មេដឹកនាំ​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន ទិញ​អាវុធ​ពី​ចិន​៤០​លាន​ដុល្លារ​​ទុក​បង្ក្រាប​ពលរដ្ឋ

ដោយ មាន ឫទ្ធិ
2019-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA

មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ថ្កោលទោស​លោក ហ៊ុន សែន រឿង​ចំណាយ​លុយ​ជិត ៤០​លាន​ដុល្លារ​អាមេរិក ទិញ​សព្វាវុធ​ពី​ក្រុង​ប៉េកាំង។ លោក សម រង្ស៊ី ចោទ​ថា លោក ហ៊ុន សែន ទិញ​អាវុធ​ពី​ចិន​នេះ គឺ​ដើម្បី​ទុក​យក​ទៅ​បង្ក្រាប​ពលរដ្ឋ​ខ្មែរ​ខ្លួនឯង​ដែល​ប្រឆាំង​នឹង​របប​ខុសច្បាប់​របស់​លោក។

មួយថ្ងៃ​ក្រោយ​លោក ហ៊ុន សែន ទម្លាយ​អាថ៌កំបាំង​រឿង​របប​របស់​លោក​កំពុង​បញ្ជា​ទិញ​អាវុធ​ពី​ចិន​រាប់​ម៉ឺន​ដើម លោក សម រង្ស៊ី ថ្កោលទោស​ការ​ចំណាយ​នេះ ដែល​លោក​អះអាង​ថា មិន​មាន​ភាព​ចាំបាច់​ទាល់តែសោះ នៅ​ពេល​ដែល​កម្ពុជា​ពុំ​មាន​ការ​គំរាមកំហែង​ពី​ខាងក្រៅ​ណាមួយ​នោះ។

ក្នុង​សំណេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​ទី​៣០ កក្កដា លោក សម រង្ស៊ី ថា លោក ហ៊ុន សែន ទិញ​អាវុធ​ពី​ចិន​នេះ គឺ​ដើម្បី​ទុក​បង្ក្រាប​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស ដែល​ប្រឆាំង​នឹង​របប​របស់​លោក ដោយសារតែ​ពលរដ្ឋ​ស្អប់ខ្ពើម​របប​ពុករលួយ និង​អយុត្តិធម៌​មួយ​នេះ​។ លោក សម រង្ស៊ី បន្ត​ថា លោក ហ៊ុន សែន គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​ប្រើ​អំពើ​ហិង្សា ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំហឹង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​។

ថ្លែង​ក្នុង​នាទី​វេទិកា​អាស៊ីសេរី​កាលពី​យប់​ថ្ងៃ​ទី​៣០ កក្កដា លោក សម រង្ស៊ី ថា លោក ហ៊ុន សែន កាន់តែ​ផ្ដាច់ការ​ទៅៗ តាមរយៈ​ការ​គាំទ្រ​ចិន អាច​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​យោធា​ចិន និង​ទិញ​អាវុធ​ពី​ចិន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ គឺ​មិន​ខុស​ពី​សម័យ ប៉ុល ពត នោះ​ទេ៖ «លោក ហ៊ុន សែន ទិញ​ពី​ចិន ចំណាយ​លុយ​ខ្មែរ​ទិញ​ពី​ចិន តែ​យក​មក​ប្រើ​ប្រាស់​ដើម្បី​សម្លាប់​ខ្មែរ​។ អត់​មាន​ទៅ​ការពារ​ទឹកដី​អី​ទេ​... ពីព្រោះ​ប្រទេសជិតខាង​យើង គឺ​ប្រទេស​សមាជិក​អាស៊ាន ហើយ​ប្រទេស​អាស៊ាន​ហ្នុង គេ​អត់​មាន​ទៅ​ធ្វើ​សង្គ្រាម ឬ​មក​ប៉ះពាល់​យើង​ទេ​...​។ គឺ​លោក ហ៊ុន សែន គាត់​ព្រួយបារម្ភ ពី​កម្លាំង​របស់​ប្រជារាស្ត្រ កម្លាំង​ប្រជារាស្ត្រ​មិន​ពេញចិត្ត​របប​គាត់ ចង់​ងើប​តតាំង​របប​គាត់ អ៊ីចឹង​ហើយ​បាន​ជា​គាត់​ត្រូវ​ទិញ​អាវុធ​ពី​ចិន ដើម្បី​បង្ក្រាប​ប្រជារាស្ត្រ​ខ្លួនឯង»

កាលពី​ថ្ងៃ​ទី​២៩ កក្កដា លោក ហ៊ុន សែន បាន​ទម្លាយ​ឱ្យ​ដឹង​ក្រោយពី​បាន​បាត់​មុខ​មួយ​រយៈ​ថា លោក​បាន​ចំណាយ​ថវិកា​ទិញ​សព្វាវុធ​ថ្មី​ជិត​៤០​លាន​ដុល្លារ​អាមេរិក ពី​ចិន ដែល​ថវិកា​នេះ គឺជា​ថវិកា​បន្ថែម​លើទឹក​ប្រាក់ ២៩០ លាន​ដុល្លារ​ដែល​ចិន​បាន​ផ្តល់​ជំនួយ​លើ​វិស័យ​យោធា​ដល់​កម្ពុជា​កាលពី​ពេល​មុន។ លោក ហ៊ុន សែន ថា លោក​ពុំ​មាន​អ្វី​ត្រូវ​ខ្លាច​ជុំវិញ​រឿង​ដែល​លោក​ទើប​បញ្ជា​ទិញ​អាវុធ​ពី​ចិន​នេះ​ទេ ព្រោះ​ក្នុងនាម​ជា​ប្រទេស​មួយ កម្ពុជា​ត្រូវការ​អាវុធ​ដើម្បី​ពង្រឹង​សមត្ថភាព​កងទ័ព និង​ការពារ​ជាតិ៖ «ខ្ញុំ​ចង់​ពង្រឹង​សមត្ថភាព​កងទ័ព​ខ្ញុំ មាន​ខ្លាច​អី​មកដល់​កំពង់សោម​អ្នកឯង​មើល​ក៏​មើល ទៅ ឃើញ​ក៏​ឃើញ​ទៅ វា​មាន​ស្អី​ប្រទេស​ណា​គ្មាន​កាំភ្លើង​នៅ​លើ​លោក​នេះ​តើ​ប្រទេស​ណា​អត់​កាំភ្លើង​…?។ កាំភ្លើង​នៅ​កម្ពុជា​វាចាស់ៗ​បន្តិច​ហើយ អ៊ីចឹង​ខ្ញុំ​ឱ្យ​ទិញ​ប៉ុន្មាន​ម៉ឺន​ដើម​ថែមទៀត​យក​មក​ស្តុក​ទុក បំពាក់​ដោះ​អា​ចាស់​បញ្ចេញ​អា​ថ្មី​យក​អា​ចាស់​មក​ជួសជុល​តើ​ប្រទេស​មួយ​អត់​កាំភ្លើង​យ៉ាង​ម៉េច»

យ៉ាងណាក៏ដោយ​សម្រាប់​លោក សម រង្ស៊ី ការ​ចំណាយ​ប្រាក់​ដល់​ទៅ​ជិត ៤០​លាន​ដុល្លារ​ដើម្បី​ទិញ​អាវុធ​ពី​ចិន នឹង​នាំមក​នូវ​គ្រោះថ្នាក់​ពីរ​យ៉ាង​សម្រាប់​កម្ពុជា​។ គ្រោះថ្នាក់​ទី​១ លោក សម រង្ស៊ី ថា គឺជា​ការ​ប្រើ​កម្លាំងយោធា និង​គ្រឿងសាស្ត្រាវុធ​ពី​ចិន ដើម្បី​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​ប្រឆាំង​របប​លោក ហ៊ុន សែន។ រីឯ គ្រោះថ្នាក់​ទី​ពីរ លោក សម រង្ស៊ី ផ្ដល់​អំណះអំណាង​ថា ជា​ការ​ធ្វើ​ឱ្យ​ស្ថានការណ៍​នយោបាយ និង​យោធា​កាន់តែ​តានតឹង​ឡើង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារតែ​លោក ហ៊ុន សែន គាំទ្រ​នយោបាយ​វាតទី​និយម​របស់​ចិន។

កន្លង​មក ជុំវិញ​នយោបាយ​វាតទី​និយម​របស់​ចិន​នេះ លោក សម រង្ស៊ី ក៏​ធ្លាប់​អះអាង​ថា លោក ហ៊ុន សែន កំពុង​បណ្ដែតបណ្ដោយ​ឱ្យ​ចិន​ប្រើប្រាស់​ទឹកដី​កម្ពុជា ធ្វើជា​ឈ្នាន់​ដើម្បី​ឈ្លានពាន​ប្រទេស​ទី​បី ស្រប​ពេល​ដែល​ចិន​កំពុង​មាន​ជម្លោះ​រ៉ាំរ៉ៃ​ក្នុង​រឿង​ដណ្ដើម​អធិបតេយ្យ​លើ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​មានការ​ដណ្ដើម​យក​ឯករាជ្យ​របស់​កម្ពុជា ពី​ប្រទេស​ចិន មក​ឱ្យ​ខ្មែរ​គ្រប់គ្រង​វិញ ដោយ​ថា កម្ពុជា​មិន​ត្រូវ​ចូល​ដៃ​បម្រើ​នយោបាយ​ឈ្លានពាន​របស់​ចិន​នោះ​ទេ។

ការប្រកាស​ទម្លាយ​រឿង​ទិញ​អាវុធ​ពី​ចិន​ជិត ៤០​លាន​ដុល្លារ​នេះ ធ្វើឡើង​តែមួយ​សប្ដាហ៍ ក្រោយ​ពី​សារព័ត៌មាន​ដ៏​ល្បីល្បាញ​របស់​អាមេរិក​ឈ្មោះ The Wall Street Journal បាន​លាតត្រដាង​ផ្អែកលើ​ប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​អាមេរិកាំង និង​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ថា កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​យោធា​ជា​សម្ងាត់​ជាមួយ​ចិន​រយៈពេល​៣០​ឆ្នាំ អនុញ្ញាត​ឱ្យ​ចិន​ប្រើប្រាស់​ផ្តាច់​មុខ​នូវ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ខេត្ត​ព្រះសីហនុ។ ភ្លាមៗ របប​លោក ហ៊ុន សែន បាន​ចេញមុខ​ច្រានចោល​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ព័ត៌មាន ដែល​របប​នេះ​ចាត់ទុកថា​ជា​ព័ត៌មាន​ប្រឌិត និង​មាន​ចេតនា​អាក្រក់​ប្រឆាំង​នឹង​កម្ពុជា​។ ក៏ប៉ុន្តែ របប​នេះ ពុំបាន​ប្ដឹងផ្ដល់​នឹង​សារព័ត៌មាន​អាមេរិក​មួយ​នេះ​ឡើយ​។ ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ​របស់​លោក តែង​អះអាង​ថា កម្ពុជា​គ្មាន​ភាព​ចាំបាច់​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​លើ​ទឹកដី​របស់​ខ្លួន​ឡើយ ព្រោះ​កម្ពុជា​ពុំ​មាន​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​ណាមួយ​ឡើយ ហើយ​ថា ការ​ធ្វើ​នេះ ជា​ការ​ផ្ទុយ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួង​ការបរទេស និង​ក្រសួង​ការពារជាតិ​ចិន បាន​ចេញ​មុខ​មក​ទាត់​ចោល​ព័ត៌មាន​នេះ​ជា​បន្តបន្ទាប់ ដោយ​អះអាង​ថា កិច្ចសហការ​យោធា​រវាង​ចិន និង​កម្ពុជា​នេះ មាន​ភាព​បើកចំហ តម្លាភាព និង​មិន​សំដៅ​យក​ប្រទេស​ទី​បី​ណាមួយ​ធ្វើជា​គោលដៅ​នោះ​ទេ។

ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ក្នុង​វិស័យ​យោធា​ជាមួយ​មហាអំណាច​ចិន និង​ព័ត៌មាន​នៃ​ការ​ឈាន​ទៅ​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​កម្ពុជា​នេះ កំពុង​ក្លាយ​ជា​ក្តី​កង្វល់​ខ្លាំង​របស់​សហរដ្ឋអាមេរិក។

សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ Occidental College នៃ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក​ថា រឿង​របប​លោក ហ៊ុន សែន ចំណាយ​លុយ​ជិត​៤០​លាន​ដុល្លារ​អាមេរិក ទិញ​សព្វាវុធ​ពី​ចិន​នេះ គឺជា​ទឹកប្រាក់​ស្ដួចស្ដើង​សម្រាប់​ប្រទេស​ចិន​។ ក៏ប៉ុន្តែ លោក​ថា ទង្វើ​នេះ​ស្ដែង​ឱ្យ​ឃើញ​នូវ​សញ្ញា​នៃ​ការ​ប្ដេជ្ញា​ចិត្ត​គ្មាន​ទី​បញ្ចប់​នៃ​ទំនាក់ទំនង​ផ្អែមល្ហែម​រវាង​ក្រុងភ្នំពេញ និង​ក្រុង​ប៉េកាំង។

ជារឿយៗ ក្រុម​អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ព្រមាន​ថា កម្ពុជា​នឹង​ក្លាយជា​ចំណុច​ស្នូល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ធ្ងន់ធ្ងរ ប្រសិនបើ​ហ៊ាន​ឈាន​ទៅ​អនុញ្ញាត​ឱ្យ​ចិន​ដាក់​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល