ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ត្បូងឃ្មុំ​អាច​នឹង​បាត់​សិទ្ធិ​បោះឆ្នោត​ព្រោះ​មិន​ទាន់​មាន​ឯកសារ

ដោយ សូត សុខប្រាថ្នា
2017-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជាពលរដ្ឋ​នៅ​ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​នៅ​សាលា​ឃុំ​មេមត់ កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៧។
ប្រជាពលរដ្ឋ​នៅ​ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​នៅ​សាលា​ឃុំ​មេមត់ កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៧។
RFA

មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ត្បូងឃ្មុំ បារម្ភ​ថា​ពលរដ្ឋ​មួយ​ចំនួន​នឹង​បាត់បង់​សិទ្ធិ​ចូលរួម​ការ​បោះឆ្នោត ខណៈ​ដែល​ពួក​គេ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន​នៅ​មិន​ទាន់​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​បាន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ហើយ​នីតិវិធី​មាន​ភាព​ស្មុគស្មាញ ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ធុញទ្រាន់។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ..ប សម្រួល​នីតិវិធី​ក្នុង​ការ​បំពេញ​ឯកសារ​បម្រើ​ការ​បោះឆ្នោត​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​ជាង​ពេល​បច្ចុប្បន្ន​បន្ថែម​ទៀត។

ការ​លើក​ឡើង​នេះ ដោយសារ​នីតិវិធី​របស់ គ..ប គឺ​មាន​លក្ខណៈ​ស្មុគស្មាញ ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ធុញទ្រាន់ ហើយ​ខ្លះ​ថា​នឹង​មិន​ទៅ​បំពេញ​ឯកសារ​នោះ​ឡើយ ដោយសារ​មាន​បញ្ហា​ប្រឈម​ផ្សេងៗ។

បេក្ខជន​លេខ​រៀង​ទី​១ គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ លោក ឡាយ ផល្លា មាន​ប្រសាសន៍​ថា នៅ​ឃុំ​របស់​លោក​មាន​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ទៅ​បំពេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការ​បោះឆ្នោត មាន​ចំនួន​ជាង ២០០​នាក់។ លោក​បារម្ភ​ថា ចំនួន​នេះ​នៅ​តែ​ច្រើន ដែល​ធ្វើ​ឲ្យ​ពួក​គេ​នឹង​បាត់បង់​សិទ្ធិ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​៤ មិថុនា ដោយសារ​នីតិវិធី​បញ្ជាក់​ឯកសារ គឺ​មាន​ភាព​ស្មុគស្មាញ៖ «ដល់​អ៊ីចឹង​យើង​បាន​ទៅ​ប្រាប់​គាត់​មួយ​សា​ហើយ។ គាត់​ធុញទ្រាន់​នឹង​ទៅ​ថត​តែ​ម្តង រូបថត​បី​គុណ​នឹង​បួន បី​សន្លឹក ហើយ​ម្យ៉ាង​ទៀត គាត់​ធុញទ្រាន់​នឹង​រក​សាក្សី​ពីរ​នាក់​ទៀត»

មន្ត្រី​គណបក្ស​ប្រឆាំង​ដដែល​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ធ្វើ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការ​បោះឆ្នោត សុំ​នាំ​គ្នា​រួសរាន់​ទៅ​ធ្វើ និង​ស្នើ​ឲ្យ គ..ប គប្បី​សម្រួល​លើ​បញ្ហា​នេះ។

មិន​ខុស​គ្នា​នេះ បេក្ខជន​លេខ​រៀង​ទី​១ ឃុំ​ជាំក្រវៀន ស្រុក​មេមត់ លោក អ៊ិន សុខុន បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​ឃុំ​របស់​លោក​ដែល​បាន​ចុះ​ឈ្មោះ ហើយ​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គឺ​មាន​ចំនួន​ជាង ៦០០​នាក់។ លោក​ថា ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនេះ គឺ​មាន​អ្នក​ភូមិ​ជាង ១០០​នាក់​ប៉ុណ្ណោះ​ដែល​បាន​ទៅ​ធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត។ បញ្ហា​នេះ លោក​បារម្ភ​ចំពោះ​ដំណើរការ​បោះឆ្នោត ព្រោះ​លទ្ធផល​នឹង​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការពិត ត្បិត​ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ចូលរួម​បោះឆ្នោត។ បន្ថែម​ពី​នេះ លោក​ថា​ក្រុម​កម្មករ​រោងចក្រ​ជាច្រើន នឹង​មិន​អាច​ធ្វើ​ដំណើរ​មក​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការ​បោះឆ្នោត​ទាន់​ពេលវេលា​ទេ ពីព្រោះ​ការងារ​នេះ​នឹង​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​២ មិថុនា ជា​ពេល​ដែល​ក្រុម​កម្មករ​មិន​ទាន់​ឈប់​សម្រាក​ផង៖ «កុំ​ចាំបាច់​ថា​មក​បញ្ជាក់​បន្ថែម​ទៀត អាណិត​គាត់ ព្រោះ​គាត់​លំបាក ហើយ​ពួក​គេ​ខែ​នេះ​រវល់​ជាប់​ធ្វើ​ស្រែ​ចម្ការ»

ពលរដ្ឋ​ឃុំ​ជាំក្រវៀន ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ចុង​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ៧​ពាន់​នាក់។

កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា គ..ប បាន​ចេញ​លិខិត​ជូន​ដំណឹង​ទៅ​ប្រធាន​គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត ឲ្យ​ជួយ​ជំរុញ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ជា​ផ្លូវការ នៅ​ឆ្នាំ​២០១៦ ហើយ​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​បាត់បង់ និង​ខូចខាត ជាដើម។

គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត ត្រូវ​ណែនាំ​ដល់​ប្រធាន​គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​បាន​ទូលំទូលាយ ចំពោះ​ការ​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការ​បោះឆ្នោត ចាប់​ពី​ថ្ងៃ​ទី​៤ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា។

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ លោក សុខ ឈិន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ថា លោក​មិន​សូវ​បារម្ភ​ប៉ុន្មាន​ទេ ពីព្រោះ​ខាង​លោក​បាន​បញ្ជូន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ជាច្រើន​ទៅ​ឃុំ​ទាំងនោះ និង​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ទូលំទូលាយ​ទៀត​ផង៖ «ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះឆ្នោត​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ឃុំ​ជាំក្រវៀន យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​មក​ហើយ។ ធ្វើ​ការ​ផ្សព្វផ្សាយ​តាម​រយៈ​គណបក្ស​នយោបាយ អាជ្ញាធរ​ដែនដី កំពុង​បំផុស​ឲ្យ​គាត់»

ទោះ​ជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន មួយ​ចំនួន​បាន​លើក​ឡើង​ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ គឺ​ពួក​គាត់​បាន​ធ្វើ​ប្រមាណ ២​ឆ្នាំ​មក​ហើយ តែ​នៅ​មិន​ទាន់​ទទួល​បាន​ទៀត។ រីឯ​ការ​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​ស្ដីពី​ដំណើរការ​ធ្វើ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ការ​បោះឆ្នោត​វិញ គឺ​មិន​បាន​ទូលំទូលាយ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាច្រើន​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ ដើម្បី​ការ​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង យល់​ថា បញ្ហា​នេះ​គឺ​ជា​រឿង​សំខាន់​ណាស់ ហើយ​ខាង​លោក​ធ្លាប់​បាន​តស៊ូ​មតិ​ទៅ គ..ប ដើម្បី​សម្រួល​នីតិវិធី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ការ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា ប៉ុន្តែ គ..ប មិន​ទាន់​ឆ្លើយតប​បែប​ណា​ឡើយ។ លើស​ពី​នេះ លោក​សង្កេត​ឃើញ​ថា ការ​ផ្សព្វផ្សាយ​នៅ​តាម​មូលដ្ឋាន គឺ​មិន​បាន​ទូលំទូលាយ ហើយ​ពលរដ្ឋ​ក៏​មិន​សូវ​យល់​ដឹង​អំពី​បញ្ហា​នេះ​ប៉ុន្មាន​ដែរ។ លោក​មើល​ឃើញ​ថា ប្រសិន​បើ គ..ប មិន​បាន​រក​ដំណោះស្រាយ​សមរម្យ​ណា​មួយ ពលរដ្ឋ​ដែល​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ទាំងនោះ នឹង​បាត់បង់​សិទ្ធិ​បោះឆ្នោត​ជាក់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល