កម្មករ ២នាក់​ស្លាប់ ៣១​នាក់​​របួស​ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​នៅ​ខេត្ត​ស្វាយរៀង

ដោយ អាស៊ីសេរី
2019-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្តក្រឡាប់ និង​​ការ​ជួយ​សង្គ្រោះ​កម្មករ​ ក្នុង​ហេតុការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ក្រឡាប់​រថយន្ត​ ​នៅ​ភូមិ​កំពង់​រទេះ​ ឃុំ​ពពែត ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ២០១៩។
រថយន្តក្រឡាប់ និង​​ការ​ជួយ​សង្គ្រោះ​កម្មករ​ ក្នុង​ហេតុការណ៍​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ក្រឡាប់​រថយន្ត​ ​នៅ​ភូមិ​កំពង់​រទេះ​ ឃុំ​ពពែត ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​កក្កដា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​អគ្គស្នងការដ្ឋាន​នគរបាលជាតិ

កម្មករ​២​នាក់ ស្លាប់ និង​របួស ៣១នាក់​​ទៀត ​​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ​​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ ទៅ​ធ្វើ​ការ​នៅ​ខេត្ត​ស្វាយរៀង។ កម្មករ ​ដែល​ស្លាប់​ទាំង ២នាក់ ​ត្រូវ​បាន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ឯ ៣១នាក់​រង​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។ សង្គម​ស៊ីវិល ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ពង្រឹង​ការ​រឹត​បណ្ដឹង​ វិធានការ​ត្រួត​ពិនិត្យ​ឡាន​ដឹក​កម្មករ​ឡើង​វិញ ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍។

ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រហែល​៧​ព្រឹក​ ថ្ងៃ​ទី​៣០ កក្កដា ​នៅ​ពេល​កម្មករ​​​​ធ្វើ​ដំណើរ​ដោយ​​ឈរ​​​លើ​ឡាន​កូរ៉េ​​​ ត​ទ្រុង​ ហើយ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​ នៅ​រោងចក្រ​ យូលី ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សានតុង ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

មូល​ហេតុ​បណ្ដាល​ឲ្យ​​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ ដោយសារ​ អ្នក​បើកបរ​រថយន្ត​បាន​​ជាន់​ហ្វ្រាំង​ខ្លាំង​​ បណ្ដាល​ឲ្យ​ក្រឡាប់​​ទៅ​ម្ខាង​នៃ​ផ្លូវ​ថ្នល់។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ កើត​នៅ​ចំណុច​ភូមិ​កំពង់​រទេះ ឃុំ​ពពែត ស្រុក​ស្វាយ​ទាប ខេត្ត​ស្វាយរៀង។

ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា កម្មករ​គ្រោះ​ថ្នាក់​សរុប​ចំនួន ​៣៣​នាក់ ក្នុង​នោះ ២​នាក់​ស្លាប់។ ឯ ៣១​នាក់​រង​របួស​ធ្ងន់​​​ស្រាល។ សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ ១៥នាក់ យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ជីភូ និង ១៦នាក់ បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ស្វាយរៀង។ ក្រសួង​ការងារ ថា បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (..) ជា​អ្នក​ទទួល​ខុស​ត្រូវ​ ជួយ​ដោះស្រាយ​​ការ​ចំណាយ​ ថ្លៃ​ព្យាបាល និង​សំណង​ក្រុម​គ្រួសារ​សព តាម​គោល​នយោបាយ​ នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម។

អនុ​ប្រធាន​សហព័ន្ធ​សហជីព​ស៊ីខៅឌូ (C-CAWDU) និង​ជា​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់​ថា នេះ​ជា​សោកនាដកម្ម ​លើ​កម្មករ​​​​ថ្មី​មួយ​ទៀត​ បន្ទាប់​ពី​​ហេតុការណ៍​​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ។ លោក អាត់ ធន់ ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ក្រឡាប់​រថយន្ត​ដឹក​កម្មករ​ ដោយសារ​ ការ​ធ្វេស​ប្រហែល​របស់​តៃកុង​ឡាន។ លោក​ សំណូម​ពរ​ ឲ្យ​អាជ្ញាធរ​បន្ថែម​​ការ​ផ្សព្វផ្សាយ ដើម្បី​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំពោះ​រថយន្ត​ដឹក​កម្មករ៖ «បាន​ផ្សព្វផ្សាយ​បាន​ខ្លះ​ហើយ។ ប៉ុន្តែ​គ្រាន់​ថា ការ​តាម​ជា​ហូរហែ​ដូចជា​ករណី ដែល​កើត​ឡើង​ហ្នឹង អត់​ដែល​ចាត់​វិធានការ​អ្វី​ទេ គ្រាន់​តែ​ណែនាំ គ្រាន់​តែ​ធ្វើ​ការ​តាម​ដាន​តិច​តួច​ប៉ុណ្ណោះ​ ដល់​ពេល​កើត​មាន​រឿង​ឡើង បាន​យើង​ដឹង​ថា អ្នក​ដែល​បើក​បរ​ហ្នឹង អត់​មាន​ចេះ​ដឹង​អ្វី​ទេ។ អ៊ីចឹង​បាន​ជា​រឿង​ហ្នឹង​នៅ​បន្ត​កើត​ឡើង​ដដែលៗ»។

សហភាព​ការងារ​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​​ទាមទារ​ឲ្យ​ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សម្រាប់​គាំពារ​​កម្មករ​និយោជិក ត្រូវ​រៀប​ចំ​វិធានការ​ផ្សព្វផ្សាយ​អប់រំ ណែនាំ​ច្បាប់​ និង​សុវត្ថិភាព​ចរាចរណ៍​​ដល់​អ្នក​បើក​បរ។ ជា​ពិសេស​ក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ ត្រូវ​សាង​សង​ផ្លូវ​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស និង​​​បំពាក់​ស្លាក​សញ្ញា​ចរាចរណ៍​​ឲ្យ​​បាន​ត្រឹម​ត្រូវ​ បូក​រួម​ទាំង​ការ​ពិនិត្យ​​មើល​បច្ចេកទេស​រថយន្ត​ដឹក​កម្មករ​ផង។

អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស និង​ការងារ ហៅ​កាត់​ថា អង្គ​ការ សង់ត្រាល់​ (CENTRAL) លោក ឃុន ថារ៉ូ ប្រាប់​ថា ​ក្រុង​ការងារ​​ កំពុង​ចុះ​ទៅ​តាម​មន្ទីរពេទ្យ​ពិនិត្យ​មើល​ និង​សាកសួរ​កម្មករ​រង​គ្រោះ។ លោក​​ឲ្យ​ដឹង​ថា គិត​ត្រឹម​ល្ងាច​ ថ្ងៃ​ទី​៣០ កក្កដា ក្រុម​កម្មករ​រង​គ្រោះ​​ភាគ​ច្រើន ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ។ ក្នុង​ចំណោម​អ្នក​របួស​ទាំង ​៣១​នាក់ មាន​ស្ត្រី​ម្នាក់ កំពុង​មាន​ផ្ទៃ​ពោះ។ ចំណែក​សព​​​កម្មករ​​​ កម្មការិនី ២នាក់ ត្រូវ​បាន​ដឹក​​សព​ចេញ​ពី​មន្ទីរពេទ្យ យក​ទៅ​ប្រគល់​ជូន​ក្រុម​​គ្រួសារ ធ្វើ​​បុណ្យ​តាម​ប្រពៃណី​ហើយ។

លោក ឃុន ថារ៉ូ សន្មត​ជា​រួម​ថា​ ករណី​ដែល​បណ្ដាល​ឲ្យ​កម្មករ ​​រងគ្រោះ​ ​ទាំង​ឡានៗ​ ដូច្នេះ ដោយ​សារ រដ្ឋាភិបាល​ខ្វះ​យន្តការ​ទប់​ស្កាត់ និង​គ្មាន​កែ​ទម្រង់​ប្រព័ន្ធ​ដឹក​ជញ្ជូន​​កម្មករ។ លោក​​ ​ទទូច​ថា ល្មម​ដល់​ពេល​គ្រប់​ភាគី​ពាក់ព័ន្ធ​ ទាំង​រដ្ឋាភិបាល និង​និយោជក​ រួម​គ្នា​កែ​ទម្រង់​ប្រព័ន្ធ​ ដឹក​កម្មករ​រោងចក្រ​ហើយ។

លោក​ថា រដ្ឋាភិបាល​ និង​និយោជក ចាំ​បាច់​ត្រូវ​ពិនិត្យ​មើល​កត្តា​ផ្លូវ បច្ចេកទេស​បើកបរ និង​ត្រូវ​ប្ដូរ​​ប្រភេទ​យានយន្ត​ដឹក​កម្មករ ជា​បន្ទាន់ ព្រោះ​ឡាន​ប្រភេទ​កូរ៉េ ត​ទ្រុង​ឡើង​លើ ដែល​សម្រាប់​ដឹក​កម្មករ​សព្វ​ថ្ងៃ គឺ​ជា​ប្រភេទ​ឡាន​ដឹក​ទំនិញ មិន​មែន​ជា​ប្រភេទ​ឡាន​ដឹក​មនុស្ស​ទេ៖ «ឡាន​ដែល​យក​ទៅ​ដឹក​កម្មករ​ហ្នឹង គឺ​វា​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ​ទេ សូម្បី​ការ​អង្គុយ លក្ខណៈ​សុវត្ថិភាព​ការ​ដឹក​ជញ្ជូន​​ហ្នឹង​យើង​ឃើញ​ថា វា​មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដារ​ដែល​ធានា​ឲ្យ​មាន​លក្ខណៈ​ដឹក​ជញ្ជូន​ទេ។ ឡាន​ទាំង​អស់​ហ្នឹង​គេ​សម្រាប់​យក​ទៅ​ដឹក​ទំនិញ​អ្វី​ផ្សេងៗ មិនមែន​សម្រាប់​យក​ទៅ​ដឹក​មនុស្ស​ទេ។​ ផ្ទុយ​ទៅ​វិញ យើង​​ឃើញ​ថា ឡាន​ទាំង​អស់​ហ្នឹង ត្រូវ​បាន​យក​ទៅ​ដឹក​ជញ្ជូន​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​និយោជិក​»។

អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ហេង សួគ៍ និង​ អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម លោក ជាវ ប៊ុនរិទ្ធិ​ បាន​ទេ នៅ​ថ្ងៃ​ទី​៣០ កក្កដា ដោយសារ​មិន​ទទួល​ទូរស័ព្ទ៕

(កម្មករ​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​កំពុង​ទទួល​ការ​ព្យាបាល​ពីគ្រូពេទ្យ។ រូប៖ CUMW Unionnews)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល