ក្រុម​យុវជន​ថា ទាល់​តែ​របប​បច្ចុប្បន្ន​ស្ដារ​ប្រជាធិបតេយ្យ​ទើប​អាច​សម្រួល​ទំនាក់ទំនង​ជាមួយ​អាមេរិក​បាន

ដោយ ជុន ច័ន្ទបុត្រ
2019-08-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុង​ពិធី​ជប់លៀង​អបអរ​ខួប​លើក​ទី​៥០ របស់​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុង​ពិធី​ជប់លៀង​អបអរ​ខួប​លើក​ទី​៥០ របស់​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៧។
Photo courtesy of SPM

ក្រុម​យុវជន​ដែល​តាមដាន​ស្ថានការណ៍​កម្ពុជា យល់​ឃើញ​ស្របគ្នា​ថា មានតែ​ការ​ស្តារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ទេ ទើប​របប​ក្រុងភ្នំពេញ​អាច​សម្រួល​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​បាន។ ការ​លើកឡើង​របស់​យុវជន​នេះ គឺ​នៅ​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក​ទើបតែ​បាន​យល់ព្រម​តែងតាំង លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា។

អ្នក​សិក្សា​ស្រាវជ្រាវ និង​យុវជន​មួយ​ចំនួន​ថ្លែង​ថា វត្តមាន​របស់​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) នឹង​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ស្ដារ​ទំនាក់ទំនង​ល្អក់​កករ​រវាង​កម្ពុជា និង​អាមេរិក​ឡើយ ដរាបណា​របប​ក្រុង​ភ្នំពេញ​មិន​ព្រម​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ​នោះ។

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា និង​ជា​អ្នក​សិក្សា​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ លោក ស ម៉ូរី ទទួល​ស្គាល់​ថា ឯកអគ្គរដ្ឋទូត​ថ្មី លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) មាន​ជំនាញ​ការទូត​ច្បាស់លាស់ និង​មាន​បទពិសោធន៍​ការងារ​ច្រើន។ លោក​រំពឹង​ថា វត្តមាន​របស់​តំណាង​រដ្ឋាភិបាល​អាមេរិក​រូប​នេះ នឹង​ជួយ​ធ្វើ​ឱ្យ​ទំនាក់​កម្ពុជា​-​អាមេរិក ផ្លាស់ប្ដូរ​ទៅ​រក​ភាព​ប្រសើរ​ឡើងវិញ​បាន​ខ្លះ។ ក៏ប៉ុន្តែ ទន្ទឹម​នឹង​នេះ លោក​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្ហាញ​ថា ខ្លួន​ពិតជា​មានបំណង​ស្ដារ​ស្ថានការណ៍​ស្រុកទេស​មែន បើ​ពុំ​ដូច្នេះ​ទេ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​នឹង​មិន​ល្អ​ប្រសើរ​ដូច​ការ​រំពឹង​ទុក​នោះ​ឡើយ៖ «ប្រសិន​បើ​ស្ថានភាព​ដូច​រាល់​ថ្ងៃ​​ ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​កំណែ​ទម្រង់​ឱ្យ​ស៊ី​ជម្រៅ​ទេ ពាក់ព័ន្ធ​នឹង​សេរីភាព​សារព័ត៌មាន​ លំហនៃ​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​ ហើយ​និង​បើក​ឱ្យ​ចំហឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​​ស្មើភាព​ក្នុង​ដំណើរ​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យទេ ខ្ញុំ​គិត​ថា ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជានៅ​តែ​ដូច​សព្វថ្ងៃ»

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ សីហា ថា លោក ប៉ាទ្រីក ម័រហ្វី នឹង​មក​បំពេញការងារ​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នៅ​ភ្នំពេញ ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ បន្ទាប់ពី​មានការ​អនុម័ត​ពី​ព្រឹទ្ធសភា និង​យល់ព្រម​តែង​តាំងពី​ប្រធានាធិបតី​អាមេរិក។

លោក ប៉ាទ្រីក ម័រហ្វី គឺជា​អ្នកមាន​ជំហរ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ពួកគេ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ​។ លោក​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ព្រឹទ្ធសភា​អាមេរិក​ថា លោក​​នឹង​ប្រឹងប្រែង​លើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​នៅ​កម្ពុជា​។ លោក​ក៏បាន​ប្ដេជ្ញា​ថា នឹង​តស៊ូ​មតិ​ឱ្យ​មាន​ការ​ផ្សះផ្សា​រវាង​គណបក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​ផង​ដែរ។

មន្ត្រី​នាំ​ពាក្យ​បក្ស​កាន់អំណាច លោក សុខ ឥសាន បាន​បង្ហាញ​សុទ្ធិដ្ឋិនិយម​ខ្ពស់​ថា ប្រមុខ​ការទូត​ថ្មី​របស់​អាមេរិក​ប្រចាំ​នៅ​ក្រុងភ្នំពេញ​នេះ នឹង​អាច​បញ្ចប់​ភាព​ល្អក់កករ​ការទូត​រវាង​កម្ពុជា និង​អាមេរិក ដោយសារ​លោក​មាន​បទពិសោធន៍ និង​ចំណេះ​ដឹង​​ការងារ​​ការទូត​ច្រើន​ឆ្នាំ។ លោក​រំពឹង​ទៀត​ថា ឯកអគ្គរដ្ឋទូត​រូប​នេះ​នឹង​បំពេញការងារ​តាម​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ជា​អ្នកការទូត។

ទោះជា​យ៉ាងណា ក្នុង​ដំណាក់កាល​ដែល​លោក​មិន​ទាន់​បាន​ចូលកាន់​តំណែង​នេះ មន្ត្រី​របប​លោក ហ៊ុន សែន ម្នាក់​ទៀត​ បាន​បញ្ចេញ​វោហារសាស្ត្រ​មាក់ងាយ​មន្ត្រី​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​ដោយ​ឥត​សំចៃ​មាត់ នៅ​ពេល​ស្ថានទូត​លើកឡើង​ពី​កង្វល់​ទាក់ទង​នឹង​ការរំលោភ​សិទ្ធិមនុស្ស និង​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ប្រធាន​ក្រុម​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បាន​ប្រមាថ​មន្ត្រី​ទូត​អាមេរិក​ថា ជា​មនុស្ស​ព្រៃ គ្មាន​តម្លៃ​នឹង​ធ្វើការ​ជាមួយ បន្ទាប់ពី​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បង្ហោះ​សារ​រិះគន់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ថា មិន​ស្របតាម​គោល​ការណ៍​​ប្រជាធិបតេយ្យ និង​មិន​តំណាង​ឱ្យ​ឆន្ទៈ​ខ្មែរ​។ លោក​ថែមទាំង​បាន​ជំរុញ​ឱ្យ​មន្ត្រី​ទូត​អាមេរិក វេច​បង្វេច​ចាក​ចេញពី​កម្ពុជា​ទៀត​ផង បើ​មិន​ពេញ​ចិត្ត​នឹង​ស្ថានការណ៍​នៅ​កម្ពុជា៖ «យើង​ពិបាក​នឹង​ធ្វើការ​ជាមួយ​នឹង​មន្ត្រី​រម៉ិករម៉ក់​! មាក់ងាយ​ប៉ុណ្ណឹង​ចុះ​! ពីព្រោះ​ពួកគេ​ជា​មនុស្ស​ព្រៃ​សម្រាប់​ការញុះញង់។ ទុក​ឱ្យ​ពួក​ព្រៃ​គេ​ប្រើប្រាស់​វេទិកា​សាធារណៈ។ ដូច្នេះ​អាច​បង្ហាញ​ថា ពួក​ព្រៃ និង​ពួក​យើង​នីតិរដ្ឋ​ស៊ីវិល័យ​ដូច​យើង​ត្រូវ​និយាយ​យ៉ាងម៉េច»។

យុវជន​ដែល​បាន​តាមដាន​រឿង​នេះ ថ្កោលទោស​ការ​លើកឡើង​របស់​មន្ត្រី​របប​លោក ហ៊ុន សែន ពី​ព្រោះ​ពួកគេ​យល់​ថា នេះ​ជាសម្តី​អសីលធម៌ មាក់ងាយ និង​មាន​ចរិត​រើសអើង ដែល​មិន​គួរ​និយាយ​ទាល់តែ​សោះ។

សកម្មជន​សង្គម លោក ហេង គីមហុង ជឿជាក់​ថា ការ​បង្ហោះ​សារ ឬ​ចេញ​សេចក្តី​ថ្លែងការណ៍​ណាមួយ​របស់​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ ទោះជា​ក្នុង​ករណី​គ្មាន​វត្តមាន​ឯកអគ្គរដ្ឋទូត​ក៏ដោយ គឺ​នៅតែ​ជា​ជំហរ​របស់​រដ្ឋាភិបាល​អាមេរិក មិនមែន​ធ្វើ​តាម​អំពើ​ចិត្ត​របស់​មន្ត្រី​ទូត​ណា​ម្នាក់​នោះ​ឡើយ​។ លោក​យល់​ថា ក្នុង​នាម​ជា​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​ជា​ប្រទេស​គំរូ​ប្រជាធិបតេយ្យ សហរដ្ឋអាមេរិក​មាន​សិទ្ធិ​ដាស់តឿន​រដ្ឋាភិបាល​កម្ពុ​ជា ឱ្យ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ស្រប​ទៅ​តាម​អ្វី​ដែល​កម្ពុជា​ធ្លាប់​បាន​សន្យា​ជាមួយ​សហគមន៍​ជាតិ និង​អន្តរជាតិ៖ «គ្រាន់​តែ​មិន​មាន​មន្ត្រីការទូត​ជាន់ខ្ពស់ ប៉ុន្តែ​មន្រ្តី​​បុគ្គលិក​​ការ​ទូត​ផ្សេងៗ​ សុទ្ធ​តែ​ជួស​មុខ​ឱ្យ​​រដ្ឋាភិបាល​របស់​ខ្លួន​បាន។ ទំនាក់​ទំនង​ការ​បរទេស​មួយ គ្មាន​អ្នក​ណា​គេ​ទៅធ្វើ​តាម​ទំនើ​​ង​ចិត្ត​នោះទេ ​គឺ​សុទ្ធ​សឹង​តែ​មាន​បែប​បទ​ការងារ​ ហើយ​ជា​ពិសេស​ប្រទេស​មហាអំណាច​ដូច​សហរដ្ឋ​អាមេរិកនោះ ខ្ញុំ​ជឿថា​មិន​បណ្តែត​បណ្តោយ​ឱ្យ​មន្ត្រី​ការទូត​របស់​ខ្លួន​ធ្វើ​តាម​​ទំនើង​ចិត្ត ខុសពី​គោល​បំណង​នៃ​រដ្ឋ​ទេ»។

ចំណែក សកម្មជន​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ អ្នកនាង លីម គីមស័រ វិញ យល់ថា ទំនងជា​ដោយសារ​មិន​ពេញចិត្ត​ចំពោះ​អាមេរិក​ដែល​តែង​ឈឺឆ្អាល​អំពី​បញ្ហា​កម្ពុជា និង​ដោយសារ​មាន​ជំហរ​លម្អៀង​ទៅ​រក​ប្រទេស​ចិន​ផង ទើប​របប​ដឹកនាំ​បច្ចុប្បន្ន​បញ្ចេញ​ប្រតិកម្ម​មាក់ងាយ​មន្ត្រី​ស្ថានទូត​អាមេរិក​ជ្រុល​ហួសហេតុ​បែបនេះ​។ សកម្មជន​រូប​នេះ ជឿជាក់​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​នៅតែ​រំលោភ​សិទ្ធិមនុស្ស និង​មិន​អនុវត្ត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ទេ នោះ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​នឹង​មិន​អាច​ល្អ​ប្រសើរ​ឡើយ ទោះជា​ឯកអគ្គរដ្ឋទូត​ថ្មី​បំពេញការងារ​បាន​ល្អ​ក៏​ដោយ៖ «ពេល​ដែល​គាត់​មក​ ខ្ញុំ​ជឿថា គាត់​ប្រាកដ​ជា​ជំរុញ​ទៀត​ហើយ​ឱ្យ​ប្រទេស​ខ្មែរ​យើង​គោរព​លទ្ធិប្រជាធិបតេយ្យ។ អ៊ីចឹង​បើ​ខ្មែរ​យើង​នៅ​តែ​មិន​គោរព​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​ទេ គឺគាត់​នៅ​តែ​អត់​អាច​ធ្វើ​ការងារ​ស្រប​គ្នាបាន​ គាត់​អត់អាច​ធ្វើ​ការ​ចូល​គ្នា​បាន​ទេ»។

សហរដ្ឋអាមេរិក គឺជា​ប្រទេស​ឈានមុខ​គេ​នៅ​ក្នុង​ការ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស លើកស្ទួយ​យុត្តិធម៌​សង្គម និង​លុបបំបាត់​អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា​។ សហរដ្ឋអាមេរិក ក៏បាន​ចេញ​មុខជា​ចំហ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ លើក​ស្ទួយ​ស្ថានការណ៍​ធ្លាក់​ចុះ​ដុនដាប​នៃ​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដែល​កើត​ចេញពី​ការដឹកនាំ​តាម​បែប​ផ្ដាច់ការ​របស់​ក្រុម​លោក ហ៊ុន សែន ផង​ដែរ​។ បច្ចុប្បន្ន​នេះ សមាជិកសភា​សហរដ្ឋ​អាមេរិក​កំពុងតែ​សស្រាក់​សស្រាំ​បង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ហើយ ហើយ​ប្រសិនបើ​ស្ថានការណ៍​កម្ពុជា​នៅតែ​យ៉ាប់យ៉ឺន​ទៀត​នោះ ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​នឹង​ចៀស​មិន​ផុត​ពី​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​បដិសេធ​ទិដ្ឋាការ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល