សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​បារម្ភ​ពី​សុវត្ថិភាព ​បន្ទាប់​ពី​ប៉ូលិស​សួរ​​ម្ដង​ហើយ​​ម្ដង​ទៀត​រឿង​បង្ហោះ​វីដេអូ​​អំពី​ការ​ផ្ដាច់ EBA

ដោយ ថន ថារ៉ូ
2019-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​សំពៅលូន បង្ហោះ​វីឌីអូ​លើ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩ អំពាវនាវ​ដល់​របប​ភ្នំពេញ ឱ្យ​ដោះ​ស្រាយ​ជា​បន្ទាន់​រឿង​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA and GSP។
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​សំពៅលូន បង្ហោះ​វីឌីអូ​លើ​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩ អំពាវនាវ​ដល់​របប​ភ្នំពេញ ឱ្យ​ដោះ​ស្រាយ​ជា​បន្ទាន់​រឿង​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA and GSP។
រូប៖ Screenshot facebook of Khom In

មេឃុំ​សិរី​មានជ័យ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​សំពៅ​លូន​ ខេត្ត​បាត់ដំបង​ ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​។ ក្ដី​បារម្ភ​នេះ​ បន្ទាប់​ពី​ប៉ូលិស​ស្រុក​សំពៅលូន​ទូរស័ព្ទ​សាកសួរ​ជា​ច្រើន​លើក​​ដោយសារ​ពួកគាត់​ជួប​ជុំ​សកម្មជន​គណបក្ស​ខ្លួន​នៅ​ក្នុង​មូលដ្ឋាន​​ថ្លែង​សារ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ព្រួយ​បារម្ភ​ខ្លាច​សហគមន៍​អឺរ៉ុប​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ EBA ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ ជា​ពិសេស​គឺ​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ។

មន្ត្រី​គណបក្ស​ប្រឆាំង​ស្រុក​សំពៅ​លូន​លោក​ អ៊ិន ហម​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៣១ កក្កដា​ថា ស្រាប់តែ​មន្ត្រី​ប៉ូលិស​ផ្នែក​សន្តិសុខ​ស្រុក​សំពៅ​លូន​ គឺ​លោក​ ទិត សំរស់​ ទូរស័ព្ទ​មក​សាកសួរ​លោក​អំពី​ចំនួន​មនុស្ស​ដែល​ជួបជុំ​ថ្លែង​សារ​ព្រួយបារម្ភ​ខ្លាច​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA។ លោក​បន្ត​ថា​ សមត្ថកិច្ច​សាកសួរ​ចំនួន​អ្នក​ចូលរួម​លើ​បញ្ហា​នេះ​មក​​ម្ដង​ហើយ​ម្ដង​ទៀត​តាំង​ពី​ថ្ងៃ​ទី៣០ ដល់​ព្រឹក​ថ្ងៃ​ទី៣១ កក្កដា ក៏​នៅ​តែ​សួរ​ទៀត ដោយ​មិន​ដឹង​មូលហេតុ​អ្វី​នោះ​ទេ។ មេឃុំ​សិរី​មាន​ជ័យ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង​រួប​នេះ បន្ត​ថា ​ពួកគាត់​មាន​ការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ព្រោះ​ប៉ូលិស​ស្រុក​នេះ​បាន​តាមដាន​សកម្មភាព​របស់​លោក និង​សកម្មជន​នៅ​តាម​ព្រំដែន​មួយ​ចំនួន​ទៀត​រៀងរាល់​ថ្ងៃ និង​បាន​ប៉ះពាល់​ដល់​ការ​រស់​នៅ​និង​ការ​ដើរហើរ​របស់​ពួកគាត់៖ «ការ​ធ្វើ​នេះ​ខ្ញុំ​ធ្វើ​ក្នុង​នាម​ពលរដ្ឋ​អត់​មាន​ក្នុង​នាម​គណបក្ស​នយោបាយ​ណា​ទេ។ អីចឹង​ខ្ញុំ​ព្រឺ​រងា​ដែរ​ ត្រង់​ថា​ម្ដង​ហើយ​ម្ដង​ទៀត​ បើ​គិត​ជា​ដង​វិញ​ សូម្បី​តែ​ខ្ញុំ​ទៅ​ធ្វើ​បុណ្យ​បង​ស្លាប់​នៅ​ភ្នំពេញ​ថ្មីៗ​នេះ​ ក៏​គេ​តាម​សួរ​ខ្ញុំ​រហូត​ដែរ។ ព្រោះ​ផ្ទះ​ខ្ញុំ​នៅ​ជិត​ផ្ទះ​មេ​ឃុំ​ផង​ ផ្ទះ​មេភូមិ​ផង​ ដល់​បាត់​ខ្ញុំ​អីចឹង​ទៅ​ប្រហែល​គេ​ផ្ដល់​ដំណឹង​ទៅ​ប៉ូលិស​នឹង​ហើយ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ មន្ត្រី​ប៉ូលិស​ផ្នែក​សន្តិសុខ លោក ទិត សំរស់ ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា លោក​ពិត​ជា​បាន​ទូរស័ព្ទ​សាកសួរ​សកម្មជន​បក្ស​ប្រឆាំង​ប្រាកដ​មែន។ ទោះជា​យ៉ាង​ណា​លោក​មិន​ប្រាប់​ពី​មូលហេតុ​ដែល​សាកសួរ​នោះ​ទេ៖ «ចង់​ដឹង​ចំនួន​មនុស្ស​ដែល​ចូល​រួម ដែល​គាត់​ធ្វើ​សកម្មភាព​នេះ។ ឥឡូវ​សូម​បង​តេ​ទៅ​លោក​អធិការ​រង​បន្តិច​ទៅ​ចាំ​គាត់​បក​ស្រាប​បន្ថែម ខ្ញុំ​មិន​អាច​បក​ស្រាយ​បាន​ច្បាស់​ទេ»

ចំណែក​អធិការ​រង​ស្រុក​សំពៅ​លូន​​ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​លោក ទឹម វិឆៃ ​មាន​ប្រសាសន៍​ថា​លោក​មិន​បាន​បញ្ជា​មន្ត្រី​ប៉ូលិស​ទៅ​សាកសួរ​សកម្ម​ជន​បក្ស​ប្រឆាំង​រឿង​បង្ហោះ​សារ​នោះ​ទេ៖ «ចាំ​មើល​ខ្ញុំ​ឆ្លង​ទៅ​លោក​អធិការ​សិន​ ថា​មាន​កម្លាំង​យើង​ទៅ​សួរ​អត់​ តែ​ដោយ​សារ​ខ្ញុំ​ទទួល​ការ​ងារ​ផែន​សន្តិសុខ​ តែ​ខ្ញុំ​អត់​បាន​ឱ្យ​កម្លាំង​ណា​ទៅ​សួរ​ទេ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន​ម៉េងលី លើក​ឡើង​ថា ប្រជាពលរដ្ឋ​ជួប​ជុំ​ថ្លែង​សារ​ការ​ព្រួយបារម្ភ​អំពី​ការ​ផ្ដាច់​អនុគ្រោះ​ពន្ធ EBA ​បង្ហោះ​ក្នុង​ហ្វេសប៊ុក (Face book) គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ ដោយ​មិន​ខុស​ច្បាប់​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ចាត់​ទុក​ទង្វើ​របស់​ប៉ូលិស​​ដែល​ទូរស័ព្ទ​សាកសួរ​ពលរដ្ឋ​ថា ជា​ការ​គំរាមកំហែង បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ទៅ​វិញ​ទេ៖ «ចំណុច​សំខាន់​នៅ​ក្នុង​រឿង​នេះ​ គឺ​អាជ្ញាធរ​និង​សមត្ថកិច្ច​ទេ​មាន​ការ​ព្រួយ​បារម្ភ​ ហើយ​ដាក់​ការ​តាម​ដាន​រហូត​គ្រប់​សកម្មភាព​ឱ្យ​តែ​មាន​ការ​ជួប​ជុំ​ ជា​ពិសេស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ។ អីចឹង​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេរីភាព​ជា​មូលដ្ឋាន​ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ដោយ​ច្បាប់​អន្តរជាតិ ដែល​កម្ពុជា​ជា​ហត្ថលេខី​នោះ»

មួយ​រយៈ​ចុង​ក្រោយ​នេះ​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បាត់ដំបង​បាន​ប្ដូរ​យុទ្ធសាស្ត្រ​ ក្នុង​ការ​សម្ដែង​មតិ​របស់​ខ្លួន ដោយ​ប្ដូរ​ពី​ការ​ជួបជុំ​គ្នា​ហូប​នំបញ្ចុក​ទៅ​ជា​ការ​ប្រមូលផ្ដុំ​គ្នា​ថ្លែង​សារ​ព្រួយ​បារម្ភ​អំពី​សហគមន៍​អឺរ៉ុប​ផ្ដាច់​ការ​អនុគ្រោះ​ពន្ធ EBA វិញ។ ទន្ទឹម​គ្នា​នេះ​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ដាក់​កម្លាំង​តាម​ដាន និង​សាកសួរ​ដល់​​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់។ កាល​ពី​ថ្ងៃ​ទី២៩ កក្កដា អាជ្ញាធរ​ឃុំ​បវេល​ចំនួន ២នាក់​ចូល​ទៅ​សាកសួរ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​បវេល​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ម៉ក់ យ៉ាន ដល់​ផ្ទះ ដោយសារ​តែ​លោក​ជួប​ជុំ​គ្នា​ថ្លែង​សារ​ព្រួយ​បារម្ភ​ពី​ការ​ផ្ដាច់​ការ​អនុគ្រោះ​ EBA។ សកម្មជន​ទាំង​នោះ​ អះអាង​ថា បើ​ទោះ​បី​ជា​មាន​គំរាមកំហែង​យ៉ាង​នេះ​ក្ដី ក៏​មិន​អាច​បំបែក​សាមគ្គីភាព​របស់​ពួកគាត់​បាន​ដែរ ព្រោះ​ពួក​គាត់​យល់​ថា ការ​ធ្វើ​បែប​នេះ​គ្មាន​កំហុស​ ហើយ​​សកម្មជន​នៅ​តាម​មូលដ្ឋាន​នឹង​ជួបជុំ​គ្នា​សម្ដែង​មតិ​ជា​បន្ត​បន្ទាប់​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល