កម្មករ​ជិត​១០០​នាក់​ត្រៀម​បាតុកម្ម​ទាមទារ​ដោះលែង​លោក កឹម សុខា និង​ទម្លាក់​បទ​ចោទ​លើ​លោក សម រង្ស៊ី

ដោយ ហេង រស្មី
2019-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
លោក រ៉ុង ឈុន និង​គ្រូបង្រៀន ៦នាក់​ក្នុង​ចំណោម ១១នាក់ ថ្លែង​​ទៅកាន់​​​អ្នក​កាសែត នៅ​ទល់​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ២០១៩។
រូបថត៖ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រកាស​ថា នឹង​ដឹកនាំ​ក្រុម​កម្មករ​ប្រមាណ​ជិត​១០០​នាក់ ដើម្បី​ធ្វើបាតុកម្ម​នៅ​ពីមុខ​សាលាក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី១៥ ខែ​សីហា​ខាងមុខនេះ ដើម្បី​ទាមទារ​ឱ​របប​ក្រុងភ្នំពេញ​ដោះលែង​លោក កឹម សុខា និង លើកលែងទោស​ដល់​លោក សម រង្ស៊ី ។ មន្ត្រី របប​ក្រុងភ្នំពេញ​ថា មិន​អាច​ធ្វើតាម​ការ​ចង់​បាន​របស់​មន្ត្រី​សង្គម​ស៊ីវិល​បានទេ ហើយ​ពាក្យ​ថា ការ​ជួប​ប្រជុំ​ណាមួយ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​អាជ្ញាធរ​នឹង​បង្ក្រាប។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​អាស៊ីសេរី​កាលពី​ថ្ងៃ​ទី​៣០ កក្កដា ថា សាលារាជធានី​ភ្នំពេញ​បាន​ទទួល​យក​លិខិត​ស្នើសុំ​ធ្វើបាតុកម្ម​របស់​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​រួចហើយ តែ​លោក​មិនទាន់​ដឹង​ថា សាលាក្រុង​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ជួប​ប្រជុំ​នេះ​ដែរ ឬ​យ៉ាងណា​។

សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា ដែល​មាន​លោក រ៉ុង ឈុន ជាទីប្រក្សា​សមាគម បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​សាលាក្រុង​ភ្នំពេញ​អំពី​ការ​ប្រមូលផ្តុំ​សំដែង​មតិ​មួយ​នៅ​ថ្ងៃទី១៥ ខែ​សីហា​ខាងមុខនេះ​ដើម្បី​ទាមទារ​ឱ្យ​តុលាការ​របប​ក្រុងភ្នំពេញ​ដោះលែង​លោក កឹម សុខា និង លើកលែងទោស​លោក សម រង្ស៊ី​ប្រធាន​ស្តីទី​គណបក្សប្រឆាំង ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស មាន​សិទ្ធិ​ចូលរួម​សកម្មភាព​នយោបាយ​ឡើងវិញ។

លោក រ៉ុង ឈុន ដែល​ធ្លាប់​ជាប់ពន្ធនាគារ​កន្ល​​ទៅ​ដោយសារ​រិះគន់​បញ្ហា​ព្រំដែន មាន​ប្រសាសន៍​ថា បើ​កម្ពុជា​មិន​មាន​ដំណោះស្រាយ​នយោបាយ​ទេ ហើយ​នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBAនោះ កម្មករ ប្រមាណ​ជាង ៨០​ម៉ឺន​នាក់ ហើយ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​នឹង​ទទួលរង​នូវ​ផល​ប៉ះពាល់។

លោក​បញ្ជាក់​ថា បើ​របប​ក្រុងភ្នំពេញ​គិតគូរ​ពី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នឹង​ប្រទេសជាតិ​ត្រូវតែ​ធ្វើ​តាម​ការ​ទាម​ទាំងនេះ៖ «ពីព្រោះ​យើង​ដឹង​ហើយ​នៅ​ពាក់​កណ្ដាល​ខែ ៨ ខាងមុខនេះ ខាង​សហភាព​អឺរ៉ុប​គេ​នឹង​បញ្ចប់ គេ​នឹង​ធ្វើ​របាយការណ៍​ហើយ​គេ​សម្រេច​នៅ​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​២០២០ ហើយ​ប្រសិន​ជា​សម្រេច​ថា នឹង​ដក​គេ​នឹង​អនុវត្ត​នៅ​ក្នុង​ខែ​៨ ឆ្នាំ​២០២០។ ដូច្នេះ​យើង​ឃើញ​ថា ពេលវេលា​កាន់តែ​ខិត​ជិត​មកដល់​ហើយ អ៊ីចឹង​ហើយ​បានជា​យើង​កំណត់​យក​ថ្ងៃ​ទី​១៥ ខែ​សីហា តែម្ដង​ទៅ»

របប​លោក​ហ៊ុន សែន ក្នុង​ពេល​បច្ចុប្បន្ន​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​ធំៗ​ចំនួន​ពីរ គឺ​សហភាព​អឺរ៉ុប​កំពុង​ដំណើរការ​ពិចារណា​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ហើយ​ព្រឹទ្ធសភា​អាមេរិក​ក៏​កំពុង​ពិនិត្យមើល​ច្បាប់ HR ៥២៦ ដើម្បី​ដាក់ទណ្ឌកម្ម ដល់​របប​នេះ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក នឹង​មិន​ធ្វើតាម​ការ​ទាមទារ​របស់​ក្រុម​ប្រឆាំង​មួយ​ក្តាប់​តូច​នោះ​ទេ​។ លោក​បញ្ជាក់​ថា រាល់​ការ​ជួប​ប្រជុំ​ណាមួយ​ដែល​គ្មាន​ការអនុញ្ញាត​អាជ្ញាធរ​នឹង​ចាត់វិធានការ​ដើម្បី​បង្ក្រាប៖ «រដ្ឋាភិបាល​មិន​មាន​អ្វី​ធ្វើតាម​ទេ យើង​គោរព​ច្បាប់​យើង​គោរព​តុលាការ​ពីព្រោះ​លោក កឹម សុខា ស្ថិត​នៅ​ក្នុង​កាតព្វកិច្ច​របស់​តុលាការ​ក្នុង​ការ​ស៊ើបអង្កេត​ហើយ​ការ​ធ្វើ​បាតុកម្ម​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​ទេ។ វា​គ្មាន​រឿង​អី​មាន​ទម្ងន់​ឬ​ទិសដៅ​នៃ​ការអនុវត្ត​ច្បាប់​នោះ​ទេ គ្រាន់តែ​ជា​ការ​សំដែង​មតិ​តែប៉ុណ្ណោះ»

លោក កឹម សុខា​ ត្រូវ​បាន​សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន​កាលពី​យប់​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទ​លោក​ថា បាន​ឃុបឃិត​ជាមួយ​បរទេស រៀបចំ​គម្រោង​ផ្តួល​រំលំ​របប​លោក​ហ៊ុន សែន​។ លោក​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ក្រោម​ការចោទប្រកាន់​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ក្រោយមក​បាន​នាំ​យក​មក​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ​អស់​រយៈពេល​ជាង ១​ឆ្នាំ។

អ្នកវិភាគ​នយោបាយ​និង​សង្គម​លោក គឹម សុខ មានប្រសាសន៍​ថា ការ​ជួប​ប្រជុំ​សំដែង​មតិ​ជា​សិទ្ធិ​ស្របច្បាប់​តាម​រដ្ឋធម្មនុញ្ញ ក្នុង​ខណៈ​ស្ថានភាព​របស់​កម្ពុជា​កំពុង​ស្ថិត​ក្នុង​គ្រោះអាសន្ន​នា​ពេល​ខាងមុខ​ទាក់ទិន និង​ការ​ផ្ដាច់​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប និង​ប្រព័ន្ធ​ពន្ធ​GSP ពី​សហរដ្ឋអាមេរិក៖ «វា​ធ្វើ​ឱ​កម្ពុជា​ធ្លាក់​យ៉ាង​ជ្រៅ​ទៅលើ​ការ​គំរាមកំហែង លើ​សុវត្ថិភាព​នៃ​ជីវភាព​ផ្ទាល់ខ្លួន​របស់​ពលរដ្ឋ​ផង ទាំង​សុវត្ថិភាព​នៃ​សន្តិសុខ​ប្រចាំ​ប្រទេស​ផង។ ដូច្នេះ​ការ​ទាមទារ​របស់​លោក រ៉ុង ឈុន និង​ដំណើរការ​នៃ​ការ​រុញ​ស្ថានភាព​នេះ​ឱ​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​ក្រុម​ខ្លះ​គឺជា​រឿង​ត្រឹមត្រូវ​ដែល​ត្រូវតែ​ធ្វើ​ក្នុង​ស្ថានភាព​ហ្នឹង»

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ចំនួន​ជាង​១០​ករណី​ដែល​បណ្ដឹង​ភាគច្រើន គឺ​ប្ដឹង​ដោយ​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក។

ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តុលាការ​កំពូល​រំលាយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ មក របប​លោក ហ៊ុន សែន រង​ការរិះគន់ និង​ថ្កោលទោស​ពី​គ្រប់ទិសទី​ពី​ការ​រំលោភ​ច្បាប់ សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល