សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​ព្រះសីហនុ ទាមទារ​ឲ្យ​សមត្ថកិច្ច​​​​បំភ្លឺ​រឿង​​ប្រើ​ហិង្សា​ពេល​ចាប់​ខ្លួន​កញ្ញា សៅ ឧសភា និង​ប្អូន​ប្រុស

ដោយ ជី វិតា
2019-08-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កញ្ញា សៅ ឧសភា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ព្រៃនប់ ដែល​ប៉ូលិស​យក​ទៅ​ស្នង​ការដ្ឋាន​​នគរបាល​ខេត្ត​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ២០១៩។
កញ្ញា សៅ ឧសភា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ព្រៃនប់ ដែល​ប៉ូលិស​យក​ទៅ​ស្នង​ការដ្ឋាន​​នគរបាល​ខេត្ត​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ២០១៩។
រូប៖ សកម្មជនបរិស្ថាន

សកម្មជន​គណបក្ស​​សង្គ្រោះ​ជាតិ​​​នៅ​ស្រុក​ព្រៃនប់ កញ្ញា សៅ ឧសភា ទាមទារ​ឲ្យ​សមត្ថកិច្ច​​ខេត្ត​ព្រះសីហនុ និង​របប​ក្រុង​ភ្នំពេញ ​ផ្ដល់​ភាព​ស្អាតស្អំ ជូន​ប្អូន​ប្រុស និង​​គ្រួសារ​​វិញ។ កញ្ញា អះ​អាង​​ថា ប៉ូលិស​​ខេត្ត​ព្រះសីហនុ​ បាន​ប្រើ​ហិង្សា​ច្របាច់​ក និង​ទះ​កំផ្លៀង​កញ្ញា​​ ដើម្បី​បង្ខំ​ឲ្យ​ព្រម​​ឡើង​ឡាន​ទៅ​ស្នង​ការដ្ឋាន​​នគរបាល​ខេត្ត​ ចំណែក​ឯ​ប្អូន​ប្រុស​កញ្ញា​វិញ ត្រូវ​បាន​សមត្ថកិច្ច​បាញ់​គំរាម​ជា​ច្រើន​គ្រាប់ ហើយ​ចាប់​វាយ​ខ្នោះ បង្ខំ​យក​ទៅ​សួរ​ចម្លើយ​ នៅ​ប៉ុស្តិ៍​នគរបាល​ឃុំ។

កញ្ញា សៅ​ ឧសភា ប្រាប់​ថា ​គ្រួសារ​របស់​កញ្ញា​ទាំង​មូល​ត្រូវ​រង​ការ​រើស​អើង មាក់ងាយ​ពី​អ្នក​ភូមិ និង​មិត្ត​ភក្ដិ ដោយសារ​ប៉ូលិស​ខេត្ត​ព្រះសីហនុ បាន​បង្ក្រាប​ទាំង​កម្រោល​លើ​គ្រួសារ​របស់​កញ្ញា។ កញ្ញា​បញ្ជាក់​ថា អ្នក​ភូមិ​មួយ​ចំនួន​យល់​ថា គ្រួសារ​របស់​កញ្ញា បាន​ប្រព្រឹត្តិ​បទ​ល្មើស ឬ​ជួញដូរ​គ្រឿង​ញៀន ទើប​មាន​ប៉ូលិស​មក​ចាប់​ដល់​ផ្ទះ និង​បាញ់​បង្ក្រាប​ជា​ច្រើន​គ្រាប់​បែប​នេះ។ កញ្ញា ​ថា នេះ​ជា​ទង្វើ​ដ៏​សាហាវ និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។ សកម្ម​ជន​បក្ស​ប្រឆាំង និង​ជា​សកម្មជន​បរិស្ថាន​រូប​នេះ ទាម​ទារ​ឱ្យ​សមត្ថកិច្ច​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់ និង​ផ្ដល់​ភាព​ស្អាត​ស្អំ​ដល់​ក្រុម​គ្រួសារ​របស់​កញ្ញា​វិញ៖ «ចំពោះ​ខ្ញុំ​ផ្ទាល់​ ចង់​ធ្វើ​អ្វី​ក៏​បាន​ដែរ។ ខ្ញុំ​ធ្វើ​ខុស​ ខ្ញុំ​ទទួល​ទោស ចង់​កាប់​ ចាក់​សម្លាប់​ ចង់​ចាប់​ខ្ញុំ​ដាក់​គុក ក៏​ខ្ញុំ​អត់​ខ្លាច​ដែរ។ ខ្ញុំ​អត់​ឈឺ​ចាប់​ទេ។ ប៉ុន្តែ​ពេល​ដែល​គាត់​ធ្វើ​​បែប​ហ្នឹង មក​ដាក់​គ្រួសារ​របស់​ខ្ញុំ ទាំង​ម្ដាយ​របស់​ខ្ញុំ​ចាស់ ហើយ​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ប្អូនៗ ស្រី​ប្រុស​របស់​ខ្ញុំ​ ដែល​គាត់​ក្មេងៗ ហើយ​គាត់​ធ្វើ​អ៊ីចឹង​ដាក់​ខ្ញុំ ធ្វើ​ឲ្យ​អ្នក​ភូមិ​យល់​ច្រឡំ​។ គេ​បាន​ចោទ​ថា ប្អូន​ប្រុស​ខ្ញុំ​ជា​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន ទើប​បាន​ជា​គេ​ដេញ​ចាប់​អ៊ីចឹង»

កញ្ញា​រំលឹក​ថា ​សមត្ថកិច្ច បាន​មក​ឃ្លាំមើល​ផ្ទះ​កញ្ញា តាំង​ពី​យប់​ថ្ងៃ​ទី២២ សីហា។ លុះ​ដល់​ព្រឹក​ថ្ងៃ​ទី២៣ សីហា ជន​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម បាន​ជិះ​ឡាន​កៀរ​ម៉ូតូ​របស់​កញ្ញា និង​ប្អូន​ប្រុស​ឱ្យ​ឈប់​ដើម្បី​ចាប់​ខ្លួន ពេល​កញ្ញា​កំពុង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ។ កញ្ញា​ថា ក្រុម​បុរស ៤នាក់ បាន​ចុះ​ពី​លើ​ឡាន​ទំនើប បង្ខំ​ឱ្យ​កញ្ញា​ឡើង​ឡាន ដោយ​គ្មាន​ប្រាប់​ហេតុផល​ និង​គ្មាន​ដីកា​ចាប់​ខ្លួន​ត្រឹមត្រូវ​ឡើយ។ កញ្ញា​បដិសេធ​មិន​ព្រម​​ឡើង​ឡាន​ទៅ​ជាមួយ​រួច ក៏​បាន​ប្រវាយ​ប្រតប់​គ្នា​​ជាមួយ​ក្រុម​បុរស​ទាំង ៤​នាក់​នោះ។ កញ្ញា បន្ត​ថា នៅ​ពេល​ប្រវាយ​ប្រតប់​គ្នា កញ្ញា​បាន​ស្រែក​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ជួយ តែ​ត្រូវ​ក្រុម​បុរស​ទាំង​៤​នាក់​ច្របាច់​ក និង​ទះ​​មួយ​កំផ្លៀង រួច​ហើយ​ចាប់​បញ្ចូល​ឡាន​​ ដឹក​ទៅ​ស្នងការដ្ឋាន​​នគរបាល​ខេត្ត៖ «ដំបូង​ខ្ញុំ​បាន​ប្រតាយ​ប្រតប់​គ្នា ហើយ​ក្រោយ​មក​ទៀត ខ្ញុំ​បាន​ព្យាយាម​ស្រែក​ ឲ្យ​អ្នក​ដែល​ធ្វើ​ដំណើរ​​ស្រប​ទិញ​ជាមួយ​ខ្ញុំ​ហ្នឹង គាត់​បាន​ដឹង គាត់​បាន​ឮ ហើយ​ព្យាយាម​ឲ្យ​គាត់​ជួយ​ខ្ញុំ។ ប៉ុន្តែ​ពេល​ហ្នឹង គឺ​អាជ្ញាធរ​គាត់​ច្របាច់​ក​ខ្ញុំ គាត់​ច្របាច់​ក​ខ្ញុំ​ហើយ គាត់​បាន​វាយ​ខ្ញុំ​មួយ​កំផ្លៀង គាត់​វាយ​ខ្ញុំ​មួយ​ដៃ ចំ​សៀត​ផ្កា។ ទង្វើ​មួយ​ដែល​អសីលធម៌​មែន​ទែន គាត់​រំលោភ​សិទ្ធិ​មនុស្ស ធ្វើ​បាប​រាង​កាយ​ស្ត្រី​ភេទ។ ទង្វើ​បែប​ហ្នឹង គឺ​ខ្ញុំ​មិន​គាំទ្រ​ឲ្យ​មាន»

បន្ទាប់​មក​ប្អូន​ប្រុស​របស់​កញ្ញា សៅ ឧសភា ឈ្មោះ សៅ វិច្ឆិកា ក៏​បាន​​ជិះ​ម៉ូតូ​ត្រលប់​មក​ផ្ទះ​វិញ ដើម្បី​ប្រាប់​ដំណឹង​ដល់​ម្ដាយ។ នៅ​ពេល​លោក​មក​ដល់​ផ្ទះ​ភ្លាម សមត្ថកិច្ច​មួយ​ក្រុម​ក៏​បាន​ជិះ​ឡាន​មក​ដល់​មុខ​ផ្ទះ​ដែរ និង​បាន​ស្រែក​ឲ្យ​ចាប់​ខ្លួន​លោក។

ប្អូន​ស្រី​របស់​កញ្ញា សៅ ឧសភា ឈ្មោះ​សៅ ពិសី ​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ រៀប​រាប់​ថា ម្ដាយ​របស់​កញ្ញា បាន​ប្រាប់​ឲ្យ​កូន​ប្រុស​រត់ តែ​សមត្ថកិច្ច​បាន​បាញ់​ច្រើន​គ្រាប់ និង​ស្រែក​គំរាម​ថា នឹង​បាញ់​បំបាក់​ជើង​ បើ​ហ៊ាន​រត់។ លោក សៅ វិច្ឆិកា ក៏​ឈប់​រត់​ និង​យល់​ព្រម​ឲ្យ​ប៉ូលិស​ចាប់​ខ្លួន។ ប៉ូលិស​បាន​ដាក់​ខ្នោះ លោក​ចាប់​ឡើង​ឡាន​ដឹក​ចេញ​ទៅ។ កញ្ញា សៅ ពិសី អះអាង​ថា ការ​ចាប់​ខ្លួន​ បង​ប្រុស ក៏​ដូច​គ្នា​នឹង​ករណី​បងស្រី​កញ្ញា​ដែរ គឺ​គ្មាន​ការ​បង្ហាញ​​ដីកា​ ឬ​លិខិត​កោះ​អញ្ជើញ​ឡើយ​។

កញ្ញា សៅ ពិសី ថា ​បងប្រុស​របស់​កញ្ញា​ ត្រូវ​ប៉ូលិស​មួយ​ក្រុម​នោះ ដឹក​យក​ទៅ​ប៉ុស្តិ៍​នគរបាល​​នគរ​បាល​ឃុំ​អូរ​ឧកញ៉ា​ហេង ​តែ​សមត្ថកិច្ច​មិន​សួរ​នាំ​អ្វី​ទេ បាន​ដោះលែង​វិញ ក្រោយ​ពេល​ដឹក​ទៅ​ដល់​ប៉ុស្តិ៍៖ «គ្រាន់​តែ​គាត់​(ប៉ូលិស) ជិះ​ឡាន​មក​ដល់ គាត់​អត់​មាន​ថា ចុះ​សួរ​យើង មក​អ្វី​ទេ។ មក​ដល់​ផ្ទះ​ហ្នឹង គាត់​លោត​ពី​លើ​ឡាន​មក​ គាត់​ចង្អុល​តែ​ម្ដង ឲ្យ​ចាប់​អា​មួយ​ហ្នឹងៗ។ ដល់​ពេល​បង​ប្រុស​ខ្ញុំ គាត់​ភ័យ ហើយ​ម៉ាក់​ខ្ញុំ​គាត់​ឃើញ​អ៊ីចឹង ក៏​គាត់​ឲ្យ​បង​ប្រុស​ខ្ញុំ​រត់។ ដល់​ពេល​មក គាត់​បាន​បាញ់​កាំភ្លើង គាត់​បាន​ស្រែក​ថា បាញ់​អា​មួយ​ហ្នឹង ឲ្យ​បាក់​ជើង បាញ់​ឲ្យ​បាក់​ជើង​ទៅ បាញ់​វា​ទៅ»

កញ្ញា សៅ ឧសភា និង​ប្អូន​ប្រុស​ ឈ្មោះ សៅ វិច្ឆិកា ត្រូវ​បាន​សមត្ថកិច្ច​ ចាប់​ខ្លួន ដើម្បី​រក​ភស្តុតាង ព្រោះ ​សង្ស័យ​ថា កញ្ញា សៅ ឧសភា បាន​បង្ហោះ​សារ​ជេរ​ប្រមាថ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន។ សមត្ថកិច្ច បាន​ឃាត់​ខ្លួន​ និង​សួរ​ចម្លើយ ​កញ្ញា សៅ ឧសភា ច្រើន​ម៉ោង គឺ​តាំង​ពី​​ពេល​ចាប់​ខ្លួន​នៅ​ម៉ោង​ជាង​៦​ព្រឹក រហូត​ដល់​ម៉ោង​ជាង​១១​យប់​ថ្ងៃ​ទី២៣ សីហា ទើប​ដោះលែង​វិញ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បាន​ទេ​នៅ​ថ្ងៃ​ទី​២៥ សីហា លើ​ករណី​ថា មាន​សមត្ថកិច្ច​ប្រើ​អំពើ​ហិង្សា​លើ​បងប្អូន​របស់​សកម្មជន​បក្ស​ប្រឆាំង​ នៅ​ពេល​ចាប់​ខ្លួន​ ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ។ ប៉ុន្តែ​ លោក ​ធ្លាប់​ប្រាប់​ប្រាប់​អាស៊ី​សេរី​ ថា សមត្ថកិច្ច​មិន​បាន​ចាប់​ ឬ​ឃាត់​ខ្លួន​ កញ្ញា សៅ ឧសភា ទេ តែ​ជា​ការ​អញ្ជើញ​ទៅ​បំភ្លឺ រឿង​បង្ហោះ​សារ​ជេរ​ប្រមាថ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល៖ «ព្រោះ​យើង​សហការ​ជាមួយ​គាត់ អា​ពាក្យ​ដោះលែង មាន​ន័យ​ថា​ ខ្ញុំ​ចាប់​​​អនុវត្ត​នីតិវិធី ហើយ​បើ​ថា យើង​សហការ​អញ្ជើញ​គាត់​មក​ធ្វើ​ការ​ងារ​តាម​គាត់​សំណូមពរ​ ព្រោះ​ឃើញ​ក្នុង​ឃ្លិប​គាត់ បង្ហោះ​វាយ​ប្រហារ​ប្រមាថ​កាត​ទាន​ថ្នាក់​ដឹក​នាំ របស់​រដ្ឋាភិបាល​ ហើយ​ក៏​ឃើញ​ឃ្លិប​របស់​គាត់​មួយ​ទៀត បង្ហោះ​ថា អាខោន (Account) ក្លែង​ក្លាយ»

កញ្ញា សៅ ឧសភា ថា ការ​អញ្ជើញ​របៀប​ ​គ្មាន​ដីកា គ្មាន​ប្រាប់​មូលហេតុ ​​និង​ប្រើ​ហិង្សា​​បែប​នេះ មិន​អាច​ទទួល​យក​បាន​ទេ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជាប សុធារី យល់​ថា ការ​​មិន​បង្ហាញ​ដីកា និង​ប្រើ​ហិង្សា​ ដើម្បី​ចាប់​ខ្លួន ​ជា​រឿង​មិន​គួរ​កើត​ឡើង​ទេ។ អ្នក​ស្រី ថា មក​ដល់​ពេល​នេះ គ្រួសារ​របស់​ កញ្ញា សៅ ឧសភា រង​ការ​រើស​អើង​ពី​អ្នក​ភូមិ​ធ្ងន់ធ្ងរ​ ដោយសារ​តែ​សកម្មភាព​ រំលោភ​សិទ្ធិ​មនុស្ស​ លើ​រូប​នាង​ និង​ប្អូន​ប្រុស​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់​ថា សមត្ថកិច្ច​គួរ​បំភ្លឺ និង​ផ្ដល់​ភាព​ស្អាត​ស្អំ​ ជូន​គ្រួសារ​កញ្ញា សៅ ឧសភា​វិញ និង​ឈប់​ប្រើ​អំពើ​ហិង្សា​ ចាប់​ខ្លួន​មនុស្ស​ត​ទៅ​ទៀត ទើប​ជា​រឿង​ប្រសើរ៖ «ចង់​និយាយ​ថា នៅ​ក្នុង​ភូមិ​ហ្នឹង ហើយ​កន្លង​មក​ពួក ​គាត់​អត់​ដែល​បាន​ប្រព្រឹត្តិ​បទ​ល្មើស​ព្រហ្មទណ្ឌ​អ្វី​ដែរ ជា​ប្រជាពលរដ្ឋ​ត្រឹមត្រូវ​ មិន​ដែល​មាន​រឿង​អ្វី​ទេ​។ អ៊ីចឹង​ត្រូវ​បាន​អ្នក​ភូមិ​គេ​គោរព​ស្រលាញ់​គ្រប់​គ្នា។ ដល់​អ៊ីចឹង​ទៅ វា​ភ្ញាក់​ផ្អើល​ដែរ។ ដល់​ពេល​ឥឡូវ​ហ្នឹង គេ​ខ្លាច​ក្រុម​គ្រួសារ​គាត់​វិញ។ ពួកគាត់​ដល់​ពេល​អ៊ីចឹង​ទៅ ទទួល​បាន​ការ​រើស​អើង​ក្នុង​ភូមិ»

កញ្ញា សៅ ឧសភា ប្រាប់​ថា​ គ្រួសារ​របស់​កញ្ញា​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​បន្ថែម​ទៀត ដោយសារ​កញ្ញា​ហ៊ាន​បញ្ចេញ​ព័ត៌មាន​អំពី​ការ​ប្រើ​ហិង្សា​នេះ​ជា​សាធារណៈ និង​​មិន​ព្រម​បញ្ឈប់​សកម្មភាព​រិះគន់​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល