សហជីព និង​តំណាង​កម្មករ​គ្រោង​ធ្វើ​សកម្មភាព​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក្សា EBA

ដោយ ទីន ហ្សាការីយ៉ា
2019-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​កម្មករ​ជួប​ប្រជុំ​ជាមួយ​លោក រ៉ុង ឈុន ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក្សា​ការ​អនុគ្រោះ​ពន្ធ​EBA របស់​សហភាព​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ។
តំណាង​កម្មករ​ជួប​ប្រជុំ​ជាមួយ​លោក រ៉ុង ឈុន ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក្សា​ការ​អនុគ្រោះ​ពន្ធ​EBA របស់​សហភាព​អឺរ៉ុប នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ។
Photo courtesy of Rong Chhun Facebook

ប្រធាន​សហភាព​សហជីព​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ បាន​ជួប​ប្រជុំ​ជាមួយ​តំណាង​កម្មករ​ប្រមាណ​៥០​នាក់ មក​ពី ១០​រោងចក្រ ដោយ​សម្រេច​ថា នឹង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​។ សហជីព​បញ្ជាក់​ថា ការ​អនុគ្រោះ​ពន្ធ​EBA គឺជា​រឿង​សំខាន់​ជួយ​ដល់​កម្មករ​មាន​ការងារ​ធ្វើ​បន្ត​ទៅ​ទៀត។

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃទី​២២ ​ធ្នូ​ថា អង្គប្រជុំ​បានសម្រេច​ថា នឹង​ធ្វើ​ការ​ទាមទារ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទទួលយក​សំណើ​របស់​សហភាព​​អឺរ៉ុប ដើម្បី​រក្សា​ការ​អនុគ្រោះ​ពន្ធ​EBA។ ទោះជា​យ៉ាងណា លោក រ៉ុង ឈុន មិន​ទាន់​បញ្ជាក់​ពេលវេលា​ជាក់លាក់​នៃ​ការ​ទាមទារ និង​សកម្មភាព​បែប​ណា​នោះ​ទេ ដោយ​លោក​ប្រាប់​ថា ការ​ទាមទារ​នឹង​ធ្វើ​ឡើងជា​ដំណាក់កាល ទៅតាម​លំដាប់លំដោយ ហើយ​នឹង​ជូនដំណឹង​ជាក់លាក់​នៅ​ពេល​ឆាប់ៗ។ លោក​បន្ត​ថា តំណាង​កម្មករ​ដែល​ចូល​ប្រជុំ​ព្រួយបារម្ភ​ខ្លាច​សហភាព​អឺរ៉ុប​ផ្ដាច់​EBA ធ្វើ​ឱ្យ​បាត់បង់​ការងារ ពីព្រោះ​មកដល់​ពេល​នៅ​តាម​រោងចក្រ​ខ្លះ​ចាប់ផ្ដើម​បាន​ប៉ះពាល់​ការងារ​បណ្ដើរៗ​ហើយ ដូច​ជា​ការ​មិន​សូវ​មាន​ការងារ​ធ្វើ និង​បើក​ប្រាក់ខែ​មិនបាន​គ្រប់​ចំនួន​ជា​ដើម៖ «ជាពិសេស​គាត់​អះអាង​ថា ស្ទើរតែ​ ៩៩.៩​ហើយ ដែល​ពួកគាត់​ជំពាក់​លុយ​ធនាគារ ហើយ​គាត់​ត្អូញត្អែរ​ថាបើ បើ​គ្មាន​ EBA មិន​ដឹង​ថា​ ត្រូវ​ដោះស្រាយ​យ៉ាង​ណា​ទេ។ អីចឹង​ហើយ​បានជា​អង្គប្រជុំ​សម្រេច​ថា​ឱ្យ​រដ្ឋាភិបាល​ទទួល​យក​នូវ​សំណើ​របស់​សហភាព​អឺរ៉ុប ឱ្យ​រក្សា​EBA ដើម្បី​រក្សា​ការងារ​របស់​ពួកគាត់​ទៅ​មុខ​ទៀត»

តំណាង​កម្មការិនី​ធ្វើការ​ងារ​នៅ​រោងចក្រ វ៉ៃ អូឡេត (VIOLET) អ្នកស្រី អ៊ុង ចាន់ធឿន ថ្លែង​ថា ពួក​អ្នកស្រី​ដែល​បាន​ចូលរួម​ប្រជុំ បាន​ផ្ដិត​ស្នាម​មេដៃ ស្នើ​ទៅ​លោក ហ៊ុន សែន ឱ្យ​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​សហភាព​អឺរ៉ុប​ឡើងវិញ។ អ្នកស្រី​បញ្ជាក់​ថា តំណាង​កម្មករ​នឹង​នាំ​រឿង​នេះ​ទៅ​ប្រាប់​កម្មករ​នៅ​តាម​រោងចក្រ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ធ្វើ​សកម្មភាព​តាម​ការសម្រេច​របស់​អង្គប្រជុំ​គ្រប់​ពេល។អ្នកស្រី​បន្ត​ថា មូល​ដែល​ពួកគាត់​ចូលរួម​ប្រជុំ​ដោយសារ​ខ្លាច​សហភាព​អឺរ៉ុប​ផ្ដាច់​ពន្ធ​EBA ធ្វើ​ឱ្យ​កម្មករ​អត់​មាន​ការងារ​នៅ​ពេល​ខាង​មុខ៖ «សម្រាប់​ការ​គិត​របស់ខ្ញុំ បើសិន​គេ​មក​វិនិយោគទុន​ស្រុក​ខ្ញុំ​លុះត្រាតែ​មាន​ប្រាក់ចំណេញ ហើយ​រក្សា​ការ​អនុគ្រោះ​ពន្ធ EBA ហើយ​បើ​ការ​អនុគ្រោះ​ពន្ធ​ត្រូវ​បាន​បិទ ប្រាកដជា​គេ​ទៅ​ប្រទេស​ណា​ដែល​មាន​ការ​អនុគ្រោះ​ពន្ធ​ហើយ។ ក្ដីបារម្ភ​របស់​ពួក​ខ្ញុំ​នៅ​ពេល​អត់​ការងារ​ធ្វើ​គឺ​បំណុល​កាន់តែ​កើន ព្រោះ​ប្រាក់ខែ​របស់​ពួកគាត់​រាល់ថ្ងៃ​បាន​ត្រឹមតែ​ម៉ា​រស់ ព្រោះ​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ បាន​ប្រាក់ខែ ឬ​ ១៩០​ដុល្លារ​ទេ ដូច្នេះ​ហើយ​បើ​ខ្ញុំ​បាត់បង់​ការងារ​ទៀត​ខ្ញុំ​មិន​ដឹង​ទៅ​ធ្វើ​អី​ទេ»

អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​២២ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​ថ្មីៗ​នេះ មេដឹកនាំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម ហ្វេសប៊ុក (Facebook) ដោយ​នៅតែ​អះអាង​ថា កម្ពុជា​ប្រមូល​ពន្ធ​បាន​ច្រើន​លើស​ពី​ការ​រំពឹងទុក ហើយ​មាន​ទុន​បម្រុង​ផ្សេងទៀត ដែល​អាច​ប្រើប្រាស់​បាន​។ លោក​បញ្ជាក់​ថា គិត​ត្រឹម​ដើមខែ​ធ្នូ រដ្ឋាភិបាល​តាមរយៈ​អគ្គនាយកដ្ឋាន​គយ និង​ពន្ធដារ ប្រមូល​ចំណូល​បាន​ជាង ៥​ពាន់​លាន​ដុល្លារ​អាមេរិក ពោល​គឺ​លើស​ផែនការ​ជាង ១​ពាន់​លាន​ដុល្លារ​។ ក្រៅ​ពី​នេះ លោក​ថា រដ្ឋាភិបាល​មាន​សាច់ប្រាក់​ប្រមាណ ៣​ពាន់ ៥​រយ​លាន​ដុល្លារ ដែល​អាច​ប្រើប្រាស់​បាន​ភ្លាមៗ និង​ទុន​បម្រុង​អន្តរជាតិ​​ប្រមាណ ១៥​ពាន់​លាន​ដុល្លារ ព្រមទាំង​មាស​សុទ្ធ ៣០​តោន​ថែមទៀត​។ សារ​របស់​លោក ហ៊ុន សែន ត្រង់​ចំណុច​នេះ ទំនងជា​លោក​ចង់​បញ្ជាក់​ជាថ្មី​ទៀត​ថា លោក​មិន​បារម្ភ​រឿង EBA ឡើយ ព្រោះ​កន្លងទៅ លោក​ធ្លាប់​អះអាង​ថា កម្ពុជា​មាន​ធនធាន​ទាំងអស់​នេះ​ដើម្បី​ត្រៀម​ទប់ទល់​នឹង​កាត់​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​ពី​ទីផ្សារ​សហភាព​អឺរ៉ុប។

ទោះបីជា​យ៉ាង​នេះ​ក្ដី ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ របស់​ពិភពលោក ដូចជា ធនាគារ​ពិភពលោក​ជាដើម បាន​ព្រមាន​រួចហើយ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ត្រូវ​ធ្លាក់​ចុះ​ពី ៧​ភាគរយ ក្នុង​ឆ្នាំ​២០១៩ មក​នៅ​ត្រឹម ៦,% ក្នុង​ឆ្នាំ​២០២០ ដោយសារ​ភាព​មិន​ប្រាកដ​ប្រជា​រឿង​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA

សហភាព​អឺរ៉ុប​នឹង​សម្រេច​ចិត្តជា​ចុងក្រោយ​ថា តើ​ត្រូវ​រក្សាទុក ឬ​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០ ខាងមុខ ក៏ប៉ុន្តែ​សហភាព​អឺរ៉ុប​បាន​រំលឹក​ប្រាប់​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​ច្រើនដង​រួចហើយ​ថា មានតែ​ការ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ ទើប​ជា​លក្ខខណ្ឌ​ដែល​កម្ពុជា​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​នេះ​បន្ត​ទៅ​ទៀត។

លោក រ៉ុង ឈុន ថ្លែង​ថា កម្មករ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព ពី​ថ្ងៃ​ទី​២២ ធ្នូ​តទៅ ដោយ​ដំបូង​ធ្វើឡើង​តាមរយៈ​តំណាង​កម្មករ​ចូលរួម​ប្រជុំ ហើយ​លោក​រំពឹង​ថា នឹង​មាន​កម្មករ​រោងចក្រ​រាប់​ម៉ឺន​នាក់​ចូល​រួម​​ទាមទារ​ឱ្យ​រដ្ឋាភិបាល​រក្សា​EBAនៅ​ពេល​ដ៏​ខ្លី​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល