អ្នក​វិភាគ៖ នយោបាយ​មាត់​អត់​គម្រប​របស់​លោក សម រង្ស៊ី អាច​ធ្វើ​ឲ្យ​បក្ស​ទាំង​២​មិន​ជួប​ចរចា

ដោយ ប្រាជ្ញ ចេវ
2016-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​កណ្ដាល​គណបក្ស រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

អ្នក​វិភាគ​ថា នយោបាយ​មាត់​អត់​គម្រប​របស់​លោក សម រង្ស៊ី នៅ​រយៈពេល​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​បក្ស​ទាំង​ពីរ​ខកខាន​ជួប​ចរចា​ជុំវិញ​ការ​សន្យា​និយាយ​រឿង​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​អគ្គលេខាធិការ​រង​គ.ជ.ប នៅ​ចុង​ឆ្នាំ​២០១៦ នេះ។ ប៉ុន្តែ​មន្ត្រី​គណបក្ស​កាន់​អំណាច​មិន​យល់​ដូច្នេះ​ទេ ដោយ​លើក​ឡើង​ថា លោក សម រង្ស៊ី ដែល​ជា​ទណ្ឌិត មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ទីលាន​នយោបាយ ឬ​ជា​អ្នក​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ទៀត​ឡើយ។

មនុស្ស​គិត​មិន​ដូច​ទេវតា​គិត​ទេ ហើយ​ការ​សន្យា​របស់​អ្នក​នយោបាយ​រឹត​តែ​មិន​អាច​ទុក​ចិត្ត​បាន​ដែរ។ ត្បិត​អី​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង និយាយ​យ៉ាង​ច្បាស់​ថា គណបក្ស​ទាំង​ពីរ​នឹង​ចរចា​គ្នា​នៅ​ចុង​ខែ​ធ្នូ ជជែក​រឿង​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ៤​រូប និង​អគ្គលេខាធិការ​រង​នៃ គ.ជ.ប មួយ​រូប ប៉ុន្តែ​បក្ស​ទាំង​ពីរ​មិន​ជួប​គ្នា​ឡើយ។

ក្រុម​អ្នក​វិភាគ​នយោបាយ​ដាក់​បន្ទុក​ថា ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី ជា​ចំណែក​មួយ​ដែល​ធ្វើ​ការ​សន្យា​នេះ​បរាជ័យ។ ពួក​គេ​​លើក​ឡើង​ថា ខណៈ​ស្ថានការណ៍​នយោបាយ​ក្នុង​ស្រុក​កំពុង​ស្ងប់ស្ងាត់ ប្រមុខ​បក្ស​ប្រឆាំង​រូប​នេះ​បែរ​ជា​ដៀមដាម ឌឺដង​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​វិញ។

អ្នក​វិភាគ​នយោបាយ លោក អ៊ូ វីរៈ ថា លោក​សោកស្ដាយ ព្រោះ​មន្ត្រី​សិទ្ធិ និង​អគ្គលេខាធិការ​រង គ.ជ.ប មិន​ត្រូវ​បាន​ដោះលែង​នៅ​ចុង​ឆ្នាំ​២០១៦ នេះ ខណៈ​អ្នក​ទាំង​នោះ​ជាប់​ពាក់ព័ន្ធ​សំណុំ​រឿង លោក កឹម សុខា ហើយ​ពេល​នេះ លោក កឹម សុខា ត្រូវ​បាន​លើក​លែង​ទោស ប៉ុន្តែ​អ្នក​ទាំង​នោះ​នៅ​តែ​ជាប់​ឃុំ​ដដែល។ លោក​យល់​ថា ឥរិយាបទ​របស់​លោក សម រង្ស៊ី នៅ​រយៈពេល​ចុង​ក្រោយ​នេះ ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស និង​អគ្គលេខាធិការ​រង គ.ជ.ប មិន​ទាន់​ទទួល​បាន​សេរីភាព៖ «»។

លោក អ៊ូ វីរៈ បន្ត​ទៀត​ថា ដោយសារ​លោក សម រង្ស៊ី នៅ​ឆ្ងាយ​ជាង​កន្លែង​សុវត្ថិភាព បូក​ផ្សំ​ទាំង​មាន​ពេល​ទំនេរ​ច្រើន​ផង​នោះ ធ្វើ​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង​រស់​នៅ​ក្រៅ​ស្រុក​រូប​នេះ និយាយ​ច្រើន​ភ្លេច​ខ្លួន និង​ភ្លេច​គិត​ពី​សុវត្ថិភាព​របស់​អ្នក​ដទៃ៖ «»។

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដំបូង​សន្យា​ថា នឹង​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​រឿង​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គ.ជ.ប នៅ​ចុង​ឆ្នាំ​២០១៦។ ខណៈ​ពេល​វេលា​ជួប​គ្នា​ជិត​មក​ដល់ គឺ​ស្រប​ពេល​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ឌឺ​ដង​ទៅ​បក្ស​កាន់​អំណាច ជំនួប​នេះ​ត្រូវ​បាន​លើក​ពេល​គ្មាន​ការ​កំណត់​ជាក់លាក់។

គេ​នៅ​ចាំ​បាន​ថា ក្រោយ​ពេល​លោក កឹម សុខា ទទួល​ព្រះរាជទាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​២ ខែ​ធ្នូ តាម​សំណើ​លោក ហ៊ុន សែន លោក កឹម សុខា ទទួល​បាន​តំណែង​នៅ​ក្នុង​រដ្ឋ​សភា​ជំនួស​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​ក្រុម​សំឡេង​ភាគ​តិច​ដើម្បី​ចរចា​ដោះស្រាយ​បញ្ហា​ជាតិ ជាពិសេស​រឿង​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច។ ពន្លក​នៃ​ការ​សន្ទនា​នេះ គ្រាន់​តែ​លោក ហ៊ុន សែន ឈរ​និយាយ​គ្នា​ជាមួយ​លោក កឹម សុខា នៅ​ក្នុង​សភា កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ។ ក្រោយ​មួយ​​ថ្ងៃ មេ​ឃុំ​បក្ស​ប្រឆាំង លោក ស៊ាង ចែត ដែល​តុលាការ​ក្រុង​ភ្នំពេញ បាន​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥​ឆ្នាំ​នោះ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ព្រោះ​លោក​ក៏​ទទួល​បាន​ព្រះរាជទាន​ការ​លើក​លែង​ទោស​​ពី​ព្រះមហាក្សត្រ​ដែរ។ ដំណាលគ្នា​នោះ​ដែរ គេ​ឃើញ​លោក សម រង្ស៊ី បាន​បង្ហាញ​សារ​មួយ​ចំនួន​នៅ​លើ​ហ្វេសប៊ុក (Facebook) ដែល​អ្នក​វិភាគ​ថា នោះ​ជា​ការ​និយាយ​មិន​ត្រូវ​ពេល​វេលា។

ដំបូង​ឡើយ​លោក​បង្ហាញ​ក្តី​រំពឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧ ដែល​គណបក្ស​នេះ​នឹង​ដឹកនាំ​ក្បាល​ម៉ាស៊ីន​ព្រឹទ្ធ​សភា ហើយ​ឆ្នាំ​២០១៨ បក្ស​ប្រឆាំង​នឹង​ដឹកនាំ​រដ្ឋាភិបាល។ ជាង​នេះ​ទៅ​ទៀត លោក​ព្រមាន​កម្ចាត់​ក្រុម​ឧទ្ទាម​ណា​ដែល​មិន​គោរព​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត។

​សម្ដី​ចុង​ក្រោយ​របស់​លោក សម រង្ស៊ី មួយ​នេះ​ហើយ ធ្វើ​ឲ្យ​លោក ហ៊ុន សែន វាយ​បក​ត្រឡប់​ទៅ​វិញ​ដោយ​ខ្លាំងៗ​ថា ក្នុង​ពេល​លោក​នៅ​មាន​វត្តមាន​នៅ​ឡើយ គ្មាន​អ្នក​ណា​អាច​បង្ក្រាប​លោក​បាន​ទេ។ លោក ហ៊ុន សែន ដែល​សព្វថ្ងៃ​កំពុង​មាន​អាយុ ៦៥​ឆ្នាំ ថែម​ទាំង​អួតអាង​ថា លោក​មាន​អាយុ​រហូត​ទៅ​ដល់ ៩៩​ឆ្នាំ បើ​អ្នក​ណា​ចង់​បាន​អំណាច​ពី​លោក​កុំ​សង្ឃឹម៖ «»។

​ក្រោយ​មាន​ប្រតិកម្ម​របស់​លោក ហ៊ុន សែន បែប​នេះ មិន​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់​តែ​បែក​ធ្លាយ​ថា អង្គរក្ស​ពីរ​នាក់​នៃ​កង​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ទើប​ចេញ​ពី​ពន្ធនាគារ ព្រោះ​ព្រួត​គ្នា​វាយ​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ២​រូប ស្ទើរ​ស្លាប់​នោះ ត្រូវ​បាន​ដំឡើង​ឋានៈ។ លោក សុត វណ្ណនី និង​លោក ម៉ៅ ហឿន ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​វរសេនីយ៍ទោ ទៅ​វរសេនីយ៍ឯក ឬ​ឡើង​ពី​ស័ក្ដិ​បួន​កន្លះ ទៅ​ស័ក្ដិ​ប្រាំ។

​ទន្ទឹម​គ្នា​នោះ បក្ស​ប្រឆាំង​ជួប​រឿង​អកុសល​ថ្មី​ពីរ​បន្ថែម​ទៀត។ ករណី​ទី​១ តុលាការ​ក្រុង​ភ្នំពេញ បាន​សម្រេច​ផ្ដន្ទាទោស​លោក សម រង្ស៊ី និង​ជំនួយ​ការ​ពីរ​នាក់​ទៀត ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ៥​ឆ្នាំ ក្នុង​សំណុំរឿង ៣​បទល្មើស គឺ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

ករណី​ទី​២ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ត្រូវ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ចោទ​ប្រកាន់​ថា បាន​បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ក្នុង​ករណី​បើក​ឡាន​បុក​នគរបាល​អន្តោប្រវេសន៍​នៅ​ក្រុង​ប៉ោយប៉ែត។ សំណុំ​រឿង​នេះ កំពុង​រង​ការ​រិះគន់​ពី​មហាជន​ថា នគរបាល​អន្តោប្រវេសន៍​ដែល​ដួល​មុខ​ឡាន​របស់​លោក ឌិន ពុទ្ធី នោះ ជា​ការ​សម្ដែង។

​អ្នក​វិភាគ​នយោបាយ​មួយ​រូប​ទៀត គឺ​លោក​បណ្ឌិត មាស នី ហៅ​លោក សម រង្ស៊ី ថា ជា​អ្នក​នយោបាយ​មាត់​អត់​គម្រប។ ប៉ុន្តែ​អ្នក​វិភាគ​រូប​នេះ​មិន​ដាក់​បន្ទុក​ទៅ​លោក សម រង្ស៊ី ទាំង​ស្រុង​នោះ​ទេ ព្រោះ​លោក​យល់​ថា បក្ស​កាន់​អំណាច​ដោះលែង​លោក កឹម សុខា តែ​មិន​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស មន្ត្រី គ.ជ.ប ឬ​មន្ត្រី​បក្ស​ឆាំង​ផ្សេង​ទៀត គឺ​ជា​ល្បែង​នយោបាយ​ថ្មី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ៖ «»។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ដែល​ថា នយោបាយ​មាត់​អត់​គម្រប​របស់​លោក សម រង្ស៊ី ធ្វើ​ឲ្យ​បក្ស​ទាំង​ពីរ​មិន​ចរចា​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស​នៅ​ចុង​ឆ្នាំ។ លោក​ស្នើ​ឲ្យ​សួរ​សំណួរ​នេះ​ទៅ​លោក សម រង្ស៊ី ដោយ​ផ្ទាល់។ អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក សម រង្ស៊ី បាន​ទេ នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ចាប់​អារម្មណ៍​នឹង​សម្ដី​របស់​លោក សម រង្ស៊ី ព្រោះ​គណបក្ស​កាន់​អំណាច​មិន​ជជែក​ជាមួយ​លោក សម រង្ស៊ី ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

ពី ស្រុកបារាំង-ប៊កដូ

បើយើងមិនហ៊ាននិយាយបញ្ចេញការពិត ក៏គ្មានប្រយោជន៍នឹងតាំងខ្លួនជាអ្នកនយោបាយដែរ។ អ៊ូ វីរៈ គ្រាន់តែជាកូនក្រលៀនរបស់ពួកអាយ៉ងយួនតែប៉ុណ្ណោះ ក្រវិចក្រវៀនតែក្បែរឆ្នាំងបាយផ្អូមតែប៉ុណ្ណឹង។ បើតាមពួកក្រុមវិភាគសង្គមស៊ីឡាកអស់នេះ: គណៈបក្សសង្គ្រោះជាតិសម្រាប់គ្រាន់តែជាចំណាប់ខ្មាំងតែប៉ុណ្ណោះ ដែលជាផែនការរបស់បក្ស
ផ្ដាច់ការ ក្នុនយោបាយជួយយួនូបនិយកម្មក្នុប្រទេសខ្មែរដោយបើកចំហ...

Jan 01, 2017 06:42 AM

Roth

នៅមានងារផ្សេងៗទៀតដែលគួរដាក់អោយសម រង្ស៊ី គឺអ្នកនយោបាយចរិកស្រីដាក់គូថត្រង់ណានិយាយដើមគេត្រង់ណឹង ឬ អ្នកនយោបាយរវើរវាយ ការងាមិនធ្វើគិតតែយល់សប្តិចង់បានអំណាច ។ នៅមានងារជាច្រើនទៀតដែលសគ្គសមគឺ អ្នកនយោបាយមានមាត់វែង ជើងវែង ត្រចៀកខ្លី ភ្នែកតូច ព្រោះមិនចេះស្តាប់ មិនចេះមើល ចេះតែនិយយបប៉ោចហើយរត់យករួចខ្លួន ។

Dec 31, 2016 08:07 PM

គេហទំព័រ​ទាំងមូល