សមាគម​គ្រូ​បង្រៀន​ស្នើសុំ​ក្រសួង​ឱ្យ​ស៊ើប​អង្កេត​រឿង​ផ្ទេរ​គ្រូ​បង្រៀន​វិទ្យាល័យ ហ៊ុន សែន ឈើ​តុំ ខេត្ត​ពោធិ៍សាត់ ៥នាក់​ចេញ​ដោយ​បង្ខំ

ដោយ វ៉ែន សុមេធ
2019-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី អ៊ុក ឆាយាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ
អ្នកស្រី អ៊ុក ឆាយាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ
រូប៖ ហ្វេសប៊ុក

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ស្នើសុំ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ស៊ើប​អង្កេត​​ឡើង​វិញ ករណី​​ការ​ផ្ទេរ​គ្រូ​បង្រៀន​​ចំនួន​ ៥​នាក់ ដោយ​បង្ខំ​ចេញ​ពី​វិទ្យាល័យ​ ហ៊ុន សែន ឈើតុំ នៅ​ខេត្ត​ពោធិ៍សាត់។ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ថា ក្រសួង​នឹង​ពិចារណា​មើល នៅ​ពេល​ដែល​ទទួល​បាន​លិខិត​​ផ្លូវការ​ពី​សមាគម។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ឲ្យ​ដឹង​ថា ការ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​នេះ ដោយសារ​សមាគម​សង្កេត​ឃើញ​ថា​ មាន​ភាព​មិន​ប្រក្រតី​ជុំវិញ សំណើ​​​ផ្លាស់​ប្ដូរ​គ្រូ​បង្រៀន​ ៥​នាក់ ចេញ​ពី​វិទ្យាល័យ​ ហ៊ុន សែន ឈើតុំ ស្ថិត​នៅ​​ភូមិ​បំណក់ ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ អ្នកស្រី​បន្ត​ថា ការ​ផ្ទេរ​ដោយ​បង្ខំ​បែប​នេះ ជា​ការ​រំលោភ​បំពាន ​សិទ្ធិ​រ​គ្រូ​បង្រៀន និង​ជា​​រូប​ភាព​គំរាម​កំហែង​ ដល់​គ្រូ​បង្រៀន​ផ្សេង​ទៀត៖ ««ជា​ធម្មតា​ យើង​សមាគម ត្រូវ​តែ​ទាមទារ​ឲ្យ​លោកគ្រូ ដែល​ត្រូវ​បាន​គេ​ដក​ គេ​អ្វី​ហ្នឹង ឲ្យ​ទៅ​ចូល​ទៅ​សាលា​ដើម​វិញ ហើយ​បញ្ឈប់​ការ​គំរាម​កំហែង ក៏​ដូចជា ឈប់​ប្រើ​រូប​មន្ត​ដដែលៗ ដើម្បី​គំរាម​កំហែង​អ្នក​ដទៃ​ដែរ»។

សំណើ​​ឲ្យ​​មាន​ការ​ពិនិត្យ​ករណី​​ផ្ទេរ​គ្រូ​បង្រៀន​ចេញ​ដោយ​បង្ខំ​​​នេះ​​ឡើងវិញ គឺ​ក្រោយ​ពេល​​អភិបាល​​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន្ទ បាន​​បញ្ជា​ឲ្យ​ផ្ទេរ​គ្រូ​បង្រៀន ​ប្រុសៗ ចំនួន​ ៣នាក់ ​ចេញ​ពី​វិទ្យាល័យ​ ហ៊ុន សែន ឈើតុំ ដោយ​សំអាង​ថា ​ជា​សំណូម​ពរ​របស់​អាណាព្យាបាល​សិស្ស។ ក្នុង​ជំនួប​ជាមួយ​ក្រុម​គ្រូ​បង្រៀន​ទាំង ៥នាក់ គ្រូ​បង្រៀន​អះអាង​​ថា លោក​អភិបាល​ខេត្ត​ប្រាប់​ថា លោក​ជួយ​​​ការពារ​គ្រូ​បង្រៀន​ជា​ស្ត្រី ២នាក់ ​បាន​នៅ​បន្ត​បង្រៀន​ក្នុង​វិទ្យាល័យ​ដដែល តែ​​មិន​អាច​ជួយ​ការពារ​គ្រូ​ប្រុសៗ​ ទាំង​ ៣នាក់​បាន​ទេ។ ម្ល៉ោះ​ហើយ គ្រូ​បង្រៀន​ប្រុស​ទាំង ​៣នាក់ ត្រូវ​តែ​ផ្ទេរ​ចេញ​ទៅ​អង្គភាព​ថ្មី​រៀងៗ ​ខ្លួន ក្រោម​​ស្លាក​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​ពោធិ៍សាត់។

គ្រូ​បង្រៀន​ទាំង ៣នាក់ ដែល​រង​ការ​ផ្ទេរ​ចេញ​ដោយ​បង្ខំ គឺ​គ្រូ​រូប​វិទ្យា លោក​ ម៉ៅ សៅ​ភារិទ្ធិ​ ​ត្រូវ​បាន​​​ផ្លាស់​ ឲ្យ​ទៅ​​ធ្វើការ​​​​នៅ​ការិយាល័យ​មធ្យម​សិក្សា​ នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ ខេត្ត​ពោធិ៍សាត់ គ្រូ​អក្សរ​សាស្ត្រ​ខ្មែរ លោក ខុន ភ័ក្ត្រា ត្រូវ​បាន​ផ្លាស់​ឲ្យ​ទៅ​ធ្វើការ​​​នៅ​គរុកោសល្យ​វិក្រិតការ​ខេត្ត​ពោធិ៍សាត់។ ចំណែក​គ្រូ​គណិតវិទ្យា​ លោក មឿន មី ត្រូវ​បាន​ផ្លាស់​ទៅ​បម្រើ​ការងារ​នៅ​ការិយាល័យ​អប់រំ​ ស្រុក​ក្រគរ ទទួល​បន្ទុក​ផ្នែក​យុវជន។

គ្រូ​បង្រៀន លោក មឿន មី ដែល​រង​ការ​ផ្លាស់​ចេញ​នោះ ប្រាប់​អាស៊ី​សេរី​ថា ពួក​លោក​មិន​ពេញ​ចំពោះ​ការ​ផ្លាស់​ដោយ​បង្ខំ​នេះ​ទេ ដោយសារ​ពួក​លោក​​មិន​បាន​ប្រព្រឹត្តិ​កំហុស​ ដូច​ការ​ចោទ​ប្រកាន់​ពី​ថ្នាក់​ដឹកនាំ​សាលា និង​អាជ្ញាធរ​ខេត្ត។ លោក​អះអាង​ថា ការ​​ផ្ទេរ​ដោយ​បង្ខំ​នេះ ដោយសារ​ថ្នាក់​ដឹកនាំ​វិទ្យាល័យ​ មិន​ពេញ​ចិត្ត​ពួក​លោក ​ហើយ​ប្រើ​ហេតុផល​មិន​សម​ទំនង​ជា​ច្រើន ក្នុង​ការ​មួល​បង្កាច់​លោក ដូចជា ចោទ​ថា ពួក​លោក​បង្រៀន​សិស្ស​ឲ្យ​ហ៊ាន​ត​មាត់​ជាមួយ​នាយក​សាលា ហ៊ាន​ប្រមូល​ផ្ដុំ​គ្នា​ តវ៉ា​រាល់​ការ​មិន​ពេញ​ចិត្ត​ និង​ការ​ជម្នះ​បង្រៀន​សិស្ស​ នៅ​ក្រោម​ដើម​ឈើ ពេល​ថ្នាក់​ដឹក​នាំ​វិទ្យាល័យ ចាក់​សោ​ទ្វារ​បិទ​ថ្នាក់​រៀន​ជា​ដើម។

គ្រូ​បង្រៀន​​រូប​វិទ្យា​បទ​ពិសោធន៍ ១២​ឆ្នាំ​រូប​នេះ ឲ្យ​ដឹង​ថា ក្រោយ​​ទទួល​បាន​លិខិត​បង្គាប់​ឲ្យ​ផ្ទេរ​ចេញ​រួច ក្រុម​គ្រូ​ទាំង​ ៥​ បាន​ស្នើសុំ​ជួប​អភិបាល​ខេត្ត​ពោធិ៍សាត់ ព្រោះ​ខាង​សាលា​ប្រាប់​ថា អភិបាល​ខេត្ត​ជា​អ្នក​បង្គាប់​មក។ លោក​ថា ពួក​លោក​បាន​ជួប​អភិបាល​ខេត្ត​រួច​ហើយ ដោយ​លោក​អភិបាល​ខេត្ត​ សំអាង​ថា អាណាព្យាបាល​សិស្ស​មិន​ពេញ​ចិត្ត លោកគ្រូ អ្នក​គ្រូ​ទាំង ៥នាក់ តែ​លោក​អភិបាល​ខេត្ត​បាន​ព្យាយាម​ជួយ​ការពារ​គ្រូ​បង្រៀន​ស្ត្រី​បាន ​២នាក់ ទើប​មិន​រង​ការ​ផ្ទេរ​ចេញ ដូច​គ្រូ​ប្រុសៗ។

លោក​ មឿន មី ថា ក្រោយ​ជួប​អភិបាល​ខេត្ត​ពោធិ៍សាត់​រួច​ ពួក​លោក ទាំង ៣នាក់ គ្មាន​ជម្រើស​អ្វី​ ក្រៅ​ពី​បង្ខំ​ចិត្ត​ទៅ​ធ្វើការ​នៅ​កន្លែង​ថ្មី ដែល​ឆ្ងាយ​ពី​ផ្ទះ​ខ្ទង់​ជិត​សែសិប (៣៧) គីឡូម៉ែត្រ ហើយ​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ តាម​បង្គាប់​ឡើយ ព្រោះ​មិន​អាច​តវ៉ា​បាន។ តែ​ទោះ​យ៉ាង​ណា ពួក​លោក គាំទ្រ​ចំពោះ​​សេចក្ដី​ញត្តិ​​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ករណី​នេះ​ឡើង​វិញ៖ «ខ្ញុំ​ចង់​ឲ្យ​គាត់​ (ក្រសួង​អប់រំ) ពិនិត្យ​​មើល​សារ​ឡើងវិញ​ដែរ ព្រោះ​វា​​អត់​មាន​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ។ បើ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ខុស​អ្វី ក៏​ខ្ញុំ​ទទួល​ដែរ។ ប៉ិន​នេះ អត់​ដឹង​ថា ខ្ញុំ​ខុស​អ្វី​ផង អត់​ដឹង​ថា គេ​ចោទ​ខ្ញុំ​​ពី​ខ្លះ​អ្វី​ផង ហើយ​​ដល់​ពេល​អា​ការណ៍​ដែល​គេ​ចោទ​ខ្ញុំ​នៅ​ពី​ក្រោយ​ខ្នង​ ខ្ញុំ​ដឹង​ខ្លួន​ខ្ញុំ​ច្បាស់​ ថា ខ្ញុំ​អត់​បាន​ធ្វើ ហើយ​គេ​ដក​ឆៅៗ គេ​ផ្ទេរ​ឆៅៗ»។

ញត្តិ​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ចុះ​ថ្ងៃ​ទី២៥ ធ្នូ សរសេរ​ថា សមាគម​ស្រាវជ្រាវ​ករណី​នេះ រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន​ ចំពោះ​ការ​ចោទ​ប្រកាន់​លើ​ក្រុម​គ្រូ​បង្រៀន​ទាំង ​៥រូប ដោយ​អយុត្តិធម៌ ហើយ​ថ្នាក់​ដឹកនាំ​វិទ្យាល័យ​ឈើតុំ មិន​បាន​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ក្នុង​ការ​កោះហៅ​គ្រូ​ទាំង​៥​ ទៅ​​សាកសួរ មុន​ប្ដឹង​សុំ​ដក​ពួក​គាត់​ចេញ​ពី​សាលា។ ឯ​មន្ទីរ​អប់រំ​ខេត្ត​វិញ ក៏​មិន​បាន​ចាត់​តាំង​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​​ស្រាវជ្រាវ​ និង​ដោះ​ស្រាយ​បណ្ដឹង​ដែរ គឺ​សម្រេច​ដក​គ្រូ​បង្រៀន​ ៣​នាក់​ ផ្ទេរ​ចេញ​ដោយ​បង្ខំ និង​ហៅ​ការ​ផ្ទេរ​នោះ ជា​ភាព​អយុត្តិធម៌។

នាយក​រង​វិទ្យាល័យ ​ហ៊ុន សែន ឈើតុំ លោក ឆេង ចាន់​រឿន ប្រាប់​អាស៊ី​សេរី​ថា ករណី​នេះ គឺ​ជា​បណ្ដឹង​របស់​ ​សហគមន៍​អាណាព្យាបាល​សិស្ស​ មិន​ពេញ​ចិត្ត​ ក្រុម​គ្រូ​ទាំង​៥​ ហើយ​ថ្នាក់​ដឹកនាំ​វិទ្យាល័យ​​ក៏​មិន​ដឹង​ធ្វើ​ម្ដេច​ដែរ។ លោក​ អះអាង​ថា សូម្បី​លោក ជា​នាយក​រង ឬ​នាយិកា​វិទ្យាល័យ​ក៏​ដោយ ឲ្យ​តែ​រង​បណ្ដឹង​ពី​សហគមន៍​អាណា​ព្យាបាល គឺ​សុទ្ធ​តែ​ នឹង​អាច​រង​ការ​ផ្ទេរ​ចេញ​គ្រប់​ពេល៖ «សាលា​ខ្ញុំ វា​ផ្ដោត​សំខាន់​លើ​សហគមន៍​។ សហគមន៍​ជា​អ្នក​គាំទ្រ ជា​អ្នក​រៀបចំ​ផែនការ​ សហការ​ជាមួយ​គណ​គ្រប់គ្រង​ណា​បង។ ពេល​អ៊ីចឹង​ទៅ សហគមន៍​គាត់​អ្នក​គាំទ្រ​ អា​ការណ៍​ ដែល​ផ្លាស់​ប្ដូរ សហគមន៍​គាត់​អត់​ពេញ​ចិត្ត​ណា​បង អ៊ីចឹង​ គាត់​អាច​ធ្វើការ​សំណូម​ពរ​ទៅ​ថ្នាក់​លើ ដើម្បី​មាន​ការ​ផ្លាស់​ប្ដូរ។ មិន​មែន​តែ​គាត់​ទេ សម្រាប់​ពួក​ខ្ញុំ ឬ​មួយ នាយិកា​ ក៏​អ៊ីចឹង​ដែរ កាលណា​សហគមន៍​គាត់​មិន​គាំទ្រ គាត់​អាច​ធ្វើ​ការ​ស្នើសុំ​ទៅ​លើ គេ​អាច​ផ្លាស់ប្ដូរ អ៊ីចឹង​ណា​បង»។

អាណាព្យាបាល​​របស់​សិស្ស​ម្នាក់ រៀន​នៅ​វិទ្យាល័យ ហ៊ុន សែន ​ឈើតុំ ​​​លោក សឿន ចាន់នី ប្រាប់​ថា ករណី​​ការ​ផ្ទេរ​គ្រូ​បង្រៀន​​ នៅ​វិទ្យាល័យ​នេះ មាន​អាណាព្យាបាល​សិស្ស​ខ្លះ​ ពេញ​ចិត្ត ឯ​អ្នក​ខ្លះ​​ក៏​មិន​ពេញ​ចិត្ត​ដែរ។ លោក​ថា កូន​សិស្ស​ខ្លះ មាន​សតិអារម្មណ៍​មិន​ល្អ ចំពោះ​ការ​ដក​​ផ្ទេរ​គ្រូ​បង្រៀន​ទាំង​៣ ​ចេញ ព្រោះ​ពួកគេ​ចង់​រៀន​ជាមួយ​គ្រូ​ទាំង​ ៣​នាក់​នោះ។

ប៉ុន្តែ​ សម្រាប់​ខ្លួន​លោក​ផ្ទាល់ លោក​អន់​ចិត្ត​នឹង​គ្រូ​បង្រៀន​ទាំង ​៣នាក់​នោះ ដោយសារ​លោក​អះអាង​ថា ពួក​គាត់​បាន​​បំពាក់បំប៉ន​ទ្រឹស្ដី​នយោបាយ​ក្នុង​ថ្នាក់​រៀន ធ្វើ​ឲ្យ​​លោក​ជា​អាណា​ព្យាបាល​មិន​ពេញ​ចិត្ត។ តែ​លោក​ថា អាណាព្យាបាល​ខ្លះ និង​កូន​សិស្ស​ខ្លះ​ ក៏​មាន​ការ​ពេញ​ចិត្ត​ ចំពោះ​ការ​លើក​ឡើង​ពី​រឿង​នយោបាយ​ដែរ៖ «​គ្រាន់​តែ​ថា វា​ពិបាក​រឿង​កូនៗ រៀន​សូត្រ​អ្វី​អ៊ីចឹង​ទៅ​ វា​ប៉ះពាល់​សតិអារម្មណ៍​វា ដោយសារ​វា​ស្រលាញ់​គ្រូៗ​ អ៊ីចឹង​ទៅ ប៉ុន្តែ​ម៉ែ​ឪ ក៏​មិន​ចង់​ឲ្យ​ទៅ​ពាក់ព័ន្ធ​ដែរ ដោយសារ​ គ្រូៗ​ហ្នឹង គាត់​បំពាក់បំប៉ន​នយោបាយ​អ្វី​អ៊ីចឹង​ទៅ​ណា។ ដល់​ពេល​អ៊ីចឹង​ទៅ ម៉ែ​ឪ អត់​ចង់​​ វា​ក្មេងៗ អត់​ចង់​ឲ្យ​ពាក់ព័ន្ធ វា​រញ៉េរញ៉ៃ​ គ្រាន់​តែ​ប៉ិន​ហ្នឹង ប៉ុន្តែ​ម៉ែ​ឪ​ខ្លះ មួយ​ចំនួន​ អត់​ចង់​ឲ្យ​ដក​ទេ ម៉ែ​ឪ​មួយ​ចំនួន​អត់​ចង់​ឲ្យ​ដក​ទេ។ ​ដល់​ពេល​មួយ​ចំនួន ក៏​គាត់​អត់​ខ្វល់​ដែរ ដោយសារ​ អន់​ចិត្ត​ដែរ ដូច​ខ្ញុំ ដូច​អ្វី​​អ៊ីចឹង ខ្ញុំ​អន់​ចិត្ត​អា​រឿង ការ​បំពាក់​បំប៉ន​សិស្ស​សាលា វា​ក្មេងៗ​ពេក​អ៊ីចឹង​ទៅ ពាក់ព័ន្ធ​អា​រឿង​នយោបាយ យើង​អត់​ចង់​ឲ្យ​មាន​អ៊ីចឹង​ទៅ​ណា។ ប៉ុន្តែ​ម៉ែ​ឪ​មួយ​ចំនួន​ទៀត គាត់​ពេញ​ចិត្ត វា​អ៊ីចេះ រៀងៗ​ខ្លួន»។

ពាក់ព័ន្ធ​ករណី​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា ប្រាប់​ថា ក្រសួង​អប់រំ មិន​ទាន់​ទទួល​បាន​ញត្តិ​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ទេ ហើយ​​សំណើ​សុំ​​ពិនិត្យ​​មើល​​ឡើងវិញ ឬ​មិន​ចាត់​ការ​នោះ ក្រសួង​អប់រំ នឹង​ពិចារណា នៅ​ពេល​ទទួល​បាន​​សំណើ​​ជា​ផ្លូវ​ការ​សិន៖ «ជំហរ​ក្រសួង​ នៅ​ក្រោយ​ពេល​ទទួល​បាន​លិខិត​ជា​ផ្លូវ​ការ​ នឹង​មាន​ ហើយ​ករណី​ទូទៅ​ក៏​មិន​មាន​ដែរ ទាក់ទង​នឹង​​ការងារ​ទាំងអស់ គឺ​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ពិនិត្យ​ឆ្លើយ​តប​ នៅ​ពេល​ពិនិត្យ​ជា​ផ្លូវ​ការ»។

បើ​ទោះ​បែប​ណា​ក្ដី សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ក្រុម​គ្រូ​បង្រៀន​ទាំង ៣រូប​សង្ឃឹម​ថា ក្រសួង​អប់រំ​នឹង​បើក​ការ​​ស៊ើប​អង្កេត​​ ករណី​​​នេះ​ឡើង​វិញ ដើម្បី​​ភាព​យុត្តិធម៌ និង​ឲ្យ​ពួក​គាត់​អស់​ចិត្ត​ ទទួល​យក​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល