ពលរដ្ឋ​ខ្មែរ​១៥​នាក់​ត្រូវ​ទាហាន​ការពារ​ព្រំដែន​ថៃ​ចាប់

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) បាន​ឱ្យ​ដឹង​ថា នៅ​តាម​ច្រក​របៀង​ព្រំដែន​​ជា​ច្រើន​កន្លែង​របស់​ខេត្ត​ឧត្តរមានជ័យ នៅ​តែ​មាន​សកម្មភាព​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​​ថៃ យ៉ាង​គគ្រឹក​គគ្រេង​នៅ​ឡើយ។
ដោយ ហង្ស សាវយុត
2013-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

បញ្ហា​នេះ​ធ្វើ​ឱ្យ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​នៅ​តែ​មាន​កង្វល់​ចំពោះ​ការ​ចាប់​ខ្លួន និង​ការ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ពី​កង​ការពារ​ព្រំដែន​ថៃ។

មន្ត្រី​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ និង​ប្រជាពលរដ្ឋ​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១៥​នាក់ ត្រូវ​កង​ទាហាន​ការពារ​ព្រំដែន និង​មេព្រៃ​ថៃ នៃ​ស្រុក​ កាន់ថារៈឡាក់ ខេត្ត​ស៊ីសាកេត បាន​ចាប់​ខ្លួន​នៅ ២​​កន្លែង​ផ្សេង​គ្នា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ។

ការ​ចាប់​ខ្លួន​​​​នោះ​ នៅ​ពេល​ដែល​អ្នក​ភូមិ​ខ្មែរ​ដែល​ភាគ​ច្រើន​ជា​បុរស ​បាន​នាំ​គ្នា​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ព្រំដែន​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង​មក​លក់​ដូរ​ឱ្យ​ក្រុម​ឈ្មួញ។

អ្នក​ភូមិ​អូរស្វាយ ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ គឺ​អ្នកស្រី ណេត ហ៊ីង។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​ធ្នូ ថា ប្តី​របស់​គាត់ និង​អ្នក​ភូមិ ៣​នាក់​ទៀត ត្រូវ​មេព្រៃ​ថៃ នៃ​ស្រុក​កាន់ថារៈឡាក់ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ កន្លង​ទៅ នៅ​តំបន់​ចំបក់កោង។ បច្ចុប្បន្ន​នេះ​ប្ដី​របស់​គាត់​និង​​អ្នក​ភូមិ ៣​នាក់​ទៀត កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ស្រុក​កាន់ថារៈឡាក់៖ «គាត់​ទៅ​រក​គ្រញូង អេតចាយ​តូចៗ​ហ្នឹង គាត់​ចូល​ទៅ​ហួស​ថ្នល់​ក្រហម​បន្តិច។ ទៅ​ឡើង ១៥​នាក់​ឯ​ណោះ ប៉ុន្តែ​គេ​មក​ផ្ទះ​អស់ នៅ​តែ​ប្ដី​ខ្ញុំ ៤​នាក់»

ចំណែក​អនុ​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ប្រចាំ​​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង លោក​វរសេនីយ៍ តូច រ៉ា បាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​​ធ្នូ នោះ​ដែរ គឺ​ទាហាន​ថៃ បាន​ជូន​ដំណឹង​មក​លោក​ថា គេ​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១១​នាក់ នៅ​ចំណុច​ព្រលាន​ដូនពោធិ នៃ​ទឹក​ដី​ថៃ៖ «តាម​ឯកសារ គេ​ជូន​ដំណឹង​មក ឈើ​គ្រញូង​គេ ២០​ដុំ ក្នុង​ចំណោម​គ្នា ១១​នាក់​នោះ។ ខ្ញុំ​បាន​ពិនិត្យ​មើល គឺ​មាន​អ្នក​ស្រុក​នេះ នៅ​ត្រពាំងប្រាសាទ​មួយ​ចំនួន អ្នក​ស្រុក​តាកែវ មាន​បាត់ដំបង មាន​ខេត្ត​ពោធិ៍សាត់។ មក​ពី​៤​ខេត្ត​ក្នុងចំណោម​ប្រជាពលរដ្ឋ ១១​នាក់​នោះ»

ទោះ​យ៉ាង​ណា មន្ត្រី​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​បាន​បញ្ជាក់​ថា សមត្ថកិច្ច​កម្ពុជា ​មិន​មាន​លទ្ធភាព​ដើម្បី​ស្នើ​សុំ​ឱ្យ​ភាគី​ថៃ ដោះលែង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ១៥​នាក់​នោះ​បាន​ទេ ដោយសារ​តែ​អ្នក​ភូមិ​ខ្មែរ​ទាំង​នោះ បាន​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ទឹក​ដី​ថៃ។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា កន្លង​ទៅ ​ទាហាន​ថៃ នៃ​ខេត្ត​ស៊ីសាកេត បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣​នាក់​ នៅ​ពេល​ដែល​ឆ្លង​ដែន​ទៅ​​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ នៃ​ភូមិសាស្ត្រ​ច្រក​ជប់រុន នៃ​ស្រុក​ត្រពាំងប្រាសាទ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ដែល​ដាក់​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ​នោះ មិន​មាន​ប្រសិទ្ធភាព​ទេ ដោយសារ​តែ​កង​ឆ្មាំ​ព្រំដែន​ខ្មែរ បាន​ទទួល​​ផល​ប្រយោជន៍ និង​លាភ​សក្ការៈ​ពី​ក្រុម​ឈ្មួញ​ដែល​ជួញ​ដូរ​ឈើ​គ្រញូង។

អង្គការ​អាដហុក ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​វិច្ឆិកា រហូត​ដល់​ខែ​ធ្នូ ឆ្នាំ​២០១៣ គឺ​ទាហាន​ថៃ​ បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៥​នាក់។

របាយការណ៍​ត្រួសៗ​របស់​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ​បាន​បង្ហាញ​ថា ចាប់​តាំង​ពី​អំឡុង​ខែ​កក្កដា រហូត​ដល់​ខែ​ធ្នូ​ ឆ្នាំ​២០១៣ គឺ​ទាហាន​ថៃ បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១០​នាក់ របួស ​​២​នាក់ ព្រម​ទាំង​ចាប់​ខ្លួន​ចំនួន ១៥​នាក់។ ​កាល​ពី​ខែ​សីហា កន្លង​ទៅ ​ទាហាន​ថៃ​ បាន​ដោះ​លែង​ប្រជាពលរដ្ឋ​ខ្មែរ ៤​នាក់​ឱ្យ​វិល​ត្រឡប់​មក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល