ទស្សនៈ​ពលរដ្ឋ​ចំពោះ​​គម្រោង​​ត្រឡប់​​​ទៅ​​​កម្ពុជា​​​របស់​​​លោក សម រង្ស៊ី

ដោយ ទីន ហ្សាការីយ៉ា
2019-08-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​អ្នក​គាំទ្រ​លោក​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សន្និសីទ​រយៈ​ពេល ២​ថ្ងៃ នា​ទីក្រុង​អាត្លង់តា (Atlanta) រដ្ឋចចចា (Georgia) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៨។
លោក សម រង្ស៊ី ក្នុង​ពេល​ដែល​លោក​ត្រូវ​បាន​អ្នក​គាំទ្រ​លោក​អញ្ជើញ​ឲ្យ​ធ្វើ​ជា​ប្រធាន​ស្តីទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សន្និសីទ​រយៈ​ពេល ២​ថ្ងៃ នា​ទីក្រុង​អាត្លង់តា (Atlanta) រដ្ឋចចចា (Georgia) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ ២០១៨។
រូប៖ សន ចាន់រដ្ឋា

ប្រជាពលរដ្ឋ​និង​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ជឿជាក់​ថា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នឹង​វិល​ចូល​កម្ពុជា​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា តាម​ការសន្យា។ ពួកគេ​បាន​ត្រៀមខ្លួន​រួច​ជា ស្រេច​ដើម្បី​ទទួល​ស្វាគមន៍​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ដោយ​មិន​ខ្លាច​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ឡើយ។

ប្រជាពលរដ្ឋ​និង​សកម្មជន​បក្ស​ប្រឆាំង​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​អំពី​គម្រោង​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​របស់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​មោងឫស្សី លោក អ៊ុត ជឿន សម្ដែង​ក្ដី​ត្រេកអរ​និង​ស្វាគមន៍​ដំណើរ​វិលត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ហើយ​លោក​នឹង​ទៅ​ជួបជុំគ្នា​ដើម្បី​ចាំ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ។ លោក​យល់ថា ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី នឹង​អាច​ជួយ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ និង​ធ្វើ​ឱ្យ​កម្ពុជា​ជៀស​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ៖ «ខ្ញុំ​គ្មាន​ការ​បារម្ភ​ទេ ព្រោះ​ច្បាប់​រដ្ឋធម្មនុញ្ញ​យើង​អត់​មាន​ចែងថា យើង​ទៅ​ទទួល​អបអរសាទរ​អតីត​មេដឹកនាំ​របស់​យើង​ឱ្យ​មាន​ទោស​​មានអី​គឺ​ខ្ញុំ​គ្មាន​ព្រួយបារម្ភ​ទេ។ ប្រជាពលរដ្ឋ​មិនមែន​ត្រឹមតែ​ខ្ញុំ​ទេ គឺ​ទូទាំង​ប្រទេស​ជាពិសេស​ស្រុក​មោងឬស្សី ខ្ញុំ​ត្រៀម​រាប់រយ​រាប់​ពាន់​នាក់​ដើម្បី​ទៅ​ទទួល​លោក​ប្រធាន។ លោក​ប្រធាន​មក​ជួយ​ច្រើន​ណាស់ ទី​១​ជួយ​ឱ្យ លទ្ធិ​ប្រជាធិបតេយ្យ​យើង​ដំណើរការ​ឡើងវិញ ជួយ​ឱ្យ​សិទ្ធិមនុស្ស​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​អាច​បញ្ចេញ​មតិ​ត្រឹមត្រូវ​ឡើងវិញ​ជាពិសេស​ជួយ​រឿង​ការ​អនុគ្រោះ​ពន្ធ»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​សកម្មជន​បក្ស​ប្រឆាំង​មួយ​រូប​ទៀត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង លោក សម សារឿន រៀបរាប់​ថា លោក​រីករាយ​ចំពោះ​ដំណឹង​នៃ​ការ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​របស់​លោក សម រង្ស៊ី។ លោក​បញ្ជាក់​ថា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្វាយរៀង នឹង​ទៅ​រង់ចាំ​ទទួល​លោក សម រង្ស៊ី ចុះ​ពី​ព្រលាន​យន្តហោះ​ទោះបីជា​មានការ​គំរាមកំហែង​បែប​ណា​ក្ដី។ លោក​ថា បើ​ទោះ​បី​ជា ពួក​លោក​នៅ​ស្ងៀម ក៏​របប​ក្រុងភ្នំពេញ​មិន​ឱ្យ​នៅ​សុខ​ដែរ៖ «ការកំណត់​ពេលវេលា​មក​អី​យ៉ាងម៉េច​គឺជា​ យុទ្ធសាស្ត្រ នៃ​ការ​ដើរ​របស់​លោក​ប្រធាន។ ខ្ញុំ​ថា​គាត់​ប្រាកដជា​មក​តែ​ខ្ញុំ​មិន​ច្បាស់​ដែរ​ថា​គាត់​នឹង​មក​តាម​ពេល វេលា​ដែល​កំណត់​១០០​ភាគរយ។ ទាក់ទង​រឿង​បារម្ភ​គឺ​យើង​បារម្ភ​ណាស់​ទៅ​ហើយ​តែ​បើ​យើង​បារម្ភ​ក៏​នៅតែ​ដដែល។ បើ​យើង​មិន​ធ្វើ​អី​សោះ​ដល់​ថ្ងៃ​ណាមួយ​គង់តែ​មក​ប៉ះ​យើង»

ក្រុម​មន្ត្រី​របប​ក្រុងភ្នំពេញ​បាន​ប្រកាស​ជា​បន្តបន្ទាប់​ថា ប្រសិនបើ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មក​ដល់​ទឹកដី​កម្ពុជា នោះ​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ភ្លាមៗ​រួម​ទាំង​អ្នក​ហែហម​ផង​ដែរ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ប្រទេស​ថៃ ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រ​ជុំ​គ្នា​រួចហើយ ថា​នឹង​ហែហម​លោក សម រង្ស៊ី វិល​ទៅ​កម្ពុជា​វិញ​ទាំងអស់​គ្នា។ លោក​បញ្ជាក់​ថា សូម្បីតែ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​ប្រទេស​ថៃ​ជាដើម​ក៏​បាន​ត្រៀមខ្លួន​ចូលរួម​ហែហម​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​​ដែរ៖ «ពួក​យើង​ត្រៀម​រួចរាល់​ហើយ​រង់ចាំ​តែ​ពេលវេលា​ដែល​លោក​ប្រធាន​មក​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ប៉ុណ្ណោះ។ ពលករ​នៅ​ថៃ​ក៏ដូចជា​អ្នក​នៅ​តាម​ខេត្ត​ដូចជា​ខេត្ត​ស្វាយរៀង ខ្ញុំ​គឺ​បាន​រៀបចំ​ក្បួន​ក្នុង​​ការ​ចូល​ទៅ​ទទួល​លោក​ប្រធាន​រួចជាស្រេច។ ពួក​ខ្ញុំ​ស្រឡាញ់​យុត្តិធម៌​ស្រឡាញ់​ប្រជាធិបតេយ្យ​គ្មាន​ការ​ព្រួយបារម្ភ​រឿង​លោក ហ៊ុន សែន ចោទ​និង​គំរាម​ដដែល​ៗ​នោះ​ទេ»

ខុស​ពី​ការ​បញ្ចេញមតិ​របស់​សកម្មជន​បក្ស​ប្រឆាំង ប្រជាពលរដ្ឋ​ម្នាក់ លោកស្រី ម៉ៅ រៀបរាប់​ថា លោកស្រី​មិនសូវ​មាន​ជំនឿ​ថា លោក សម រង្ស៊ី នឹង​វិល​ចូល​កម្ពុជា​វិញ​តាម​ការសន្យា​នោះ​ទេ ព្រោះ លោក សម រង្ស៊ី ធ្លាប់​កុហក​ច្រើនដង​មក​ហើយ។ ទោះ​យ៉ាងណា​ក្ដី លោកស្រី​ជឿ​ថា ប្រសិនបើ លោក សម រង្ស៊ី ពិតជា​ហ៊ាន​វិល​ចូល​កម្ពុជា​មែន នោះ​នឹង​អាច​ជួយ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន៖ «បើសិនជា​គាត់​វិលត្រឡប់​ដូច​គាត់​និយាយ​មែន​ខ្ញុំ​គិត​ថា វា​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​គោរព​ពាក្យសម្ដី​របស់​គាត់ ព្រោះថា​កន្លងមក​គាត់​និយាយ​ថា ត្រឡប់​មក​ថ្ងៃ​នេះ​​ថ្ងៃ​​នោះ វា​មិនមែន​ជា​លើក​ទី​១​ទេ ប្រហែលជា​អ្នកនយោបាយ​មាន​ហេតុផល​របស់​គេ តាមរបៀប​នយោបាយ​គឺ​ខ្ញុំ​អត់​ដឹង តែ​ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ថា ក្នុងនាម​ជា​មេដឹកនាំ​កាលណា​តែ​យើង​និយាយ​ហា​មាត់​ថា អ្វី​ត្រូវតែ​មាន​ប្រសិទ្ធភាព​និង​ត្រូវតែ​ធ្វើ​ឱ្យ​បាន​បើ​យើង​ធ្វើ​មិនបាន យើង​មិន​ចេះតែ​និយាយ​ទេ ព្រោះ​បានន័យ​ថា វា​ស្មើនឹង​អ្វី​ដែល​យើង​សន្យា​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ហើយ​ធ្វើ​អត់​បាន​វា​ដូចជា រដ្ឋាភិបាល​សព្វថ្ងៃ​និយាយ​ហើយ​ចោល​និយាយ​ហើយ​ចោល​ម្លោះ​ហើយ​អស់​ការ​ជឿ​ជាក់។អ៊ីចឹង​គាត់​ក៏​ដូចគ្នា​ដែរ»

ដោយឡែក​និស្សិត​ផ្នែក​ច្បាប់​មួយ​រូប​គឺ​យុវជន វ៉ន ចាន់ឡូត លើក​ឡើង​ថា ការប្រកាស​កំណត់​ថ្ងៃ​វិល​ចូល​កម្ពុជា​របស់​លោក សម រង្ស៊ី លើក​នេះ​មាន​ភាព​ប្រាកដ​ប្រជា​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ ពីព្រោះ​​នៅ ខែ​វិច្ឆិកា​ខាងមុខ​ គឺជា​ពេលវេលា​នៃ​ការសម្រេច​ដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ដូច្នេះ​រដ្ឋាភិបាល​មិន​អាច​ចាប់ខ្លួន​លោក សម រង្ស៊ី ឡើយ​។ លោក​អំពាវនាវ​ឱ្យ​មេដឹកនាំ​នយោបាយ​ខ្មែរ​នាំគ្នា​ថយ​​​ក្រោយ​បន្តិច ដោយ​ធ្វើ​សម្បទាន​នយោបាយ​ទៅវិញទៅមក​ ដើម្បី​ជជែក​គ្នា​បង្កើត​នូវ​ដំណោះស្រាយ​រួម​សម្រាប់​ផលប្រយោជន៍​ប្រទេសជាតិ​និង​ប្រជាពលរដ្ឋ៖ «ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៃ​​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​រឿង​ល្អ​ត្រឹមត្រូវ​ហើយ វា​ជា​សញ្ញា​មួយ​បញ្ជាក់​ថា ខ្មែរ​អាច​នឹង​មាន​ដំណោះស្រាយ។ ខ្ញុំ​ជឿជាក់​ថា រដ្ឋាភិបាល​នឹង​មិន​ហ៊ាន​ចាប់​ឯកឧត្ដម សម រង្ស៊ី ឬ​ក៏​អ្នក​ដែល​​ហែហម​គាត់​មក​ទេ ដោយសារ​តែ​យើង​ដឹង​ហើយ​ថា ទោះបីជា​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មាន​ស្ងប់ស្ងាត់​យ៉ាងម៉េច​ក៏ដោយ តែ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅតែ​មាន​ឆន្ទៈ និង​មាន​ទឹក​ចិត្ត​ដដែល»

គណបក្ស​សង្គ្រោះជាតិ​ប្រកាស​ថា លោក សម រង្ស៊ី នឹង​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​ខាងមុខ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា។ មន្ត្រី​ជាន់ខ្ពស់​ទាំងឡាយ​របស់​បក្ស​ប្រឆាំង​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស រួម​ទាំង​សមាជិកសភា​អឺរ៉ុប​មួយ​ចំនួន​ផង​នឹង​អម​ដំណើរ​លោក សម រង្ស៊ី ត្រឡប់​ទៅ​កម្ពុជា​វិញ។ គណបក្ស​សង្គ្រោះជាតិ​បញ្ជាក់​ថា ដំណើរ​វិល​ត្រឡប់​​នេះ​ គឺ​ដើម្បី​ទៅ​ដោះស្រាយ​ការ​ជាប់​គាំង និង​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ជាតិ​ដែល​របប​លោក ហ៊ុន សែន មិន​អាច​ដោះស្រាយ​បាន ជាពិសេស​គឺ​ជួយ​កុំ​ឱ្យ​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល