អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ស្នើ​ទៅ​មេ​ដឹក​នាំ​គណបក្ស​នេះ​កុំ​ឲ្យ​បែក​បាក់​គ្នា

ដោយ យន់ សាមៀន
2019-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន សែន (កណ្ដាល) នាយករដ្ឋមន្ត្រី និង​លោក កឹម សុខា (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក សម រង្ស៊ី (ឆ្វេង) ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន សែន (កណ្ដាល) នាយករដ្ឋមន្ត្រី និង​លោក កឹម សុខា (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ ហ្វេសប៊ុក​លោក​ទាំង​៣

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ស្នើ​ទៅ​មេ​ដឹក​នាំ​គណបក្ស​នេះ​កុំ​ឲ្យ​បែក​បាក់​គ្នា អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ស្នើ​ទៅ​មេ​ដឹក​នាំ​គណបក្ស​នេះ​បន្ត​រួម​គ្នា​ឲ្យ​បាន​រឹងមាំ ដើម្បី​ផ្ដល់​ក្តី​សង្ឃឹម​ដល់​ពលរដ្ឋ​ម្ចាស់​ឆ្នោត ដែល​ត្រូវ​ការ​អ្នក​ប្រជាធិបតេយ្យ មក​ដឹក​នាំ​ប្រទេស។ ឆ្លើយ​តប​ការ​អំពាវនាវ​នេះ ប្រធាន​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា ជំហរ សម រង្ស៊ី-កឹម សុខា ជា​មនុស្ស​តែ​មួយ​នៅ​តែ​រឹងមាំ​ដដែល បើ​ទោះ​ជា​គណបក្ស​កាន់​អំណាច​ចង់​ឃើញ​មេ​ដឹក​នាំ​គណបក្ស​នេះ​បែក​បាក់​គ្នា​ក្តី។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឃើញ​ថ្នាក់​នាំ​គណបក្ស​នេះ​គ្រប់​ជាន់​ថ្នាក់​នៅ​តែ​បន្ត​រក្សា​សម្ពន្ធភាព​រឹងមាំ​ដដែល បើ​ទោះ​ជា​គណបក្ស​នេះ​កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គ្រប់​រូបភាព ពី គណបក្ស​កាន់​អំណាច​ក្តី។ ពួក​គេ​លើក​ឡើង​ថា លោក សម រង្ស៊ី និង​លោក កឹម សុខា ជា​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ និង​ការ​ផ្លាស់​ប្ដូរ​ប្រទេស​ឲ្យ​មាន​ការ​រីក​ចម្រើន។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កូរ៉េ​ខាង​ត្បូង លោក ស សុខេម អះអាង​ថា គោលជំហរ​របស់​យុវជន​នៅ​ប្រទេស​កូរ៉េ​នៅ​តែ​ផ្ដល់​ទំនុក​ចិត្ត​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​កម្ពុជា។ លោក​បន្ត​ថា ឈរ​លើ​ផ្លូវ​ដ៏​វែង​អន្លាយ​នេះ យុវជន​ស្នើ​ទៅ​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​តែ​បន្ត​រួម​គ្នា​ជា​ធ្លុង​មួយ។ ក្រៅ​ពី​នេះ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ស្នើ​ទៅ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​កុំ​វាយ​ប្រហារ​គ្នា​ឯង ប្រសិន​បើ​មន្ត្រី ឬ​សកម្មជន​គណបក្ស​នេះ​មាន​ការ​ភ្លាំងភ្លាត់ ឬ​ធ្វើ​សកម្មភាព​ខុស​ឆ្គង​ដោយ​អចេតនា៖ «សូម​បង​ប្អូន​សង្គ្រោះ​ជាតិ​ដូច​គ្នា​កុំ​វាយ​ប្រហារ​គ្នា ដើរ​តាម​ការ​ដឹក​នាំ​លោក សម រង្ស៊ី លោក កឹម សុខា ដែល​យើង​ចាត់​ទុក​គាត់​ជា​មនុស្ស​តែ​មួយ»

ពលរដ្ឋ​ម្នាក់​លោក គឹម ហ៊ាង ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី កាល​ពី​រាត្រី​ថ្ងៃ​សុក្រ ទី២៦ ខែ​ធ្នូ សង្កេត​ឃើញ​ថា ពលរដ្ឋ​ក្នុង​ប្រទេស​នៅ​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​រឹងមាំ​ដដែល បើ​ទោះ​ជា​មាន​ភាព​ខ្វែង​គំនិត​គ្នា​ខ្លះ​ដ៏​ក៏​ដោយ។ ពលរដ្ឋ​រូប​នេះ ស្នើ​ទៅ​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវ​តែ​រក្សា​ជំហរ​អ្នក​ទាំង​ពីរ​ជា​មនុស្ស​តែ​មួយ​ដដែល៖ «សូម​ឲ្យ​បន្ត​ដំណើរ​រឹងមាំ​ឆ្ពោះ​ទៅ​មុខ​ទៀត​ជា​មួយ​ឯកឧត្ដម កឹម សុខា ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​វិល​ទៅ​ភាព​អតីត​កាល ខ្ញុំ​សង្ឃឹម​ថា ឯកឧត្ដម សម រង្ស៊ី ឯកឧត្ដម កឹម សុខា នឹង​តែ​រួម​ដៃ​គ្នា ដើម្បី​បន្ត​ដំណើរ​សម្រេច​បំណង​ចុង​ក្រោយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ»

ឆ្លើយ​តប​នឹង​សំណើ​ពលរដ្ឋ​បែប​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា យុទ្ធវិធី​លោក ហ៊ុន សែន ដើម្បី​បន្ត​ក្ដោបក្ដាប់​អំណាច គឺ​បំបែក សម រង្ស៊ី-កឹម សុខា។ ប៉ុន្តែ​លោក​ថា យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន មិន​ទទួល​បាន​ជោគជ័យ​ឡើយ ដោយ​លោក​អះអាង​ថា ជំហរ​អ្នក​ដឹក​នាំ​ទាំង​ពីរ​នៅ​តែ​រឹងមាំ​ដដែល។ លោក សម រង្ស៊ី ក៏​អំពាវនាវ​ទៅ​អ្នក​គាំទ្រ​កុំ​គាំទ្រ​បុគ្គល​ណា​មួយ គឺ​ត្រូវ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​មូល៖ «សម រង្ស៊ី អត់​មាន​អ្នក​ណា​គាំទ្រ សម រង្ស៊ី ជា​បុគ្គល​ទេ កឹម សុខា ក៏​អត់​មាន​អ្នក​គាំទ្រ កឹម សុខា ជា​បុគ្គល​ដែរ តែ​បើ​គាំទ្រ គឺ​គាំទ្រ សម រង្ស៊ី និង កឹម​ សុខា ជា​មនុស្ស​តែ​មួយ គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​យើង​ទាំង​អស់​គ្នា ដែល​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​ប្រជាពលរដ្ឋ​ខ្មែរ»

អ្នក​វិភាគ​នយោបាយ លោក កឹម សុខ យល់ថា ការ​បង្ហាញ​កម្លាំង​រឹងមាំ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ពេល​នេះ គឺ​ជា​រឿង​សំខាន់​ណាស់ ព្រោះ​សហគមន៍​អន្តរជាតិ គេ​ត្រូវ​ធ្វើ​ការ​ជាមួយ​គណបក្ស​​នេះ ប៉ុន្តែ​មិន​មែន​ធ្វើ​ការ​ជា​មួយ​ក្រុម​ណា​មួយ​នោះ​ទេ។ អ្នកវិភាគ​រូប​នេះ​យល់​ថា ក្នុង​ឆ្នាំ​ថ្មី​នេះ ដើម្បីឲ្យ​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​រឹងមាំ គឺ​ទាមទារ​ឲ្យ​លោក លោក សម រង្ស៊ី ជា​មេ​ដឹក​នាំ​កំពូល ត្រូវ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​គណបក្ស​នេះ​ឲ្យ​កាន់​តែ​រឹងមាំ៖ «គឺ​ជា​ការ​បង្ហាញ​នូវ​កម្លាំង​នយោបាយ​រួម ដែល​ផ្ដល់​នូវ​ទំនុក​ចិត្ត និង​សេចក្ដី​សង្ឃឹម​ដល់​សហគមន៍​អន្តរជាតិ ការ​រួបរួម​គ្នា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អាច​បំពេញ​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ឲ្យ​ឆាប់​ទៅ​ដល់​គោលដៅ​ជោគជ័យ​នៃ​ការ​ផ្លាស់​ប្ដូរ​ទៅ​ប្រកាន់​ប្រជាធិបតេយ្យ»

កាលនៅថ្ងៃទី១៧ ខែ​កក្កដា ឆ្នាំ២០១២ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ៊្វីលីពីន គណបក្ស សម រង្ស៊ី ដឹក​នាំ​ដោយ​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក កឹម សុខា បាន​រួម​គ្នា​បង្កើត គណបក្ស​សង្គ្រោះ​ជាតិ។ ក្រោម​ដំបូល​រូប​ព្រះ​អាទិត្យ​រះ គណបក្ស​នេះ​រក្សា​ជំហរ សម រង្ស៊ី-កឹម សុខា មនុស្ស​តែ​មួយ។ មុន​របប​ក្រុង​ភ្នំពេញ​រំលាយ គណបក្សនេះ​មាន​កៅអី​នៅ​រដ្ឋសភា​ចំនួន ៥៥ លើ​អាសនៈ​សរុប ១២៣ និង​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ជាង​ប្រាំ​ពាន់​នាក់ (.០០៧) ទូទាំង​ប្រទេស។ គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា និង​មាន​ការ​រំពឹង​ថា គណបក្ស​នេះ​អាច​ឈ្នះ​ឆ្នោត​ដឹក​នាំ​ប្រទេស បើ​សិន​ជា​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល