ក្រុម​យុវជន និង​សង្គម​ស៊ីវិល​ស្នើ​​រដ្ឋាភិបាល​ការពារ​ព្រំដែន​ដែល​បោះ​រួច និង​អភិវឌ្ឍន៍​តាម​ព្រំដែន​ច្បាស់លាស់

ដោយ មួង ណារ៉េត
2020-01-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ​១៨៩ ស្ថិត​ក្នុង​ភូមិ​ទួលស្ដី ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA
បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ​១៨៩ ស្ថិត​ក្នុង​ភូមិ​ទួលស្ដី ឃុំ​ទួលស្ដី ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៥។ RFA
Photo: RFA

ក្រុម​យុវជន និង​មន្ត្រី​សង្គម​ស៊ីវិល​ចង់​ឃើញ​រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ ការពារ​ព្រំដែន​ដែល​បាន​បោះ​រួច​សម្រេច​បាន ៨៤​ភាគរយ​ឱ្យ​គង់វង្ស និង​ត្រូវ​ធានា​ថា ដី​ខ្មែរ​នឹង​មិន​បាត់បង់​ទៅ​វៀតណាម​បន្ត​ទៀត។ ពួកគេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម​ពុំ​មាន​ភាព​ស្មោះត្រង់ ជាមួយ​កម្ពុជា​នោះ​ទេ និង​មាន​មហិច្ឆតា​ឈ្លានពាន​កម្ពុជា​គ្រប់​រូបភាព រួមមាន ការ​រំកិល​ព្រំដែន ការរំលោភ​យក​កោះត្រល់ និង​ការ​បញ្ជូន​ជនអន្តោប្រវេសន៍​វៀតណាម​មក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ខុសច្បាប់​ជាដើម។

មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​យុវជន នៅ​មិនទាន់​ស្ងប់​អារម្មណ៍​នៅឡើយ​ទេ ទាក់ទិន​ការ​បោះ​បង្គោល​ព្រំដែន​រវាង កម្ពុជា និង​វៀតណាម សម្រេច​បាន ៨៤​ភាគរយ ឬ​ស្មើ​និង ៣១៥​បង្គោល​កន្លងមក ដែល​ពួកគេ​ចាត់ទុកថា មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​។ តែ​ទោះជា​យ៉ាង​នេះ​ក្ដី ពួកគេ​ចង់​ឱ្យ​មានការ​សើរើ​បង្គោល​ព្រំដែន ដែល​បាន​បោះ​រួច​ទាំងអស់​ឡើងវិញ ប្រសិនបើ​មានការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល។

ពិធី​ចុះ​ហត្ថលេខា​ជាផ្លូវការ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម​ នា​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៩។
ពិធី​ចុះ​ហត្ថលេខា​ជាផ្លូវការ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​កម្ពុជា និង​វៀតណាម​ នា​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ​២០១៩។ រូប​ពី​ហ្វេសប៊ុក​ ហ៊ុន សែន

ក្រុម​យុវជន​អះអាង​ថា បើ​ទោះ​បី​ជា បង្គោល​ព្រំដែន​ដែល​បាន​បោះ​រួច​សម្រេច​បាន ជាង ៨០​ភាគរយ​ក្ដី (៨៤) ក៏​មិន​ប្រាកដ​ថា វៀតណាម​នឹង​ឈប់​ឈ្លានពាន​កម្ពុជា​បន្ត​ទៀត ហើយ​ពួកគេ​ស្នើ​ដល់​រដ្ឋាភិបាល​ថា ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​បញ្ហា​នេះ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​ប្រធាន​ក្រុមការងារ ១០០​រាត្រី លោក មួង សូនី ដែល​ចុះ​អង្កេត​រឿង​នេះ ថ្លែង​នៅ​ថ្ងៃ​ទី​២ មករា​ថា រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ជា​សាធារណៈ ឱ្យ​ពលរដ្ឋ​បាត់​មន្ទិល​នៅឡើយ​ទេ ទាក់ទិន​ការកំណត់​ខណ្ឌសីមា ជាមួយ​ប្រទេស​វៀតណាម​។ លោក​បញ្ជាក់​ថា ក្រុម​ពលរដ្ឋ​នៅតែ​មាន​មន្ទិល និង​មិន​ទុកចិត្ត​រដ្ឋាភិបាល ព្រោះ​រដ្ឋាភិបាល​ព្យាយាម​លាក់បាំង​ព័ត៌មាន​ជាច្រើន ស្ដីពី​បញ្ហា​នេះ ជាពិសេស​រដ្ឋាភិបាល បាន​ប្រើប្រាស់​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ សម័យ​វៀតណាម​គ្រប់គ្រង​កម្ពុជា និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រំលោភ​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១៖ «រឿង​សំខាន់​មួយទៀត ដែល​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​យើង​ត្រូវ​ដឹង​ថា វៀតណាម​អត់​បោះបង់ចោល គំនិត​ក្នុង​ការ​ឈ្លានពាន​កម្ពុជា​យើង​ទេ​។ នេះ​យើង​ត្រូវ​ចងចាំ​ទាំងអស់​គ្នា ហើយ​វៀតណាម​នៅ​ត​បន្ត​យុទ្ធសាស្ត្រ​ជាច្រើន ការឈ្លានពាន​កម្ពុជា និង​ធ្វើ​ឱ្យ​ខ្មែរ​យើង​បែកបាក់​គ្នា​។ ដូច្នេះ​រឿង​ទាំងអស់​នេះ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ត្រូវ​ស្រាវជ្រាវ ពី​យុទ្ធសាស្ត្រ ហើយ​ធ្វើការ​រួមគ្នា ដើម្បី​ការពារ​ទឹកដី​ប្រទេសជាតិ​របស់​យើង»

ប្រធាន​ក្រុម​យុវជន ១០០​រាត្រី លោក មួង សូនី ក្នុង​បន្ទប់​ផ្សាយ​​របស់​វិទ្យុ​អាស៊ីសេរី។
ប្រធាន​ក្រុម​យុវជន ១០០​រាត្រី លោក មួង សូនី ក្នុង​បន្ទប់​ផ្សាយ​​របស់​វិទ្យុ​អាស៊ីសេរី។ RFA

លោក មួង សូនី បន្ថែម​ថា ពលរដ្ឋ​រស់នៅ​ខេត្ត​ស្វាយរៀង តែង​ត្អូញត្អែរ​រឿង​វៀតណាម​បោះ​បង្គោល​ព្រំដែន​បំពាន​ចូល​ដីស្រែ​របស់​ពលរដ្ឋ​ខ្មែរ​អស់​រាប់​រយ​ហិកតារ នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ចំណុច​បង្គោល​ព្រំដែន​លេខ ១៩៤ ដល់ ១៩៩​។ លោក​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​ទេ រឿង​អភិវឌ្ឍន៍​តាម​ព្រំដែន និង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ឱ្យ​រស់នៅ​ក្បែរ​ព្រំដែន​ឱ្យ​ច្រើន ដើម្បី​ជា​របង​ការពារ​ទឹកដី៖ «ត្រូវតែ​រក​វិធីសាស្ត្រ​ការពារ​ព្រំដែន​ដែល​បាន​បោះ​ហើយ​ហ្នឹង ពីព្រោះ​វៀតណាម​គាត់ ក្រឡេចក្រឡុច​ណាស់ បោះ​ហើយ​ក្តី កុំ​ទុកចិត្ត​ថា គាត់​ទទួលស្គាល់​។ អត់​ទេ​វៀតណាម​បើ​តាម​ខ្ញុំ​មើល​អត្តចរិត​របស់​គាត់​។ វិធីសាស្ត្រ​ការពារ​ដែរ មាន​ទី​១ ពាក់ព័ន្ធ​ពលរដ្ឋ​របង​ការពារ​ព្រំដែន យើង​ត្រូវតែ​បង្កើត​ឱ្យ​មាន​។ អ៊ីចឹង​របង​យើង​ត្រូវ​បង្កើត​ឱ្យ មាន​ផ្លូវ​ក្រវាត់​តាម​ព្រំដែន​។ ការ​អភិវឌ្ឍ​តាម​បណ្ដោយ​ព្រំដែន មិនមែន​យើង​ធ្វើ​តែ​លើ​ច្រក​ទ្វារ​អន្តរជាតិ​ធំៗ​ទេ គឺ​យើង​ធ្វើតាម​បណ្ដោយ​ព្រំដែន​ទាំងមូល​តែម្ដង»

