ព្រឹទ្ធសភា​របប​លោក​ ហ៊ុន សែន​ សម្រេច​ទាំង​ស្រុង​លើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​

ដោយ សេក បណ្ឌិត
2018-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រឹទ្ធសភា​កម្ពុជា
ព្រឹទ្ធសភា​កម្ពុជា
Photo: RFA

អ្នក​វិភាគ​រិះគន់​ព្រឹទ្ធសភា​របប​លោក ហ៊ុន សែន​ថា ​​បាន​​ប្រាក់ខែ​ ញើស​ឈាម​របស់​ពលរដ្ឋ​តាម​របស់​ការ​បង់ពន្ធ​ តែ​បែរជា​ធ្វើ​​ការងារ​តាម​ការ​ចង់​បាន​របស់​កាន់​អំណាច ដែល​មិន​ផ្ដល់​ប្រយោជន៍​ដល់​ជាតិ​ទៅ​វិញ​។ ការ​រិះគន់​នេះ​នេះ​បន្ទាប់​ពី​ព្រឹទ្ធសភា​បានសម្រេច​​ទៅ​លើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ទាំង​ស្រុង​តាម​ការ​ស្នើ​ពី​រដ្ឋសភា​ដោយ​មិន​មាន​ការ​កែប្រែ​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥​ធ្នូ។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ យល់​ថា ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ របស់​ព្រឹទ្ធសភា​របប​លោក​ហ៊ុន សែន​​ នឹង​ធ្វើ​ឲ្យ​​​កម្ពុជា​ក្លាយ​ទៅ​ជា​របប​ផ្ដាច់​ការ​កាន់​តែ​ខ្លាំង៖ «គឺ​ជា​ក្រុម​មនុស្ស​ដែល​ក្បត់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ និង​ពិការ​សតិសម្បជញ្ញៈ ព្រោះ​ពួកគេ​គ្រាន់​តែ​អនុម័ត​ច្បាប់​សម្រាប់​តែ​បម្រើ​មហិច្ឆតា​អំណាច​របស់​លោក​ហ៊ុន សែន​​ ដែល​លោក​យក​អំណាច​នេះ​ទៅ​បម្រើ​បុគ្គល​ឬ​ឲ្យ​បរទេស​ តែ​មិន​បម្រើ​ប្រយោជន៍​ឬ​ឧត្ដមគតិ​ជាតិ​របស់​ខ្មែរ​ឡើយ»

លោក​បន្ត​ថា​ ទង្វើ​នេះ​ប្រវត្តិ​នឹង​​កត់​ត្រា​ទុក ដើម្បី​​ថ្កោលទោស​អ្នក​ទាំង​នេះ​នៅ​ពេល​ណាមួយ​ដែល​ពួកគេ​អស់​អំណាច ព្រោះ​​របប​នេះ​ក៏​កំពង់​ប្រឈម​នឹង​ប្រតិកម្ម​របស់​​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​ និង​ប្រទេស​ធំៗ ដែល​និយម​ប្រជាធិបតេយ្យ​ជា​ច្រើន​ផង​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​របប​លោក ហ៊ុន សែន អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ​គណបក្ស​នយោបាយ គឺ​ដើម្បី​បើកផ្លូវ​ឲ្យ​គណបក្ស​ប្រឆាំង​ដែល​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ខ្មៅ​ចំនួន​១១៨​នាក់​ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ក៏​ប៉ុន្តែ​លោក ហ៊ុន សែន ប្រកាស​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង ដែល​ចង់​ធ្វើ​នយោបាយ​ត្រូវ​សុំ​លោក​ជា​មុន​ទើប​លោក​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​ច្បាប់​នេះ​ទេ។ លោក​ថា បញ្ហា​សំខាន់​គឺ​របប​លោក ហ៊ុន សែន ត្រូវ​ដោះ​លែង​លោក កឹម សុខា ផ្ដល់​មុខ​តំណែង​ឲ្យ​ក្រុម​ប្រឹក្សា​គណបក្ស​ប្រឆាំង​ឡើង​វិញ និង​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ។

សេចក្ដី​ព្រាង​ច្បាប់​នេះ ​នឹង​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ពិនិត្យ​អំពី​ធម្មនុញ្ញភាព​មុន​នឹង​ផ្ញើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ឡាយ​ព្រះហស្ត​លេខា ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ពេល​ខាង​មុខ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង ដែល​របប​លោក ហ៊ុន សែន រំលាយ​ចោល​ គឺ​លោក ជា ជីវ​ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​២៥ ធ្នូ​ថា ច្បាប់​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ដើម្បី​បន្លំ​ភ្នែក​សហគមន៍​អន្តរជាតិ​តែ​ប៉ុណ្ណោះ៖ «នេះ​គ្រាន់​តែ​ធ្វើ​បង្គ្រប់​កិច្ច​ដើម្បី​សម្លាប់​គណបក្ស​ប្រឆាំង​ ដើម្បី​ការពារ​អំណាច​ផ្ទាល់​ខ្លួន ជា​ពិសេស​អំណាច​ក្រុម​គ្រួសារ​លោក​ហ៊ុន សែន​តែ​ម្ដង​។ខ្ញុំ​សូម​ឲ្យ​របប​លោក​ហ៊ុន សែន​គិត​ឡើង​វិញ​ថា​តើ​ចង់​ឲ្យ​មាន​ការ​ផ្សះផ្សា​ជាតិ និង​ចង់​ឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ មានការ​គោរព​សិទ្ធិមនុស្ស និង​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក៏​ដូច​ជា​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​សូម​ឲ្យ​រដ្ឋាភិបាល​គោរព​ខ្លួន​ឯង​ជា​មុន​សិន»

លោក គឹម សុខ​ លើក​ឡើង​ថា​ វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ​ នឹង​មិន​អាច​ស្ដារ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បាន​ប្រសើរ​ឡើង​វិញ​នោះ​ឡើយ ល្គឹកណា​របប​លោក​ ហ៊ុន​ សែន​មិន​ដោះលែង​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា ឲ្យ​មាន​​សេរីភាព​ពេញលេញ​ និង​នៅ​តែ​មិន​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ ដែល​ជាប់​បណ្ដឹង​ក្នុង​តុលាការ មិន​ផ្ដល់​តំណែង​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​ និង​ មិន​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ដោយ​មាន​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួតប្រជែង​នោះ៖ «ពីព្រោះ​សហគមន៍​អន្តរជាតិ​គេ​អត់​ជឿ​ហើយ​គេ​នៅ​តែ​ដាក់​សម្ពាធ​លោក​ហ៊ុន សែន​យ៉ាង​ខ្លាំង​ ដូច្នេះ​ហើយ​បាន​ជា​គាត់​ប្រើ​យុទ្ធសាស្ត្រ​ទី​ បន្ទាប់​ពី​គាត់​បាន​សម្លាប់​ប្រជាធិបតេយ្យ គេ​នៅ​តែ​ដាក់​សម្ពាធ​គាត់​ងាក​មក​បន្ធូរ​ ប៉ុន្តែ​របៀប​បន្ធូរ​របស់​គាត់​មិន​បាន​ស្ដាប់​សំឡេង​ពលរដ្ឋ​ឬ​សហគមន៍​អន្តរជាតិ​ឲ្យ​វិល​ទៅ​កាន់​ប្រជាធិបតេយ្យ​ពេញលេញ​ទេ គឺ​គាត់​ធ្វើ​យ៉ាង​ណា​កាឡៃ​ស្ថានការណ៍​នយោបាយ​ឲ្យ​មើល​ឃើញ​ថា​មាន​ការ​ប្រែប្រួល​ខ្លះ​ទៅ​កាន់​ប្រជាធិបតេយ្យ»

មេដឹកនាំ​គណបក្ស​ប្រឆាំង​អះអាង​ថា ប្រសិន​បើ​មន្ត្រី​គណបក្ស​ប្រឆាំង​ណា ដែល​ស្នើសុំ​ធ្វើ​នយោបាយ​មុន​របប​លោក ហ៊ុន សែន ដោះ​លែង​លោក កឹម សុខា បាន​ន័យ​ថា អ្នក​នោះ​ក្បត់​បក្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ពី FRANCE



​​​​ យើងយល់ថាពាក្យ​ «​ ព្រឹទ្ធសភា »​ មានន័យជាស្ថាប័ននិតិបញ្ញត្តិនៅតែលើក្លោងទ្វារចូលប៉ុណ្ណោះទេ រីឯុមនុស្សដែលធ្វើការក្នុងនោះ​មិនមែនជាសមាជិកព្រឹទ្ធ
សភាពិតប្រាកដទេ​ គឺសុទ្ធតែកូនជឹងរបស់ហ៊ុន​ សែន
ដូច្នេះ យើងមិនបាច់រវីរវល់នឹងសកម្មភាពអ្នកទាំងនោះទេ​ គេធ្វើអីធ្វើទៅ ទុកពេលវេលាដ៏មានតម្លៃរបស់យើងសម្រាប់គិតគូរស្ដារលទ្ធិប្រជាធិបតេយ្យឲ្យ
បាន​មកវិញជាស្ថាពរ ៕

Dec 25, 2018 12:57 PM

គេហទំព័រ​ទាំងមូល