តុលាការ​របប​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត នៅ​ខេត្ត​ស្វាយរៀង​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ

ដោយ ហេង រស្មី
2019-09-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខ្លោងទ្វារ​តុលាការ​ខេត្ត​​ស្វាយរៀង
ខ្លោងទ្វារ​តុលាការ​ខេត្ត​​ស្វាយរៀង
រូប៖ ហ្វេសប៊ុក CCFC-Seasoan

សាលាដំបូង​ខេត្ត​ស្វាយរៀង ចោទ​ប្រកាន់​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ដែល​​កំពុង​​រត់​​ភៀស​​ខ្លួន ពី​បទ​រួម​គំនិត​ក្បត់​ជាតិ និង​ញុះញង់​ឲ្យ​ប្រពឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ផែនការ​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ការ​​ចោទ​​ប្រកាន់​នេះគ្មាន​មូលដ្ឋាន​ច្បាប់។

អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង សម្រេច​ចោទ​ប្រកាន់​ប្រធាន​ប្រតិបត្តិ​​​គណបក្ស​​​សង្គ្រោះ​​ជាតិ​​​ខេត្ត​​​ស្វាយរៀង លោក ម៉ៅ វិបុល កំបាំង​មុខ ពី​បទរួម​គំនិត​ក្បត់​ជាតិ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជា​អាទិ៍។

សេចក្តីប្រកាសព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​ស្វាយរៀង ដែល​អាស៊ី​សេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា បង្ហាញ​ថា មូលហេតុ​ដែល​ចោទ​ប្រកាន់​នេះ ដោយសារ​លោក ម៉ៅ វិបុល បាន​ប្រកាស​គាំទ្រ និង​ចូលរួម​ផែនការ​វិល​ត្រឡប់​ចូល​កម្ពុជា​​វិញ​របស់​លោក សម រង្ស៊ី ដែល​របប​ក្រុង​ភ្នំពេញ ចាត់​ទុក​ថា ជា​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា ប្រសិន​បើ​អ្នក​គាំទ្រ​ផែនការ​របស់​លោក សម រង្ស៊ី ចូល​សារភាព​ទាន់​ពេល​វេលា អាច​នឹង​ត្រូវ​លើក​លែង​ឲ្យ​រួច​ទោស។

ការចោទប្រកាន់នេះ បន្ទាប់ពីស្នងការនគរបាលខេត្តស្វាយរៀង បានចេញលិខិតកោះហៅលោក ម៉ៅ វិបុល ឲ្យ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​រឿង​ផ្ទាល់​ខ្លួន កាល​ពី​ថ្ងៃ​ទី២៣ ខែកញ្ញា ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ មិនបាន​ចូល​បំភ្លឺ​ទេ ដោយសារ​​កំពុង​​ភៀស​ខ្លួន​នៅ​​ប្រទេស​​ថៃ​ ពីព្រោះ​បារម្ភ​​ការ​ចាប់ខ្លួន​។

លោក​ ម៉ៅ​ វិបុល​ ថ្លែងប្រាប់​អាស៊ី​សេរី​ថា​ ការចោទប្រកាន់នេះ ជារឿងអយុត្តិធម៌​បំផុត​ ហើយ​បង្ហាញ​​​​ថា របប​​​លោក ហ៊ុន សែន កាន់​តែ​សាហាវ​លែង​ដឹង​ខុស​ត្រូវ យក​ច្បាប់មកជាន់ឈ្លី ដើម្បី​បម្រើ​មហិច្ឆិតា​នយោបាយរបស់ខ្លួន។ លោក​អះអាង​ថា នៅ​តែ​គាំទ្រ និង​ចូលរួមអមដំណើរលោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ ដើម្បីសង្គ្រោះ​កម្ពុជា​​ចេញ​ពី​របប​ផ្តាច់ការ៖ «គ្រាន់​តែ​គាំទ្រ​ក្នុង​នាម​គាត់​ជា​មេ​បក្ស​​ប្រឆាំង​​ហើយ​​ជា​​អ្នក​​ស្រឡាញ់​ជាតិ​ស្រឡាញ់​យុត្តិធម៌​ចង់​ឲ្យ​មាន​ដំណោះ​ស្រាយ​​ឲ្យ​ខ្មែរ និង​ខ្មែរ​បាន​សុខ។ ក្នុង​នាម​ខ្ញុំ​ជា​មន្ត្រី​នយោបាយ ហើយ​គាត់​ជា​ថ្នាក់​​ដឹក​​នាំ​​គណបក្ស​​ដែរ ដូច្នេះ​​យើង​​ចូល​រួម​​ទាំង​​អស់​​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ ហើយ​មក​ចោទ​ខ្ញុំ​ថា ក្បត់​ជាតិ​ទៅ​វិញ វា​មិន​ត្រឹម​ត្រូវ​ទាល់​តែ​សោះ។ អយុត្តិធម៌​​សម្រាប់​​ខ្ញុំ។ របប​​ផ្តាច់ការ​​មិន​ដែល​ឲ្យ​ប្រជាពលរដ្ឋ​បាន​សុខ​ទេ តែងតែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ប្រជាពលរដ្ឋ និង​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ»។

លោក​ ម៉ៅ​ វិបុល​ ស្ថិត​ក្នុងចំណោម​មន្ត្រី ១១៨រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​​ត្រូវ​​បាន​តុលាការ​​របប​​ក្រុង​ភ្នំពេញ​​ហាម​ឃាត់​​សិទ្ធិ​​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ​។ លោក​​បាន​បង្ខំចិត្ត​រត់​​ភៀស​ខ្លួន​​ទៅ​រស់នៅ​ប្រទេស​ជិតខាង​អស់​រយះពេល​ ២ឆ្នាំ​​ហើយ ​ដើម្បី​​គេច​​ពី​​ការ​​តាម​​ចាប់ខ្លួន​។ ទោះបីជា​រស់នៅ​​ក្នុង​ភាពជា​ជនភៀសខ្លួន​ក្តី​ លោក​ ម៉ៅ​ វិបុល​ នៅ​តែ​​បង្ហោះ​​សារ​​នៅ​​លើ​​ហ្វេ​សប៊ុ​ក​គាំទ្រ​​​គណបក្ស​ សង្គ្រោះ​​ជាតិ​ និង​​តែងតែ​​រិះគន់​របប​ក្រុងភ្នំពេញ​ពី​ទង្វើ​បំផ្លាញ​ប្រជាធិបតេយ្យ​ និង​រំលោភ​សិទ្ធិ​មនុស្ស។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លី​កាដូ (LICADHO) លោក អំ សំអាត មាន​​ប្រសាសន៍​​ថា ការ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​លើ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​នេះ គឺ​ជា​យុទ្ធសាស្ត្រ​បំបាក់​ស្មារតី និង​ការ​​គំរាមកំហែង​​បំភិតបំភ័យ​​កុំ​​ឲ្យ​​មាន​​សន្ទុះ​គាំទ្រ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​​វិល​ចូល​កម្ពុជា​វិញ។ លោក​​បន្ត​ថា ចំណាត់​ការ​របស់រដ្ឋាភិបាល​នេះ មិន​បាន​ផ្តល់​​ផល​​​ចំណេញ​​​ដល់​​កម្ពុជា​នោះ​ទេ ហើយ​កាន់​តែធ្វើឲ្យមានការ​ព្រួយ​បារម្ភ​រឿង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP របស់​សហរដ្ឋ​អាមេរិក​​ថែម​​ទៀត៖ «បើ​​សិន​​ជា​​ចោទ​​ប្រកាន់​​ពី​អ្វី​មួយ គឺ​​ទី១ ត្រូវ​មាន​ធាតុ​ផ្សុំ​នៃ​បទ​ល្មើស និង​​ភស្តុតាង​គ្រប់គ្រាន់ ធ្វើ​បែប​នេះ​ទើប​ទៅ​តាម​ដំណើរ​ការ​ផ្លូវ​ច្បាប់ តែ​បើ​សិន​​ជា​​មិន​​មាន​​គ្រប់គ្រាន់​​ទេ ហើយ​មាន​ស្ថានភាព​នយោបាយ​តានតឹង​បែប​នេះ ធ្វើ​ឲ្យ​មាន​​គេ​រិះគន់​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់​​ពាក់ព័ន្ធ​​រឿង​​​នយោបាយ​​ច្រើន​​ជាង»

មន្ត្រី​សិទ្ធិមនុស្ស​កត់សម្គាល់​ថា​ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ​បាន​បង្កើន​ការ​វាយ​ប្រហារ​កាន់​តែ​ខ្លាំង​លើ​ក្រុម​អ្នកគាំទ្រ​ និង​សកម្មជន​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ បន្ទាប់ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​ថ្ងៃ​ជាក់លាក់​ក្នុង​ការ​វិលត្រឡប់​មក​កម្ពុជា​វិញ។ គិត​ត្រឹម​ថ្ងៃទី២៧​ កញ្ញា​ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ នៅ​តាម​មូលដ្ឋាន​សរុប ២៩នាក់​ ដាក់​ក្នុង​ពន្ធនាគារ​ ហើយបាន​កោះហៅ​ និង​ចោទ​ប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​កើន​ដល់ជាង ១៦០នាក់​ហើយ។ ក្រៅពី​នេះ​ សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ ក៏​កំពុង​ទទួលរង​ការ​គំរាម​គំ​ហែង​ និង​រង​ការ​វាយដំ​តាម​រូប​ភាព​ផ្សេងៗ​ ទៀត។

នៅ​ក្នុង​សំណុំរឿង​គណបក្ស​ប្រឆាំង​ដដែល​នេះ​។​ តុលាការ​ខេត្តកំពង់ចាម​ បាន​ចោទ​ប្រកាន់​ លោក​ សឿន ស្រ៊ាង​ ពីបទ «រួមគំនិតក្បត់»​ តាម​មាត្រា​ ៤៥៣​ នៃ​ក្រម​ព្រហ្មទណ្ឌ។

ការ​ចោទ​ប្រកាន់​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នេះ​ ដោយ​តុលាការ​ខេត្តកំពង់ចាម​​លើក​​ហេតុ​ផល​ថា​ លោក​ សឿង ស្រ៊ាង​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​​កៀរគរ ​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពុងសៀម​ និង​ស្រុក​ចំការ​លើ​ មក​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​​ចូល​រួម​គាំទ្រ​គម្រោង​វិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​របស់​លោក​ សម រង្ស៊ី​ នៅ​ថ្ងៃទី​៩ វិច្ឆិកា​ខាងមុខនេះ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​ដំបូង​ខេត្តកំពង់ចាម បាន​ចាត់​ទុក​ការ​ដើរ​កៀរគរ​​របស់​​លោក សឿន ស្រ៊ាង ថា ​ជា​​​សកម្មភាព​​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​។​

អាស៊ីសេរី​ មិន​អាចទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ សឿង ស្រ៊ាង​ បានទេ​នៅ​ថ្ងៃទី​២៧ កញ្ញា​។​

ប្រធានក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា APHR លោក ឆាល សាន់​ទីយ៉ាហ្គោ (Charles Santiago) ចាត់ទុកការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​​ស​កម្មជន​គណបក្ស​ប្រឆាំងនេះ​ថា ជាការគំរាមកំហែង ក្នុង​ហេតុ​ផលនយោបាយ នៃ​របប​ផ្តាច់ការ​​របស់​លោក ហ៊ុន សែន ប៉ុណ្ណោះ។ លោកស្នើឲ្យ​របប​នេះ កុំរារាំង​ដំណើរវិលត្រឡប់ដោយ​សន្តិវិធី​​របស់​លោក សម រង្ស៊ី និង​មន្រ្តី​បក្ស​ប្រឆាំង ដើម្បី​ប្រយោជន៍ប្រជាធិបតេយ្យ​។ លោក​ព្រមាន​ថា កេរឈ្មោះរបស់​កម្ពុជា នឹង​បន្ត​អាក្រក់ នៅក្នុង​ក្រសែភ្នែកសហគមន៍អន្តរជាតិ បើស្ថានភាព​បច្ចុប្បន្ននៅតែមិនប្រសើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល