របប​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ពី​បទ​ រួមគំនិត​ក្បត់​

ដោយ ហេង រស្មី
2019-09-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ ម៉ោញ សារ៉ាត់​ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​នយោបាយ​គណបក្ស សង្គ្រោះ​ជាតិ ប្រចាំ​ទី​ក្រុង​បាងកក​។
លោក​ ម៉ោញ សារ៉ាត់​ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​នយោបាយ​គណបក្ស សង្គ្រោះ​ជាតិ ប្រចាំ​ទី​ក្រុង​បាងកក​។
រូប៖ ហ្វេសប៊ុក​លោក ម៉ោញ សារ៉ាត់ ថ្ងៃ​ទី២៦ ខែ​កក្កដា ឆ្នាំ២០១៧

តុលាការ​​ខេត្ត​ឧត្តរមានជ័យ​បាន​សម្រេច​ចោទ​ប្រកាន់​ លោក​ ម៉ោញ សារ៉ាត់​ អាយុ​ ៥៤ឆ្នាំ​ ពី​បទ «រួម​គំនិត​ក្បត់» តាម​មាត្រា​ ៤៥៣​ នៃ​ក្រម​ព្រហ្មទណ្ឌ។​​

តុលាការ​ចោទ​ថា លោក​ ម៉ោញ សារ៉ាត់​ មាន​ផែន​ការ​កៀរគរ​ក្រុម​កម្មករ​នៅ​ក្នុង​ប្រទេស​ថៃ​ធ្វើ ជា​ឧបាយកល​ ក្រោម​ផែន​ការ​វិលត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី។

ប្រធាន​គណៈកម្មការ​គ្រប់គ្រង​នយោបាយ​គណបក្ស សង្គ្រោះ​ជាតិ ប្រចាំ​ទី​ក្រុង​បាងកក​ លោក​ ម៉ោញ សារ៉ាត់​ ប្រាប់​អាស៊ី​សេរី​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​របស់​តុលាការ​ដែល​លោក​ថា ​អាយ៉ង​របស់​លោក​ ហ៊ុន សែន។

លោក​បញ្ជាក់​ថា សូម​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​កុំ​មាន​ការ​ភ័យ​ខ្លាច​ហើយ​ក្រោក​ឈរ​ទាំង​អស់​គ្នា​ដើម្បី​គាំទ្រ​លោក​ សម រង្ស៊ី​​វិល​ចូល​មកកាន់​មាតុ​ប្រទេស​វិញ​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ៖ «អ្វី​ដែល​ជា​ការ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​គឺ​ដើម្បី​រារាំង​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មហាជន​ធ្វើ​ការ​ក្រោក​ឈរ ដើម្បី​ទទួល​លោក​ប្រធាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​វិញ។ ក៏ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​ហ្នឹង​របប​ក្រុង​ភ្នំពេញ​ហាក់​បី​ដូច​ជា​ដើរ​យឺត​មួយ​ជំហាន​រួច​ទៅ​ហើយ​ ដោយ​សារ​អំពើ​ព្រៃ​ផ្សៃ​របស់​របប​ក្រុង​ភ្នំពេញ​ ហើយ​នឹង​សេចក្ដី​រង​ទុក្ខវេទនា​និង​សេចក្ដី​ឈឺចាប់​របស់​ប្រជាពលរដ្ឋ​វា​ដល់​កម្រិត​មួយ ដែល​យើង​មិន​អាច​ស៊ូទ្រាំ​បាន​ត​ទៅ​ទៀត។ ម្យ៉ាង​ទៀត​បើ​យើង​មើល​ទៅ​តាម​អ្វី​ដែល​មាន​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ហ្នឹង​ក្នុង​បំណង​តែមួយ​គត់​ គឺ​គេ​ឲ្យ​យើង​ទៅ​ចុះ​ចូល​ទៅ​លុន តួ​ទៅ​ក្រាប​ ទៅ​លូន​ជាមួយ​និង​របប​របស់​គេ​ដែល​ពួក​យើង​ទាំង​អស់​គ្នា​ដឹង​ច្បាស់​ហើយ​ថា​ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​របប​នេះ​បន្ត​មាន​អាយុជីវិត​តទៅទៀត​ទេ។ អ៊ីចឹង​យើង​នឹង​រក​វិធី​គ្រប់​យ៉ាង​ដើម្បី​តទល់​ជាមួយ​និង​របប​ផ្ដាច់ការ​នេះ»

គិត​មក​ត្រឹម​ថ្ងៃ​ទី២៨ ខែ​កញ្ញា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​មាន ២៩នាក់។ ចំណែក​ឯ​សកម្មជន ដែល​ត្រូវ​បាន​តុលាការ និង​ប៉ូលិស​កោះ​ហៅ​មក​ដល់​ថ្ងៃ​ទី៣០ កញ្ញា ឡើង​ដល់ ១៦១នាក់​ហើយ។ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ចោទ​ប្រកាន់​ថា របប​ក្រុងភ្នំពេញ​កំពុង​យក​លំនាំ​តាម​របប​ខ្មែរ​ក្រហម​រឿង​ធ្វើ​ទុក្ខ​បុក​ម្នេញ មក​លើ​សកម្មជន​គណបក្ស​ប្រឆាំង។ ប៉ុន្តែ​លោក​ថា យុទ្ធសាស្ត្រ​នេះ មិន​ជោគជ័យ​ទេ។ ផ្ទុយ​ទៅ​វិញ វា​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ផ្ទុះ​កំហឹង​ទៅ​វិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល