ខេត្ត​ភាគ​ឦសាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ឈប់​ពង្រាយ​កម្លាំង​តាម​វត្តអារាម​ក្នុង​រដូវ​​​ភ្ជុំបិណ្ឌ

ដោយ មួង ណារ៉េត
2019-09-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ២០១៩។
ទិដ្ឋភាព​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​វត្ត​មួយ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី២៨ ខែ​កញ្ញា ឆ្នាំ២០១៩។
រូប៖ RFA

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ភាគ​ឦសាន​ បង្ហាញ​អារម្មណ៍​មិន​ជ្រះស្រឡះ​ ក្នុង​ការ​ធ្វើបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ​ ដោយសារ​សមត្ថកិច្ច​ចម្រុះ​ របស់​របប​លោក​ ហ៊ុន​ សែន​ ត្រូវបាន​ដាក់​ពង្រាយ​កម្លាំង​ស្ទើរគ្រប់​វត្តអារាម​។ ពួកគេ​ចាត់ទុក​ទង្វើ​នេះ​ មិន​ផ្តល់​ផល​ចម្រើន​ដល់​សង្គមជាតិ​នោះ​ទេ​ និង​អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ​ពិចារណា​បញ្ឈប់​សកម្មភាព​ណា​ ប៉ះពាល់​ការប្រតិបត្តិ​ប្រពៃណី​ពលរដ្ឋ​ ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។

ក្រុម​ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ខេត្ត​ស្ទឹងត្រែង​ និង​ខេត្ត​ក្រចេះ​ចាត់ទុក​ ការ​ដាក់​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្លៀក​ឯកសណ្ឋាន​ជាច្រើន​នាក់​ ពង្រាយ​តាម​វត្តអារាម​ ដែល​មិនបាន​បង្ក​បរិយាកាស​ល្អ​ ដើម្បី​ឱ្យ​ពលរដ្ឋ​ធ្វើបុណ្យ​ទាន​ស្ងប់​អារម្មណ៍​នោះ​ទេ។ ផ្ទុយទៅវិញ ធ្វើ​ឱ្យ​ពួកគេ​ភ័យខ្លាច​ក្នុង​ការ​ប្រតិបត្តិ​ប្រពៃណី។

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រះឫស្សី​ ស្រុក​ថាឡាបរិវ៉ាត់​ ខេត្ត​ស្ទឹងត្រែង​ លោក​ ថាន់​ វ៉ន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៧ កញ្ញា​ថា​ ស្ទើរតែ​គ្រប់​វត្តអារាម​មាន​នគរបាល​ មន្ត្រី​អាវុធហត្ថ​ និង​ប្រជា​ការពារ​ភូមិ​ ចាប់ពី​ ៦នាក់​ ទៅ​ ១០នាក់​ បាន​ពង្រាយ​គ្នា​ឃ្លាំមើល​ សកម្មភាព​ប្រជាជន​ ខុសប្លែក​ពី​ឆ្នាំ​មុន​ៗ។ លោក​ចាត់​ទុក​ទង្វើ​នេះ​ ជា​សញ្ញា​គំរាម​កំហែង ​ដល់​សេរីភាព​ធ្វើបុណ្យ​ទាន​របស់​ពលរដ្ឋ​ ជាពិសេស​កម្ម​ជន​បក្ស​សង្គ្រោះ​ជាតិ៖ «យើង​ធ្វើ​អ៊ីចឹង​វា​ហួស​ហេតុ​ពេក យក​ប្រពៃណី​ធ្វើ​នយោបាយ វា​អត់​សម​ទេ។ ធ្វើ​នេះ​ឲ្យ​ពលរដ្ឋ​ភ័យ​ខ្លាច ដោយ​ឡែក​ពលរដ្ឋ​តាម​ជនបទ គ្នា​មិន​ទាន់​ដឹង​ច្បាប់​​ដឹង​ទម្លាប់​គ្នា​ភ័យ។ ខ្លះ​ចូល​វត្ត ខ្លះ​ក៏​មិន​ចូល​ទៅ។ វា​មិន​ចំណេញ​ទេ​ធ្វើ​អ៊ីចឹង។ បើ​និយាយ​ពី​មន្ត្រី​រាជការ ដូច​ទីងមោង ចង់​ធ្វើ​អ្វី​បាន​តាម​ចិត្ត។ នេះ​ទី​មួយ​ប៉ះពាល់​សតិ​អារម្មណ៍​ពលរដ្ឋ ទី២ វា​ថោក​ខ្លួន​ឯង។ យើង​ជា​ថ្នាក់​ដឹក​នាំ​ចុង​ក្រោយ​ខ្លាច​រាស្ត្រ​តូច​តាច​វិញ។ អា​ហ្នឹង​គេ​ហៅ​ថា ថោក​ខ្លួន​ឯង»

ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ក្រុង​ក្រចេះ​ លោក​ ម៉េង ណុប​ ប្រាប់​អាស៊ី​សេរី​ថា​ គ្រប់​វត្តអារាម​នៅ​ក្រុង​ក្រចេះ​ ក៏​មានសមត្ថកិច្ច​ចម្រុះ​យ៉ាងហោចណាស់​ជិត​ ១០នាក់​ ឃ្លាំមើល​សកម្មភាព​ប្រជាជន​ដែរ​ ក្រោម​ហេតុផល​ការពារ​សន្តិសុខ​ និង​សុវត្ថិ​ភាព​។ លោក​ថា​ វត្ត​ជ្រោយ​ថ្មី​ វត្ត​អូរឫស្សី​ វត្ត​ប៉ាឆា​ វត្ត​ក្រគរ​ និង​វត្ត​រកា​កណ្ដាល​ជាដើម​ មានសមត្ថកិច្ច​ឃ្លាំមើល​ សកម្មភាព​ប្រតិបត្តិ​ប្រពៃណី​របស់​ពុទ្ធបរិស័ទ​ នាំ​ឱ្យ​ពលរដ្ឋ​ខ្លះ​មិន​សប្បាយចិត្ត​ និង​ភ័យខ្លាច​។ លោក​បន្ថែម​ថា​ សមត្ថកិច្ច​ខ្លះ​បាន​ថតរូប​ សកម្មភាព​ធ្វើបុណ្យ​ទាន​ របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​បុណ្យ​ក្នុង​វត្ត៖ «ឃើញ​ពួក​ទាហាន និង​ប៉ូលិស​ច្រើន​មែន។ ផ្អើលៗ ខ្លាច​ដែរ ពួក​ខ្ញុំ​អី។ ប្លែក​ជាង​រាល់​ឆ្នាំ រាល់​ឆ្នាំ​អត់​សូវ​មាន​ដល់​ថ្នាក់​ហ្នឹង​ទេ។ ប៉ុន្មាន​ថ្ងៃ​នេះ គឺ​ខ្ញុំ​ឃើញ​ទាហាន និង​ប៉ូលិស​គ្រប់​វត្ត។ ចង់​ឲ្យ​គាត់​កាត់​បន្ថយ ប៉ូលិស​អី​មិន​បាច់​ទៅ​ទេ មាន​តែ​ប្រជា​ការពារ​បាន​ហើយ។ អា​ហ្នឹង​វា​ប៉ះ​ពាល់​ដែរ ព្រោះ​មាន​ប៉ូលិស​ទាហាន អ្នក​ខ្លះ​គាត់​ខ្លាច»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ ស្នងការ​ខេត្ត​ស្ទឹងត្រែង​ លោក​ ម៉ៅ​ តារា​ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ តែ​លោក​ថា​ ទូរស័ព្ទ​ស្ដាប់​មិន​ឮ​ និង​ឈប់​ទទួល​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី២៧ កញ្ញា​។ រី​ឯ​ស្នងការ​ខេត្ត​ក្រចេះ​ ក៏​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

កាលពី​ពាក់​កណ្ដាល​ខែ​កញ្ញា​កន្លងទៅ​ មាន​សារ​បែក​ធ្លាយ​មួយ​ជា​សំឡេង​របស់​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​គ្រប់​ខេត្ត​ក្រុង​ ត្រូវ​ចុះ​តាម​ឃ្លាំមើល​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​តាម​វត្ត​ ដើម្បី​គ្រប់គ្រង​សភាពការណ៍​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ៖ «ពួក​ប្រឆាំង​ក្រៅ​ច្បាប់​ ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ហ្នឹង​ គេ​បាន​ណែនាំ​ឱ្យ​គ្នា​គេ​ ចុះ​ទៅ​តាម​វត្ត​ ពេល​ភ្ជុំបិណ្ឌ​ឱ្យ​បាន​ច្រើន​ ដើម្បី​ជា​ឱកាស​ជួប​ជុំ​គ្នា​ ហើយ​និង​គេ​ពិភាក្សា​រៀបចំ​ផែនការ​ខ្មៅ​របស់​គេ​នោះ។ ឥឡូវ​នេះ យើង​នាំ​គ្នា​រៀបចំ​ មន្ត្រី​ ដើម្បី​ចុះ​តាម​វត្ត​ ម្យ៉ាង​បុណ្យ​ភ្ជុំ​បិណ្ឌ​ផង​ ម្យ៉ាង​ទៀត​គ្រប់គ្រង​សភាពការណ៍​ហ្នឹង»

មន្ត្រី​នាំ​ពាក្យ​សមាគម អាដហុក លោក​ ស៊ឹង​ សែន​ករុណា ថ្លែង​ថា ការ​ដាក់​ពង្រាយ​កម្លាំង​អាជ្ញាធរ​បែប​នេះ គឺ​ឆ្លុះបញ្ចាំង ​ការ​បែង​ចែង​វណ្ណៈ​ រវៀង​ក្រុម​អ្នកគាំទ្រ​បក្ស​កាន់អំណាច​ និង​ក្រុម​អ្នកគាំទ្រ​បក្សជំទាស់​ ដែល​លោក​ចាត់ទុកថា​ ជា​មូលហេតុ​ធ្វើ​ឱ្យ​សង្គមជាតិ​បែប​បាក់​សាមគ្គីភាព៖ «ករណី​នេះ​យើង​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ថែម​ទៀត ដោយ​ឃើញ​ថា ហាក់​ដូច​ជា ខ្មែរ​យើង​កំពុង​បែង​ចែក​គ្នា មាន​ការ​បែង​ចែក​លាប​ពណ៌​និន្នាការ​អ៊ីចឹង​ទៅ ហើយ​រស់​នៅ​ទាំង​ភ័យ​ខ្លាច។ ខ្ញុំ​ថា វិធានការ​ទាំង​អស់​នេះ​វា​មិន​បាន​ជួយ​ឲ្យ​ភាព​ចំរុង​ចម្រើន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទេ»

ទាំង​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ជា​រូបភាព​ប៉ះពាល់​អារម្មណ៍​ពលរដ្ឋ​ស្លូតត្រង់​ ធ្វើបុណ្យ​ទាន​បែប​ប្រពៃណី​ ជាពិសេស​សកម្មជន​បក្ស​ជំទាស់។ ពួក​គាត់​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ឈប់​ដាក់​ពង្រាយ​កម្លាំង​ច្រើន​បែប​នេះ​ត​ទៅ​ទៀត ដើម្បី​បង្ក​ឱ្យ​បរិយាកាស​ធ្វើ​បុណ្យទាន​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​ប្រព្រឹត្ត​ទៅ​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​សម្រាប់​ពលរដ្ឋ​គ្រប់​រូប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល