បេក្ខជន​ចៅសង្កាត់​សាលាកំរើក​​សន្យា​កែ​ទ្រង់​រដ្ឋបាល​ថ្មី​នៅ​ពេល​ឡើង​កាន់​តំណែង

ដោយ ហង្ស សាវយុត
2017-07-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជិន សុខង៉េង ​ជួប​ប្រជុំ​ជា​មួយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​​​ពេល​លោក​ឡើង​កាន់​តំណែង​ជា​ចៅ​សង្កាត់​សាលាកំរើក ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Hang Savyouth
លោក ជិន សុខង៉េង ​ជួប​ប្រជុំ​ជា​មួយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មុន​​​ពេល​លោក​ឡើង​កាន់​តំណែង​ជា​ចៅ​សង្កាត់​សាលាកំរើក ក្នុង​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Hang Savyouth
RFA/Hang Savyouth

យុវជន​វ័យ​ក្មេង​ដែល​ជា​បេក្ខភាព​មេ​ឃុំ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​ឡើង​កាន់​តំណែង​ជា​ចៅសង្កាត់​សាលាកំរើក ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ជំនួស​ដៃគូ​ប្រជែង​របស់​គាត់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​វ័យ​ចំណាស់ និង​កាន់​តំណែង រយៈពេល ៣​អាណត្តិ​មក​ហើយ​នោះ។

​យុវជន​ដែល​ត្រូវ​ឡើង​កាន់​តំណែង​ថ្មី​នេះ សន្យា​ថា គាត់​នឹង​ប្រឹងប្រែង​ធ្វើ​ការ​រួម​គ្នា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ មក​ពី​គណបក្ស​នយោបាយ​ផ្សេងៗ​គ្នា ព្រម​ទាំង​កែទម្រង់​ការងារ​រដ្ឋបាល​សម្រាប់​បម្រើ​សេវា​សាធារណជន​ឱ្យ​បាន​ល្អ​ជាង​មុន។

​តើ​ពលរដ្ឋ​មាន​ការ​ជឿជាក់​លើ​សមត្ថភាព​ដឹកនាំ​របស់​ចៅសង្កាត់​ថ្មី​វ័យ​ក្មេង​នេះ​ដែរ ឬ​ក៏​យ៉ាង​ណា?

លោក ជិន សុខង៉េង អាយុ ២៦​ឆ្នាំ គឺ​ជា​យុវជន​វ័យ​ក្មេង​តែ​ម្នាក់​គត់​នៅ​ខេត្ត​សៀមរាប ដែល​ត្រូវ​ឡើង​កាន់​តំណែង​ជា​ចៅសង្កាត់​សាលាកំរើក ក្រុង​សៀមរាប សម្រាប់​អាណត្តិ​ទី​៤​នេះ។

លោក ជិន សុខង៉េង មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​លោក​ឡើង​កាន់​តំណែង​ជា​ចៅសង្កាត់ គឺ​នឹង​តាំង​ចិត្ត​ធ្វើ​ការ​រួម​គ្នា​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ចំនួន ១១​រូប​ទៀត​ដែល​មក​ពី​គណបក្ស​ផ្សេង​គ្នា​ដោយ​មិន​គិត​ពី​​និន្នាការ​នយោបាយ​ឡើយ គឺ​គិតតែ​ការ​អភិវឌ្ឍ​មូលដ្ឋាន និង​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ។

​សុខង៉េង បញ្ជាក់​ថា លោក​នឹង​ត្រូវ​ធ្វើ​ការងារ​ជា​ច្រើន​ទាំង​ផ្នែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​កិច្ច​ការពារ​បរិស្ថាន ព្រមទាំង​ការ​កែទម្រង់​រដ្ឋបាល​ថ្មី​ជាដើម៖ «ពេល​ចូល​កាន់​តំណែង​នេះ ទី​១ គឺ​រៀបចំ​ប្រព័ន្ធ​រដ្ឋបាល​ចាស់ ឱ្យ​ក្លាយ​ជា​រដ្ឋបាល​ថ្មី ដែល​ស្អាតស្អំ​មិន​មាន​អំពើ​ពុករលួយ​នៅ​ទី​នោះ ទី​២ គឺ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ហ្នឹង​នឹង​ទទួល​បាន​ការ​បម្រើ​សេវា​សាធារណៈ​បាន​ឆាប់រហ័ស»

​ជិន សុខង៉េង ហាក់​ដូចជា​ចាប់​អារម្មណ៍​នឹង​តួនាទី​របស់​គាត់​ដែល​ជា​ចៅសង្កាត់​ខ្លាំង​ណាស់ គឺ​នៅ​មុន​ពេល​ចូល​កាន់​តំណែង​ជា​ច្រើន​ថ្ងៃ គាត់​បាន​ខំ​ប្រឹងប្រែង​រៀបចំ​ផែនការ​ការងារ និង​ប្រមូល​ព័ត៌មាន​នានា តាម​ប្រព័ន្ធ​សារ​អេឡិចត្រូនិក។

លោក ជិន សុខង៉េង ដែល​ត្រូវ​ឡើង​​កាន់​តំណែង​ជា​ចៅសង្កាត់​សាលាកំរើក ក្នុង​ខេត្ត​សៀមរាប ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA
លោក ជិន សុខង៉េង ដែល​ត្រូវ​ឡើង​​កាន់​តំណែង​ជា​ចៅសង្កាត់​សាលាកំរើក ក្នុង​ខេត្ត​សៀមរាប ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA RFA

ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​លំនៅឋាន​ជិត​កន្លែង សុខង៉េង ស្នាក់​ក្នុង​ភូមិ​ត្រពាំងសេះ សង្កាត់​គោកចក បាន​បង្ហាញ​ពី​ការ​ចូល​ចិត្ត​នឹង​អាកប្បកិរិយា​យុវជន​ម្នាក់​នេះ។

អ្នកស្រី ជា រ៉ាន់ណា អាយុ ៧៥​ឆ្នាំ នៅ​ភូមិ​ត្រពាំងសេះ មាន​ប្រសាសន៍​ថា រូប​គាត់​ចូលចិត្ត​យុវជន សុខង៉េង ពី​ព្រោះតែ​ឧស្សាហ៍​ព្យាយាម​ធ្វើ​ការងារ និង​មាន​ភាព​រួសរាយ​រាក់ទាក់​ជាមួយ​អ្នក​ជិត​ខាង៖ «ឃើញ​ខ្ញុំ​ដើរ​ហាត់ប្រាណ អ៊ីចឹង​មក​គាត់​ជម្រាបសួរ​ខ្ញុំ។ ខ្ញុំ​មើល​ទៅ​ឃើញ​សមរម្យ ដូច​ថា គាត់​ក្មេង​មែន ប៉ុន្តែ​គាត់​មាន​គំនិត​គិតគូរ​ទៅ​ដល់​ប្រទេស​ជាតិ​ណាស់»

បើ​ទោះ​បី​ជា​អ្នក​ជិត​ខាង​មួយ​ចំនួន បង្ហាញ​ការ​ចូល​ចិត្ត​យុវជន ជិន សុខង៉េង ក៏ដោយ ក៏​មិន​ទាន់​ប្រាកដ​ថា តើ​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត នៅ​ក្នុង​សង្កាត់​សាលាកំរើក មាន​ការ​ជឿជាក់​យ៉ាង​ណា​ចំពោះ​សមត្ថភាព​ដឹកនាំ​នៃ​ចៅសង្កាត់​ថ្មី វ័យ​ក្មេង និង​កំលោះ​របស់​ពួកគេ​នោះ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

អ្នក​ភូមិ​ត្រពាំងត្រែង ម្នាក់ លោក ណុប ណូត មាន​ប្រសាសន៍​ថា ថ្វី​ដ្បិតតែ​ឭ​សូរ​ថា ចៅសង្កាត់​ដែល​មក​កាន់​តំណែង​ថ្មី គឺ​ជា​កំលោះ​វ័យ​ក្មេង ប៉ុន្តែ​រូប​គាត់​នៅ​មិន​ទាន់​ឃើញ​មុខ និង​ស្គាល់​ចៅសង្កាត់​ថ្មី​នោះ​នៅ​ឡើយ​ទេ។ បុរស​ដដែល​បញ្ជាក់​ថា គាត់​មិន​ទាន់​ហ៊ាន​ឱ្យ​តម្លៃ​ទៅ​លើ​សមត្ថភាព​ដឹក​នាំ​របស់​ចៅសង្កាត់​ថ្មី​នោះ យ៉ាង​ណា​ទេ ពីព្រោះ​តែ​គាត់​មិន​ទាន់​ដឹង​ពី​កម្រិត​អប់រំ​របស់​ចៅសង្កាត់​ថ្មី​នោះ​ឱ្យ​បាន​ប្រាកដ។

​ទោះ​ជា​យ៉ាង​ណា លោក ណុប ណូត ចង់​ឱ្យ​ចៅសង្កាត់​វ័យ​ក្មេង​ដែល​ទើប​នឹង​ឡើង​កាន់​តំណែង​ថ្មី​ជួយ​អភិវឌ្ឍ​ផ្លូវ​ថ្នល់ ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​សម្អាត​បរិស្ថាន នៅ​ក្នុង​ភូមិ​របស់​គាត់​ឱ្យ​បាន​ល្អ​ជាង​មុន៖ «ខ្ញុំ​មិន​ដឹង​ពី​ជម្រៅ​ចំណេះដឹង​របស់​គាត់​ជា​ហេតុ​ដែល​ខ្ញុំ​មិន​អាច​សន្និដ្ឋាន​ពី​សមត្ថភាព​ដឹកនាំ​របស់​គាត់​បាន​ឡើយ។ នៅ​ទី​នេះ ទី​១ ខ្ញុំ​ចង់​ឱ្យ​មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ស្អុយ ទី​២ គឺ​សំអាត​បរិស្ថាន​សំរាម»

ចំណែក​អតីត​ចៅសង្កាត់​សាលាកំរើក មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចាញ់​ការ​បោះឆ្នោត​ទៅ​ហើយ លោក សាម ឡន បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ទៅ​លើ​សមត្ថភាព​ចៅសង្កាត់​ថ្មី ដែល​មក​កាន់​តំណែង​របស់​លោក​នោះ​យ៉ាង​ណា​ទេ ដោយ​លោក​គ្រាន់តែ​មាន​ប្រសាសន៍​ថា ជា​មនុស្ស​ដែល​មក​ពី​និន្នាការ​នយោបាយ​ផ្សេង​ពី​គ្នា៖ «អូ! បញ្ហា​នោះ ចាំ​សួរ​គេ​ផ្ទាល់​ទៅ ខ្ញុំ​មិន​ដឹង​ទេ ធម្មតា​មនុស្ស​ផ្សេង​គ្នា​មិន​អាច​ឆ្លើយ​បាន​ទេ ពីព្រោះ​ជា​រឿង​របស់​គេ»

លោក ជិន សុខង៉េង ជា​ចៅសង្កាត់​សាលាកំរើក ដែល​ទើប​នឹង​ឡើង​កាន់​តំណែង​ថ្មី​បាន​ប្ដេជ្ញា​ចិត្ត​ថា លោក​នឹង​ខិតខំ​អភិវឌ្ឍន៍​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ​បង្ហូរ​ទឹក និង​បញ្ហា​បរិស្ថាន​នានា នៅ​ក្នុង​សង្កាត់​នោះ​ឱ្យ​បាន​ប្រសើរ ប្រសិនបើ​លោក​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​មិន​បាន​ទេ គឺ​លោក​ហ៊ាន​លាលែង​ពី​តំណែង៖ «ខ្ញុំ​ជម្រាប​ជូន​បងប្អូន​ជន​រួម​ជាតិ​ថា ក្នុង​ភាព​ជា​អ្នកដឹកនាំ បើ​យើង​ធ្វើ​ការងារ​បម្រើ​ម្ចាស់​ឆ្នោត​មិន​បាន គឺ​ត្រូវ​តែ​ចុះ​ចេញ​ពី​តំណែង»

បច្ចុប្បន្ន​នេះ ជិន សុខង៉េង មាន​ម៉ូតូ ១​គ្រឿង ដែល​តែង​ជិះ​ទៅ​ធ្វើ​ការងារ និង​ដើរ​មើល​មូលដ្ឋាន​ក្នុង​សង្កាត់​សាលាកំរើក របស់​គាត់។

ជិន សុខង៉េង កើត​នៅ​ឆ្នាំ​១៩៩១ នៅ​ភូមិ​ព្រែកតាកែ ឃុំ​ល្វេ នៃ​ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម។សុខង៉េង បាន​សិក្សា​វិជ្ជាពេទ្យ​កម្រិត​បរិញ្ញាបត្រ​នៅ​ឯ​ទីក្រុង​ភ្នំពេញ ហើយ​ធ្លាប់​បើក​បន្ទប់​ពិគ្រោះ​ជំងឺ​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ បើក​បន្ទប់​ពិគ្រោះ​ជំងឺ​បាន​រយៈពេល ១​ឆ្នាំ គាត់​បាន​បោះបង់​ចោល​មុខ​របរ​នេះ ហើយ​បាន​ចូល​បម្រើ​គណបក្ស​នយោបាយ​ដោយ​មាន​មុខ​ងារ​ជំនួយ​ការ​របស់​លោក ម៉ែន សុថាវរិន្ទ្រ អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

​សុខង៉េង បាន​មក​ស្នាក់នៅ​ខេត្ត​សៀមរាប រយៈពេល ២​ឆ្នាំ​ហើយ ដើម្បី​ជួយ​ដល់​ការងារ​គណបក្ស​នៅ​ក្នុង​ខេត្ត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

អ្វីដែលគាត់និយាយសន្យាគឺត្រឹមត្រូវហើយ តែការអនុវត្តដូចជាពិបាកបន្តិចហើយ ពិបាកនៅត្រង់ថាតើអ្នកចាញ់ឆ្នោតដែលនឹងត្រូវធ្វើការជាមួយគ្នានោះគេធ្វើតាមដែរឬអត់? នេះជាការព្រួយបារម្ភរបស់ប្រជាពលរដ្ឋម្ចាស់សន្លឹកឆ្នោត។

Jul 07, 2017 07:24 PM

គេហទំព័រ​ទាំងមូល