ឆ្លើយតប​រឿង​នេះ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី២ មករា ថា រដ្ឋាភិបាល​ទទួលខុស​ត្រូវ ចំពោះ​បញ្ហា​នេះ ហើយ​ការ​បោះ​បង្គោល​ព្រំដែន​សម្រេច​បាន ៨៤​ភាគរយ​កន្លងមក ដើម្បី​ការពារ​ទឹកដី​ឱ្យ​គង់វង្ស​។ ចំពោះ​សំណួរ​ដែល​សួរ​ថា តើ​រដ្ឋាភិបាល​អាច​ធានា​បានទេ​ថា បង្គោល​ព្រំដែន​បាន​បោះ​រួច សម្រេច​បាន ៨៤​ភាគរយ នឹង​មិន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​បន្ត​ទៀត​? លោក វ៉ា គឹមហុង ឆ្លើយ​ថា សំណួរ​នេះ ជា​ការ​មើលងាយ​គណៈកម្មការ​ព្រំដែន ដោយ​លោក​ថ្លែង​ថា ព្រោះ​ការ​បោះបង្គោល​ព្រំដែន​កន្លង​ទៅ ប្រសិនបើ​ឱ្យ​គេ​រំលោភ​ដី​ខ្មែរ តើ​បោះ​ដើម្បី​អ្វី​?«សួរ​សំណួរ​ហ្នឹង​ប្អូន បើ​យើង​បោះ​ព្រំដែន ឱ្យ​គេ​ចូល​រំលោភ​តើ​យើង​បោះ​ធ្វើ​អ្វី បើ​យើង​ខ្មែរ​ដែរ​? យើង​មានការ​ទទួលខុសត្រូវ រដ្ឋាភិបាល​មួយ យើង​ទៅ​បោះ​ឱ្យ​គេ​រំលោភ ហើយ​ប្អូន​ឯង​ម៉េច​បាន​សួរ​អ៊ីចឹង​? ថា នេះ​វា អត់​ត្រូវ បើ​មិន​ចេះ​ធ្វើ​កុំ​ធ្វើ ទុក​ចោល​ទៅ ឱ្យ​អ្នក​គេ​មក​កាន់​កាប់​ក្រោយ​វា​ល្អជា​ជាង។ ថា​ហ្នឹង​វា​អត់​ត្រូវ បើ​ធ្វើ​វា​ល្អ ធ្វើ​មាន​ប្រយោជន៍​ការពារ​ជាតិ ការពារ​បូរណភាព បើ​ធ្វើ​ឱ្យ​គេ​រំលោភ ធ្វើ​ឱ្យ​គេ​បាត់បង់​ទឹកដី ធ្វើ​ៗ​អី​? អត់​មាន​ប្រយោជន៍»

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន សង្កេត​ឃើញ​ថា ការ​បោះបង្គោល​សម្រេច​បាន ៨៤​ភាគរយ​នេះ​នៅ​មិនទាន់​អាច​ចាត់ទុក​ថា កម្ពុជា​មាន​សន្តិភាព​នៅ​ឡើយ​ដែរ ព្រោះ​រដ្ឋាភិបាល​មិនបាន​យក​បង្គោល​ព្រំដែន​របស់​បារាំង​មក​ធ្វើជា​មូលដ្ឋាន​។ លោក​ចង់​ឱ្យ​រដ្ឋាភិបាល​ត្រូវ​សើរើ​បង្គោល​ព្រំដែន​ទាំងអស់​ឡើងវិញ ព្រោះ​ការ​បោះ​បង្គោល​កន្លងមក មាន​ភាព​មិន​ប្រក្រតី​ច្រើន ហើយ​ការ​អភិវឌ្ឍ​តាម​បណ្ដោយ​ព្រំដែន​ក៏​នៅ​មាន​តិចតួច​បំផុត​៖ «ឥឡូវនេះ​យើង​អត់​ទាន់​ឃើញ មានការ​អភិវឌ្ឍន៍​ជា​ដុំកំភួន​ណា នៅ​តាម​បណ្ដោយ​ព្រំដែន​នៅ​ឡើយ​ទេ មានតែ​ឃើញ​ធ្វើតាម​ច្រក​ទ្វារ​បាន​ខ្លះៗ​ហ្នឹង​។ យើង​ចង់​ឱ្យ​រដ្ឋាភិបាល ត្រូវ​សើរើ​ព្រំដែន​ឡើងវិញ ពីព្រោះ​យើង​ឃើញ​ថា ការ​បោះ​បង្គោល​ព្រំដែន​មាន​ភាព​មិន​ប្រក្រតី​ច្រើន​។ ត្រូវ​ពឹង​ផ្អែកលើ​មូលដ្ឋាន រដ្ឋធម្មនុញ្ញ ត្រូវតែ​ពិនិត្យ​សើរើ​ឡើងវិញ ចំពោះ​បង្គោល​ទាំងអស់​ហ្នឹង​បាទ»

លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅ​កាន់​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។ រូបថត៖  ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី
លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។ រូបថត៖ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន ១.២៤៥​គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១​បង្គោល​។ បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​រួចរាល់​ចំនួន ៣១៥​បង្គោល ស្មើនឹង ៨៤​ភាគរយ ហើយ​បង្គោល​នៅសល់​ចំនួន ៥៦​ទៀត មាន​ឋិត​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល