តុលាការ​តម្រូវ​ឱ្យ​អ្នក​ចង់​ឃ្លាំមើល​សវនាការ​រឿង​លោក កឹម សុខា ឱ្យ​ចុះឈ្មោះ​សុំ​ប័ណ្ណ​ចូល​ជាមុន

ដោយ យន់ សាមៀន
2020-01-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
RFA

មន្ត្រី​សង្គម​ស៊ីវិល និង​សារព័ត៌មាន ស្នើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ គួរ​រក​មធ្យោបាយ ដើម្បី​អាច​ឱ្យ​សាធារណជន​ទូទៅ​អាច​តាមដាន​សវនាការ របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ សំណើ​នេះ ធ្វើ​ឡើង​ដោយសារ​តែ សាលាដំបូង​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​អ្នក​ចង់​ចូលរួម​ស្ដាប់ ឬ​ឃ្លាំមើល​ការ​បើក​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា នៅ​ថ្ងៃ​ទី​១៥ ខែ​មករា​ខាងមុខ​នោះ ត្រូវ​ទៅ​ចុះឈ្មោះ​នៅ​រដ្ឋបាល​របស់​តុលាការ​ជាមុន ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ម៉ោង ១១​កន្លះ​ព្រឹក។

ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្រុម​ការងារ​អង្គការ​លីកាដូ នឹង​តាមដាន​ឃ្លាំមើល​សវនាការ​របស់​លោក កឹម សុខា។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា លោក​ទទួលស្គាល់​ថា បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ទុក​មនុស្ស​បាន​តិច​ពិតមែន ប៉ុន្តែ​លោក​យល់ថា សាលាដំបូង​ក្រុងភ្នំពេញ​អាច​យក​គំរូ​តាម​សាលាក្ដី​ខ្មែរក្រហម​ដោយ​ផ្សាយ​ផ្ទាល់​ចេញពី​បន្ទប់​សវនាការ​មក​ក្រៅ ដើម្បី​ឱ្យ​សាធារណជន​អាច​តាមដាន​ស្ដាប់​បាន​ដែរ​។ លោក អំ សំអាត យល់ថា ពលរដ្ឋ​រាប់​ម៉ឺន​នាក់ ក៏​ចង់​ឃើញ​ពី​ទិដ្ឋភាព​នៃ​សវនាការ​នេះ​ដែរ ហើយ​ការអនុញ្ញាត​ឱ្យ​សាធារណជន​បាន​ដឹង​ពី​សវនាការ​នេះ ជា​ការ​បង្ហាញ​តម្លាភាព​ក្នុង​ពេល​ជំនុំ​ជម្រះក្ដី៖ «ប្រជាពលរដ្ឋ​ច្រើន​ណាស់​ដែល​លោក​កំពុងតែ​តាមដាន​នូវ​សំណុំរឿង​ឯកឧត្ដម កឹម សុខា ហើយ​ជាពិសេស​សហគមន៍​អន្តរជាតិ​ក៏​កំពុងតែ​តាមដាន​ដែរ ហើយ​ខ្ញុំ​យល់ថា ជា​តម្លាភាព ជា​ការ​បង្ហាញ​ព័ត៌មាន​ជាក់លាក់​ដល់​សាធារណជន​គួរ​តែ​មាន​មធ្យោបាយ​ណាមួយ​ដើម្បី​សាធារណជន​បាន​ទស្សនា»

សេចក្តី​ជូនដំណឹង​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្សាយ កាលពី​ថ្ងៃ​ទី៩ មករា ឱ្យ​ដឹង​ថា សាធារណជន ចង់​ចូលរួម​ស្ដាប់ ឬ​ឃ្លាំមើល​សវនាការ​កាត់​ក្តី​លោក កឹម សុខា ត្រូវ​ទាក់ទង​លេខាធិការដ្ឋាន​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចុះឈ្មោះ និង​ទទួល​យក​ប័ណ្ណ​ចូលរួម​សវនាការ។

តុលាការ​អនុញ្ញាត​ឱ្យ​អ្នកចូលរួម​ស្ដាប់​សវនាការ ប្រមាណ ៣០​នាក់​ប៉ុណ្ណោះ ដោយ​អះអាង​ថា ដើម្បី​ឱ្យ​ដំណើរការ​សវនាការ​ប្រព្រឹត្ត​ទៅ​ដោយ រលូន ធានា​សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​ឱ្យ​បាន​ល្អ​ប្រសើរ។

ទោះ​បី​យ៉ាងណា​ក៏ដោយ អ្នករាយការណ៍​ព័ត៌មាន​នៃ​វិទ្យុ វីអូឌី (VOD) របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ពៅ មេត្តា យល់​ថា ការ​រឹតត្បិត​របស់​តុលាការ មិន​អាច​ធ្វើ​ឱ្យ​អ្នកចូលរួម​ស្ដាប់​បាន​ទូលំទូលាយ​ឡើយ​។ លោក​ព្រួយបារម្ភ​ថា អ្នកសារព័ត៌មាន​មិន​អាច​ចូល​ស្ដាប់​ក្នុង​សវនាការ​បាន ដែល​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់ ដំណើរ​រាយការណ៍​ព័ត៌មាន៖ «តាមពិត​បើ​យើង​អត់​បាន​ចូលរួម​ផ្ទាល់​ផង​ធ្វើ​ម៉េច​បាន​យើង​រាយការណ៍​អស់ ហើយ​បើ​ត្រឹម​ស្ដាប់​អ្នក​ចូល​ឃ្លាំមើល ឬក៏​ស្ដាប់​មេធាវី ធម្មតា​គឺ​បាត់​ខ្លឹមសារ​មួយ​តង់​ទៀតហើយ»

លោក​ក៏​ចង់​ឃើញ​តុលាការ​អនុញ្ញាត​ឱ្យ​មានការ​ផ្សាយ​វីដេអូ​នៃ ទិដ្ឋភាព សវនាការ​មក​ក្រៅ ដើម្បី​ឱ្យ​អ្នក​នៅ​ក្រៅ​សវនាការ​អាច​ស្ដាប់ និង​ឃើញ​ពី​សកម្មភាព​សវនាការ​នេះ ហើយ​ថែមទាំង​អាច​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​កាសែត​រាយការណ៍​អំពី​ព័ត៌មាន​នោះ។

អ្នកវិភាគ​នយោបាយ និង​សង្គម​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃ​មាត់ និង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ ទាយ​ទុកជាមុន​ថា តុលាការ​នឹង​មិន​ទម្លាក់​ចោល​ការ​ចោទប្រកាន់​លើ​លោក កឹម សុខា ទេ ព្រោះ​ការ​ទម្លាក់​ចោល​បទ​ចោទ​នេះ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​កាន់​អំណាច​របស់​លោក ហ៊ុន សែន​។ ប៉ុន្តែ​អ្នកវិភាគ​រូប​នេះ​យល់ថា តុលាការ​នឹង​បន្ធូរបន្ថយ​ខ្លះ​លើ​លោក កឹម សុខា ដើម្បី​បន្លំ​ភ្នែក​សហគមន៍​អន្តរជាតិ​ថា របប​ក្រុងភ្នំពេញ​កំពុង​កែខ្លួន​ឡើងវិញ៖ «ជា​រូប​បន្តិចបន្តួច​ដើម្បី​គាត់​(​លោក ហ៊ុន សែន​) អួត​ការ​អនុគ្រោះ​នយោបាយ ឬក៏​អំពី​ភាព​ធូរស្រាល​នៃ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដែល​គាត់​ធ្លាប់​ផ្សព្វផ្សាយ​ពីមុខ​មាត់​របស់​គាត់​អ៊ីចឹង»

លោក កឹម សុខា ត្រូវ​តុលាការ​ចោទប្រកាន់​ក្នុង​សំណុំរឿង​សន្ទិដ្ឋភាព ឬ​ការ​ត្រូវរ៉ូវ​ជាមួយ​បរទេស ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាល​ពី​អំឡុង​ឆ្នាំ​១៩៩៣ រហូតដល់ ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧​។ បច្ចុប្បន្ន​លោក កឹម សុខា ត្រូវ​បាន​

តុលាការ ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ ហាមឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល