សមត្ថកិច្ច​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ ៣នាក់​ទៅ​សាកសួរ​នៅ​សាលាដំបូង​ខេត្ត​កំពង់ធំ​

ដោយ ជី វិតា
2019-09-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក រស់ គឹម ស្រៀង លោក ស៊ុន ប៊ុនថុន និង​លោក នូ ភឿន ជា​សកម្មជន​គណបក្ស​ប្រឆាំង នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដែល​នគរបាល​ចាប់​​ខ្លួន កាល​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ២០១៩ រឿង​ចែករំលែកសារ​រិះគន់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ។
លោក រស់ គឹម ស្រៀង លោក ស៊ុន ប៊ុនថុន និង​លោក នូ ភឿន ជា​សកម្មជន​គណបក្ស​ប្រឆាំង នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដែល​នគរបាល​ចាប់​​ខ្លួន កាល​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ២០១៩ រឿង​ចែករំលែកសារ​រិះគន់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ។
រូប៖ ផ្ដល់​ឱ្យ

សមត្ថកិច្ច​ខេត្ត​កំពង់​ធំ​បាន​បញ្ជូន​សកម្មជន​គណបក្ស​ប្រឆាំង​ចំនួន ៣នាក់​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី២ កញ្ញា​ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់។ ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ដែល​បាន​ចូល​ជួប​ស្វាមី​​អះអាង​ថា តុលាការ​បាន​សាកសួរ​​សកម្មជន​​ទាំង​នោះ​ពាក់ព័ន្ធ​នឹង​រឿង​​​ចែកចាយ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ថ្នាក់​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ។

ភរិយា​សកម្មជន​បក្ស​ប្រឆាំង​ឃុំ​បារាយណ៍ លោកស្រី សុក ថៃ ឱ្យ​អាស៊ី​សេរី​ដឹង​ថា តុលាការ​បាន​សាកសួរ​ស្វាមី​លោក​ស្រី គឺ​លោក នូ ភឿន និង​អ្នក​ដទៃ​ទៀត ពាក់ព័ន្ធ​នឹង​ការចែក​រំលែក​សារ​រិះគន់​ថ្នាក់​ដឹកនាំ​របប​ក្រុង​ភ្នំពេញ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ លោក​ស្រី​បញ្ជាក់​ថា លោក​ស្រី​មិន​ដឹង​អំពី​ខ្លឹមសារ​នៃ​ការ​រិះគន់​នោះ​ទេ ក៏​ប៉ុន្តែ​លោក​ស្រី​យល់​​ថា ការ​ចាប់​ខ្លួន​ស្វាមី​នេះ គឺ​ជា​រឿង​អយុត្តិធម៌ ដោយសារ​ស្វាមី​អ្នក​ស្រី​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ឡើយ៖ «មនុស្ស​មិន​ដែល​ស្គាល់​គ្នា​ផង​មក​ចាប់​ប្ដី​ខ្ញុំ​គ្រៀក​ដាក់​ឡាន​យក​ទៅ គេ​ចាប់​ពី​ក្នុង​ផ្ទះ​ខ្ញុំ​យក​ទៅ។ប្ដី​ខ្ញុំ​មិន​ដឹង​ថា​គាត់​ខុស​អី​ទេ ហើយ​ពេល​ដែល​ខ្ញុំ​សួរ​ទៅ​ប៉ូលិស​ម្នាក់​គេ​ថា ការ​ចាប់​ខ្លួន​នេះ​ប្រហែល​ជា​មាន​ពាក់ព័ន្ធ​រឿង​នយោបាយ»

លោក​​ស្រី សុក ថៃ ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​​លើ​ស្វាមី និង​ដោះលែង​គាត់​ឱ្យ​​មាន​សេរីភាព​ឡើង​វិញ​ជា​បន្ទាន់​ ពីព្រោះ​ការ​ចាប់​ខ្លួន​ស្វាមី ​ធ្វើ​ឱ្យ​បាត់បង់​ជន​បង្គោល​រក​ប្រាក់​ចំណូល​នៅ​ក្នុង​គ្រួសារ។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់ធំ​លោក​ វ៉ាន់​ សេង​ សុំ​មិន​បកស្រាយ​បញ្ហា​នេះ​ទេ ដោយ​លោក​បង្វែរ​សំណួរ​ទៅ​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​កំពង់​ធំ លោក អ៊ិត សុធា ​វិញ ព្រោះ​លោក​ថា លោក​ពុំ​បាន​ដឹង​រឿង​នេះ​ឡើយ។

អាស៊ី​សេរី​ក៏​បាន​ទាក់ទង​ទៅ លោក អ៊ិត សុធា ក៏​ប៉ុន្តែ​ព្រះរាជអាជ្ញា​រូប​នេះ ឆ្លើយ​ខ្លី​ថា លោក​កំពុង​ជាប់​រវល់​ប្រជុំ​នៅ​សាលា​ខេត្ត៖ «បាទ! ខ្ញុំ​ជាប់​ប្រជុំ​នៅ​សាលា​ខេត្ត​បន្តិច​បង​ បាទ​!អរគុណ

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ អាដហុក (Adhoc) ខេត្ត​កំពង់ធំ លោក សុខ រដ្ឋា មាន​ប្រសាសន៍​ថា សមត្ថកិច្ច​បាន​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ខេត្ត​កំពង់​ធំ​ចំនួន​ ៤នាក់​បន្ត​បន្ទាប់​គ្នា​ ក៏​ប៉ុន្តែ​បាន​ដោះ​លែង​ម្នាក់​វិញ គឺ​លោក​មៀច មឿន ជា​សកម្មជន​នៅ​ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍។ ដោយ​ឡែក​សកម្មជន ៣នាក់​ទៀត រួម​មាន​ លោក ស៊ុន ប៊ុនថុន លោក នូ ភឿន ​និង​លោក រស់ គឹម ស្រៀង សមត្ថកិច្ច​មិន​ទាន់​បាន​ដោះ​លែង​វិញ​នៅ​ឡើយ បន្ទាប់​ពី​ចាប់​ខ្លួន​ពួកគេ​កាល​ពី​ថ្ងៃ​ទី១ កញ្ញា។ លោក​បញ្ជាក់​ថា សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ​ ដើម្បី​ជួយ​ផ្នែក​ច្បាប់​ដល់​ពួកគេ៖ «យើង​ចុះ​ដល់​មូលដ្ឋាន​ធ្វើ​កិច្ច​ការ​ងារ​ហ្នឹង​មួយ​ព្រឹក​ហើយ​ យើង​កំពុង​តែ​ជួប​សំណេះសំណាល​ជា​មួយ​សាច់ញាតិ​គាត់​នៅ​ផ្ទះ​ ហើយ​យើង​នឹង​កិច្ច​ការងារ​នេះ​បន្ថែម​ទៀត​ ដោយសារ​ទើប​ទទួល​បាន​ការ​បញ្ជាក់​តិច​តួច​ពី​សាច់​ញាតិ​នៅ​ឡើយ។ ប៉ុន្តែ​គ្រាន់​តែ​ថា​គ្រួសារ​គាត់​បញ្ជាក់​ថា ពួក​គាត់​មិន​ដែល​មាន​រឿង​រ៉ាវ​គុំកួន​ឈ្លោះ​ទាស់ទែង​ប្រកែក​ជា​មួយ​អ្នក​ណា​ទេ ភាគ​ច្រើន​គាត់​ថា ​រឿង​នេះ​កើត​ឡើង​ដោយសារ​ហ្វេសប៊ុក»

គិត​ត្រឹម​ដើម​ខែ​កញ្ញា​នេះ មាន​មន្ត្រី​គណបក្ស​ប្រឆាំង​ប្រមាណ ២០នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន ហើយ​ក៏​មាន​មន្ត្រី​បក្ស​ប្រឆាំង​ជា​ច្រើន​រូប​ទៀត​ដែរ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយដំ និង​គំរាម​ប្រើ​អំពើ​ហិង្សា។ ករណី​ទាំងនេះ​បាន​កើត​ឡើងជា​បន្ត​បន្ទាប់ ក្រោយ​ពេល​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន បាន​ដាក់​បញ្ជា​ឱ្យ​តាម​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ​ដល់​មូលដ្ឋាន ដែល​ជា​ការ​ឆ្លើយ​តប​របស់​មេ​ដឹក​នាំ​ក្រាញ​អំណាច​រូប​នេះ​ចំពោះ​វិធាន​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល