ទស្សនៈ​យុវជន​ជុំវិញ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ​រយៈ​ពេល ២ឆ្នាំ

ដោយ ហេង រស្មី
2019-09-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​តាម​វីដេអូ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​តាម​វីដេអូ​នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
Photo courtesy of Kem Sokha's Facebook Page

យុវជន​មួយ​ចំនួន​យល់​ថា ការ​ឃុំ​ខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ២​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ ​ច្បាប់​ សិទ្ធិ​សេរីភាព នៅ​កម្ពុជា មាន​ភាព​អាក្រក់​ខ្លាំង។ ជាង​នេះ​ទៅ​ទៀត ពួក​គេ​យល់​ថា លទ្ធិ​ប្រជាធិបតេយ្យ​ក៏​រង​ការ​បំផ្លាញ​​ខ្ទេចខ្ទី​ដែរ។ ពួកគេ​ទាមទារ​ឲ្យ​របប​ក្រុង​ភ្នំពេញ ដោះ​លែង​​លោក កឹម សុខា​ វិញ​ នៅ​ក្នុង​ខួប ២ឆ្នាំ​ នៃ​ការ​ឃុំ​ខ្លួន​​លោក កឹម សុខា នេះ។

យុវជន​ម្នាក់​រស់​នៅ​ខេត្ត​កំពង់ធំ ​លោក ឆាយ ចែង យល់​ថា​ ២ឆ្នាំ​មក​នេះ រដ្ឋាភិបាល​មិន​ត្រឹម​តែ​ឃុំ​ខ្លួន លោក កឹម សុខា​ ទេ ប៉ុន្តែ​បាន​​ធ្វើ​ទុក្ខ​បុក​ម្នេញ​មន្ត្រី​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ទៀត​ផង។ លោក​ថា ​ការ​​ឃុំ​ខ្លួន​លោក កឹម សុខា ធ្វើ​ឲ្យ​ច្បាប់ និង​នយោបាយ អាក្រក់​មិន​ធ្លាប់​មាន​​ តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​មក។ លោ ​រំលឹក​ថា កាល​មិន​ទាន់​ជាប់​ឃុំ លោក កឹម សុខា ចូល​ចិត្ត​ចុះ​តាម​មូលដ្ឋាន​​ពន្យល់​លទ្ធិ​ប្រជាធិបតេយ្យ​ឲ្យ​ពលរដ្ឋ​ស្ដាប់។ តែ​ ២​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា​ ធ្វើ​ឲ្យ​ពលរដ្ឋ​លែង​​បាន​​ជ្រួត​ជ្រាប​អំពីលទ្ធិ​ប្រជាធិបតេយ្យ​ទៀត​ហើយ៖ «គឺ​អាក្រក់​មែន​ទែន ចំពោះ​ភាព​ចង់​​ដឹង​ពី​ប្រជាធិបតេយ្យ​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ដោយសារ​តែ​មេ​បក្ស​ ដែល​យល់​ដឹង​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ច្រើន​ គាត់​មិន​បាន​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​បក្ស។ មិន​បាន​រំលឹក​ពី​​ប្រជាធិបតេយ្យ​ ដែល​ពលរដ្ឋ​គួរ​តែ​ធ្វើ គួរ​តែ​ប្រតិបត្តិ។ ប្រជា​ពលរដ្ឋ​ មិន​បាន​ដឹង​ទេ ពេល​ដែល​គេ​ចាប់​លោក កឹម សុខា រយៈ​ពេល ​២​ឆ្នាំ​មក​នេះ»។​

យុវជន​ម្នាក់​ទៀត​ រស់​នៅ​រាជធានី​ភ្នំពេញ លោក វ៉ន ចាន់ឡូត ហៅ​ការ​ឃុំ​ខ្លួន លោក កឹម សុខា រយៈ​ពេល​២​ឆ្នាំ​មក​នេះ​ ជា​អំពើ​អយុត្តិធម៌​សម្រាប់​លោក កឹម សុខា និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នក​​តាម​ដាន​នយោបាយ​រូប​នេះ សង្កេត​ឃើញ​ថា តុលាការ​មិន​ទាន់​រក​ឃើញ​កំហុស​ ឬ​ទោស​របស់ លោក កឹម សុខា ទេ ២​ឆ្នាំ​​មក​នេះ ក៏​ប៉ុន្តែ​តុលាការ​បាន​សម្រេច​រំលាយ​គណបក្ស​ប្រឆាំង ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​អយុត្តិធម៌​សម្រាប់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​​ប្រហែល​កន្លះ​ប្រទេស៖ «(តាំង​ពី)​ ការ​ចាប់​មេ​ដឹក​នាំ​អតីត​មេ​បក្ស​ប្រឆាំង​មក យើង​ឃើញ​ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា មាន​សភាព​ធ្លាក់​ចុះ​ដល់​កំពូល។ យើង​ឃើញ​ស្ថានភាព​សិទ្ធិ​មនុស្ស​ វា​កាន់​តែ​មាន​ការ​មិន​ល្អ​ប្រសើរ​ទេ សម្រាប់​ជាតិ​ ជា​ពិសេស​ក្នុង​ផ្នែក​នយោបាយ​​ហ្នឹង ហើយ​សកម្មជន​នៃ​អតីត​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ត្រូវ​បាន​គំរាម​កំហែង ក៏​ដូចជា​ចាប់​ខ្លួន​បន្ត​បន្ទាប់​​អ៊ីចឹង​បាន បើ​ទោះ​បី មាន​ការ​ជួបជុំ​ ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់​ក៏​ដោយ ឬ​ក៏​បាតុកម្ម​ ដោយ​ការ​ការ​ពារ​ដោយ​ច្បាប់​ក៏​ដោយ»​​

យុវជន​ម្នាក់​ទៀត លោក ខាន់ ភូមិន្ទ និយាយ​ថា កំឡុង​ពេល​ឃុំ​ខ្លួន លោក កឹម សុខា​ ២​ឆ្នាំ​នេះ ហាក់​ធ្វើ​ឲ្យ​យុវជន​ខ្លាច​រអា​ក្នុង​ការ​ចូលរួម​សកម្មភាព​នយោបាយ។ លោក​ ថា ​ក្នុង​អំឡុង​២​ឆ្នាំ​នេះ ទោះ​គណបក្ស​នយោបាយ​ចូល​រួមការ​​បោះឆ្នោត​ច្រើន​ជាង​មុន​មែន តែ​មិន​សូវ​មាន​យុវជន​គាំទ្រ​ឡើយ។ លោក​កត់​សម្គាល់​ទៀត​ថា យុវជន​ដែល​ចូលចិត្ត​ប្រលូក​នយោបាយ​ក៏​ថយ​ចុះ ការ​វែក​ញែក​នយោបាយ​ជា​ចំហ​ក៏​រង​ការ​រឹតត្បិត និង​ឃ្លាំមើល។ លោក​ចង់​ឃើញ​ មាន​ការ​ដោះលែង​ លោក កឹម សុខា ហើយ​គណ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង ចរចា​គ្នា​វិញ ​ទើប​អាច​ស្ដារ​ស្ថានការណ៍​នយោបាយ​បាន៖ «រូប​ភាព​ជាក់ស្ដែង បើ​ទោះ​ខ្ញុំ​មិន​និយាយ​ក៏​បងប្អូន​ប្រជាពលរដ្ឋ​គាត់​ឃើញ​ស្រាប់​ដែរ ការ​ធ្លាក់​ចុះ​វា​មាន​ហើយ ពីព្រោះ​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​​ធំ​ ត្រូវ​បាន​បិទ​បញ្ចប់​ទៅ​ យើង​ឃើញ​​ថា ភាព​ក្លៀវក្លា​របស់​យុវជន​ទៅ​លើ​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​ធ្លាក់​ចុះ ទាំង​នៅ​ក្នុង​សកម្មភាព​សង្គម និង​សកម្មភាព​ផ្សេងៗ»។

សមត្ថកិច្ច​របប​ក្រុង​ភ្នំពេញ បាន​ឆ្មក់​ចូល​ចាប់​ខ្លួន​ លោក កឹម សុខា នៅ​យប់​រំលង​អាធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី៣ កញ្ញា ឆ្នាំ២០១៧ និង​ដឹក​យក​ទៅ​ឃុំ​ខ្លួន​ទាំង​យប់ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង នៅ​ខេត្ត​ត្បូង​ឃ្មុំ ក្បែរ​ព្រំដែន​ប្រទេស​វៀតណាម។ ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ការ​ចាប់​ខ្លួន លោក កឹម សុខា លោក ហ៊ុន សែន និង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​របប​ក្រុង​ភ្នំពេញ បាន​ព្រមាន​ហាម ​ពលរដ្ឋ​មិន​ឲ្យ​ចេញ​ធ្វើ​បាតុកម្ម​គ្រប់​ទម្រង់។ ពលរដ្ឋ​ថា រយៈ​ពេល ២ឆ្នាំ​មក​នេះ របប​លោក ហ៊ុន សែន រឹត​ត្បិត​ពួក​គាត់ មិន​ឲ្យ​បាន​ចេញ​ធ្វើ​បាតុកម្ម​ម្ដង​ណា​សោះ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ លោក តារា វិច្ឆ័យ យល់​ថា រដ្ឋាភិបាល​មិន​ត្រឹម​ឃុំ​ខ្លួន លោក ​កឹម សុខា ទេ តែ​បាន​ឃុំ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ មិន​ឲ្យ​ចេញ​តវ៉ា​ថែម​ទៀត។ លោក​ថា ពលរដ្ឋ​​បាន​បង្ខំ​ចិត្ត​ ធ្វើ​គ ធ្វើ​ថ្លង់ ដើម្បី​រក្សា​សុខ ក្នុង​ពេល ​២​ឆ្នាំ​នេះ។ យុវជន​រូប​នេះ​ថា កាន់​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត គឺ​រដ្ឋាភិបាល​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​មន្ត្រី​​គណបក្ស​ប្រឆាំង​នៅ​ថ្នាក់​ក្រោម ឲ្យ​លែង​ហ៊ាន​និយាយ​ស្ដី តវ៉ា​អ្វី​ទាំង​អស់ បើ​ពុំ​ដូច្នោះ​ទេ ហើយ​បើ​មាន​ការ​តវ៉ា នឹង​ត្រូវ​រង​ការ​ចាប់​ខ្លួន ដូច​មនុស្ស​ជាង ១០នាក់ ដែល​ត្រូវ​របប​ក្រុង​ភ្នំពេញ​បង្ក្រាប​កន្លង​មក៖ «បើ​និយាយ​ពី​រឿង​ការ​ចាប់​ខ្លួន មេ​បក្ស​ប្រឆាំង លោក​ កឹម សុខា រយៈ​ពេល​២​ឆ្នាំ​មក​នេះ ស្ថានភាព​នយោបាយ​នៅ​ស្រុក​ខ្មែរ​យើង​នេះ តាំង​ពី​សេដ្ឋកិច្ច តាំង​ពី​នយោបាយ​គឺ​តឹង​តែ​ម្ដង​ហ្មង សព្វ​ថ្ងៃ​ហ្នឹង។ បើ​ប្រៀបធៀប​វិញ គឺ​អាក្រក់​បំផុត​ហើយ ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ គេ​មិន​ដែល​បំបិទ​សិទ្ធិ​សេរីភាព​អ៊ីចឹង ហើយ​ចេះ​តែ ​អួត​ទៅ​ប្រាប់​អន្តរជាតិ ថា ប្រទេស​ឯង​មាន​ប្រជាធិបតេយ្យ​ពេញ​លេញ គ្មាន​ទាល់​តែ​សោះ​ម្ដង ភរ​ទាំង​ស្រុង។ បើ​និយាយ​ថា អាក្រក់​ហ្នឹង វា​អាក្រក់​ហ្មង រក​លេខ​គ្មាន​ទេ»។​​

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ សង្កេត​ឃើញ​ថា ការ​​ឃុំ​ខ្លួន​លោក កឹម សុខា គ្មាន​បាន​ផ្ដល់​ផល​ចំណេញ​ដល់​រដ្ឋាភិបាល និង​ប្រទេស​កម្ពុជា​ទេ តែ​ផ្ទុយ​ទៅ​វិញ ​២​ឆ្នាំ​មក​នេះ កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល កាន់​តែ​អាក្រក់​នៅ​ឆាក​អន្តរ​ជាតិ ខណៈ​ក្រុម​ប្រទេស​លោក​សេរី ចេញ​មុខ​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់។ កញ្ញា​បន្ត​ថា ការ​ឃុំ​ខ្លួន លោក កឹម សុខា ២ឆ្នាំ​នេះ បាន​ធ្វើ​ពលរដ្ឋ​សម្លឹង​​មើល​ថា រដ្ឋាភិបាល​ជា​តួ​ចិត្ត​អាក្រក់ ចំណែក​ស្ថានភាព​នយោបាយ​វិញ កាន់​តែ​ចាក់​ស្រេះ សេដ្ឋកិច្ច​ពលរដ្ឋ មាន​តែ​ការ​អន់​ថយ។

កញ្ញា លី ស្រីស្រស់ ថា ការ​បន្ត​ឃុំ​ខ្លួន​មេ​បក្ស​ប្រឆាំង គ្មាន​ផ្ដល់​ភាព​ចំណេញ​ដល់​គណបក្ស​កាន់​អំណាច​ទេ បើ​ទោះ​បក្ស​កាន់​អំណាច​អាច​នឹង​គិត​ថា ដើម្បី​បំបែក​បំបាក់​ ឬ​បង្ការ​គម្រោង​ប្រមូល​កម្លាំង​​ចេញ​តវ៉ា​ក៏​ដោយ៖ «ខ្ញុំ​គិត​ថា ការ​ចាប់​ខ្លួន​នេះ វា​កាន់​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ ​នៅ​ក្នុង​ប្រទេស​នេះ កាន់​តែ​មាន​ភាព​​ ​​ទុទិដ្ឋិនិយម​ខ្លាំង​ ចំពោះ​រដ្ឋាភិបាល​វិញ។ មាន​ន័យ​ថា មើល​រដ្ឋាភិបាល​នៅ​ក្នុង​ផ្លូវ​អវិជ្ជមាន​ច្រើន។ អ៊ីចឹង​អា​ចំណុច​នេះ សំខាន់​ជាង​ចំណុច​ផ្សេង ដោយសារ​តែ​ប្រទេស​មួយ រដ្ឋាភិបាល​មួយ​ដើរ​បាន​ វា​ទាល់​តែ​មាន​ប្រជាជន​គាំទ្រ បើ​ធ្វើ​បែប​នេះ វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​បង់​ជំនឿ​ជាក់ និង​អាច​មិន​គាំទ្រ​រដ្ឋាភិបាល ហើយ​ពិសេស​គណបក្ស​ប្រជាជន​កម្ពុជា។ អ៊ីចឹង គណបក្ស​ប្រជាជន​កម្ពុជា ក្លាយ​ជា​តួអង្គ​អាក្រក់​នៅ​ក្នុង​ភ្នែក​ពលរដ្ឋ»។​​​​​

យុវជន​ថា​ រយៈ​ពេល ២ឆ្នាំ នៃ​ការ​ឃុំ​ខ្លួន លោក កឹម សុខា នេះ ពលរដ្ឋ​រស់​នៅ​ប្រទេស​កម្ពុជា គ្មាន​ដែល​បាន​ធ្វើ​បាតុកម្ម​សុំ​ឲ្យ​ដោះ​លែង​​លោក កឹម សុខា បាន​ម្ដង​ឡើយ ព្រោះ​របប​ក្រុង​ភ្នំពេញ​ បិទ​សិទ្ធិ​នេះ​ដាច់​ខាត។ ប៉ុន្តែ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​វិញ បាន​កើន​ឡើង​ នៅ ​២​ឆ្នាំ​នេះ។ ពលរដ្ឋ និង​ក្រុម​យុវជន​ខ្មែរ តែង​នាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្ត​មាន​លោក ហ៊ុន សែន នៅ​ពេល​​លោក​ទៅ​ក្រៅ​ប្រទេស ឬ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ម្ដងៗ សូម្បី​​​កិច្ច​ប្រជុំ​នៅ​អង្គ​ការ​សហប្រជាជាតិ ក៏​ពលរដ្ឋ​​ នាំ​គ្នា​តាម​ទៅ​ធ្វើ​បាតុកម្ម​ ដល់​​ពី​មុខ​​អង្គការ​សហប្រជាជាតិ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

If K.Sokha file a lawsuit against Hun Sen abroad in million $$ would reward to him...try one K.Sokha

In Million $$ settlement award in false imprisonment with over delayed releasing of Mr."K.Spkha".False allegations of a crime,K.Sokha can sues back against evil criminal minds"HS",if he gets the right best international lawyer to do this job for him"HS must face justice too".Or Lawsuits for civil rights violations+political motivation,and discrimination.K.Sokha false imprisonment is the unlawful restraint of a person without content or legal justification false imprisonment can be committed by word,acts,motivation,or by all 3"above".The common law tort of false imprisonment is defined as an unlawful restraint of an individual's personal liberty or freedom of movement.in order to constitute the wrong it is not necessary that the individual be actually confined or assaulted."HS" stalking victims can be seek justice in civil court.But,in fact Hun Sen's kangaroo judicial systems lacks in legal systems and do whatever they wanted"shame on them".

Sep 02, 2019 02:22 PM

គេហទំព័រ​ទាំងមូល