អ្នក​ភូមិ​ក្បាលត្រាច​ខេត្ត​ពោធិ៍សាត់​ចង់​ឲ្យ​មេ​ឃុំ​ថ្មី​ដោះស្រាយ​បញ្ហា​ចម្បង​ចំនួន​បី​នៅ​មូលដ្ឋាន

ដោយ ជិន ជេដ្ឋា
2017-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​រស់នៅ​ភូមិ​ក្រឡាញ់ នៃ​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ លោកស្រី ឡោន ស៊ីវី ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។
ពលរដ្ឋ​រស់នៅ​ភូមិ​ក្រឡាញ់ នៃ​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ លោកស្រី ឡោន ស៊ីវី ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Chin Chetha

នៅ​សល់​ពេល​មិន​ដល់​មួយ​សប្ដាហ៍​ទៀត​ទេ ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត នឹង​ប្រើ​អំណាច​របស់​ខ្លួន​តាម​រយៈ​សន្លឹកឆ្នោត ដើម្បី​ជ្រើសរើស​មេ​ឃុំ-ចៅ​សង្កាត់​ល្អ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា។ អ្នក​ភូមិ​នៃ​ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ចង់​បាន​មេ​ឃុំ​អាណត្តិ​ទី​៤ ចេះ​ជួយ​ទុក្ខ​ធុរៈ​ពលរដ្ឋ និង​ជួយ​ដោះស្រាយ​បញ្ហា​បី​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ឃុំ​របស់​ពួក​គេ។

អ្នក​ភូមិ​ក្រឡាញ់ នៃ​ឃុំ​ក្បាលត្រាច ឲ្យ​ដឹង​ថា បញ្ហា​គ្រប់គ្រង​ទឹក​ដើម្បី​ស្រោចស្រព​ដំណាំ​កសិកម្ម បញ្ហា​ព្រៃ​សហគមន៍ និង​ជម្លោះ​ដីធ្លី​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គេ​ដែល​កើត​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ​ទេ។ ក្រុម​ពលរដ្ឋ​ថា បញ្ហា​ទាំងនេះ​មិន​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​មេ​ឃុំ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ស្ងប់​ចិត្ត​ឡើយ។

ពលរដ្ឋ​រស់នៅ​ភូមិ​ក្រឡាញ់ លោកស្រី ឡោន ស៊ីវី មាន​ប្រសាសន៍​ថា ពលរដ្ឋ​ក្នុង​ភូមិ​ជាច្រើន​នៃ​ឃុំ​ក្បាលត្រាច ពឹង​លើ​ប្រភព​ទឹក​បឹង​គុជនប់ ដើម្បី​ស្រោចស្រព​ដំណាំ និង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ប៉ុន្តែ​ពលរដ្ឋ​មិន​អាច​ប្រើ​ទឹក​បាន​ពេញ ១​ឆ្នាំ​ទេ ដោយសារ​មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ជាច្រើន បូម​យក​ទឹក​នេះ​យក​ទៅ​ប្រើប្រាស់​ដែរ។ លោកស្រី​សង្ឃឹម​ថា មេ​ឃុំ​អាណត្តិ​ថ្មី​អាច​ដោះស្រាយ​បញ្ហា​ទឹក និង​បញ្ហា​ផ្សេង​ទៀត​បាន៖ «ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ទាក់ទង​រឿង​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេ​ឃុំ​ថ្មី គឺ​ខ្ញុំ​បោះឆ្នោត​ឲ្យ​មេ​ឃុំ​ណា​ដែល​គាត់​អាច​ដោះស្រាយ​បញ្ហា​យើង​ដែល​កើត​មាន​ឡើង ដូច​រឿង​ទំនប់​គុជនប់ ហើយ​រឿង​ដីធ្លី​ពលរដ្ឋ​យើង​ហ្នឹង។ ខ្ញុំ​សង្ឃឹម​ថា​អាណត្តិ​នេះ អាជ្ញាធរ​នឹង​ដោះស្រាយ​បញ្ហា​យើង»

លោកស្រី​បញ្ជាក់​ថា ពលរដ្ឋ​ធ្លាប់​នាំ​គ្នា​ផ្ដិត​មេដៃ​សុំ​បង្កើត​សហគមន៍​ព្រៃឈើ​នៅ​ទីតាំង​ដែល​មាន​ព្រៃ​អាច​ប្រើប្រាស់​បាន ប៉ុន្តែ​អាជ្ញាធរ​មិន​យល់ស្រប បែរ​ជា​ទៅ​យក​ដី​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ដាក់​ជា​ដី​ព្រៃ​សហគមន៍ ហើយ​ដី​ព្រៃ​ដែល​ពលរដ្ឋ​ស្នើ​ធ្វើ​ដី​ព្រៃ​សហគមន៍​នោះ បែរ​ជា​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ឯកជន​ទៅ​វិញ។ បច្ចុប្បន្ន មាន​ពលរដ្ឋ​ជាង ៦០​គ្រួសារ នៅ​មាន​បញ្ហា​ដីធ្លី​មិន​ទាន់​ដោះស្រាយ​ចេញ។

ឆ្លើយតប​បញ្ហា​នេះ មេ​ឃុំ​ក្បាលត្រាច លោក ដួង សារិន ថា​បញ្ហា​គ្រប់គ្រង​ទឹក​មិន​បាន​ល្អ ព្រោះ​ម្ចាស់​ស្រះ​សុំ​ច្បាប់​ទៅ​ខាង​រដ្ឋបាល​ជលផល ដើម្បី​បូម​ទឹក​ចិញ្ចឹម​ត្រី ទើប​លោក​មិន​អាច​គ្រប់គ្រង​បាន។

ចំណែក​រឿង​អាជ្ញាធរ​កំណត់​ដី​ព្រៃ​សហគមន៍​ប៉ះពាល់​ដី​ពលរដ្ឋ​វិញ ត្រូវ​លោក​មេ​ឃុំ​ពន្យល់​ថា ដើម​ឡើយ​ដី​នោះ​ជា​ដី​ព្រៃ​របស់​រដ្ឋ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ភាពីម៉ិច (Pheapimix) ប៉ុន្តែ​ពេល​ក្រុមហ៊ុន​វាស់​ឆ្វៀល​ដី​ខ្លះ​ឲ្យ​ពលរដ្ឋ​បង្កើត​ជា​សហគមន៍​ព្រៃ​ឈើ បែរ​ជា​ពលរដ្ឋ​ខ្លះ​អះអាង​ថា​ជា​ដី​របស់​ខ្លួន​ធ្លាប់​កាន់​កាប់​ទៅ​វិញ។ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា កន្លង​ទៅ បញ្ហា​ខ្លះ​លោក​មិន​អាច​ដោះស្រាយ​បាន៖ «ពួក​ប្រជាពលរដ្ឋ​ចេះ​តែ​មាន​ហើយ គ្រាន់​តែ​គាត់​អត់​ដឹង​ថា​អាជ្ញាធរ​មាន​ប៉ុន្មាន​នាក់ ដើម្បី​ដោះស្រាយ​បញ្ហា​អស់​ហ្នឹង ហើយ​មិន​មែន​មាន​តែ​ឃុំ​ណា! ព្រោះ​រឿង​ហ្នឹង​មាន​ស្រុក មាន​ខេត្ត និង​រដ្ឋបាល​ព្រៃឈើ​អី​ដែរ។ ហើយ​កង្វល់​ផ្សេងៗ ជា​ធម្មតា​ទេ​តែងតែ​មាន​ហើយ​ការ​ខ្វះខាត​ក្នុង​ការ​ដោះស្រាយ​អី​ដូចជា​យឺតយ៉ាវ»

អ្នក​ភូមិ​នៃ​ឃុំ​ក្បាលត្រាច កំពុង​សម្លឹង​មើល​លក្ខណៈ​សម្បត្តិ និង​សមត្ថភាព​របស់​បេក្ខភាព​ថ្មី​មេ​ឃុំ​ក្បាលត្រាច ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ឈរ​ឈ្មោះ។ ពលរដ្ឋ​ថា​បញ្ហា​ទាំងនេះ​អាច​នឹង​មាន​ដំណោះស្រាយ ព្រោះ​លោក ដួង សារិន ដែល​ជា​មេ​ឃុំ​បច្ចុប្បន្ន​លែង​ឈរ​ឈ្មោះ​ជា​មេ​ឃុំ ហើយ​បេក្ខភាព​មេ​ឃុំ​ថ្មី​ទាំង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ សុទ្ធតែ​មាន​សមត្ថភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល