ពលរដ្ឋ​នៅ​តែ​បារម្ភ​ខ្លាច​ពលករ​ចំណាក​ស្រុក​មិន​អាច​វិល​ត្រឡប់​មក​បោះឆ្នោត​ឃុំ-សង្កាត់

ដោយ សូត សុខប្រាថ្នា
2017-05-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided
ពលករ​ខ្មែរ​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៦។ Photo Provided
Photo Provided

ប្រជាពលរដ្ឋ​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម បារម្ភ​ថា ពលករ​ចំណាក​ស្រុក​មួយ​ចំនួន ពិសេស​ជន​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស នឹង​មិន​អាច​វិល​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត​បាន​ឡើយ ដោយសារ​កត្តា​មួយ​ចំនួន​ដូចជា បញ្ហា​សោហ៊ុយ​ធ្វើ​ដំណើរ​ត្រូវ​ចំណាយ​ច្រើន និង​បញ្ហា​ប្រឈម​ដោយសារ​មាន​គំនាប​ពី​ថៅកែ ជាដើម។

មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត និយាយ​ថា ពួក​គេ​បាន​ផ្សព្វផ្សាយ​ជា​ញឹកញាប់​ដើម្បី​រំឭក​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក​អាច​វិល​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត ប៉ុន្តែ​ឆន្ទៈ​ចង់​មក​ចូលរួម​បោះឆ្នោត ឬ​យ៉ាង​ណា អាស្រ័យ​លើ​ពួក​គេ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ជួយ​សម្រួល​ផ្នែក​មធ្យោបាយ​ធ្វើ​ដំណើរ​សម្រាប់​ពលរដ្ឋ​ចំណាក​ស្រុក។ បន្ថែម​ពី​នេះ គ..ប អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ​នៅ​កន្លែង​ការងារ​របស់​ពលករ​ចំណាក​ស្រុក ដូចជា​ស្នើសុំ​ឲ្យ​ថៅកែ ឬ​ម្ចាស់​សហគ្រាស​ទាំងអស់ ត្រូវ​តែ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កម្មករ ដើម្បី​បាន​សម្រាក​គ្រប់គ្រាន់ ដោយ​គ្មាន​ការ​កាត់​ប្រាក់ខែ ឬ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ព្រម​ទាំង​ត្រូវ​ពិន័យ ឬ​ដាក់​ទោស​ទណ្ឌ​ទៅ​ក្រុមហ៊ុន ឬ​សហគ្រាស​ណា​ដែល​បង្ក​លក្ខណៈ​លំបាក​ដល់​កម្មករ ជាដើម។

ពលករ​មួយ​រូប​ដែល​ទើប​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ប្រទេស​ថៃ រស់នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ លោក សែម ចំណាន ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​ឃុំ​របស់​លោក​នាំ​គ្នា​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស គឺ​មាន​ច្រើន ពិសេស​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី។ លោក​បារម្ភ​ថា ពលរដ្ឋ​ចំណាក​ស្រុក​មួយ​ចំនួន ពិសេស​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត នឹង​មិន​អាច​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ មិថុនា បាន ដោយសារ​កត្តា​ជីវភាព និង​ការ​ចំណាយ​របស់​ពួក​គេ​ច្រើន៖ «សម្រាប់​គំនិត​ខ្ញុំ ប្រហែល​ជា​មិន​អាច​វិល​ត្រឡប់​មក​វិញ​បាន​ទេ ពីព្រោះ​ការ​ត្រឡប់​មក​វិញ​វា​មិន​ងាយ»

ប្រភព​ពលរដ្ឋ​ដដែល​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​មូលដ្ឋាន គឺ​មាន​សារសំខាន់​ណាស់ ហើយ​ការ​បាត់បង់​ចំនួន​អ្នក​ចូលរួម​បោះឆ្នោត​ច្រើន គឺ​ធ្វើ​ឲ្យ​បាត់បង់​ឱកាស និង​បាត់បង់​សំឡេង​ឆ្នោត​ផង។

ទាក់ទង​បញ្ហា​នេះ ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ត្បូងឃ្មុំ លោក សុខ ឈិន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា ខាង​លោក​បាន​ផ្សព្វផ្សាយ​អំពី​បញ្ហា​នេះ​ជាច្រើន​ដង និង​ព្យាយាម​ផ្សព្វផ្សាយ​បន្ថែម​ទៀត ដើម្បី​ណែនាំ​ឲ្យ​ក្រុម​គ្រួសារ​អ្នក​ចំណាក​ស្រុក​ជំរុញ​សមាជិក​គ្រួសារ​របស់​ខ្លួន​បាន​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​៤ មិថុនា ខាង​មុខ៖ «អា​នេះ​បើ​យើង​ផ្សព្វផ្សាយ​ហើយ គាត់​មិន​មក គឺ​ជា​សិទ្ធិ​របស់​គាត់។ បាន​ន័យ​ថា គាត់​គ្មាន​ឆន្ទៈ​ក្នុង​ការ​ប្រើ​សិទ្ធិ​របស់​គាត់​ផង​ហ្នឹង»

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ពលរដ្ឋ​នៅ​ឃុំ​មៀន ខេត្ត​កំពង់ចាម វិញ លោកស្រី ស អាន មាន​ប្រសាសន៍​ថា នៅ​ឃុំ​របស់​គាត់ ពលរដ្ឋ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ទេ ប៉ុន្តែ​ភាគច្រើន ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​តំបន់​ឆ្ងាយៗ​ពី​ផ្ទះ ដូចជា​នៅ​ខេត្ត​មណ្ឌលគិរី ឬ​ខេត្ត​រតនគិរី ហើយ​លោកស្រី​ជឿ​ថា ពលរដ្ឋ​ទាំងនោះ​មួយ​ចំនួន​មាន​ឆន្ទៈ ប៉ុន្តែ​កត្តា​ជីវភាព​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​វិល​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត​បាន។ លោកស្រី​យល់​ថា ប្រសិន​បើ​អ្នក​ដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន គឺ​ជា​មនុស្ស​ល្អ ហើយ​គិតគូរ​ប្រយោជន៍​រួម​ជា​ធំ បញ្ហា​ប្រឈម​មួយ​ចំនួន​នឹង​លែង​កើត​មាន៖ «សំខាន់​ណាស់ ព្រោះ​ជីវិត​ប្រជាពលរដ្ឋ​នៅ​ភូមិ នៅ​ឃុំ គឺ​សំខាន់​ណាស់​សម្រាប់​ពួក​គាត់ ប្រសិន​បើ​យើង​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ពី​ឃុំ​ទៅ»

ចំនួន​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​កាល​ពី​ចុង​ឆ្នាំ​២០១៦ គឺ​មាន​ចំនួន​ជិត ៨​លាន​នាក់ ហើយ​ចំនួន​អ្នក​ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​មាន​ចំនួន​ជាង ១​លាន​នាក់។

កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា គ..ប បាន​ចេញ​លិខិត​មួយ​ឆ្លើយតប​ទៅ​នឹង​សហជីព​សហភាព​ការងារ​កម្ពុជា របស់​លោក អាត់ ធន់ ដែល​បាន​ស្នើសុំ​ច្បាប់​ជូន​កម្មករ​បាន​ទៅ​ចូលរួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤។ ក្នុង​លិខិត​បញ្ជាក់​ថា គ..ប បាន​អំពាវនាវ​ចំពោះ​គ្រប់​ម្ចាស់​សហគ្រាស រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន និង​គ្រឹះស្ថាន​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជួយ​សម្រួល និង​បង្ក​លក្ខណៈ​ងាយស្រួល ដោយ​អនុញ្ញាត​ឲ្យ​កម្មករ​បាន​ធ្វើ​ដំណើរ​ទៅ​មក​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​តាម​ឃុំ-សង្កាត់​ដែល​ខ្លួន​បាន​ចុះ​ឈ្មោះ​បោះឆ្នោត។

ជាមួយ​គ្នា​នេះ គ..ប ក៏​បាន​ស្នើសុំ​ទៅ​ក្រសួង​ការងារ ជួយ​ផ្សព្វផ្សាយ​សេចក្តី​អំពាវនាវ​នេះ​ដល់​សហគ្រាស ឬ​ស្ថាប័ន​ទាំងអស់​ទៀត​ផង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ មក​ទល់​ពេល​នេះ កម្មករ​នៅ​តាម​បណ្ដា​រោងចក្រ ឬ​សហគ្រាស​មួយ​ចំនួន​បញ្ជាក់​ថា ថៅកែ​របស់​ពួក​គាត់​នៅ​មិន​ទាន់​សម្រេច​តាម​សេចក្តី​ជូន​ដំណឹង​នេះ​នៅ​ឡើយ​ទេ។ កម្មករ​ខ្លះ​ថា​ប្រសិន​បើ​ឈប់​សម្រាក ថៅកែ​នឹង​កាត់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ហើយ​កម្មករ​ខ្លះ​ថា ថៅកែ​បាន​បង្វែរ​ថ្ងៃ​ឈប់​ដើម្បី​បាន​មក​ចូលរួម​ការ​បោះឆ្នោត គឺ​តម្រូវ​ឲ្យ​ធ្វើ​ការ​សង​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ជំនួស​វិញ។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ និង​សន្តិភាព និង​ជា​សមាជិក​បន្ទប់​ស្ថានការណ៍ លោក យង់ គិមអេង កំពុង​បារម្ភ​ចំពោះ​ពលរដ្ឋ​ចំណាក​ស្រុក ថា​នឹង​មិន​អាច​វិល​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត​បាន ដោយសារ​បញ្ហា​ប្រឈម​មួយ​ចំនួន។ បន្ថែម​ពី​នេះ គ..ប មិន​បាន​ចេញ​លិខិត​ណា​មួយ​ជា​ផ្លូវការ ក្រៅ​ពី​ការ​អំពាវនាវ​ទៅ​ក្រសួង​ការងារ ដើម្បី​ចាត់​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ទៅ​លើ​ស្ថាប័ន សហគ្រាស ឬ​រោងចក្រ សម្រាប់​ការ​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​កម្មករ​បាន​ឈប់​សម្រាក​ទៅ​ចូលរួម​បោះឆ្នោត​ទេ។ លោក​ថា គ..ប ត្រូវ​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​សម្រួល​ដល់​កម្មករ​នៅ​ក្រៅ​ប្រទេស ដើម្បី​អាច​មាន​លទ្ធភាព​ចូលរួម​ការ​បោះឆ្នោត៖ «ខ្ញុំ​ឃើញ​ថា​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​ឃើញ​ប្រតិកម្ម​ពី​ក្រសួង​ការងារ នោះ​យ៉ាង​ម៉េច ហើយ​ខ្ញុំ​ក៏​មិន​ចង់​ឃើញ​ស្ថាប័ន គ..ប ទាំងមូល​ដែល​គ្រាន់​តែ​ចេញ​លិខិត​អំពាវនាវ គឺ​វា​មិន​សមរម្យ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​អះអាង​ថា ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​មូលដ្ឋាន​ដែល​មាន​សមត្ថកិច្ច​ខ្ពស់ និង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ពិតប្រាកដ​ជួយ​ដល់​ប្រជាពលរដ្ឋ និង​អភិវឌ្ឍ​ក្នុង​សហគមន៍​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល