ពលរដ្ឋ​​ថា របប​ក្រុង​ភ្នំពេញ​​​បិទ​​សិទ្ធិ​​សេរីភាព​​ធ្ងន់ធ្ងរ ពេញ​​ខួប ​១ឆ្នាំ នៃ​​ព្រឹត្តិការណ៍​​បោះ​​ឆ្នោត​​ក្លែង​ក្លាយ

ដោយ វ៉ែន សុមេធ
2019-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មជន​សង្គម និង​អ្នកនយោបាយ​មួយ​ចំនួន ដែល​ត្រូវ​ចាប់​ខ្លួន ក្នុង​រយៈ​ពេល ១ឆ្នាំ នៃ​​រដ្ឋាភិបាល​អាណត្តិ​​ទី៦ ក្រោយការ​បោះឆ្នោត​ក្លែងក្លាយ កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨។
សកម្មជន​សង្គម និង​អ្នកនយោបាយ​មួយ​ចំនួន ដែល​ត្រូវ​ចាប់​ខ្លួន ក្នុង​រយៈ​ពេល ១ឆ្នាំ នៃ​​រដ្ឋាភិបាល​អាណត្តិ​​ទី៦ ក្រោយការ​បោះឆ្នោត​ក្លែងក្លាយ កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨។
រូប៖ RFA និង (ជួរ​ខាង​ក្រោម) ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ផ្ដល់​ឱ្យ

ពលរដ្ឋ សកម្មជន​គណបក្ស​ប្រឆាំង ​និង​សង្គម​ស៊ីវិល​ថា របប​ក្រុង​ភ្នំពេញ នៅ​តែ​បន្ត​បំបិទ​សិទ្ធ​សេរីភាព​ធ្ងន់ធ្ងរ​ ពេញ​ខួប​ ១​ឆ្នាំ​ ក្រោយ​ព្រឹត្តិការណ៍​បោះឆ្នោត​​ អាណត្តិ​ទី​៦ ដែល​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​​ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ។ មន្ត្រី​​របប​ក្រុង​ភ្នំពេញ បដិសេធ​ការ​លើក​ឡើង​នេះ ហើយ​អះអាង​ថា របប​ក្រុង​ភ្នំពេញ​ បាន​ផ្ដល់​សិទ្ធិ​ពេញទី​ឲ្យ​ពលរដ្ឋ​។

ខួប​១​ឆ្នាំ​ នៃ​​ព្រឹត្តិការណ៍​បោះឆ្នោត​ក្លែង​ក្លាយ ពលរដ្ឋ​នៅ​តែ​រង​គំនាប​សិទ្ធិ​សេរីភាព​ដដែល។ យុវជន និង​ មន្ត្រី​បក្ស​ប្រឆាំង​នៅ​​តាម​មូលដ្ឋាន ថា ពួកគាត់​រង​គ្រោះ​ កាន់​តែ​ធ្ងន់ ក្នុង​រយៈ​ពេល​១​ឆ្នាំ​នេះ បើ​ហ៊ាន​ជជែក​គ្នា​ រឿង​នយោបាយ ឬ​រិះគន់​របប​ក្រុង​ភ្នំពេញ។

យុវជន​រស់​នៅ​ខេត្ត​កំពង់ធំ​ម្នាក់ លោក ឆាយ ចែង ថា ពលរដ្ឋ​រស់​នៅ​តាម​ភូមិ​ ឃុំ គ្មាន​ឱកាស​បាន​ជជែក​រឿង​នយោបាយ​ទេ មួយ​ឆ្នាំ​មក​នេះ។ លោក​ថា សូម្បី​ការ​តាម​ដាន​ព័ត៌មាន ស្ដាប់​វិទ្យុ ជជែក​គ្នា​តាម​តូប​លក់​កាហ្វេ ឬ​ជួប​ប្រជុំ​គ្នា សុទ្ធ​តែ​រង​ការ​ឃ្លាំ​មើល ​ទាំង​អស់។ លោក​ថា ​១​ឆ្នាំ​ ក្រោយ​ការ​បោះឆ្នោត​ក្លែងក្លាយ​រួច យុវជន​រស់​នៅ​​​​ស្រុក​ស្រែ​ចម្ការ ​កាន់​តែ​ចាក​ឆ្ងាយ​ពី​​នយោបាយ ហើយ​ពួកគេ​បារម្ភ​​​ជានិច្ច​​ នៅ​ពេល​និយាយ​​រឿង​នយោបាយ៖ «»

ចំណែក​មន្ត្រី​បក្ស​ប្រឆាំង​​នៅ​មូលដ្ឋាន​វិញ លោក អ៊ុត ជឿន​ ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ស្រុក​មោង​ឫស្សី ខេត្ត​បាត់​ដំបង ​​ប្រាប់​ថា ​មន្ត្រី​​បក្ស​ប្រឆាំង​តាំង​ពី​ថ្នាក់​កំពូល ដល់​​សកម្មជន​​មូលដ្ឋាន​ សុទ្ធ​តែ​រង​ការ​គំរាម ព្រមាន​​ធ្ងន់ធ្ងរ​ រយៈ​ពេល​១​ឆ្នាំ​ ក្រោយ​ការ​បោះឆ្នោត​មក​នេះ។ លោក អ៊ុត ជឿន ថា ទោះ​រង​ការ​គំរាម តែ​មន្ត្រី​មូលដ្ឋាន​នៅ​ស្រុក​មោង​ឫស្សី គ្មាន​នរណា​ម្នាក់​ បាក់ស្បាត​ទេ។ លោក​ថា ការ​គំរាម​កាន់​តែ​ខ្លាំង នឹង​ធ្វើ​ឲ្យ​សកម្មជន​កាន់​តែ​រឹង​មាំ៖ «»

របប​ក្រុង​ភ្នំពេញ បាន​ជម្នះ​បង្កើត​ព្រឹត្តិការណ៍​បោះឆ្នោត​ក្លែងក្លាយ​មួយ កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨។ នៅ​មុន​ការ​បោះឆ្នោត​នោះ ជាង​កន្លះ​ឆ្នាំ របប​ក្រុង​ភ្នំពេញ បាន​បង្កើន​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ​​អ្នក​ស្រលាញ់​លទ្ធិ​ប្រជាធិបតេយ្យ ដោយ​​បណ្ដេញ​​អង្គការ​អន្តរ​ជាតិ​ អែន.ឌី.អាយ (NDI) ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង បិទ​សារព័ត៌មាន​ឯករាជ្យ​ ចាប់​ខ្លួន​អតីត​អ្នក​សារព័ត៌មាន រំលាយ​គណបក្ស​ប្រឆាំង បិទ​សិទ្ធិ​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​មិន​ឲ្យ​ធ្វើ​នយោបាយ និង​​តម្រូវ​ឲ្យ​សង្គម​ស៊ីវិល​ សុំ​ច្បាប់​មុន​ចុះ​ជួប​ពលរដ្ឋ​ជា​ដើម។ ក្នុង​ការ​បោះ​ឆ្នោត​ក្លែងក្លាយ ​ឆ្នាំ២០១៨ នោះ គណបក្ស​កាន់​អំណាច​របស់​ លោក ហ៊ុន សែន ក្តោប​យក​អាសនៈទាំងអស់​ក្នុង​រដ្ឋសភា ដោយ​មាន​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​អាជ្ញាធរ​ភូមិ​ឃុំ ដែល​បាន​ដើរ​គំរាម​ពលរដ្ឋ ​​ឲ្យ​ត្រូវ​តែ​ចេញ​ទៅ​បោះ​ឆ្នោត។

ក្នុង​រយៈ​ពេល ១ឆ្នាំ នៃ​ការ​បោះឆ្នោត​មក​នេះ របប​ក្រុង​ភ្នំពេញ បាន​បង្កើន​ការ​ចាប់​ខ្លួន អ្នក​​រិះគន់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាន់​តែ​ច្រើន។ មន្ត្រី​ និង​សកម្មជន​បក្ស​ប្រឆាំង តាម​មូលដ្ឋាន​ ក៏​កាន់​តែ​ច្រើន​ ត្រូវ​រង​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ក្នុង​បទ​ចោទ​ប្រកាន់​ថា ញុះញង់ ជេរ​ប្រមាថ ឬ​ចូល​កាន់​កាប់​​​ដី​រដ្ឋ​ជា​ដើម។ មន្ត្រី​បក្ស​កាន់​អំណាច​ កាន់​តែ​​បង្កើន​យុទ្ធនាការ​គំរាម​កំហែង​ពលរដ្ឋ​មិន​ឲ្យ​និយាយ​​រឿង​នយោបាយ។

ថ្វី​បើ​ ក្រោយ​បោះ​ឆ្នោត​បាន​ប៉ុន្មាន​ខែ​​ លោក ហ៊ុន សែន មេ​ដឹក​នាំ​របប​​ឯក​បក្ស បាន​បញ្ជា​ឲ្យ​បើក​សិទ្ធិ​សេរីភាព​ខ្លះ ដូច​ជា ដោះ​លែង​អ្នក​ទោស​មនសិការ​មួយ​ចំនួន​ អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​លែង​សុំ​ច្បាប់​​ទៅ​ជួប​ពលរដ្ឋ កែ​ប្រែ​ច្បាប់ ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ និង​បើក​ឲ្យ​សារព័ត៌មាន​ឯករាជ្យ​ បើក​ការិយាល័យ​ក្នុង​ស្រុក​ឡើងវិញ តែ​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ថា មាន​តែ​នៅ​​លើ​ក្រដាស​​ប៉ុណ្ណោះ។

អ្នក​រត់​រម៉ក​កង់​បី​នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោក ប៉ា សុខរស់ ប្រាប់​ថា ពេញ ១ឆ្នាំ​ នៃ​ការ​បោះឆ្នោត​នេះ ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប និង​រម៉ក​កង់​បី គ្មាន​ហ៊ាន​​និយាយ​​​រឿង​នយោបាយ នៅ​ចំណត (បេន) ចាំ​ម៉ូយ​​ និង​ហាង​កាហ្វេ​​ ដូច​មុន​ទៀត​ឡើយ។ លោក​ថា សិទ្ធិ​សេរីភាព និយាយ​រឿង​នយោបាយ​ឥឡូវ បាន​តែ​​ជាមួយ​មនុស្ស​ស្និទ្ធ​គ្នា​ប៉ុណ្ណោះ។ ចំណែក​ស្ថានភាព​ប្រាក់​ចំណូល​វិញ លោក​ថា ក្រុម​ម៉ូតូ​ឌុប កង់​បី ក៏​មិន​ខុស​ពី​អ្នក​លក់​ដូរ​កំប៉ិច​កំប៉ុក​ដែរ គឺ​ចំណូល​ធ្លាក់​ចុះ​ខ្លាំង​ ជាង​មុន​ការ​បោះឆ្នោត​ទៅ​ទៀត៖ «»

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន ថ្លែង​​ថា សិទ្ធិ​ សេរីភាព​ គ្មាន​ការ​ធ្លាក់​ចុះ រឹតត្បិត​អ្វី​​ទាំង​អស់។ លោក ផៃ ស៊ីផាន ថា លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ និយាយ​រឿង​នយោបាយ បញ្ចេញ​មតិ​គ្រប់​បែប​យ៉ាង រួម​ទាំង​ការ​រិះគន់ តិះ​តៀន​រដ្ឋាភិបាល​ លើក​លែង​ការ​ជេរ​ប្រមាថ និង​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ។ ជាទម្លាប់របស់លោក លោក​តែងតែ​អះអាង​ថា អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ សុទ្ធ​តែ​ជា​​ការ​អនុវត្ត​ច្បាប់ និង​គោរព​លទ្ធិ​ប្រជាធិបតេយ្យ៖ «»

បើ​ទោះ​របប​ក្រុង​ភ្នំពេញ​អះអាង​ដូច្នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ស៊ឹង សែន​ករុណា សង្កេត​ឃើញ​ថា គ្មាន​ភាព​ប្រសើរ​ឡើង​វិញ​ទេ ក្រោយ​ការ​បោះឆ្នោត​១​ឆ្នាំ​មក​នេះ។ សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិ​ សេរីភាព​រូប​នេះ កត់​សម្គាល់​ថា ស្ថានភាព​សិទ្ធិ​សេរីភាព ១ឆ្នាំ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ គឺ​គ្មាន​លក្ខណៈ​ប្រសើរ​ ដូច​​គ្នា​នឹង​​​មុន​ការ​បោះឆ្នោត​ឆ្នាំ២០១៨ ដែរ។ លោក ស៊ឹង សែន​ករុណា យល់​ថា រដ្ឋាភិបាល​បាន​កែប្រែ​ស្ថានភាព​សិទ្ធិ​មនុស្ស​ ក្នុង​ក្រដាស តែ​សកម្មភាព​ គ្មាន​ការ​កែប្រែ​ឡើយ ព្រោះ​ស្ថានភាព​ការ​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ នៅ​តែ​បន្ត​កើង​ឡើង​ដដែល៖ «»

ក្នុង​ខួប ១ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បោះឆ្នោត​ក្លែងក្លាយ​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក៏​បាន​ថ្លែង​​សារ​​ប្រាប់​ពលរដ្ឋ​ដែរ តាម​រយៈ​ហ្វេសប៊ុក​របស់​លោក។ លោក សម រង្ស៊ី​ លើក​ឡើង​ថា​ របប លោក ហ៊ុន សែន បង្កើត​ដោយ​​ខុស​ច្បាប់ និង​ក្បត់​ជាតិ​មួយ​ឆ្នាំ​ហើយ។ លោក​ថ្លែង​សារ​ឲ្យ​ពលរដ្ឋ​បន្ត​ថ្កោល​ទោស កុំ​ទទួល​ស្គាល់​របប​លោក ហ៊ុន សែន និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ កង​កម្លាំង​ប្រដាប់​អាវុធ​ ងើប​ឡើង​តស៊ូ​ប្រឆាំង ទម្លាក់​លោក ហ៊ុន សែន ចេញ​ពី​អំណាច​ នៅ​ឆ្នាំ២០១៩៖ «»

លោក សម រង្ស៊ី ប្រកាស​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​របប​លោក ហ៊ុន សែន បន្ត​កាន់​កាប់​អំណាច​ខុស​ច្បាប់​​លើស​ពី​ឆ្នាំ២០១៩ ឡើយ។ លោក​ថា នឹង​វិល​ទៅ​កម្ពុជា​វិញ ដើម្បី​ដឹកនាំ​កម្លាំង​តវ៉ា​ ប្រឆាំង​ លោក ហ៊ុន សែន​ ឲ្យ​ទាល់​តែ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល