប់រំ​តែម្ដង​ដើម្បី​ឲ្យ​ក្រសួង​អប់រំ​បាន​ដឹង​ពី​ទុក្ខ​កង្វល់​គ្រូបង្រៀន៖ «រាល់​លិខិត​សមាគម សហជីព អត់​ដែល​ឆ្លើយតប​ទេ ប៉ុន្តែ​មានការ​ឆ្លើយតប​ម្ដង​ពី​ក្រសួងមហាផ្ទៃ ក្រៅពី​ណឹង​អត់​សោះ អ៊ីចឹង​បាន​ខ្ញុំ​ចង់​កាន់​ក្បាល​មេក្រូ​ទៅ​ស្រែក​នៅមុខ​ក្រសួង​អប់រំ»

ប៉ុន្តែ អភិបាលរង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា និយាយ​ក្នុង​ពេល​ដឹកនាំ​កម្លាំង​រារាំង​ក្រុម​គ្រូបង្រៀន​ថា​ការ​សម្ដែង​មតិ មិនមែន​សំដៅ​ទៅលើ​ការ​ដង្ហែ​ក្បួន​ដាក់​ញត្តិ​នោះ​ទេ។ លោក​បន្ត​ថា ការ​ជួបជុំ និង​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ​គឺ​គ្រប់គ្រាន់​ហើយ។ ជាង នេះ​ទៅទៀត លោក​អភិបាលរង​រាជធានី​រូប​នេះ​និយាយ​ថា ការ​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ដាក់​ញត្តិ​គឺ​អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​របស់​កិច្ច​សាលាក្រុង និង​សមាគម​គ្រូបង្រៀន៖ «សិទ្ធិ​សេរីភាព​សម្ដែង​មតិ​មិនមែន​ទាល់តែ​ដើរ​ទេ បាន​ន័យ​ថា​បើក​សិទ្ធិ​សេរីភាព​ទេ សារព័ត៌មាន​គ្រប់​ប៉ុស្តិ៍​មក​យក​ព័ត៌មាន​នៅ​ទី​នេះ»

សមាគម​គ្រូបង្រៀន​ឯករាជ្យ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​ឆ្នាំនេះ ក្រោម​ប្រធានបទ “​សិទ្ធិ ទទួល​បាន​ការអប់រំ និង​សិទ្ធិ​ទទួល​បាន​គ្រូបង្រៀន​មានគុណ​ភាព”។ ចំណែក​លោក ហ៊ុន សែន ក៏បាន​រៀបចំ​អបអរសាទរ​ទិវា​គ្រូបង្រៀន​នេះ​ដែរ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្រោម​ប្រធានបទ៖ «គុណភាព​គ្រូ​ជា​គុណភាព​មូលធន​មនុស្ស​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព»

អ្នកគ្រូ​ម្នាក់​ឡើង​ថ្លែង​ការ​ក្នុង​ពិធី​នេះ​បាន​លើកឡើង​ថា ក្រៅពី​មុខ​របប​គ្រូបង្រៀន​អ្នកគ្រូ​ត្រូវ​ឆ្លៀតពេល​លក់ដូរ​បន្ថែម​ទៀត​ទើប​អាច​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​អ្នកគ្រូ​បាន។ អ្នកគ្រូ​សំណូមពរ​ដល់​ក្រសួង​អប់រំ​ដំឡើង​ប្រាក់​ដល់​គ្រូបង្រៀន​ដើម្បី​ឲ្យ​ពួកគាត់​អាច​រស់​បាន​សមរម្យ​ដោយ មិន​ចាំបាច់​ចេញ​រកស៊ី​បន្ថែម​ដើម្បី​ទុក​ពេល​វេលា​នោះ​ស្រាវជ្រាវ​ឯកសារ​បង្រៀន​សិស្ស​ទើប​មាន​ប្រយោជន៍​ចំពោះ​សង្គមជាតិ៖ «គ្រូបង្រៀន​ល្អ កូនសិស្ស​ក៏​ល្អ​ដែរ​ជា​ទំពាំង​ស្នង​ឫស្សី គ្រឹះ​មូលដ្ឋាន ប្រទេស​ណា​ក៏​គេ​មើល​ក្រសួង​អប់រំ​ដែរ​តើ​អប់រំ​នេះ​មាន​វិន័យ​ល្អ​ទេ​បើ​សិន​ប្រាក់ខែ​មិន​គ្រប់»

លិខិត​ចំហ​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ទាមទារ​ទៅ​របប​លោក ហ៊ុន សែន ដំឡើង​ប្រាក់ខែ​ចំនួន​២​លាន​រៀល​ក្នុង​មួយ​ខែ​ដល់​គ្រូបង្រៀន និង​ទាមទារ​ប្រាក់ឧបត្ថម្ភ​កូន​គ្រូបង្រៀន​៤​ម៉ឺន​រៀល​ព្រមទាំង​ប្រពន្ធ​៥​ម៉ឺន​រៀល ប្រាក់​គរុកោសល្យ​៤​ម៉ឺន​រៀន ប្រាក់​ទ្រទ្រង់​សុខភាព និង អត្ថប្រយោជន៍​ផ្សេងៗ​ដល់​គ្រូបង្រៀន។ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី យល់ថា ទាល់តែ​មានការ​ដំឡើង​ប្រាក់បៀវត្សរ៍​គោល​គ្រូ​ឲ្យ​បាន​សមរម្យ គឺ​ចំនួន​២​លាន​រៀល​និង​ការ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដល់​ពួកគេ ទើប​ធ្វើ​ឲ្យ​គ្រូបង្រៀន​មាន​ជីវភាព​ថ្លៃថ្នូរ​ទើប​លែង​ឆ្លៀត​ទៅ​រក​មុខរបរ​ទី​២ និង​លែង​ជំរិត​ទារ​លុយ​ពី​សិស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល