អ្នកឃ្លាំមើល​ថា ការ​បាត់បង់ EBA អាច​ធ្វើ​ឱ្យ​កម្ពុជា​បាត់​ឯករាជ្យ​ផ្នែក​សេដ្ឋកិច្ច

ដោយ ជី វិតា
2019-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី ហ្វេដេរ៊ីកា មូហ្ការ៊ីនី (Federica Mogherini) តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប ផ្នែកកិច្ចការ​បរទេស និង គោលនយោបាយ​សន្តិសុខ និង ជា​អនុប្រធានស្នងការអឺរ៉ុប ជួបជាមួយ​លោក ហ៊ុន សែន (រូបឃើញតែខ្នង)នៅទីក្រុង​ ប្រ៊ុចស្សែល ប្រទេស​ ប៊ែលហ្ស៊ិក កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨។
អ្នកស្រី ហ្វេដេរ៊ីកា មូហ្ការ៊ីនី (Federica Mogherini) តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប ផ្នែកកិច្ចការ​បរទេស និង គោលនយោបាយ​សន្តិសុខ និង ជា​អនុប្រធានស្នងការអឺរ៉ុប ជួបជាមួយ​លោក ហ៊ុន សែន (រូបឃើញតែខ្នង)នៅទីក្រុង​ ប្រ៊ុចស្សែល ប្រទេស​ ប៊ែលហ្ស៊ិក កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨។
Photo Courtesy of the EU Audio Visual Services

អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បាន​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ខ្មែរ​យ៉ាង​ច្រើន​សម្បើម និង​មិន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ឯករាជ​របស់​ខ្លួន​ឡើយ ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ប្រឹងប្រែង​រក្សាទុក ជាជាង​ប្រឹង​បង្ហាញ​សាច់ដុំ​ថា ខ្លួន​មានលទ្ធភាព​ដោះស្រាយ​បញ្ហា​នានា នៅ​ពេល​បាត់បង់ EBA​។ នេះ​ជា​ប្រតិកម្ម​ឆ្លើយតប​ទៅ​នឹង​ប្រសាសន៍​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​លើកឡើង​ថា លោក​ចង់​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ម្ចាស់ការ លែង​ពឹង​ការ​អនុគ្រោះ​ពន្ធ​ពី​បរទេស។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ និង​សង្គម​មើលឃើញ​ថា ឋានៈ​អនុគ្រោះ​ពន្ធ​ដែល​ក្រុម​ប្រទេស​លោក​សេរី​បាន​ផ្ដល់​ឱ្យ​កម្ពុជា​នោះ មិន​ប៉ះពាល់​ដល់​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ឡើយ ប៉ុន្តែ​ការ​អនុគ្រោះ​ពន្ធ​នេះ មានតែ​ជួយ​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា​ទៅវិញ​ទេ។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក យល់ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​កំពុង​និយាយ​លួង​ចិត្ត​ខ្លួនឯង និង​អ្នកគាំទ្រ​ទាក់ទង​នឹង​ការ​ពង្រឹង​សេដ្ឋកិច្ច​កម្ពុជា ក្រោយពេល​បាត់បង់​ការ​អនុគ្រោះ​ពន្ធ EBA។ លោក​ថា ប្រសិនបើ​គ្មាន​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​GSP របស់​សហរដ្ឋអាមេរិក​ទេ នោះ​សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​បាត់បង់​ម្ចាស់ការ ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​នោះ កម្ពុជា​នឹង​បាត់បង់​ឯករាជ្យ​លើ​វិស័យ​នយោបាយ ដោយសារតែ​ត្រូវ​ខិត​ទៅ​ជិត​ចិន​ដើម្បី​រក​ជំនួយ​ទប់ទល់​នឹង​ទណ្ឌកម្ម​​នេះ​។ លោក​បន្ថែម​ថា ប្រសិនបើ​ចង់​ឱ្យ​ប្រទេស​មាន​ភាព​ម្ចាស់ការ​លើ​ខ្លួនឯង​នោះ ថ្នាក់ដឹកនាំ​កម្ពុជា​ត្រូវ​ប្រឹងប្រែង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ដើម្បី​បញ្ចៀស​ការបាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក៖ «មុននឹង​គេ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​គេ​ភ្ជាប់​លក្ខខណ្ឌ​រួចទៅ​ហើយ​ថា ប្រទេស​កម្ពុជា​ត្រូវតែ​គោរព​ទៅលើ​សិទ្ធិមនុស្ស គោរព​ទៅលើ​លទ្ធិប្រជាធិបតេយ្យ​។ នេះ​គឺ​មិនមែន​ជា​ការ​លូកដៃ​របស់​សហភាព​អឺរ៉ុប​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​កម្ពុជា​ទេ។ អ៊ីចឹង​ហើយ ការ​លើកឡើង​ថា ការ​ទទួល​នូវ​គោលការណ៍​ដែល​អឺរ៉ុប​ទាមទារ​ហ្នឹង វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឯករាជ្យភាព និង​ម្ចាស់ការ គឺ​មិនមែន​ជា​ការពិត​ទេ»

ប្រតិកម្ម​របស់​អ្នកឃ្លាំមើល​សង្គម​រូប​នេះ ធ្វើឡើង​ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២១ ធ្នូ​ថា លោក​ចង់​ឱ្យ​កម្ពុជា​មាន​ឯករាជ្យ​លើ​វិស័យ​សេដ្ឋកិច្ច ដោយ​ឈប់​ពឹង​ផ្អែកលើ​ការ​អនុគ្រោះ​ពន្ធ​របស់​បរទេស។ ផែនការ​សកម្មភាព​ដែល​មេដឹកនាំ​របប​ឯក​បក្ស​រូប​នេះ​បាន​លើក​ឡើង​នោះ គឺ​បង្កើន​ការផលិត​នៅ​ក្នុង​ស្រុក​សម្រាប់​ផ្គត់ផ្គង់​ដល់​វិស័យ​ទេសចរ ហើយ​ដើម្បី​សម្រេច​ផែនការ​នេះ​បាន តម្រូវ​ឱ្យ​មាន​ការ​ផ្ដល់​បច្ចេកទេស​ពី​ខាង​វិស័យ​កសិកម្ម និង​កម្ចី​ពី​ខាង​មីក្រូហិរញ្ញវត្ថុ៖ «សូម​យកចិត្តទុកដាក់​ដែល​ទាក់ទង​ទៅ​នឹង​ការ​ជំរុញ​ការផលិត​ដើម្បី​ផ្គត់ផ្គង់​ដល់​វិស័យ​ទេសចរណ៍ ដែល​នោះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​របស់​យើង​មាន​ទីផ្សារ​សម្រាប់​ការ​លក់​ផលិតផល​របស់​ពួកគាត់​។ យើង​ត្រូវ​ធ្វើ​កិច្ច​ការងារ​នេះ ហើយ​នេះ​ហើយ​ដែល​ខ្ញុំ​ហៅថា ជា​សេដ្ឋកិច្ច​ដែល​មិន​ពឹង​ពាក់​ទៅលើ​ចំណុច​អ្វី​ដែល​គេ​ហៅថា ការ​អនុគ្រោះ​នេះ ការ​អនុគ្រោះ​នោះ តាមរបៀប​ដែល​យើង​ទៅ​សុំ​ទាន​គេ​។ យើង​ចង់​ឯករាជ្យ ម្ចាស់ការ​របស់​យើង»

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​កសិករ​យល់​ថា គម្រោង​នេះ ហាក់​មាន​ភាព​យឺតយ៉ាវ ហើយ​ទំនងជា​មិន​អាច​ដំណើរការ​ដោយ​ជោគជ័យ​ឡើយ។

ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា (CFCC) លោក ថេង សាវឿន ថ្លែង​ថា កសិករ​ខ្មែរ​ភាគច្រើន​នៅតែ​ដាំ​ដុះ​ពឹង​អាស្រ័យ​លើ​ធម្មជាតិ និង​អនុវត្ត​បច្ចេកទេស​បែប​ប្រពៃណី ដោយ​ខ្វះ​ការ​បំពាក់​បំប៉ន​ជំនាញ​ពី​មន្ត្រី​កសិកម្ម​។ ម្យ៉ាងវិញទៀត លោក​ថា ពេល​កសិករ​ប្រមូល​ផល​បាន ពួកគាត់​ពិបាក​រក​ទីផ្សារ​លក់ ឬ​ពេលខ្លះ​កសិផល​ទាំងនោះ​ត្រូវ​ធ្លាក់​ថ្លៃ ធ្វើ​ឱ្យ​ពួកគាត់​ខាតបង់​ចំណូល និង​ខ្វះ​ដើមទុន ដើម្បី​បន្ត​ធ្វើ​កសិកម្ម​នៅ​ពេល​ក្រោយ​ទៀត​។ ជាមួយ​គ្នា​នេះ លោក​កត់សម្គាល់​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ផ្ដល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ខ្ពស់ មិន​អាច​ជួយ​លើកស្ទួយ​ជីវភាព​កសិករ​បាន​ឡើយ មានតែ​ធ្វើ​ឱ្យ​កសិករ​ផុងខ្លួន​ក្នុង​វិបត្តិ​បំណុល​ទៅវិញ​ទេ​។ លោក​សង្កត់ធ្ងន់​ថា កម្ពុជា​នៅតែ​ត្រូវការ​ជា​ចាំបាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​អន្តរជាតិ ជាពិសេស ទីផ្សារ​សហភាព​អឺរ៉ុប ដើម្បី​ពង្រឹង​សក្ដានុពល​នៃ​ការផលិត និង​ការនាំចេញ​របស់​ខ្លួន៖ «ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្តល់​ឱ្យ​កម្ពុជា​ប៉ុណ្ណឹង បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​ហ្នឹង​មិន​ត្រូវ​បាន​ដោះស្រាយ​ផង ចុះបើ​ទម្រាំ​បាត់​កម្មវិធី​អនុគ្រោះ​ពន្ធ​ទៀត​? ខ្ញុំ​លើក​ឧទាហរណ៍​ផល​ប៉ះពាល់​ជាក់ស្ដែង​អំពី​ការ​យកពន្ធ​តែ​វិស័យ​នាំ​អង្ករ​ចេញ ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង ហើយ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ស្រែក​ចាច​អំពី​បញ្ហា​ហ្នឹង​។ ចុះ​តើ​វិស័យ​ផ្សេងៗ​ទៀត​អាច​ប្រឈម​ដែរ​ឬទេ ហើយ​តើ​រដ្ឋាភិបាល​បាន​ត្រៀម​សមត្ថភាព​ដោះស្រាយ​ហើយ​ឬ​នៅ​? យើង​ឃើញ​ថា​រដ្ឋាភិបាល​បាន​ត្រៀម​ដោះស្រាយ ប៉ុន្តែ​ការ​ត្រៀម​ហ្នឹង​មិន​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ចាំបាច់​បំផុត​របស់​ប្រជាជន ដូចជា​កម្មករ ដែល​ជា​អ្នក​ងាយ​រងគ្រោះ​ភាគច្រើន​នោះ​ទេ ក៏ប៉ុន្តែ​ហាក់បីដូចជា​ជួយ​ដោះស្រាយ​តែ​វិស័យ​ឯកជន ឬក៏​មុខ​ជំនួញ​ផ្សេងៗ ដែល​ពួកគេ​មានឱកាស​គាំពារ​ពី​រដ្ឋាភិបាល​ច្រើន​ទៀត»

ស្រប​ពេល​ដែល​ឱសានវាទ​នៃ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA កាន់តែ​ខិត​ជិត​ចូល​មក​ដល់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ញឹកញាប់​ថា លោក​មិន​ខ្វល់​ពី​ទណ្ឌកម្ម​នេះ​ឡើយ ហើយ​លោក​អះអាង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​នៅតែ​រឹងមាំ ទោះជា​គ្មាន​ការ​អនុគ្រោះ​ពន្ធ​នេះ​ក៏ដោយ​។ លោក​ហាក់​ជឿជាក់​លើ​ចំណូល​ដែល​បាន​មក​ពី​ការ​ប្រមូល​ពន្ធគយ និង​ពន្ធដារ ថា​នឹង​អាច​ជួយ​ទ្រទ្រង់​រដ្ឋាភិបាល​របស់​លោក​បាន​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​បាត់បង់​ការ​អនុគ្រោះ​ពន្ធ។ ក្រៅ​ពី​នេះ លោក​អះអាង​ថា រដ្ឋាភិបាល​មាន​សាច់ប្រាក់​ប្រមាណ​៣ ពាន់​៥ រយ​លាន​ដុល្លារ​ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ និង​ទុន​បម្រុង​អន្តរជាតិ​ប្រមាណ​១៥ ពាន់​លាន​ដុល្លារ ព្រមទាំង​មាស​សុទ្ធ​៣០ តោន​ថែមទៀត ដើម្បី​ត្រៀម​ទប់​ទល់នឹង​ហានិភ័យ​ផ្នែក​សេដ្ឋកិច្ច។

ទោះជា​យ៉ាងណា ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ របស់​ពិភពលោក បាន​ព្រមាន​រួចហើយ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ត្រូវ​ធ្លាក់​ចុះ​ពី ៧​ភាគរយ ក្នុង​ឆ្នាំ​២០១៩ មក​នៅ​ត្រឹម ៦,% ក្នុង​ឆ្នាំ​២០២០ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​បញ្ហា​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA​។ ចំណែក សហជីព​ឯករាជ្យ​វិញ មើល​ឃើញ​ថា រោងចក្រ​ជាច្រើន​នឹង​បិទទ្វារ ប្រសិនបើ​កម្ពុជា​បាត់បង់ EBA ហើយ​ពេលនោះ កម្មករ​នឹង​គ្មាន​ការងារ ធ្វើ​ឱ្យ​ចំណូល​ពី​ពន្ធដារ និង​ពន្ធគយ ក៏​ត្រូវ​ធ្លាក់​ចុះ​តាម​នោះ​ដែរ​។ សហជីព​ឯករាជ្យ មើល​ឃើញ​ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​រក្សា​កំណើន​សេដ្ឋកិច្ច​មែន​នោះ រដ្ឋាភិបាល​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ មុននឹង​សហភាព​អឺរ៉ុប​សម្រេច​ចិត្តជា​ចុងក្រោយ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២០ ខាងមុខ។

ក្រោម​កម្មវិធី EBA កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប គិត​ជា​ទឹកប្រាក់​ជិត​៦ ពាន់​លាន​ដុល្លារ​អាមេរិក ($5.8 billion) កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ។ ប្រសិនបើ​គ្មាន​ការ​អនុគ្រោះ​ពន្ធ​នេះ​ទេ កម្ពុជា​នឹង​ត្រូវ​បង់ពន្ធ​ជិត ៧​រយ​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ ដែល​ប៉ះពាល់​ដល់​ប្រាក់ចំណេញ​របស់​វិស័យ​ឯកជន ហើយក៏​នឹង​រាលដាល​ដល់​ប្រាក់ចំណូល​របស់​កម្មករ​រោងចក្រ​ចំនួន ៧៥​ម៉ឺន​នាក់ និង​គ្រួសារ​របស់​ពួកគេ​ជាង ៣​លាន​នាក់​ទៀត ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល