ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​​ប្រមូល​ស្នាម​មេដៃ​ធ្វើ​ញត្តិ​ប្រឆាំង​ការ​ផ្ដល់​ដី ៤០ហិកតារ​​ឲ្យ​​ជន​​ជាតិ​​វៀតណាម

ដោយ សេក បណ្ឌិត
2019-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទះ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​តំបន់​ផ្សារក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។
ផ្ទះ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម នៅ​តំបន់​ផ្សារក្រោម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៧។
Photo: RFA

ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូងកំពុងប្រមូលស្នាមមេដៃធ្វើជាញត្តិប្រឆាំងការផ្តល់ដី៤០ហិកតារឲ្យជនជាតិវៀតណាម ខណៈ​រដ្ឋាភិបាល​កំពុង​ចាក់​ដី និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា លើ​ទីតាំង​ដី ដែល​គ្រោង​ប្រគល់​ឱ្យ​ជនជាតិ​វៀតណាម នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​តែ​ប្រកាន់​ជំហរ​ប្រឆាំង​ការ​ផ្ដល់​ដី ៤០ហិកតារ​នៅ​ខេត្ត​កំពង់ឆ្នាំង ទៅ​ឱ្យ​ជន​ជាតិ​វៀតណាម​ដដែល។ ពួក​គេ​ថា ទោះ​មន្ត្រី​រដ្ឋាភិបាល និង​អាជ្ញាធរ​ខេត្ត​ព្យាយាម​និយាយ​ពង្វាង ដោយ​ប្រើ​ពាក្យ​ថា បន្លាស់​ទី​ពី​ទឹក​មក​ដី​គោក​ក្តី ក៏​ពួក​គេ​ថា ពាក្យ​សំដី​ទាំង​នេះ​គ្រាន់​និយាយ​ឲ្យ​រួច​ផុត​ពី​ការ​រិះគន់​ថ្កោល​ទោស​ពី​ពលរដ្ឋ​ខ្មែរ​ប៉ុណ្ណោះ ។

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ កូរ៉េ​ខាង​ត្បូង​លោក ស សុខេម ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២៩ ខែ​ធ្នូ​ថា ក្រុម​ពលករ និង​យក​ញត្តិ​ប្រឆាំង​ការ​ផ្តល់​ដី​នេះ ទៅ​ដាក់​នៅ ​ស្ថានទូត​ខ្មែរ និង​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ២០២០ ខាង​មុខ។ លោក​ថា ពេល​នេះ​ក្រុម​លោក​កំពុង​ដើរ​ប្រមូល​ស្នាម​មេដៃ​ពលករ​ផ្សេង​ទៀត ដែល​កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង៖ «ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ស៊ូវុន គឺ​យើង​យក​ក្រដាស​ទាំង​អស់​ហ្នឹង​មក​ជួប​ជុំ​គ្នា ហើយ​យើង​ជួល​ឡាន​ក្រុង​ទៅ​ស្ថានទូត​ហ្មង»

ក្រុម​ពលករ​រំពឹង​ថា រដ្ឋាភិបាល​នឹង​ស្ដាប់​ការ​ទាមទារ​របស់​ពួកគេ ហើយ​បញ្ឈប់​គម្រោង​នេះ ដោយ​បែរ​មក​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ជន​ជាតិ​វៀតណាម ដែល​ចូល​មក រស់នៅ​ខុស​ច្បាប់​លើ​ទឹកដី​ប្រទេស​កម្ពុជា​វិញ។

អាស៊ី​សេរី​បាន​ព្យាយាម​​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​ទី២៩ ខែធ្នូ ប៉ុន្តែ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ ទោះ​បែប​នេះ​ក្តី លោក​ ធ្លាប់​បាន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី ថ្ងៃ​ទី១២ ខែ​ធ្នូ​ កន្លង​ទៅ​ថា រដ្ឋាភិបាល​មិន​បាន​ផ្ដល់​ដី​ឱ្យ​ជនជាតិ​វៀតណាម​ទាំង​នោះ​ទេ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​បន្លាស់​ទី​ពី​ផ្ទះ​បណ្ដែត​ទឹក​ឱ្យ​ជនអន្តោប្រវេសន៍​ទាំង​នោះ​ឡើង​មក​រស់នៅ​លើ​គោក​វិញ​ប៉ុណ្ណោះ។ លោក​អះអាង​ទៀត​ថា ផ្អែក​លើ​ច្បាប់ និង​ការ​គ្រប់គ្រង​ដែនដី ជន​ជាតិ​វៀតណាម​ទាំង​នោះ​មិន​អាច​យក​ដី​នោះ​បាន​ទេ៖ «ដូច្នេះ​យើង​ត្រូវ​បញ្ចប់​ការរើសអើង​ពូជ​សាសន៍​មក​ជា​រដ្ឋបាល​ទំនើប។ ដូច្នេះ ការ​បារម្ភ​ពី​សន្តិសុខ​ជាតិ ដែល​យើង​បង្កើត​ភូមិ​សម្រាប់​អន្តោប្រវេសន៍​មក​នៅ​មិន​ប៉ះពាល់​សន្តិសុខ​ជាតិ​ទេ»

ចំណែក អភិបាល​ង​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ ក៏​បាន​បញ្ជាក់​ដែរ​ថា ពេល​នេះ​អាជ្ញាធរ​កំពុង​ពន្លឿន​ការ​ចាក់​ដី និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ត្រូវ​បន្លាស់​ទី​ អាច​ចូល​ទៅ​សង់​ទីលំនៅ​នៅ​លើ​ដី ៤០ហិកតារ​នោះ។ លោក​ថា​ មក​ទល់​ពេល​នេះ ទើប​តែ​មាន​ប្រជាពលរដ្ឋ​ជាង ១០០ផ្ទះប៉ុណ្ណោះ ទៅ​រស់​នៅ​លើ​ដី​នោះ។ លោក​អះអាង​ថា អ្នក​ដែល​ត្រូវ​បាន​រៀបចំ​ឱ្យ​បន្លាស់​ទី​មាន​ចំនួន ៤.៥៦៣​គ្រួសារ ក្នុង​នោះ​ជនអន្តោប្រវេសន៍​វៀតណាម​មាន ២.៣៧៩​គ្រួសារ ស្មើនឹង​ជាង ១ម៉ឺន​នាក់ (១០.០៨៧នាក់)។ ក្រៅ​ពី​នោះ លោក​ថា គឺ​ជា​ប្រជាពលរដ្ឋ​ខ្មែរ និង​ជន​ជាតិ​ចាម។

ក្រុម​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​លើក​ឡើង​ថា ពួក​គេ​មិន​បាន​រើសអើង​​ជាតិ​​សាសន៍​​នោះ​​ទេ ប៉ុន្តែ​ពួក​គេ​សង្កេត​ឃើញ​ថា សព្វ​ថ្ងៃ​នេះ​ពលរដ្ឋ​ម្ចាស់​ស្រុក​មួយ​ចំនួន​កំពុង​រស់​នៅ​ដោយ​គ្មាន​ដីធ្លី​ត្រឹមត្រូវ និង​ត្រូវ​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​ដីធ្លី​ស្ទើរ​រាល់​ថ្ងៃ។ ក្រុម​ពលករ​ខ្មែរ ចង់​ឃើញ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ខ្លួន​ឲ្យ​រួចរាល់​សិន មុន​នឹង​គិតគូរ​ដល់​ជន​ជាតិ​ផ្សេង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល