សាលា​ឧទ្ធរណ៍​សម្រេច​ដោះលែង​ជន​ពិការ​នៅ​សៀមរាប​ម្នាក់​ឲ្យ​មាន​សេរីភាព ដោយ​ព្យួរ​ទោស​នៅ​សល់

ដោយ ហេង រស្មី
2019-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​ពិការ​ជើង​ពី​កំណើត លោក ភុន យុទ្ធ វ័យ ដែល​ត្រូវ​បាន​​សាលា​ដំបូង​ខេត្ត​សៀមរាប កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១ឆ្នាំ​កន្លះ ពី​បទ​រឿង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង និង​ជេរ​ប្រមាទ​សាធារណៈ តាម​ហ្វេសប៊ុក។
ជន​ពិការ​ជើង​ពី​កំណើត លោក ភុន យុទ្ធ វ័យ ដែល​ត្រូវ​បាន​​សាលា​ដំបូង​ខេត្ត​សៀមរាប កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១ឆ្នាំ​កន្លះ ពី​បទ​រឿង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង និង​ជេរ​ប្រមាទ​សាធារណៈ តាម​ហ្វេសប៊ុក។
រូប៖ ហ្វេសប៊ុក

សាលាឧទ្ធរណ៍​សម្រេច​ដោះលែង​ជន​ពិការ ដែល​និយាយ​រិះ​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម​ហ្វសប៊ុក ​នៅ​ខេត្ត​សៀមរាប​ម្នាក់ ឲ្យ​មាន​សេរីភាព​វិញ ដោយ​កាត់​តម្រឹម​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ត្រឹម​ ៥ខែ ៨ថ្ងៃ ចំណែក​ទោស​នៅ​សល់​ត្រូវ​ព្យួរ។ មេធាវី​ការពារ​ក្ដី​ និង​ភរិយា​លោក ភុន យុទ្ធ សាទរ​ការ​សម្រេច​នេះ។ អ្នក​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស យល់ថា ​ការ​សេចក្ដី​សម្រេច​ គួរ​បញ្ចប់​ត្រឹម​សាលា​ដំបូង​ខេត្ត​សៀមរាប មិន​គួរ​ឈាន​ដល់​សាលា​ឧទ្ធរណ៍​ឡើយ។

ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​ អ្នកស្រី យ៉េត​ ម៉ូលីន សម្រេច​ដោះលែង​ជន​ពិការ​ឈ្មោះ​ ភុន យុទ្ធ ឲ្យ​មាន​សេរីភាព​ បាន​ជួប​ក្រុម​គ្រួសារ​វិញ បន្ទាប់​ពី​បើក​សវនាការ​ជំនុំជម្រះ​ប្រមាណ​ជិត ​១​ម៉ោង នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ លើ​បណ្ដឹង​មេធាវី​ការពារ​ក្ដី ដែល​ប្ដឹង​ទាស់​នឹង​សាលក្រម​សាលា​ដំបូង​ខេត្ត​សៀមរាប។

ចំណែក​ព្រះ​រាជ​អាជ្ញា លោក អ៊ឹម សុផាន ក៏​មិន​ធ្វើ​សេចក្ដីសន្និដ្ឋាន​ដាក់​បន្ទុក​លើ​ជន​ជាប់​ចោទ​ច្រើន​ដែរ ដោយ​ទុក​ឲ្យ​ប្រធាន​ចៅក្រម​ជំនុំជម្រះ​សម្រេច​តាម​ឆន្ទានុសិទ្ធិ។

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក ភុន យុទ្ធ គឺ​លោក សំ ទិត្យសីហា ឲ្យ​ដឹង​ថា ចៅក្រម​សម្រេច​តម្កល់​ទុក​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​សៀមរាប​ជា​បាន​ការ​ដដែល ប៉ុន្តែ​កែ​ប្រែ​ត្រង់​ចំណុច​ផ្ដន្ទាទោស​ ដោយ​កាត់​ឲ្យ​លោក ភុន យុទ្ធ ជាប់​ទោស​ត្រឹម ​៥ខែ​ ៨​ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន ហើយ​ទោស​នៅ​សល់​ពី​នេះ​ គឺ​ត្រូវ​ព្យួរ​។

លោក​បន្ត​ថា ការ​សម្រេច​របស់​ចៅក្រម​សាលា​ឧទ្ធរណ៍​ក្នុង​រឿង​នេះ គឺ​ផ្អែក​លើ​ការ​សារភាព​ទទួល​ស្គាល់​កំហុស​របស់​​ជន​ជាប់​ចោទ និង​តម្រូវ​ការ​ចាំបាច់​របស់​ជន​ជាប់​ចោទ​ ដែល​ទទួល​រ៉ាប់រង​ប្រកប​របរ​ចិញ្ចឹម​បី​ប៉ាច់​កូន​ស្រី​អាយុ ៦ឆ្នាំ និង​ប្រពន្ធ​ពិការ​ដូច​គ្នា។

មេធាវី​រូប​នេះ​យល់​ថា សេចក្ដី​សម្រេច​នេះ គួរ​តែ​បញ្ចប់​ត្រឹម​សាលា​ដំបូង​ខេត្ត​សៀមរាប ​តាំង​ខែ​ចុង​ខែ​តុលា​មក​ម៉្លេះ មិន​គួរ​អូស​បន្លាយ​​ដល់​សាលា​ឧទ្ធរណ៍​ឡើយ ប្រសិន​បើ​ចៅ​ក្រម​តុលាការ​ជាន់​ទាប ​មាន​ឆន្ទានុសិទ្ធិ ​យល់​ឃើញ​ដូច​គ្នា​ទៅ​នឹង​សាលា​ឧទ្ធរណ៍ ដោយ​ផ្អែក​លើ​ហេតុផល​មនុស្សធម៌​ចំពោះ​ជន​ពិការ៖ «ការ​សម្រេច​របស់​តុលាការ​ គឺ​ខ្ញុំ​មិន​អាច​បក​ស្រាយ​បាន​ ព្រោះ​ជា​ឆន្ទានុសិទ្ធិ​​របស់​ចៅ​ក្រម ប៉ុន្តែ​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​គឺ​ថា ទាក់ទង​នឹង​សាលា​ដំបូង​ខេត្ត​សៀមរាប​ គាត់​ហាក់​ដូច​ជា​អនុវត្ត​ទោស​មក​លើ​លោក ភុន យុទ្ធ​ ដែល​ជា​ជន​ពិការ​ហ្នឹង មាន​សភាព​ធ្ងន់​ ដែល​គាត់​មិន​អាច​ទទួល​យក​បាន។ ទី​២ ខាង​សាលា​ដំបូង​ខេត្ត​សៀមរាប​ ក៏​គួរ​ពិចារណា ទៅ​ស្ថានភាព​ ហើយ​នឹង​ជីវភាព ហើយ​នឹង​កាយ​សម្បទាន​គាត់​ដែរ។ ហើយ​អ្វី​ដែល​ខាង​សាលា​ឧទ្ធរណ៍ គាត់​យល់​ឃើញ​នោះ គឺ​គាត់​យល់​ឃើញ​ទៅ​លើ​ភាព​ចាំបាច់​របស់​ក្រុម​គ្រួសារ​ កាយ​សម្បទា​របស់​គាត់ ហើយ​នឹង​ឆន្ទៈ​គាត់​ថា​មាន​ការ​កែប្រែ​ខ្លួន»

ចំណែក​ភរិយា​លោក ភុន យុទ្ធ គឺ​លោកស្រី មុំ វិត សម្ដែង​ក្ដី​សប្បាយ​រីករាយ ក្រោយ​ពី​ទទួល​ដំណឹង​ថា ចៅក្រម​សម្រេច​ឲ្យ​ប្ដី​លោកស្រី​ មាន​សេរីភាព​ និង​អាច​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​ឡើង​វិញ«សូម​អរគុណ​តុលាការ​ បាន​ដោះលែង​គាត់​ ដោយ​បន្ថយ​ទោស​គាត់។ ខ្ញុំ​អរគុណ​ដល់​អង្គការ​ បង​ប្អូន​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស​ ខ្ញុំ​អរគុណ​ច្រើន​បាន​ជួយ​ប្ដី​ខ្ញុំ ផុត​ពី​ទុក្ខ​ បាន​ជុំ​ប្រពន្ធ​កូន។ កូន​ខ្ញុំ​ឮ​ថា​ ប៉ា​វា​បាន​ចេញ​មក​វិញ វា​អរ​វា»។

កាល​​ពី​ចុង​ខែ​តុលា​កន្លង​ទៅ ប្រធាន​​ក្រុម​ប្រឹក្សា​ជំនុំ​​ជម្រះ​តុលាការ​ខេត្ត​​សៀម​​រាម លោក ស៊ិន សុវណ្ណារ័ត្ន បាន​ផ្ដន្ទាទោស​លោក ភុន យុទ្ធ វ័យ ​៣៦ឆ្នាំ ដែល​ជា​ជន​​ពិការ​ជើង​ទាំង២ តាំង​ពី​កំណើត ឱ្យ​​ជាប់​ពន្ធនាគារ ១៨ខែ​ពី​បទ “ញុះញង់​ឱ្យ​មាន​ការ​រើសអើង និង​ជេរ​ប្រមាថ​ជា​សាធារណៈ”។ ការ​កាត់​ទោស​នេះ គឺ​ដោយសារ​លោក ភុន យុទ្ធ ប្រើ​គណនេយ្យ​ហ្វេសប៊ុក​ឈ្មោះ "ខ្ញុំ​ចង់​បាន​នាយករដ្ឋមន្ត្រី​ថ្មី "និយាយ​រិះគន់​អំពី​ចំណុច​អវិជ្ជមាន របប​ដឹកនាំ​សព្វ​ថ្ងៃ និង​ទាមទារ​ឲ្យ​លោក​ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។

អ្នកនាំពាក្យ​សមាគម​ អាដហុក លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា រាល់​អ្នក​ហ៊ាន​ចេញ​មុខ​​រិះគន់​អំពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក អ្នក​ទាំង​នោះ​តែង​តែ​រង​ការ​ចោទ​ប្រកាន់​និង​ចាប់​ខ្លួន​ជានិច្ច  ដោយ​ជាប់​ចោទ​ពី​បទ​ញុះញង់​ និង​ជេរ​ប្រមាទ​ជា​សាធារណៈ។

អ្នក​ឃ្លាំ​មើល​ផ្នែក​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ដល់​ ថ្នាក់​ដឹក​នាំ​ប្រទេស ដែល​ជា​បុគ្គល​សាធារណៈ គួរ​បើក​ចិត្ត​ឲ្យ​ទូលាយ ទទួល​យក​ការ​រិះគន់​ពី​គ្រប់​និន្នាការ​ទាំង​អស់ ដោយ​មិន​គួរ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ពលរដ្ឋ​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​បញ្ហា​សង្គម​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល