សកម្មជន​បក្ស​ប្រឆាំង​ប្ដេជ្ញា​ទៅ​ទទួល​លោក សម រង្ស៊ី ទោះ​រង​ការ​គំរាម​បង្ក្រាប​ជា​ថ្មី​ទៀត​ពី​អាជ្ញាធរ

ដោយ សេក បណ្ឌិត
2019-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។
លោក សម រង្ស៊ី និង​លោក កឹម សុខា ថតរូប​ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវករ​ផ្សារលើ ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​​ឆ្នាំ​២០១៤។
Photo: RFA

សកម្មជន​បក្ស​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស នៅតែ​រក្សា​ជំហរ​ទៅ​ទទួល​លោក សម រង្ស៊ី បើ​ទោះ​បី​ជា​រង​ការ​គំរាម​ពី​អគ្គស្នងការ​នគរបាល​ជាតិថា នឹង​ចាប់ខ្លួន ឬ​បង្ក្រាប​ជា​ថ្មី​ទៀត​ក៏ដោយ។ ពួក​គេ​​និយាយ​ថា ការ​ទៅ​ទទួល​លោក សម រង្ស៊ី គ្មាន​អ្វី​ខុសច្បាប់​ទេ​។ តើ​សកម្មជន​បក្ស​ប្រឆាំង មាន​ទស្សនៈ​បែប​ណា ក្រោយពេល​សមត្ថកិច្ច​ព្រមាន​ចាត់វិធានការ អ្នក​រារាំង​ការអនុវត្ត​សាលដីកា​​តុលាការ​កំពូល?

សកម្មជន​ប្រឆាំង​នៅ​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ លោក ផាន់ សុភី ប្រាប់​ថា ក្រុម​យុវជន​នៅតែ​ទៅ​ទទួល​លោក សម រង្ស៊ី ដដែល ដោយ​មិន​ខ្លាច​ការ​គំរាមកំហែង​ឡើយ។ លោក​ចាត់​ទុក​ការ​គំរាម​របស់​​អគ្គស្នងការ​នគរបាល​ជាតិ​ថា ជា​ការ​បន្លាច​ពលរដ្ឋ។ លោក​ថា ការ​ទៅ​ទទួល លោក សម រង្ស៊ី កើត​ចេញ​ពី​ទឹកចិត្ត​ស្មោះស្ម័គ្រ ស្រលាញ់ និង​ឱ្យ​តម្លៃ ដូច្នេះ​ការព្រមាន​នេះ មិន​អាច​បំភ័យ ឬ​បំបាក់​ទឹកចិត្ត​ពលរដ្ឋ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឡើយ៖ «ការ​បារម្ភ​មាន​បង។ តែ​បើ​យើង​នៅ​តែ​ខ្លាច​ យើង​នៅ​តែ​អ៊ីចឹង។ បារម្ភ គឺ​បារម្ភ​ តែ​បើ​នៅ​តែ​ខ្លាច យើង​នៅ​តែ​អ៊ីចឹង យើង​អត់​មាន​ការ​ផ្លាស់​ប្ដូរ​​ឲ្យ​បាន​ច្បាស់​លាស់។ តាម​ទស្សនៈ​ខ្ញុំ​ផ្ទាល់​ខ្លួន​ឯង មិន​មែន​ជា​ការ​ប្រឆាំង​អ្វី​ផង គ្រាន់​តែ​យើង​ទៅ​ស្វាគមន៍​ និង​ទទួល​មនុស្ស​ ដែល​យើង​គោរព​ស្រលាញ់ ឆន្ទ និង​ទង្វើ​របស់​គាត់។ យើង​យល់​ថា​ គាត់​ល្អ អត់​មាន​ទៅ ប្រឆាំង​អ្វី​នឹង​សាលដីកា​អ្វី​ផង។ យើង​ទៅ​គាំទ្រ​តែ​បុគ្គល អត់​មាន​ប្រឆាំង​ជាមួយ​សមត្ថកិច្ច​​ឯ​ណា»។​​

អគ្គស្នងការ​នគរបាល​ជាតិ បាន​ព្រមាន​ជាថ្មី​ទៀត​ថា នឹង​ចាប់ខ្លួន​ពលរដ្ឋ ណា​ដែល​ធ្វើ​សកម្មភាព​រារាំង​ការអនុវត្ត​សាលដីកា​តុលាការ។ អគ្គស្នងការ​នគរបាល​ជាតិ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៧ កក្កដា​ថា សមត្ថកិច្ច​នឹង​តាម​ចាប់ខ្លួន លោក សម រង្ស៊ី និង​បក្ខពួក តាម​គ្រប់​មធ្យោបាយ ពី​ក្រៅ​ប្រទេស​ឱ្យ​ទាល់តែ​បាន ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​តុលាការ។

ទន្ទឹម​នឹង​ការព្រមាន​នេះ​អគ្គស្នងការ​នគរបាល​ជាតិ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ ជួយ​ចាប់ខ្លួន​លោក សម រង្ស៊ី បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​នៅ​កម្ពុជា​វិញ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​កំពង់ចាម លោក ឋាន សុរិទ្ធិ អះអាង​ថា ពលរដ្ឋ​មិន​ខ្លាច​ការព្រមាន​របស់​សមត្ថកិច្ច​ទេ។ លោក​បន្ត​ថា បច្ចុប្បន្ន​មិន​ចាំបាច់​មាន​ហេដ្ឋារចនាសម្ព័ន្ធ​បក្ស​ប្រឆាំង​ដឹកនាំ ក៏​ពលរដ្ឋ​អាច​យល់ និង​ត្រៀមខ្លួន​ចាំ​ទទួល​លោក សម រង្ស៊ី ដែរ​។ លោក ឋាន សុរិទ្ធិ យល់ថា ការ​ព្រមាន​ពលរដ្ឋ​នេះ ជា​ភាព​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច និង​ជា​ការ​រំលោភ​បំពាន​សិទ្ធិ​ពលរដ្ឋ៖ «ថា​ឲ្យ​មាន​ការ​ថមថយ​ ទៅ​ទទួល​លោក​ប្រធាន​សម រង្ស៊ី ហ្នឹង គឺ​ដូចជា​អត់​មាន​ការ​ថមថយ​ទេ។ បើ​តាម​ខ្ញុំ បាន​ទៅ​ជួប​ពួកគាត់ ដូចជា​ តាម​ពិធី​មង្គល​ការ​ ពិធី​បុណ្យ​ទាន គាត់​ហាក់​បី​ដូចជា​អត់​មាន​ការ​ភ័យ​ខ្លាច។ បែរ​ជា​យល់​ឃើញ​ថា របប​ដឹកនាំ​ដោយ​ គណបក្ស​ប្រជាជន​បច្ចុប្បន្ន​ហ្នឹង ​​ទើប​បញ្ជាក់​លិខិត​ម្ដង​ហើយ ម្ដង​ទៀត​ ៗ តែ​មិន​ព្រម​ធ្វើ​បត្យាប័ន​ជាមួយ​ប្រទេស​បារាំង ដើម្បី​បញ្ជូន​លោក ប្រធាន​ សម​ រង្ស៊ី មក​សោះ​តែ​ម្ដង»។​​

ចំណែក​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត ស្រុក​កំរៀង ខេត្ត​បាត់ដំបង លោក គ្រុយ គឹមសាំង វិញ​ថ្លែង​ថា ពលរដ្ឋ​នៅ​ស្រុក​កំរៀង​ជាច្រើន​រយ​នាក់ កំពុង​អន្ទះសា​ត្រៀម​ទៅ​ទទួល​លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង។ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ជាប់ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ យល់ឃើញ​ស្រដៀង​នឹង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេងទៀត​ដែរ​ថា ការព្រមាន​របស់​ស្ថាប័ន​ប៉ូលិស​នេះ ព្រោះ​​​គណបក្ស​កាន់​អំណាច ខ្លាច​ប្រជាប្រិយភាព​លោក សម រង្ស៊ី៖ «ខ្ញុំ​ស្រលាញ់​ គោរព​គាត់ ខ្ញុំ​នឹង​ទៅ​ទទួល​គាត់ ព្រោះ​ថា​ គាត់​មិន​ធ្វើ​អ្វី និយាយ​ទៅ​ឲ្យ​ក្បត់​ជាតិ ក្បត់​ប្រជាពលរដ្ឋ​ទេ គាត់​ធ្វើ​ដើម្បី​ជាតិ និង​ប្រជា​ពលរដ្ឋ​។ ប្រសិន​បើ​គាត់​ ធ្វើ​អ្វី ដែល​ក្បត់​ពី​ជាតិ ក្បត់​ប្រជាពលរដ្ឋ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​​ វេទនា លំបាក អា​ហ្នឹង​គឺ​ខ្ញុំ​អត់​ហ៊ាន​ទៅ​ទទួល​មែន។ ប៉ិន​តែ​គ្រាន់​ថា គាត់​ធ្វើ​ដើម្បី​ជាតិ ដើម្បី​សេដ្ឋកិច្ច​ ឃើញ​កន្លង​មក​សេដ្ឋកិច្ច ចេះ​តែ​ដាប​ទៅ​ៗ។ បាទ​! ដូចជា​មិន​ខ្លាច​ មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់។ បើ​សិន​យើង​ធ្វើ​អ្វី​ខុស​ច្បាប់​ យើង​បំផ្លាញ​ជាតិ អា​ហ្នឹង​បាន​ខ្ញុំ​ខ្លាច»

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ត្រៀមខ្លួន​ចាំ​ទទួល​លោក​វិល​ត្រលប់​ចូល​ប្រទេស​កម្ពុជា នៅ​ខែ​កញ្ញា ខាងមុខនេះ។ ក្រោយ​ការ​ប្រកាស​នេះ មន្ត្រី​គណបក្សប្រឆាំង​នៅ​តាម​បណ្ដា​ប្រទេស​នានា កំពុង​ធ្វើ​យុទ្ធនាការ កៀរគរ​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក ឱ្យ​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​​ចូល​កម្ពុជា​វិញ ជាមួយ​ពលរដ្ឋ និង​ពលករ​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

បន្ថែម​ពី​នេះ ពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ​តាម​បណ្ដា​ប្រទេស​នានា ក៏​កំពុង​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បរទេស បន្ថែម​ទណ្ឌកម្ម​លើ​របប​ក្រុងភ្នំពេញ​ដែរ។ តួយ៉ាង​ដូចជា សហគមន៍​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ទាមទារ​ឱ្យ​រដ្ឋសភា អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​បក្ខពួក និង​គ្រួសារ​លោក ហ៊ុន សែន សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី និង​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន កំពុង​ត្រៀម​ធ្វើ​បាតុកម្ម នៅ​ខែ​សីហា ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន ជួយ​ឃ្លាំមើល​ដំណើរ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី និង​ដាក់ទណ្ឌកម្ម​របប​ក្រុងភ្នំពេញ​ជាដើម។

សកម្មជន​ចលនា​សង្គ្រោះជាតិ នៅ​ប្រទេស​ជប៉ុន អ្នកស្រី ស៊ៀ ណៃគួយ ឱ្យ​អាស៊ីសេរី​ដឹង​ថា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន បាន​ប្រជុំ​គ្នា​រួចហើយ​ថា នឹង​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ នៅ​ខែ​កញ្ញា។ អ្នកស្រី​ថា ខ្មែរ​នៅ​ជប៉ុន ទាំង​ជនភៀសខ្លួន​នយោបាយ និង​ពលករ មិន​ខ្លាច​ការ​គំរាម​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ឡើយ ព្រោះ​ពួកគេ​ស៊ាំ​នឹង​ការ​គំរាម​នេះ​ហើយ។ អ្នកស្រី​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន ក៏​កំពុង​ធ្វើ​យុទ្ធនាការ​កៀរគរ ថ្នាក់ដឹកនាំ​ប្រទេស​ជប៉ុន ឱ្យ​ចូលរួម​វិល​ត្រលប់​ចូល​កម្ពុជា ជាមួយ​ពលរដ្ឋ​ខ្មែរ និង​លោក សម រង្ស៊ី ផង​ដែរ៖ «ពេល​ដែល​លោក​ប្រធាន​សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​អ៊ីចឹង​ ​​ប្រហែល​មាន​(​អ្នក​ខ្លះ) ភ័យ​ខ្លាច។ ប៉ុន្តែ​អត់​អ្វី​ទេ​ នៅ​មាន​មួយ​ចំនួន​ទៀត​ដែរ ព្រោះ​អ្វី​ពួកគាត់​តាំង​ចិត្ត​ថា មិន​ខ្លាច​ទេ ព្រោះ​អ្វី​របប​សព្វ​ថ្ងៃ​នេះ រស់​នៅ​ដូច​ស្លាប់​ដែរ។ ដី​ដែល​យើង​មាន​ហើយ ក៏​គេ​ត្រូវ​រំលោភ​បំពាន​យក​បាន។ កូន​ចៅ​សម្ដេច​ហ៊ុន សែន គាត់​បាន​គំរាម​ពួក​ខ្ញុំ​ប៉ុន្មាន​ដង​ហើយ​ តែ​ពួក​ខ្ញុំ​អត់​មាន​ការ​ភ័យ​ខ្លាច។ យើង​នៅ​តែ​ធ្វើ​ដដែល​ហ្នឹង ព្រោះ​អ្វី​នៅ​ប្រទេស​ជប៉ុន​ហ្នឹង ​មាន​សិទ្ធិ​សេរីភាព​​។ ពលរដ្ឋ​ខ្មែរ​នរណា​ឲ្យ​តែ​ក្លាហាន និង​​ហ៊ាន​ចេញ​មុខ​(​ធ្វើ​បាតុកម្ម) គឺ​ថា អត់​មាន​ការ​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់»។

គម្រោង​វិលត្រឡប់​ចូល​កម្ពុជា​វិញ​របស់ លោក សម រង្ស៊ី នេះ ក៏​ទទួល​បាន​ការ​គាំទ្រ ពី​សមាជិកសភា​អឺរ៉ុប​មួយ​ចំនួន​ផង​ដែរ ដោយ​ពួកគេ​បញ្ជាក់​ថា ពួកគេ​នឹង​អម​ដំណើរ​មេ​បក្ស​ប្រឆាំង​រូប​នេះ ត្រឡប់​ចូល​កម្ពុជា​វិញ​។ ទោះជា​យ៉ាងណា ក្រសួង​ការបរទេស​នៃ​របប​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ដាក់ឈ្មោះ​សមាជិកសភា​អឺរ៉ុប​ទាំង​នោះ​​ចូល​​បញ្ជី​​ខ្មៅ និង​ហាម​ចេញ​​ទិដ្ឋាការ​ឱ្យ​ចូល​កម្ពុជា​ដាច់ខាត​។ បន្ថែម​ពី​នេះ លោក ហ៊ុន សែន បាន​គំរាម​បាញ់​កាំភ្លើង​យន្ត​ពី​ក្នុង​លេណដ្ឋាន​កងទ័ព បើ​លោក សម រង្ស៊ី ហ៊ាន​ដឹកនាំ​អ្នកគាំទ្រ ចូល​តាម​ច្រក​ព្រំដែន​គោក ប្រទេស​ថៃ​។

មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា យុទ្ធសាស្ត្រ​បន្លាច​របស់​របប​ក្រុងភ្នំពេញ មិន​អាច​ឃាត់​ដំណើរ​វិល​ចូល​កម្ពុជា​វិញ របស់​លោក សម រង្ស៊ី បាន​ឡើយ។

អ្នក​សម្របសម្រួល​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​ប្រទេស​ថៃ លោក ម៉ោញ សារ៉ាត់ អះអាង​ថា លោក ហ៊ុន សែន នឹង​គ្មាន​ឱកាស​បាន​ប្រើ​កាំភ្លើងយន្ត​បាញ់សម្លាប់​លោក សម រង្ស៊ី និង​ក្រុម​អ្នក​គាំទ្រ​​នោះ​​ទេ ព្រោះ​ការ​វិល​ចូល​ស្រុក​របស់ លោក សម រង្ស៊ី គឺ​ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ មិនមែន​ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​បុរស​ខ្លាំង​ខាង​ប្រើ​អំពើ​ហិង្សា​រូប​នេះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

តាសាន

ពី LA

ខ្មែរអើយឈប់ល្ងង់ចាញ់បោកសមរង្សីទៅ ម៉េចមិនសួរគាត់ទៅ ចាំបាច់ដាក់មេផាយធ្វើអី

Jul 28, 2019 07:29 PM

គេហទំព័រ​ទាំងមូល