លោក សម រង្ស៊ី ថា​អ្នក​វិភាគ​កំសាក​និង​មាន​ចិត្ត​ចង្អៀតចង្អល់​

ដោយ ប្រាជ្ញ ចេវ
2016-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Brach Chev

ប្រធាន​គណបក្ស​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី បាន​បង្ហោះ​សារ​ផ្លែផ្កា​តាម​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ទៅ​អ្នក​វិភាគ​នយោបាយ​ថា កំសាក និង​មាន​ចិត្ត​ចង្អៀតចង្អល់។

ការ​ថ្លែង​បែប​នេះ​របស់​លោក សម រង្ស៊ី ក្រោយ​ពេល​កាសែត ខេមបូឌា ដេលី (The Cambodia Daily) បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ដែល​មាន​ចំណង​ជើង​ថា "សម រង្ស៊ី ព្រមាន​កម្ចាត់​ពួក​ឧទ្ទាម​ណា​ដែល​មិន​គោរព​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ តែ​ត្រូវ​បាន​អ្នក​វិភាគ​ខ្លះ​ចំអក"។

នៅ​ក្នុង​អត្ថបទ​នោះ កាសែត​បាន​ដក​ស្រង់​សម្ដី​អ្នក​វិភាគ​លើក​ឡើង​ថា បញ្ហា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បោះបង់​អំណាច​របស់​ខ្លួន​ថ្ងៃ​ណា​មួយ គឺ​ជា​បញ្ហា​ដ៏​រសើប​បំផុត​ដែល​មិន​ត្រូវ​យក​មក​ចោទ​ពេល​នេះ។

លោក សម រង្ស៊ី បាន​សរសេរ​ចំៗ​ថា អ្នក​វិភាគ​ទាំង​អស់​នោះ ហាក់​ដូច​ជា​ភ័យ​តក់​ស្លុត​ហួសហេតុ​ចំពោះ​អំណាច​ផ្ដាច់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ពូកែ​ខាង​សម្លុត និង​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា អ្នក​វិភាគ​ទាំង​នោះ ហាក់​ដូចជា​ចង្អៀតចង្អល់​ផ្លូវ​ចិត្ត និង​កំសាក​ក្នុង​អារម្មណ៍ ដោយ​យល់​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​នៅ​កាន់​អំណាច​ដល់​អវសានកាល។

ចំណែក​អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា នេះ​ជា​ទស្សនៈ​របស់​លោក សម រង្ស៊ី ប៉ុន្តែ​លោក​យល់​ថា ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ គួរ​បើក​ចិត្ត​ទូលាយ​ជាង​នេះ​ក្នុង​ករណី​អ្នក​វិភាគ​វិភាគ​មិន​ត្រូវ​ដូច​ការ​គិត​របស់​លោក សម រង្ស៊ី៖ «ខ្ញុំ​គិត​ថា គួរ​តែ​ជំរុញ ឬ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​វិភាគ​បញ្ចេញ​មតិ​យោបល់​ឲ្យ​បាន​ច្រើន​ជាង​នេះ ជា​ជាង​ដែល​វាយ​តម្លៃ​ទៅ​អ្នក​វិភាគ​ថា កំសាក»

កាល​ពី​ថ្មីៗ​នេះ លោក សម រង្ស៊ី ថ្លែង​នៅ​គណបក្ស​សង្រ្គោះ​ជាតិ ឈ្នះ​ឆ្នោត​២០១៨ លោក​នឹង​យក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​កម្ចាត់​ពួក​ឧទ្ទាម​ណា​ដែល​មិន​គោរព​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

ហានិភ័យ

ពី តាកែវ

រឿងនេះអ្នកវិភាគត្រូវហ៊ានទទួលស្គាល់ថា ពិតជាមិនអាចធ្វើដូចលោកកែមឡីបានទេ ព្រោះញញើតនឹងសត្វសាហាវ

Dec 23, 2016 06:34 PM

អ្នក​អាន​អនាមិក

តាមដែលខ្ញុំអានអត្ថបទទៅ លោកសម រង្ស៊ីដូចជាមិនមានន័យថា អ្នកវិភាគនយោបាយ "កំសាក" ក្នុងការបំពេញការងាររបស់ពួកគាត់​ជាអ្នកវិភាគនោះទេ! ពាក្យថាកំសាកនៅត្រង់នេះ លោកសម រង្ស៊ី​ប្រហែលជាចង់​មាន​​ន័យថា ធ្វើរហូតដល់ជាអ្នកវិភាគនយោបាយទៅ​ហើយ​មិនគួរណា ភ័យ​ខ្លាច បារម្ភអំពីរឿងដែលគណបក្សប្រជាជន​មិន​​ចុះពី​អំណាច ហើយក៏មិនគួរបារម្ភថាគណបក្សប្រជាជន​នឹងកាន់​អំណាចរហូតទៅនោះដែរ!
លោកសូ ចន្ថាគួរតែកុំសំគាល់តែពាក្យពេជន៏ពេក គួរតែសំគាល់ទៅ​លើអត្ថន័យដែលគេចង់និយាយផង!
សូមកុំបារម្ភរឿងគណបក្សប្រជាជនមិនចុះចេញពីអំណាចធ្វើអី! កម្ពុជាមិនមែននៅលើលោកនេះតែឯកឯងនោះទេ! ប្រទេសជាច្រើនណាស់ដែលគេស្រឡាញ់លទ្ធិប្រជាធិតេយ្យ ហើយស្អប់អំណាចផ្តាច់ការ! ប្រទេសទាំងនោះមិនឈរមើល​គោលការណ៏ប្រជាធិបតេយ្យត្រូវបានគណបក្សប្រជាជនរំលោភបំពាននោះទេ!...

Dec 23, 2016 10:45 AM

គេហទំព័រ​ទាំងមូល