លោក សម រង្ស៊ី ព្រមាន​លោក ហ៊ុន សែន កុំ​ឲ្យ​យក​គំរូ​តាម​មេ​ដឹក​នាំ​ផ្ដាច់ការ​ដទៃ នៅ​ពេល​លោក​ទៅ​ដល់​កម្ពុជា

ដោយ អាស៊ីសេរី
2019-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី

គិត​មក​ដល់​ថ្ងៃ​ទី២៦ ខែ​សីហា​នេះ នៅ​សល់​តែ​ ៧៥​ថ្ងៃ​ទៀត​ទេ ដល់​ពេល​លោក សម រង្ស៊ី វិល​ទៅ​ស្រុក​ខ្មែរ​វិញ​ហើយ គឺ​នៅ​​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ខាង​មុខ។ មុន​ពេល​ទៅ​ដល់​កម្ពុជា​វិញ មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ បញ្ចេញ​សារ​ព្រមាន​ជា​ថ្មី ​ដល់​ដៃគូ​នយោបាយ​របស់​លោក គឺលោក ហ៊ុន សែន ឲ្យ​ចុះ​ចេញ​ពី​អំណាច​ជា​បន្ទាន់ ដើម្បី​កុំ​ឱ្យ​មាន​វាសនា​ដូច​មេដឹកនាំ​ផ្ដាច់​ការ​ដទៃទៀតនៅ​លើ​ពិភព​លោក។ អ្នក​វិភាគ​យល់ថា ការ​បញ្ចេញ​សារ​ព្រមាន​ដាក់​គ្នា​ទៅវិញ​ទៅ​មក ក្នុង​ល្បែង​នយោបាយ​មួយ​នេះ ទំនង​ជា​ឈាន​ទៅ​រក​ចរចា​គ្នា។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី លើក​ឡើង​ថា រយៈ​ពេល​ជាង​ ២​ខែ​ទៀត​នេះ គឺ​ជា​ពេល​វេលា​សម​ល្មម​សម្រាប់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន​ សែន ដែល​គួរ​ប្រញាប់ប្រញាល់​រិះ​រក​មធ្យោបាយ​ចេញ​ពី​អំណាច។ លោក​ សម រង្ស៊ី​ ព្រមាន​ថា ​បើ​លោក ហ៊ុន សែន មិន​​ព្រម​​ចុះ​​ចេញ​​ទេ មេ​ដឹក​នាំ​រូប​​នេះ​នឹង​ដើរ​ជាន់​ដាន​មេ​ដឹក​នាំ​ផ្ដាច់ការ​នៅ​ប្រទេស​ហ្វីលីពីន លោក​ ម៉ាសកូស (Marcos) ដែល​​​ត្រូវ​​​កម្លាំង​​មហាជន​​ទម្លាក់​​ចេញ​​ពី​​តំណែង និង​នៅ​ប្រទេស​រ៉ូម៉ានី ​លោក ឆាវឆេស្គូ (Cueausescu) ដែល​ត្រូវ​ក្រុម​ទាហាន​សម្លាប់​ចោល​ នៅ​ទសវត្ស​ឆ្នាំ៩០។

លោក សម រង្ស៊ី ជឿ​ថា ក្នុង​ស្ថានការណ៍​នយោបាយ​ ដែល​អំណោយ​ផល​ក្នុង​ពេល​ខាង​មុខ​នេះ ​កម្លាំង​មហាជន​ច្រើន​កុះ​ករនឹងចេញ​មក​តវ៉ា​តាម​ដង​ផ្លូវ​ទាមទារ​ឲ្យ​លោក​ហ៊ុន ចុះ​ចេញ​ពី​តំណែង ហើយ​កង​កម្លាំង​ប្រដាប់អាវុធ​មួយ​ចំនួន​ដែល​មិន​ពេញ​ចិត្ត​របប​ដឹកនាំ​សព្វថ្ងៃ ក៏នឹង​ចេញ​មុខ​ការពារ​កម្លាំង​ប្រជារាស្ត្រ​ខ្មែរដែរ៖ «គាត់​ហៅ​ទាហាន​គាត់​ឲ្យ​បាញ់។ ទាហាន​ថា​បាញ់​យ៉ាង​មិច បើ​មនុស្ស​រាប់​លាន​នាក់។ ស្រាប់​តែ​លោក​ឆាវឆេស្គូ គាត់​រត់​ រត់​ឡើង​ឧទ្ធម្ភាគចក្រ​ជាមួយ​ប្រពន្ធ​គាត់ អេឡែន​ណា​ រត់​ចេញ​ពី​ទី​ក្រុង។ ដល់​ជិះ​ទៅ​អស់​សាំង ទៅ​ចុះ​នៅ​កន្លែង​ណាមួយ​ទៀត។ ទាហាន​ក៏​បះបោរ​ដែរ។ ទាហាន​ឈប់​តាម​ឆាវឆេស្គូ ហើយ​ចាប់​ឆាវឆេស្គូ​ កាត់​ទោស​ បាញ់​ចោល​។ ប្រពន្ធ​ឆាវឆេស្គូ ក៏​ត្រូវ​គែ​បាញ់​ចោល​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ។ ចឹង​សូម​ឲ្យ​ហ៊ុន សែន ប្រយ័ត្ន​មែន​ទែន សូម​ចុះ​ចេញ​ដូច​មេដឹកនាំ​ម៉ាកូស​ទៅ កុះ​ទទួល​វាសនា​ដូច​ឆាវឆេស្គូ។ ខ្ញុំ​អាណិត​ ហ៊ុន សែន​ ឯង​បាន​ខ្ញុំ​ប្រាប់​ហ្នឹង​ណា៎»

លោក​ សម រង្ស៊ី​ ថ្លែង​បែប​នេះ នៅ​ក្នុង​វីដេអូ​ឃ្លី​ប​រយៈ​ពេល​ជាង ៦នាទី ​លើទំព័រ​ហ្វសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី២៦ សីហា ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក ​ទៅ​ជួប​ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​អូស្ត្រាលី (Australia) និង​ប្រទេស​ណឺវែហ្សឺឡង់ (New Zealand)

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿងនេះពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​ទី២៦ សីហា ដោយ​លោក​ចុច​ផ្តាច់​ទូរស័ព្ទ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ ធ្លាប់​លើក​ឡើង​ថា លោក​មិន​​​ចាប់​អារម្មណ៍​នឹង​សំដី​របស់​លោក សម រង្ស៊ី ទៀត​ទេ ព្រោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​រលាយ​បាត់​ទៅ​ហើយ។

កាល​ពីថ្ងៃ​ទី​២៥ សីហា កន្លងទៅ លោក​ ហ៊ុន សែន ​បាន​បង្ហោះ​សារ​លែបខាយ​ឌឺដង​ដាក់​លោក សម រង្ស៊ី​ កុំ​ឲ្យ​ភ្លេច​ពាក្យ​សន្យា​ថា វិល​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។ លោក ហ៊ុន សែន បញ្ជាក់​ថា​ ពន្ធនាគារ​កំពុង​រង់ចាំ​ស្វាគមន៍​លោក សម រង្ស៊ី ប្រសិន​បើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​បង្ហាញ​វត្តមាន​នៅ​ប្រទេស​កម្ពុជា ដូច​កាល​កំណត់​មែន​នោះ។

អ្នក​វិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ លោក គឹម សុខ សង្កេត​ឃើញ​ថា ការ​បញ្ចេញ​សារ​នយោបាយ​ដាក់​សម្ពាធ​គ្នា​ទៅ​វិញ​ទៅ​មក​នេះ ទាំង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន សុទ្ធ​តែ​ចង់​សម្រេច​ឲ្យ​បាននូវ​​គោល​ដៅ​របស់​ខ្លួន។ លោក​ថា គោល​ដៅ​របស់​​​លោក ហ៊ុន សែន គឺ​កម្ចាត់​លោក​ សម រង្ស៊ី​ ឲ្យ​បាត់​ពី​ឆាក​នយោបាយ​កម្ពុជា ហើយ​អាច​ងាក​ទៅ​រក​ការ​ចរចា​សម្របសម្រួល​ជាមួយ​លោក កឹម សុខា ​វិញ។ លោក​យល់ថា ចំណុច​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​លោក សម រង្ស៊ី​ ត្រូវ​តែ​រក្សា​កម្ដៅ​នយោបាយ​របស់​ខ្លួន​ពី​ខាង​ក្រៅ​ប្រទេស​ជាប់​ជានិច្ច តាម​រយៈ​ការ​ទៅ​ជួប​អ្នក​គាំទ្រ និង​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​ប្រទេស​លោក​សេរី​មួយ​ចំនួន។

បើ​ទោះ​បី​ជា​យ៉ាង​ណា អ្នក​វិភាគ​រូប​នេះ​យល់ថា​ ការ​ប្រឹង​បង្ហាញ​យុទ្ធសាស្ត្រ​នយោបាយ​ដាក់​គ្នា​នេះ ទំនង​ជា​អាច​ឈាន​ទៅ​រក​ការ​ចរចា​ណា​មួយ​ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៖ «ការ​កំណត់​ពេល​ស្រុក​របស់​គាត់​ គឺ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​​មួយ ឬ​ទម្លុះ​ទម្លាយ​យុទ្ធសាស្ត្រ​ ដែល​កំណត់​ដោយ​លោក ហ៊ុន សែន។មាន​ន័យ​ថា​ដាក់​សម្ពាធ​ឲ្យ​កាន់​តែ​ខ្លាំង​ បើ​សិន​ជជែក​គ្នា​ ក៏​ត្រូវ​មាន​មុខ​របស់​ក្រុម​លោក ​សម រង្ស៊ី ដែរ។ ហើយ​មិន​សិន​ជា​ មិន​ជជែក​គ្នា​ មាន​ន័យ​ថា​បើ​យុទ្ធសាស្ត្រ​នោះ ឈាន​ដល់​កម្រិត​ផ្លាស់ប្ដូរ​លោក ហ៊ុន សែន នៅ​ពេល​ដែល​លោក សម រង្ស៊ី ប្រថុយ​ចូល​ស្រុក គឺ​រុញ​ឲ្យ​ដល់​គោល​ដៅ​ហ្នឹង។ ប៉ុន្តែ​នោះ​វា​គ្រាន់​តែ​ជា​ដំណើរ​កំណត់​ទុក​ក្នុង​យុទ្ធសាស្ត្រ។ លទ្ធផល​យ៉ាង​ណា ទាល់​តែ​យើង​មើល​ទៀត»

ការ​ប្រកាស​វិល​​ចូល​កម្ពុជា​វិញ​នេះ មិន​ជា​រឿង​ថ្មី​ស្រឡាង​ទេ សម្រាប់​លោក សម រង្ស៊ី។ មេបក្ស​ប្រឆាំង​រូប​នេះ​ធ្លាប់​ប្រកាស​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា លោក​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ បើ​ទោះ​បី​ជា​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ក៏​ដោយ។ ប៉ុន្តែ​នៅ​នាទី​ចុង​ក្រោយ​ លោក​មិន​បាន​ត្រឡប់​ទៅ​កម្ពុជា​នោះ​ទេ​ ដោយ​ទម្លាក់​រឿង​នេះ​ទៅ​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស​វិញ។

លោក​ គឹម សុខ ថា មធ្យោបាយ​ដែល​អាច​បើក​ផ្លូវ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅ​ខាង​មុខ​នោះ គឺ​ប្រព័ន្ធ​សន្តិសុខ​របស់​បក្ស​ប្រឆាំង​​នៅ​ក្នុង​ស្រុក​ត្រូវ​តែ​ខ្លាំង​និង​រ៉ឹង​មាំ ហើយ​គួប​ផ្សំនឹង​សម្ពាធ​របស់​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប​ ដាក់​ទៅ​លើ​របប ​ហ៊ុន​ សែន​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល