សាលាក្រុង​ចង់​ឲ្យ​បក្ស​ប្រឆាំង​ជួបជុំ​ហែ​ក្បួន​នៅ​ជាយ​ក្រុង​នៅ​ថ្ងៃ​ចុង​ក្រោយ

ដោយ អ៊ុង សេរីវុទ្ធ និង វ៉ាន វណ្ណដេត
2017-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៧។
ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ស្នើ​គណបក្ស​ប្រឆាំង ជួបជុំ​ហែ​ក្បួន​ឃោសនាបោះឆ្នោត​របស់​ខ្លួន នៅ​ថ្ងៃ​ចុង​ក្រោយ​ទៅ​ជាយក្រុង ឬ​ក៏​ដូរ​ថ្ងៃ​ឡើង​វិញ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ និង​ជួប​គ្នា​ជាមួយ​ក្បួន​ឃោសនា​របស់​បក្ស​កាន់​អំណាច។ ប៉ុន្តែ​បក្ស​ប្រឆាំង​នៅ​តែ​ចង់​ធ្វើ​ការ​ឃោសនា នៅ​ថ្ងៃ​ចុង​ក្រោយ នៅ​កណ្ដាល​ក្រុង​តែ​ម្ដង ទោះ​អាជ្ញាធរ​មិន​អនុញ្ញាត​ក្ដី។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ជា​នីតិវិធី​ការ​ស្នើ​របស់​សាលាក្រុង​ជា​រឿង​ត្រឹម​ត្រូវ ព្រោះ​បក្ស​ប្រឆាំង​ស្នើ​សុំ​ក្រោយ​បក្ស​កាន់​អំណាច។

អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ឲ្យ​អាស៊ីសេរី​ដឹង​ថា កិច្ច​ប្រជុំ​ជាមួយ​បក្ស​ប្រឆាំង​ប្រមាណ​៤​ម៉ោង នៅ​ព្រឹក​ថ្ងៃ​​ទី៣១ ឧសភា ខាង​សាលាក្រុង​បាន​ស្នើ​បក្ស​ប្រឆាំង​ឲ្យ​ជួបជុំ​​ហែ​ក្បួន​របស់​ខ្លួន​នៅ ​ជាយ​ក្រុង​គឺ​នៅ​ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ថ្មី នៃ​ខណ្ឌ​ឫស្សីកែវ ឬ​ដូរ​មកធ្វើនៅ​ថ្ងៃ​ទី១ មិថុនា វិញ ដើម្បី​បញ្ចៀស​ការ​កក​ស្ទះ និង​ប្រឈម​គ្នា​នឹង​ក្បួន​របស់​បក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ចុងក្រោយ​នោះ។ លោក​ថា សាលាក្រុង​ពិត​ជា​ចង់​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​អាច​ហែ​ក្បួន​​ឃោសនា​ដោយ​ស្មើ​ភាព​គ្នា​ណាស់ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជាបាន​ជូន​ដំណឹង​មក​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ​មុន​ ​ហើយ​​​អាជ្ញាធរ​ក៏​បាន​​ឯកភាព​រួច​រាល់​ហើយ​ដែរ៖ «តើ​វា​សម​ទេ​ដែល​ត្រូវ​តែ​ផ្លាស់​ប្ដូរ​សម្រាប់​អ្នក​មក​ក្រោយ ហើយ​ការ​ផ្លាស់​ប្ដូរ​នេះ​បាន​បិទ ឬ​ការ​ឃោសនា​(បក្ស​ប្រឆាំង) មិន​អាច​ទៅ​រួច​ទេ។ ឧទាហរណ៍​​ថ្ងៃ​ទី១ មិថុនា គឺ​ពេញ​បរិបូរណ៍ ងាយ​ស្រួល​សឹង​ដូច​អ្វី​ដែល​បក្ស​ប្រជាជន​កម្ពុជា​ស្នើ​ធ្វើ​ថ្ងៃ​ទី២ មិថុនា អ៊ីចឹង»

កាល​ពី​ថ្ងៃ​ទី៣០ មិថុនា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​រាជធានី​ភ្នំពេញ បាន​ស្នើ​បក្ស​ប្រឆាំង​ម្ដង​រួច​ហើយ ដើម្បី​បែងចែក​ពេលវេលា និង​តម្រាយ​ក្បួន​ខុស​ពី​បក្ស​ប្រជាជន ឬ​ដូរ​ថ្ងៃ​ឡើង​វិញ ក្រោម​ហេតុផល​ថា បក្ស​កាន់​អំណាច​បាន​ជូន​ដំណឹង​មុន​បក្ស​ប្រឆាំង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ថ្លែង​ថា គោល​ជំហរ​របស់​បក្ស​ប្រឆាំង គឺ​នឹង​ហែ​ក្បួន​នៅ​ថ្ងៃ​ចុង​ក្រោយ​ដូចគ្នា​នឹង​បក្ស​កាន់​អំណាច​ដែរ ហើយ​ក៏​នឹង​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់ ក្បែរ​វត្ត​ភ្នំ ដោយ​សារ​ទីតាំង​ពីរ​ផ្សេង​ទៀត គឺ​សួន​មុខ​​វត្តបទុមវតី និង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក សុទ្ធ​តែ​មិន​ត្រូវ​បាន​អនុញ្ញាត។ លោក​ថា បក្ស​ប្រឆាំង​សុខ​ចិត្ត​មិន​ហែ​ពេល​ព្រឹក​ទេ ដើម្បី​កុំ​ឲ្យ​ជាន់​គ្នា​នឹង​បក្ស​ប្រជាជន ដោយ​គ្រាន់​តែ​ជួបជុំ​គ្នា​ថ្លែង​សារ​តែ​ប៉ុណ្ណោះ ហើយ​រហូត​ដល់​ម៉ោង២​រសៀល ទើប​គណបក្ស​លោក​ហែ​ក្បួន៖ «បើ​យើង​និយាយ​ពី​ច្បាប់​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​អំឡុង​ឃោសនា​នេះ មិន​បាន​បែងចែក​ថា អ្នក​នេះ ឬ​អ្នក​នោះ មាន​សិទ្ធិ និង​អត់​សិទ្ធិ​ទេ គឺ​យើង​មាន​សិទ្ធិ​ស្នើៗ​គ្នា ពេល​វេលា​ដូចគ្នា។ អ៊ីចឹង​ហើយ​គណបក្ស​សង្គ្រោះជាតិ​ឯកភាព​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដដែល»

បន្ថែម​ពី​នេះ​លោក ម៉ន ផល្លា អះអាង​ថា ទោះបីជា​ផ្លូវ​ហែ​ក្បួន​របស់​បក្ស​ទាំងពីរ​ច្រាស​គ្នា​តិចតួច​ត្រង់​កន្លែង​ខ្លះ​ក្ដី ប៉ុន្តែ​វា​គ្មាន​បញ្ហា​អ្វី​ទេ ព្រោះ​ក្បួន​ដង្ហែ​ក៏​ធ្លាប់​ហែ​ប៉ះ​គ្នា​អញ្ចឹង​ដែរ។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​សាលាក្រុង​ហាក់​មិន​ទុក​ចិត្ត​ថា នឹង​មិន​មាន​បាតុភាព​អ្វី​កើត​ឡើង​ទេ ជា​ពិសេស​នៅ​ពេល​ក្បួន​បក្ស​ប្រជាជន​មក​ដល់​ម្ដុំ​ទីលាន​ប្រជាធិបតេយ្យ៖ «សំខាន់​ជាង​គេ គឺ​បញ្ហា​ប្រឈម​ដែល​យើង​មិន​ចង់​ឲ្យ​ក្បួន​ឃោសនា​បក្ស​ទាំង​ពីរ​មាន​ជួប និង​អាច​ប៉ះ​ទង្គិច​គ្នា ឬ​អាច​មាន​បាតុភាព​កើត​ឡើង​ជា​យថាហេតុ ដោយ​សារ​តែ​យើង​ឃើញ​ការ​ពី​យុទ្ធនាការ​ប៉ុន្មាន​ថ្ងៃ​មុន ករណី​អំពើ​ហិង្សា​រវាង​គណបក្ស​នយោបាយ និង​បុគ្គល​ម្នាក់​នោះ»

តម្រាយ​ក្បួន​របស់​បក្ស​ទាំង​ពីរ មាន​ចំណុច​ជាន់​គ្នា ត្រង់​មហាវិថី​ព្រះ​មុនីវង្ស ដល់​រង្វង់​មូល​ខាង​លិច​នៃ​ស្ពាន​ជ្រោយ​ចង្វារ បត់​ឆ្វេង​​ទៅ​រង្វង់​មូល​អង់តែន​ទួលគោក។ ប៉ុន្តែ​ទីតាំង និង​ម៉ោង​ជួបជុំ​ចេញ​ក្បួន​របស់​បក្ស​ទាំង​ពីរ​ខុស​គ្នា។ បក្ស​ប្រជាជន​ជួបជុំ​និង​ចេញ​ពី​ទីតាំង​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ចាក់​អង្រែលើ ខណ្ឌ​មានជ័យ នៅ​ម៉ោង​៦​ព្រឹក ខណៈ​បក្ស​ប្រឆាំង​ជួបជុំ​នៅ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ចាស់​នៅ​ពេល​ព្រឹក និង​ហែ​ក្បួន​នៅ​ពេល​រសៀល។

ចំណែក​​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី យល់​ថា ការ​បារម្ភ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពី​បញ្ហា​កកស្ទះ ឬ​សុវត្ថិភាព​ពេល​ក្បួន​របស់​បក្ស​ទាំង​ពីរ​ជួបគ្នា​នោះ​ជា​រឿង​សមរម្យលោក​ថា តាម​នីតិវិធី​អាជ្ញាធរ​ផ្ដល់​ជូន​សម្រាប់​បក្ស​នយោបាយ​ណា​ដែល​ជូន​ដំណឹង​ពី​ការ​ហែ​ក្បួន​មក​មុន​គេ៖ «សង្គ្រោះជាតិ​សម្រេច​ទៅ គាត់​អាច​ចរចា​សិន​ទៅ​ជាមួយ​ប៉ិច (PEC) ដើម្បី​រៀបចំ​យ៉ាង​ម៉េច​កុំ​ឲ្យ​មាន​បញ្ហា មាន​សន្តិសុខ​អី​ត្រឹមត្រូវ ឬ​ជួយ​ឲ្យ​អ្នក​គាំទ្រ​រៀបចំ​សណ្ដាប់ធ្នាប់​ឲ្យ​ស្រួល​បួល​ទៅ កុំ​ឲ្យ​មាន​ប៉ះ​ទង្គិច​ដូច​សាលាក្រុង​ព្រួយ​បារម្ភ»

រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី៣១ ឧសភា មាន​តែ​គណបក្ស​មាន​អាសនៈ​ក្នុង​សភា​ទេ ដែល​បាន​ជូន​ដំណឹង​ពី​ការ​ហែ​ក្បួន​ឃោសនា ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២ មិថុនា។ ​អាជ្ញាធរ​រាជធានី​បាន​ស្នើ​ពលរដ្ឋ​រស់​នៅ​​តាម​តម្រាយ​ផ្លូវ ឬ​ឆ្លង​កាត់​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បញ្ចៀស​ចរាចរ​បណ្ដោះអាសន្ន ចាប់​ពី​ម៉ោង៦​ព្រឹក រហូត​ដល់​ពេល​ក្បួន​បញ្ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល