ក្រុម​យុវជន​យល់​ថា​យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់

ដោយ ឡេង ម៉ាលី
2017-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​យុវជន​ចូលរួម​ពិភាក្សា​គ្នា​អំពី​សារសំខាន់​នៃ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។
ក្រុម​យុវជន​ចូលរួម​ពិភាក្សា​គ្នា​អំពី​សារសំខាន់​នៃ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Chea Sopheain

សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ពុទ្ធិក​សមាគម​ខ្មែរ​នៅ​កម្ពុជា រួម​នឹង​យុវជន​ជាង ៤០​នាក់ ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​៣១ ឧសភា អំពី​សារសំខាន់​នៃ​ការ​ចូលរួម​របស់​យុវជន​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ ពួក​គាត់​យល់​ថា យុវជន​នៅ​តែ​មាន​ភាព​ប្រឈម។

ក្រុម​យុវជន​លើក​ទស្សនៈ​របស់​ខ្លួន​នៅ​ក្នុង​កិច្ច​ពិភាក្សា​គ្នា​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា ថា យុវជន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​ខែ​មិថុនា ខាង​មុខ​នេះ។

មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ហៅ​កាត់​ថា ភី.ឌី.ភី (PDP) លោក ហេង គឹមហុង ថ្លែង​ថា យុវជន​មាន​តួនាទី​សំខាន់ ព្រោះ​ចលនា​យុវជន​ជា​ឋាមពល​ជំរុញ​ល្បឿន​អភិវឌ្ឍន៍​ប្រទេស៖ «យើង​ដឹង​ហើយ​ថា​នៅ​សង្គម​ណា​ក៏ដោយ កាលណា​កម្លាំង​យុវជន​ខ្លាំង កម្លាំង​យុវជន​ពោរពេញ​ទៅ​ដោយ​ឋាមពល និង​ចំណេះ​ដឹង​នោះ សង្គម​ក៏​រុញ​ទៅ​រក​ការ​អភិវឌ្ឍ​ហ្នឹង​មាន​ល្បឿន​លឿន​ដែរ។ តែ​កាលណា​បើ​យុវជន​នៅ​មាន​លក្ខណៈ​អាត្មា​និយម រស់នៅ​ក្នុង​សង្គម​មួយ​អវិជ្ជា រស់នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​ចំណេះ​ដឹង​នៅ​ទាប នោះ​សង្គម​ក៏​ត្រូវ​បាន​ងាយស្រួល​អូស​ទាញ​ដោយ​អ្នក​នយោបាយ ហើយ​ការ​អភិវឌ្ឍ​ក៏​មាន​ល្បឿន​យឺត​ដែរ»

លោក​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ យុវជន​បាន​ជ្រើសរើស​តំណាង​របស់​ខ្លួន​សម្រាប់​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត និង​អភិវឌ្ឍ ក្នុង​នាម​ជា​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ត្រឹមត្រូវ។

ដូច​គ្នា​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ច្បាប់ និង​វិវាទ​នៃ គ..ប លោក កែវ ផល្លា ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​អាណត្តិ​ទី​៤ នេះ អាច​នឹង​មាន​យុវជន​ជាប់​ជា​មេ​ឃុំ​ច្រើន​ជាង​អាណត្តិ​មុន ព្រោះ​ក្នុង​ចំណោម​បេក្ខជន​ឈរ​ឈ្មោះ​ពី​លេខ​រៀង​ទី​១ ដល់​លេខ​៥ ជិត ១០​ម៉ឺន​នាក់ មាន​ចំនួន​ពាក់​កណ្ដាល​ជា​យុវជន​អាយុ​ចាប់​ពី ២៥​ឆ្នាំ ដល់ ៣៥​ឆ្នាំ។ លោក​ថា យុវជន​កាន់​តែ​យល់​អំពី​តួនាទី​របស់​ខ្លួន៖ «ចំនួន​យុវជន​ដែល​ជា​បេក្ខជន​ពេញ​សិទ្ធិ​ក្នុង​បញ្ជី​បេក្ខជន​នៃ​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ខាង​មុខ​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា យុវជន​ចាប់​ផ្ដើម​យល់​ច្បាស់​អំពី​សិទ្ធិ​អំណាច​របស់​ខ្លួន​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ហើយ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី យុវជន​ខ្លះ​នៅ​តែ​មិន​ទាន់​គិតគូរ​ល្អិតល្អន់​អំពី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ទេ។ ដូច​គ្នា​នេះ​ដែរ និស្សិត​សាកលវិទ្យាល័យ​នីតិសាស្ត្រ និង​វិទ្យាស្ថាន​សេដ្ឋកិច្ច កញ្ញា កុប ច័ន្ទណាំ យល់​ថា យុវជន​មួយ​ក្រុម​បាន​ត្រៀម និង​យល់​រួច​ហើយ​អំពី​សមាសភាព​បេក្ខជន​បក្ស​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់។ ប៉ុន្តែ​យុវជន​មួយ​ក្រុម​ទៀត​ជួប​ការ​លំបាក ព្រោះ​តែ​គាត់​ជា​កម្មករ​ចំណាក​ស្រុក និង​ខ្វះ​ការ​បញ្ជាក់​អត្តសញ្ញាណ«បារម្ភ​នោះ គឺ​មាន​គ្រោះថ្នាក់​ណាស់! បើ​សិន​ជា​មាន​ច្រើន​នៅ​ក្នុង​ការិយាល័យ​មួយ​មាន​ច្រើន​មែន​ទែន ពីព្រោះ​អី​ការ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ​ហ្នឹង គឺ​ប្រើ​តែ​បុគ្គល ដែល​កាត់​បាត់​អត្តសញ្ញាណប័ណ្ណ​អី​អ៊ីចឹង វា​កៀក​ថ្ងៃ​បោះឆ្នោត ទើប​គេ​ធ្វើ​អា​ហ្នឹង​ឲ្យ តែ​អ្នក​មក​ចំណាក​ស្រុក​អី​អ៊ីចឹង​ទៅ ធ្វើ​អា​ហ្នឹង​បាន​ដែរ ហើយ​អត់​ទាន់​ស្គាល់​ប្រវត្តិ​អី​ផង ទៅ​បញ្ជាក់​ប័ណ្ណ​បោះឆ្នោត​ឲ្យ​ដែរ អា​ហ្នឹង​វា​គ្រោះថ្នាក់ ហើយ​អា​ហ្នឹង​វា​ជា​ការ​ប្រឈម​ដែរ សម្រាប់​ការ​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ការ​បោះឆ្នោត​នៅ​មូលដ្ឋាន»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (ភី.ឌី.ភី) លោក យង់ គិមអេង ថ្លែង​ថា កិច្ច​ពិភាក្សា​គ្នា​នេះ គឺ​ចង់​ឲ្យ​យុវជន​ចូលរួម​កាន់​តែ​ច្រើន​ក្នុង​នយោបាយ និង​គ្រប់​ដំណាក់កាល​នៃ​ការ​បោះឆ្នោត«ជាពិសេស​នៅ​ក្នុង​ការ​ឃោសនា​ហ្នឹង​អាច​តាមដាន​នូវ​សារ​នយោបាយ​របស់​គណបក្ស​នយោបាយ ក៏ដូចជា​តាមដាន​សកម្មភាព​ឃោសនា​ផ្សេងៗ ហើយ​ក៏​ចូលរួម​ឃោសនា ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត​អី​ជាដើម។ អ៊ីចឹង​បាន​យើង​ព្យាយាម​ធ្វើ​កិច្ចការ​សហការ​ជាមួយ គ..ប ដើម្បី​ស្វែងយល់​ពី​ទិន្នន័យ​របស់​យុវជន​ជា​បេក្ខជន ក៏ដូចជា​យុវជន​ជា​អ្នក​បោះឆ្នោត ដើម្បី​បង្ហាញ​ថា​ទំហំ​នៃ​ការ​ចូលរួម​របស់​យុវជន​កាន់​តែ​ធំ​ឡើង ហើយ​កាន់​តែ​មាន​ភាព​ស្វាហាប់​ឡើង ហើយ​ក៏​កាន់​តែ​មាន​ជំនាញ​ក្នុង​ការ​ចូលរួម»

ទន្ទឹម​គ្នា​នេះ លោក យង់ គិមអេង ផ្ដល់​យោបល់​ថា គណបក្ស​នយោបាយ​នានា​គួរ​តែ​គិតគូរ​គោល​នយោបាយ​របស់​ខ្លួន​សម្រាប់​ទាក់ទាញ​យុវជន ព្រោះ​ការ​បោះឆ្នោត​របស់​យុវជន​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ធំ​នៅ​ក្នុង​គណបក្ស​នយោបាយ​ទាំងនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល