លោក សម រង្ស៊ី ជំរុញ​ឲ្យ​របប​ក្រុង​ភ្នំពេញ​ឱ្យ​ប្ដឹង​លោក​ពី​​​បទ​ក្បត់​ជាតិ ក្នុង​សំណុំ​រឿង​ជាមួយ​​ លោក កឹម សុខា

ដោយ មាន ឫទ្ធិ
2019-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
(ឆ្វេង) លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ RFA

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ​​ជំរុញ​ឲ្យ​របប​ក្រុង​ភ្នំពេញ ឱ្យ​ប្ដឹង​លោក​ពី​​បទ​​ក្បត់​​ជាតិ ដាក់​បញ្ចូល​ក្នុង​សំណុំ​រឿង​ជាមួយ លោក កឹម​ សុខា ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ​ផង។ អ្នក​វិភាគ​​យល់​​ថា រដ្ឋាភិបាល​​ប្រហែល​លែង​​ចង់​​​ប្ដឹង​លោក សម រង្ស៊ី ត​​ទៅ​​ទៀត​​ហើយ ព្រោះ​​ចង់​បំបែក​លោក សម រង្ស៊ី និង​លោក កឹម សុខា ឲ្យ​​នៅ​​ឆ្ងាយ​​ពី​​គ្នា។

លោក សម រង្ស៊ី បញ្ចេញ​សារ​​លើ​ហ្វេសប៊ុក (Facebook) ​ថា សារព័ត៌មាន​អន្តរជាតិ​ចុះ​​ផ្សាយ​​ថា លោក​​មាន​​ទំនាក់​ទំនង​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​អង្គការ​អាម៉េរិកាំង​ធំៗ មួយ​ចំនួន ដូចជា អង្គការ NED, អង្គការ IRI និង​អង្គការ NDI តាំងពី​យូរ​ឆ្នាំ​មក​ហើយ​ ដើម្បី​នាំ​មក​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​អះអាង​ថា ការ​ចុះ​ផ្សាយ​លើ​កាសែត​ទាំង​នោះ គឺ​សុទ្ធ​តែ​ជា​ភស្តុតាង ដែល​របប​ក្រុង​​ភ្នំពេញ ​ចាត់​ទុក​ជា​ទោស​ក្បត់​ជាតិ។ លោក​ជំរុញ​​របប​លោក ហ៊ុន សែន ជា​ថ្មី​​ឱ្យ​​ចោទ​​ប្រកាន់​​លោក​ពី​​បទ​​ក្បត់​​ជាតិ ដូច​លោក កឹម សុខា ផង ព្រោះ​​លោក​​ថា របប​​ក្រុង​​ភ្នំពេញ កំពុង​​បញ្ជា​​ឲ្យ​តុលាការ​កាត់​​ទោស លោក កឹម សុខា របៀប​​លេង​​សើច នៅ​​ថ្ងៃ​​ទី១៥ មករា​​ខាង​​មុខ។​

អាស៊ី​សេរី​មិន​អាច​សុំ​ប្រតិកម្ម​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ ព្រោះ​លោក​មិន​លើក​ទូរស័ព្ទ​ នៅ​ថ្ងៃ​ទី២៣ ធ្នូ។ តែ​​ទោះ​យ៉ាង​នេះ​ក្ដី លោក​ធ្លាប់​បញ្ជាក់​ថា រដ្ឋាភិបាល​​ក្រុង​ភ្នំពេញ មិន​​​ចាប់​អារម្មណ៍​​រាល់​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ឡើយ។ បើ​ទោះ​លោក​អះអាង​បែប​នេះ​ក្តី តែ​របប​ក្រុង​ភ្នំពេញ​ធ្លាប់​បាន​​បញ្ចេញ​​កង​កម្លាំង​ប្រដាប់​អាវុធ​​ជា​ច្រើន ដើម្បី​រារាំង​មិន​ឲ្យ​លោក សម រង្ស៊ី មាន​ឱកាស​វិល​ចូល​ស្រុក​វិញ​បាន។

ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ទី​៩ វិច្ឆិកា​ មក លោក សម រង្ស៊ី បាន​​បង្កើន​វោហារ​ស័ព្ទ​វាយ​ប្រហារ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​បាន​បន្ត​អំពាវនាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ កុំ​ស្ដាប់​បញ្ជា​ជន​ផ្ដាច់​ការ នៅ​ពេល​ជួប​អ្នក​គាំទ្រ​របស់​លោក នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ មិន​បាន​ប្ដឹង លោក សម រង្ស៊ី ទៅ​តុលាការ​បន្ត​ទៀត​ឡើយ ខណៈ​លោក សម រង្ស៊ី កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​កម្ពុជា​ ជិត ២០បណ្ដឹង និង​នៅ​តុលាការ​ប្រទេស​បារាំង​ ១​បណ្ដឹង​ លើ​ករណី​ លោក​​ចោទ​ថា ​លោក ហ៊ុន សែន មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ជា​​មេ​ក្លោង​​រៀបចំ​គម្រោង​​បំផ្ទុះ​ឧទ្ធម្ភាគចក្រ​សម្លាប់​អតីត​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ហុក ឡង់​ឌី នៅ​ឆ្នាំ២០០៨។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហេង ចាន់​រស្មី យល់​ថា លោក សម រង្ស៊ី អាច​ចង់​ឲ្យ​រដ្ឋាភិបាល​បន្ថែម​បណ្ដឹង​ប្រឆាំង​រូប​លោក ហើយ​ប្រើ​ហេតុផល​ទាំង​នោះ ដើម្បី​ចរចា​នយោបាយ ឬ​រក​ផ្លូវ​ចូល​ប្រទេស​កម្ពុជា។ តែ​យុវជន​រូប​នេះ​យល់​ថា រដ្ឋាភិបាល​​ទំនង​​លែង​​​មាន​​ចិត្ត​​ចង់​ប្ដឹង​លោក សម រង្ស៊ី ត​ទៀត​ហើយ ព្រោះ​គណបក្ស​កាន់​អំណាច ​បាន​បង្ហាញ​ចេតនា​ចង់​បំបែក​លោក សម រង្ស៊ី ឲ្យ​នៅ​ឆ្ងាយ​ពី​ លោក កឹម សុខា។ លោក​អះអាង​ថា បណ្ដឹង​ ប្រឆាំង​លោក សម រង្ស៊ី កន្លងមក ​មិន​​បាន​ប៉ះពាល់ ឬ​ធ្លាក់​ប្រជាប្រិយភាព លោក សម រង្ស៊ី ឡើយ ម្ល៉ោះ​ហើយ គណបក្ស​កាន់​អំណាច ទំនង​ជា​ឈប់​​​​ប្រើ​ផ្លូវ​តុលាការ​ហើយ៖ «គណបក្ស​កាន់​អំណាច មើល​ទៅ​ហាក់​បី​ដូចជា ព្យាយាម​ធ្វើ​យ៉ាង​ណា គឺ​ទុក​ឲ្យ​លោក សម រង្ស៊ី នៅ​ខាង​ក្រៅ​ស្រុក នៅ​ឲ្យ​ឆ្ងាយ​ពី​លោក កឹម សុខា។ មាន​ន័យ​ថា នៅ​ក្រៅ​ស្រុក ដើម្បី​ឲ្យ​គាត់​ធ្វើ​នយោបាយ​បែប​គាត់​នៅ​ខាង​ក្រៅ​ស្រុក។ អ៊ីចឹង ខ្ញុំ​គិត​ថា លោក សម រង្ស៊ី ប្រហែល​ជា​មិន​ត្រូវ​បាន​ចោទ​ប្រកាន់ តាម​ការ​ស្នើសុំ​របស់​គាត់​ឡើយ ដោយសារ​រឿង​ហ្នឹង ជា​រឿង​ពីរ​ផ្សេង​គ្នា ហើយ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាច»

ចំណែក​ក្រុម​សកម្មជន​បក្ស​ប្រឆាំង​ កំពុង​រស់​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ក៏​​យល់​ថា លោក សម រង្ស៊ី មាន​បំណង​ចង់​ឲ្យ​របប​ក្រុង​ភ្នំពេញ បន្ថែម​ពាក្យ​ប្ដឹង​ប្រឆាំង លោក សម រង្ស៊ី ដែរ។ ក្រុម​អ្នក​​រត់​ភៀស​ខ្លួន ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅ​ប្រទេស និង​ពលករ​​ខ្លះ​យល់​ថា ដីកា​កោះ​ហៅ​លោក សម រង្ស៊ី និង​​ពួក​គេ កាន់​តែ​ជំរុញ​ទឹក​ចិត្ត​ពួក​គេ​ឱ្យ​មាន​ការ​តស៊ូ​ខ្លាំង​ឡើង ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ជូន​ពលរដ្ឋ​​រស់​នៅ​ក្នុង​ប្រទេស ព្រោះ​បណ្ដឹង​ទាំង​នោះ ​ជា​សក្ខីកម្ម​បង្ហាញ​​ថា របប​​ក្រុង​ភ្នំពេញ ​ជា​អ្នក​​បញ្ជា​លើ​ប្រព័ន្ធ​តុលាការ និង​​បាន​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​កាន់​តែ​ធ្លាក់​​ប្រជាប្រិយ​ភាព

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល