យុវជន និង​ពលរដ្ឋ​មួយ​ចំនួន​បង្ហោះ​សារ​កាន់ទុក្ខ​ក្រោយ​ព្រះមហាក្សត្រ​ប្រកាស​ឱ្យ​ប្រើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩

ដោយ ខែ សុណង
2019-12-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្ដេច នរោត្ដម សីហមុនី យាង​ចូលរួម​ទិវា​បុណ្យ​ខួប​ឯករាជ្យជាតិ​លើក​ទី​៦៣ នា​វិមានឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

ក្រុម​យុវជន គណបក្សប្រឆាំង និង​ពលរដ្ឋ​មួយ​ចំនួន បាន​បង្ហោះ​សារ​ដាក់​រូប​កាន់ទុក្ខ ក្នុង​ទំព័រ​ហ្វេសបុក​របស់​ខ្លួន ក្រោយពី​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០១៩ រវាង​កម្ពុជា និង​វៀតណាម​។ ពួកគេ​អះអាង​ថា ការ​បង្ហោះ​សារ​រូប​កាន់ទុក្ខ​បែបនេះ ដើម្បី​ប្រកាស​មិន​ទទួលស្គាល់ សន្ធិសញ្ញា​ទាំងនេះ ដែល​ពួកគេ​ចាត់ទុកថា រំលោភ​អធិបតេយ្យ​កម្ពុជា បំពាន​រដ្ឋធម្មនុញ្ញ មើលងាយ​ឆន្ទៈ​រាស្ដ្រ និង​មិន​បាន​ពិភាក្សា​ឱ្យ​បាន​ទូលំទូលាយ​ជាដើម។

ក្រុម​យុវជន គណបក្សប្រឆាំង និង​ពលរដ្ឋ​មួយ​ចំនួន ចាត់ទុកថា ការប្រកាស​ឱ្យ​ប្រើ​ច្បាប់​នេះ ធ្វើ​ឱ្យ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ សម័យ​វៀតណាម​គ្រប់គ្រង​កម្ពុជា​រស់​ឡើងវិញ​។ ទន្ទឹម​នឹង​នេះ ពួកគេ​ថា ច្បាប់​នេះ ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ទឹកដី​តាម​បណ្ដោយ​ព្រំដែន ជា​បន្ត​ទៀត នៅ​គ្រា​ដែល​កម្ពុជា កំពុង​មាន​ជម្លោះ​នយោបាយ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​បែប​ឯក​បក្ស។

យុវជន​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ លោក ម៉ា ចិត្រា ឱ្យ​ដឹង​ថា មូលហេតុ​ដែល​លោក​ដាក់​រូប​កាន់​មរណទុក្ខ ក្នុង​ទំព័រ​ហ្វេសបុក​របស់​លោក ដើម្បី​បង្ហាញ​ការ​មិន​ពេញចិត្ត ព្រោះ​លើ​សន្ធិសញ្ញា​ថ្មី​នេះ រំលោភច្បាប់​កំពូល​របស់​កម្ពុជា និង​មើលងាយ​ស្មារតី​ពលរដ្ឋ​ខ្មែរ​ទាំងមូល​។ លោក​ថា រដ្ឋាភិបាល​បច្ចុប្បន្ន ជា​រដ្ឋាភិបាល​ឯក​បក្ស គ្មាន​គណបក្សប្រឆាំង មិន​គួរ​ប្រញាប់ អនុម័ត​ច្បាប់​នេះ​នោះ​ទេ​។ លោក​បញ្ជាក់​ថា ក្រុម​យុវជន​ដែល​មិន​ពេញចិត្ត​សេចក្ដី​សម្រេច​នេះ មិន​ហ៊ាន​ងើប​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​ខ្លាចក្រែង​រដ្ឋាភិបាល​ធ្វើទុក្ខបុកម្នេញ និង​ចាប់​ដាក់គុក​។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ លោក​ថា ក្រុម​យុវជន នឹង​ថ្វាយ​លិខិត​មួយ​ច្បាប់​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ឱ្យ​ព្រះអង្គ បដិសេធ​ចោល​សន្ធិសញ្ញា​នេះ​វិញ នៅ​ពេល​ឆាប់ៗ​នេះ​៖ «ចូលរួម​សោកស្ដាយ​ការ​ទទួលស្គាល់​សន្ធិសញ្ញា​បំពេញ​បន្ថែម ដូច​យើង​ដឹង​ថា រាល់ថ្ងៃ​នេះ ជា​រដ្ឋាភិបាល​ឯក​បក្ស មាន​ន័យថា រដ្ឋាភិបាល​គ្មាន​តម្លាភាព មិន​មាន​ការចូលរួម​ដេញដោល​ពី​គណបក្សប្រឆាំង​។ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ឱ្យ​ចូល​រួម និង​តាមដាន ក៏ដូចជា​ការ​បង្ហាញ​ការ​មិន​ពេញចិត្ត​របស់​ខ្លួន នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក ដើម្បី​បង្ហាញ​ដល់​រដ្ឋាភិបាល និង​ព្រះមហាក្សត្រ​ឱ្យ​ទ្រង់​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​មិន​ពេញចិត្ត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ថ្មី​នេះ​ទេ»

សកម្មភាព​ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ ធ្វើ​យុទ្ធនាការ​ជិះ​កង់ ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ​ហើយ ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​របស់​ព្រៃ​ព្រះ​រកា​ដែល​កំពុង​រង​ការ​គំរាមកំហែង។
សកម្មភាព​ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ ធ្វើ​យុទ្ធនាការ​ជិះ​កង់ ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ​ហើយ ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​របស់​ព្រៃ​ព្រះ​រកា​ដែល​កំពុង​រង​ការ​គំរាមកំហែង។ photo courtesy of Ma Chettra's Facebook

ស្រដៀង​គ្នា​នេះ យុវជន​ម្នាក់ទៀត លោក ជុំ ហួត ចាត់​ទុក​ការ​បង្កើត​ច្បាប់​នេះ​ថា ជា​ការ​មើលងាយ​ឆន្ទៈ​រាស្ដ្រ​ខ្មែរ រំលោភ​រដ្ឋធម្មនុញ្ញ និង​បំពាន​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ឆ្នាំ ១៩៩១​។ លោក​ថា ការ​បង្ហោះ​សារ​បង្ហាញ​មរណទុក្ខ ក្នុង​ទំព័រ​ហ្វេសបុក​នេះ ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល និង​រដ្ឋសភា​ឯក​បក្ស​ថា ពួក​លោក​មិន​សប្បាយ​ចិត្តនឹង ច្បាប់​ថ្មី​នេះ​ទេ ព្រោះ​គ្មាន​ប្រយោជន៍​អ្វី​ដល់​ប្រជាជន​កម្ពុជា ផ្ទុយទៅវិញ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​បន្ត​ទៀត ទៅ​វៀតណាម​គ្រប់គ្រង​។ លោក​បន្ថែម​ថា រដ្ឋាភិបាល និង​រដ្ឋសភា​ឯក​បក្ស ហាក់​មិនបាន​ពិភាក្សា​បញ្ហា​នេះ​ឱ្យ​បាន​ទូលំទូលាយ ជាពិសេស​មិន​ស្ដាប់​ក្ដី​កង្វល់​របស់​ពលរដ្ឋ រស់​នៅ​តាម​បណ្ដោយ​ព្រំដែន​ដែល​តែងតែ​ត្អូញត្អែរ​រឿង​បាត់បង់​ដីស្រែ របស់​ខ្លួន​ទៅ​វៀតណាម​កាន់កាប់​នោះ​ឡើយ៖ «ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រូប ក៏ដូចជា​កូន​ខ្មែរ​ទូទាំង​ប្រទេស នៅ​ពេល​ដែល​គាត់​ឮដំណឹង​ហ្នឹង គឺ​គាត់​ឈឺចាប់​មែនទែន ដោយសារតែ​ប្រទេស​យើង​បាត់បង់​ទឹកដី មួយ​ផ្នែកធំ​ហើយ ហេតុអ្វី​នៅតែ​បន្ត​បាត់បង់​តទៅទៀត​។ អ៊ីចឹង​រដ្ឋាភិបាល​មិនបាន​គោរព​ឆន្ទៈ​យើង​ជា​កូន​ខ្មែរ​ទេ ក្នុងនាម​យើង​បោះឆ្នោត​ឱ្យ​។ ទឹកដី​យើង ដែល​នៅ​គង់វង្ស​ទាំង​ប៉ុន្មាន​? រដ្ឋាភិបាល​គួរ​ថែរក្សា​ឱ្យ​ល្អ​ជាង​ហ្នឹង មិន​គួរ​ណា​សន្ធិសញ្ញា​ធ្វើ​ឱ្យ​បាត់​ទឹកដី​យើង​ទៅ​មុខ​ទៀត​។ អ៊ីចឹង​យើង​ឈឺចាប់​ខ្លាំង​មែនទែន»

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម ថ្លែង​សុំ​លាក់​ឈ្មោះ អះអាង​ថា កន្លងទៅ​រដ្ឋាភិបាល​បាន​បោះបង្គោល​ព្រំដែន​លេខ ១៨៤ រ​ហួត​ដល់ ១៩៧ ធ្វើ​ឱ្យ​បាត់បង់​ដីស្រែ​ពលរដ្ឋ​ចំនួន ៣​ឃុំ រស់នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង​។ លោក​ថា ពលរដ្ឋ​ភាគច្រើន ដែល​បាត់​ដីស្រែ មិន​ហ៊ាន​ងើប​តវ៉ា ស្វែងរក​យុត្តិធម៌​នោះ​ទេ ព្រោះ​កន្លងទៅ មាន​ពលរដ្ឋ ៣​នាក់​ហើយ​បាន​ជាប់គុក ដោយសារតែ​តវ៉ា​ទាមទារ​ដីស្រែ​របស់​ខ្លួន នៅ​គ្រា​ដែល​វៀតណាម​រំលោភ​យក​។ លោក​ក៏​សោកស្ដាយ​ចំពោះ​ការ​ដាក់​ឱ្យ​ប្រើ ច្បាប់​នេះ​ដែរ ព្រោះ​លោក​ថា រឿង​នេះ​បាន​ធ្វើ​ឱ្យ​របូត​ដីស្រែ​កេរ​ដូនតា ទៅ​វៀតណាម​គ្រប់គ្រង​៖ «ខ្ញុំ​និង​ពលរដ្ឋ​ដទៃ​ក៏​នៅតែ​មាន​ការ​មិន​ច្បាស់លាស់​ដដែល​ហ្នឹង ដោយសារតែ​គាត់​ទទួល​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយ​។ អ៊ីចឹង​ខ្ញុំ​មិន​យល់ ការងារ​របស់​រដ្ឋាភិបាល មិន​យល់ នៅ​មិន​ច្បាស់​អ៊ីចឹង ហ្នឹង​សម្រាប់​ខ្ញុំ​។ ចេះតែ​កិល​មក ចេះតែ​មាន​តម្រុយ​មក​លិច​រហូត អា​កើត​អត់​អី​ផង​។ គេ​ចេះតែ​ថា ហើស​អ៊ីចឹង​ទៅ»

កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ថា ការ​ដឹកនាំ​របស់​លោក មិន​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី សូម្បី​តែមួយ​មីលីម៉ែត្រ​នោះ​ទេ​។ កាលពី​អំឡុង​ខែ​វិច្ឆិកា​កន្លង​ទៅ លោក ហ៊ុន សែន បាន​ទៅ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​បង្គោល​ព្រំដែន ចំនួន​៨៤ភាគរយ ជាមួយ​ភាគី​វៀតណាម​នៅ​ប្រទេស​វៀតណាម។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរសព្ទ​ហៅ​ចូល​គ្មាន​អ្នក​លើក​នៅ​ថ្ងៃ​ទី២១ ធ្នូ។

ទោះជា​យ៉ាងណា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ធ្លាប់​លើកឡើង​ថា រដ្ឋាភិបាល មាន​កាតព្វកិច្ច​ទទួលខុសត្រូវ ចំពោះ​មុខ​ប្រវត្តិសាស្ដ្រ និង​ប្រទេស​ជាតិ ទាក់ទិន​ការកំណត់​ខណ្ឌសីមា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​សម្រេច​បាន ៨៤​ភាគរយ ៖ «រដ្ឋាភិបាល​មាន​តួនាទី​ភារកិច្ច​ទទួលខុសត្រូវ​មុខ​ប្រវត្តិ​សាស្ដ្រ និង​ប្រទេសជាតិ​។ ដូច្នេះ​ក្រុម​យុវជន​គាត់​ទទួលខុសត្រូវ​លើ​មុខ​នរណា? អ្វី​ស្រេច​តែ​គាត់ ខ្ញុំ​មិន​ហ៊ាន​អធិប្បាយ​អី​ទេ​បាទ»

ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បង្ហាញ​ផែនទី​ដែល​រដ្ឋាភិបាល​ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ RFA/Rann Samnang

ស្រប​ពេល​និន្នាការ​ប្ដូរ​រូប​កាន់ទុក្ខ​ផ្ទុះឡើង​ក្នុង​មជ្ឈដ្ឋាន​ពលរដ្ឋ​ខ្មែរ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ឯណោះ​វិញ​បាន​ចេញ​សេចក្ដីថ្លែងការណ៍ សម្ដែង​ការខ​កចិត្ត​ចំពោះ​ការ​ឡាយ​ព្រះហស្ថលេខា​របស់​ព្រះមហាក្សត្រ ប្រកាស​ឱ្យ​ប្រើ​ច្បាប់​នេះ ដោយ​គណបក្ស​នេះ​ចាត់ទុកថា ធ្វើ​ឱ្យ​បាត់បង់​បូរណភាព​ទឹកដី​ទៅ​ប្រទេស​វៀតណាម​។ ទន្ទឹម​នឹង​នេះ គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្មាំ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥ ត្រូវ​បាន​មោឃភាព ដោយ​អំណាច​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ឆ្នាំ ១៩៩៣។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន យល់ថា ការ​បង្ហោះ​សារ តាម​បណ្ដាញ​សង្គម​ចូលរួម​កាន់ទុក្ខ និង​សោកស្ដាយ​ទឹកដី​ខ្មែរ​របស់​យុវជន គឺជា​សញ្ញា​ឆ្លុះបញ្ចាំង​ពី​ការ​មិន​ពេញចិត្ត ការ​អនុម័ត​ច្បាប់​ថ្មី​នេះ និង​ចាត់ទុកថា ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​បន្ថែម​ទៀត​។ លោក​ថា កូន​ខ្មែរ​ត្រូវ​ចូលរួម​ការពារ​ទឹកដី​ទាំងអស់​គ្នា និង​ត្រូវ​រួម​កម្លាំង​គ្នា​ការពារ​មរ​ត​ដូនតា​ឱ្យ​គង់វង្ស ជាពិសេស​ត្រូវ​រក​គន្លឹះ​ដោះស្រាយ​បញ្ហា​នេះ​ទាំងនេះ ទៅ​ថ្ងៃ​ខាងមុខ​ឱ្យ​មាន​ប្រសិទ្ធភាព​៖ «កូន​ខ្មែរ​ទាំងអស់ យើង​ត្រូវ​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​ហ្នឹងហើយ ហើយ​យើង​ត្រូវ​ធ្វើ​ការ​ទាមទារ​បន្ត​ទៀត​ដូចជា ការ​ប្រមូលផ្ដុំ​សម្ដែង​មតិ ធ្វើ​ម៉េច​យើង​ត្រូវ​ចូលរួម​ចង​គ្នា ជា​កម្លាំង​តែមួយ​ហើយ​យើង​ការពារ និង​ធ្វើការ​ប្រមូលផ្ដុំ​សម្ដែង​មតិ​ជា​បន្តបន្ទាប់ ទាក់ទង​អ្វី​ដែល​យើង​គិត​ថា វា​គ្មាន​ផល​ចំណេញ​សម្រាប់​ជាតិ​ខ្មែរ»

លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ និង​ជា​អតីត​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​​កាល​អំឡុង​ខែ​មេសា ឆ្នាំ​២០១៥។
លោក រ៉ុង ឈុន ទីប្រឹក្សា​សមាគមគ្រូបង្រៀន​កម្ពុជាឯករាជ្យ និង​ជា​អតីត​សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​​កាល​អំឡុង​ខែ​មេសា ឆ្នាំ​២០១៥។ Photo: RFA

កម្ពុជា​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ចំនួន ១.២៤៥​គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​សរុប​ចំនួន ៣៧១​បង្គោល​។ បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​រួចរាល់​ចំនួន ៣១៥​បង្គោល ឬ​ស្មើ​និង ៨៤​ភាគរយ​ហើយ នៅសល់​បង្គោល​ចំនួន ៥៦​ទៀត ឋិត​នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល