កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អះអាង​ថា ជប៉ុន​ចង់​ឃើញ​​កម្ពុជា​ដើរ​​លើ​​គន្លង​​ប្រជាធិបតេយ្យ​​ត្រឹម​​ត្រូវ​​ឡើង​​វិញ

ដោយ ទីន ហ្សាការីយ៉ា
2019-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅ​សង្កាត់​ជាប់​ឆ្នោត​សង្កាត់​អូរចា ខែត្រ​បាត់ដំបង ក្នុង​កិច្ច​បទ​សម្ភាសន៍​តាម​បណ្ដាញ Skype ជា​មួយ​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅ​សង្កាត់​ជាប់​ឆ្នោត​សង្កាត់​អូរចា ខែត្រ​បាត់ដំបង ក្នុង​កិច្ច​បទ​សម្ភាសន៍​តាម​បណ្ដាញ Skype ជា​មួយ​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៩។
រូប៖ RFA

រដ្ឋាភិបាលជប៉ុន​នៅ​តែ​មាន​ទំនាក់ទំនង​ជាមួយ​របប​ក្រុង​ភ្នំពេញ ទោះ​បី​ជា​របប​នេះ បាន​​រៀបចំ​​ព្រឹត្តិការណ៍​​បោះ​​ឆ្នោត ដែល​អ្នក​សង្កេតការណ៍​ថា ជាការបោះឆ្នោតក្លែងក្លាយផ្ទុយពីប្រជាធិបតេយ្យ​ក្ដី។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ចៅ​សង្កាត់​ជាប់​ឆ្នោត​សង្កាត់​អូចារ ខែត្រ​បាត់ដំបង ដែល​ជប៉ុន​បាន​អញ្ជើញ​ទៅ​សិក្សា​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ជប៉ុន ក្នុង​ចំណោម​យុវជន​ដទៃ​ទៀត​នោះ អះអាង​ថា ជប៉ុន​ក៏​ចង់​ឲ្យ​កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត តាម​បែប​ប្រជាធិបតេយ្យ​សេរីភាព​ពហុ​បក្ស និង​មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ចូល​រួម​ដែរ។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អះអាងថា ជប៉ុន​ចង់​ឲ្យ​ក្រុម​យុវជន​តំណាង​មក​ពី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ផ្សព្វផ្សាយ​ប្រជាធិបតេយ្យ ឲ្យ​បាន​ទូលំទូលាយ​នៅ​កម្ពុជា។

ចៅ​សង្កាត់​ជាប់​ឆ្នោត​សង្កាត់​អូរចា ខែត្រ​បាត់ដំបង កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៩ កក្កដា​ថា ក្នុង​គោល​បំណង​ធំ​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​អញ្ជើញ​កញ្ញា​តំណាង​ឲ្យ​យុវជន​គណបក្ស​សង្រ្គោះ​ជាតិ តំណាង​យុវជន​គណបក្ស​កាន់​អំណាច និង​គណបក្ស​ដទៃ​ទៀត ទៅ​បណ្ដុះបណ្ដាល​អំពី​ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​នោះ គឺ​ជប៉ុន​ចង់​ឲ្យ​យុវជន​ទាំង​នេះ ផ្សព្វផ្សាយ​អំពី​ប្រជាធិបតេយ្យ និង​ការ​បោះ​ឆ្នោត​ដ៏​ត្រឹមត្រូវ​មួយ​នៅ​កម្ពុជា​ដែរ។ រ៉ូហ្សេត​បន្ថែម​ថា ជប៉ុន​បាន​ពន្យល់​អំពី​ចំណុច​ស្នូល​នៃ​សង្គម​ប្រជាធិបតេយ្យ ដែល​ចាំបាច់​មាន​វត្តមាន​គណបក្ស​ប្រឆាំង​ពិត​ប្រាកដ​មួយ៖ «»

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បន្ថែម​ថា សម្រាប់​នៅ​កម្ពុជា ជប៉ុន​នៅ​តែ​ទទួល​ស្គាល់​គណបក្ស​សង្រ្គោះ​ជាតិ ជា​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​មួយ សម្រាប់​ការ​ចូលរួម​ការ​បោះ​ឆ្នោត​ដ៏​ពិត​ប្រាកដ​មួយ។ កញ្ញា បញ្ជាក់​ថា ក្រៅ​ពី​រដ្ឋាភិបាល​ជប៉ុន​បាន​រៀបចំ​ឲ្យ​យុវជន​ទាំង ១០រូប មើល​ពី​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​ផ្ទាល់ នៅ​ថ្ងៃ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​នោះ គឺ​ជប៉ុន​បាន​ឲ្យ​ក្រុម​យុវជន​ទាំង​នោះ បាន​ទៅ​មើល​ស្ថាប័ន​តុលាការ សភា និង​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​ក្រុម​យុវជន​ទាំង​នោះ ស្វែង​យល់​អំពី​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​ទាំង​នេះ ដែលអ្នកនយោបាយមិនអាចមានឥទ្ធិពល​ទៅ​លើ​ស្ថាប័ន​ទំាង​នេះ​បាន៖ «»

ថ្ងៃទី២៩ ខែ​កក្កដា ឆ្នាំ២០១៩ នេះ គឺ​ជា​ខួប​មួយ​ឆ្នាំ​គត់ ដែល​របប​លោក ហ៊ុន សែន រៀបចំ​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ដ៏​សម្រូងចម្រាស ដែល​គណបក្ស​ប្រឆាំង និង​សហគមន៍​អន្តរជាតិ ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។ អ្នក​វិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​ហៅ​របប​សព្វថ្ងៃ​នេះ​ថា ជា​របប​គ្រប់គ្រង​ដោយ​បក្ស​តែ​មួយ ឬ​ហៅ​ថា ជា​របប​ផ្ដាច់ការ។ លោក បណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់​ថា របប​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ បាន​ក្លាយ​ទៅ​ជា​របប​ផ្ដាច់ការ គិត​ចាប់​តាំង​ពី​ថ្ងៃ​ដែល​របប​ក្រុង​ភ្នំពេញ បាន​រំលាយ​គណបក្ស សង្រ្គោះ​ជាតិ ចាប់​ខ្លួន ប្រធាន​គណបក្ស​ប្រឆាំង​​លោក កឹម សុខា និង​ការ​ដាក់​បំរាម​ឲ្យ​មន្រ្តី​បក្ស​នេះ មិន​ឲ្យ​ចូលរួម​ធ្វើ​នយោបាយ​មក​ម៉្លេះ៖ «»

ឆ្លើយតបនឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម​ថា បើ​កម្ពុជា​ជា​ប្រទេស​ផ្ដាច់​ការ​មែន​នោះ មិន​មែន​លោក ហ៊ុន សែន ដឹក​នាំ​ប្រទេស​រយៈ​ពេល ៤០ឆ្នាំ​មក​នេះ ប្រកប​ដោយ​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដូច​សព្វថ្ងៃ​នេះ​ទេ។

យុវជន​មក​ពី​តំណាង​គណបក្ស​នយោបាយ​នីមួយៗ ទាំង ១០រូប ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ដើម្បី​ពិនិត្យ​មើល​ពី​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី១៧ ដល់ ២៥ កក្កដា​នោះ គឺ​ដើម្បី​ពិនិត្យ​មើល​ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​ប្រទេស​ជប៉ុន ជា​ពិសេស​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា។

កញ្ញា រ៉ូហ្សេត ប្ដេជ្ញា​​នឹង​ចែក​រំលែក​ចំណេះ​ដឹង​ដដែល​ទទូល​បាន​ពី​ប្រទេស​ជប៉ុន​នេះ ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ និង​ក្រុម​យុវជន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដើម្បី​ជួយ​ជំរុញ​ផ្នែក​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ និង​ឱ្យ​ពលរដ្ឋ​​បាន​យល់​ដឹង​អំពី​ផល​ប្រយោជន៍​របស់​ប្រជាធិបតេយ្យ​ និង​ប្រព័ន្ធ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ដ៏​ពិត​ប្រាកដ​មួយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល